អេសេ‌គាល 41

41
1រួច​លោក​នាំ​ខ្ញុំ​ទៅ​ឯ​ព្រះ‌វិហារ ក៏​វាស់​សសរ​បាន​ទទឹង​៦​ហត្ថ​ខាង​នេះ ហើយ​៦​ហត្ថ​ខាង​នោះ ដែល​ស្មើ​នឹង​ទទឹង​រោង​ឧបោសថ 2ហើយ​ផ្លូវ​ចូល នោះ​ទទឹង​១០​ហត្ថ ឯ​ផ្ទាំង​ទ្វារ​ម្ខាង នោះ​៥​ហត្ថ ហើយ​ម្ខាង​ទៀត​ក៏​៥​ហត្ថ ឯ​បណ្តោយ​ព្រះ‌វិហារ លោក​វាស់​បាន​៤០​ហត្ថ ហើយ​ទទឹង​២០​ហត្ថ 3រួច​លោក​ក៏​ចូល​ទៅ​ខាង​ក្នុង វាស់​ក្រប​ទ្វារ​ទាំង​សង​ខាង​បាន​២​ហត្ថ ផ្លូវ​ចូល​ក៏​៦​ហត្ថ ឯ​ទទឹង​ទ្វារ នោះ​បាន​៧​ហត្ថ 4លោក​វាស់​បណ្តោយ​ទី​នោះ​បាន​២០​ហត្ថ ហើយ​ទទឹង​បាន​២០​ហត្ថ នៅ​ខាង​មុខ​ព្រះ‌វិហារ រួច​លោក​ប្រាប់​មក​ខ្ញុំ​ថា ទី​នេះ​ជា​ទី​បរិសុទ្ធ​បំផុត។
5រួច​មក​លោក​វាស់​ជញ្ជាំង​នៃ​ព្រះ‌វិហារ មាន​៦​ហត្ថ​ហើយ​ទទឹង​គ្រប់​ទាំង​បន្ទប់ នៅ​ខាង​ជុំវិញ​ព្រះ‌វិហារ នោះ​បាន​៤​ហត្ថ​គ្រប់​ទាំង​អស់ 6បន្ទប់​ទាំង​នោះ​មាន​៣​ជាន់ គឺ​បន្ទប់​១​នៅ​លើ​១​ទៀត ទាំង​អស់​មាន​៣០​បន្ទប់ ក៏​ត​ជាប់​ពី​ជញ្ជាំង​ព្រះ‌វិហារ សំរាប់​ជា​បន្ទប់​នៅ​ព័ទ្ធ​ជុំវិញ ដើម្បី​ឲ្យ​បាន​ជាប់​នឹង​ជញ្ជាំង​នោះ តែ​មិន​ឲ្យ​ស៊ក​ចូល​ទៅ​ក្នុង​ជញ្ជាំង​ព្រះ‌វិហារ​ទេ 7ហើយ​បន្ទប់​ទាំង​នោះ​បាន​កាន់​តែ​ធំ​ជា​លំដាប់ តាម​ដែល​ឡើង​ខ្ពស់​ទៅ​ព័ទ្ធ​ជុំវិញ​ព្រះ‌វិហារ ដ្បិត​ផ្លូវ​ដែល​ព័ទ្ធ​ជុំវិញ​ព្រះ‌វិហារ បាន​ឡើង​កាន់​តែ​ខ្ពស់​ទៅ តែ​ទទឹង​ព្រះ‌វិហារ​នៅ​ដូច​គ្នា​ទៅ​ខាង​លើ ហេតុ​នោះ បន្ទប់​បាន​កាន់​តែ​ធំ​ទូលាយ​ទៅ​ខាង​លើ​យ៉ាង​នោះ ចេញ​ពី​បន្ទប់ ជាន់​ក្រោម​ឡើង ទៅ​ឯ​បន្ទប់​ជាន់​លើ ដោយ​ផ្លូវ​កណ្តាល 8ខ្ញុំ​ក៏​ពិចារណា​មើល​កំពស់​ព្រះ‌វិហារ​នៅ​ព័ទ្ធ​ជុំវិញ ឃើញ​ថា ជើង​ជញ្ជាំង​បន្ទប់​ទាំង​នោះ​បាន​ខ្ពស់​ពេញ​១​ខ្នាត​បបុស គឺ​៦​ហត្ថ​ធំ 9ឯ​កំរាស់​នៃ​ជញ្ជាំង​ខាង​ក្រៅ​របស់​បន្ទប់​ទាំង​នោះ​បាន​៥​ហត្ថ ហើយ​ប្រឡោះ​ដែល​សល់ នោះ​សំរាប់​បន្ទប់​ខាងៗ​របស់​ព្រះ‌វិហារ 10ហើយ​នៅ​កណ្តាល​បន្ទប់​ទាំង​នោះ មាន​ប្រឡោះ​ទទឹង​២០​ហត្ថ​នៅ​ព័ទ្ធ​ជុំវិញ​ព្រះ‌វិហារ 11ឯ​ទ្វារ​នៃ​បន្ទប់​ទាំង​នោះ ក៏​បើក​ទៅ​ខាង​កន្លែង​ដែល​សល់​នោះ គឺ​មាន​ទ្វារ​១​បើក​ទៅ​ខាង​ជើង ហើយ​១​ទៀត​បើក​ទៅ​ខាង​ត្បូង ហើយ​មាន​ប្រឡោះ​សល់​នៅ​ព័ទ្ធ​ជុំវិញ​ទទឹង​៥​ហត្ថ។
12ឯ​មន្ទីរ​ដែល​នៅ​ខាង​មុខ​ទីលាន​ទទេ គឺ​នៅ​ខាង​លិច នោះ​ទទឹង​៧០​ហត្ថ បណ្តោយ​៩០​ហត្ថ ហើយ​ជញ្ជាំង​មន្ទីរ​នៅ​ព័ទ្ធ​ជុំវិញ មាន​កំរាស់​៥​ហត្ថ 13ដូច្នេះ លោក​ក៏​វាស់​ព្រះ‌វិហារ​បាន​១០០​ហត្ថ ហើយ​ទីលាន​ទទេ នឹង​មន្ទីរ​នោះ ព្រម​ទាំង​ជញ្ជាំង​ផង នោះ​មាន​បណ្តោយ​១០០​ហត្ថ 14ឯ​ទទឹង​ខាង​មុខ​ព្រះ‌វិហារ នឹង​ទីលាន​ទទេ​នៅ​ខាង​កើត នោះ​ក៏​១០០​ហត្ថ។
15លោក​ក៏​វាស់​ប្រវែង​នៃ​មន្ទីរ នៅ​មុខ​ទីលាន​ទទេ ដែល​នៅ​ខាង​ក្រោយ​នោះ ព្រម​ទាំង​រាន​ហាល​ទាំង​សង​ខាង​បាន​១០០​ហត្ថ ហើយ​ទាំង​ព្រះ‌វិហារ​ខាង​ក្នុង នឹង​បាំង‌សាច​នៃ​ទីលាន​ផង 16អស់​ទាំង​ទ្វារ នឹង​បង្អួច​បិទ ហើយ​រាន‌ហាល​នៅ​ជុំវិញ​ទាំង​៣​ជាន់ ដែល​ប្រទល់​មុខ​នឹង​មាត់​ទ្វារ បាន​ស្រោប​ដោយ​ឈើ​នៅ​ជុំវិញ ចាប់​តាំង​ពី​ដី​ឡើង​ទៅ​ដល់​បង្អួច (រីឯ​បង្អួច​ទាំង​នោះ សុទ្ធ​តែ​គ្រប​បិទ) 17ទៅ​ដល់​ខាង​លើ​ទ្វារ រហូត​ដល់​ក្នុង​ព្រះ‌វិហារ ហើយ​ខាង​ក្រៅ ព្រម​ទាំង​កំផែង​នៅ​ជុំវិញ ទាំង​ក្នុង ទាំង​ក្រៅ ក៏​ធ្វើ​តាម​ទំហំ​ផង 18នោះ​សុទ្ធ​តែ​ធ្វើ​ដោយ​មាន​ក្បាច់​ជា​ចេរូប៊ីន នឹង​ដើម​លម៉ើ មាន​ដើម​លម៉ើ​១ នៅ​ជា​កណ្តាល​ចេរូប៊ីន នឹង​ចេរូប៊ីន ហើយ​ចេរូប៊ីន​ទាំង​នោះ​សុទ្ធ​តែ​មាន​មុខ​២​រៀង​ខ្លួន 19បាន​ជា​មាន​មុខ​មនុស្ស​បែរ​ទៅ​ខាង​ដើម​លម៉ើ​ម្ខាង ហើយ​មុខ​សិង្ហ​ស្ទាវ​បែរ​ទៅ​ខាង​ដើម​លម៉ើ​ម្ខាង​ទៀត គឺ​បាន​ធ្វើ​យ៉ាង​នោះ​ក្នុង​ព្រះ‌វិហារ​នៅ​ព័ទ្ធ​ជុំវិញ 20គេ​បាន​ធ្វើ​ចេរូប៊ីននឹង​ដើម​លម៉ើ ចាប់​តាំង​ពី​ដី​រហូត​ទៅ​ដល់​ខាង​លើ​ទ្វារ ជញ្ជាំង​របស់​ព្រះ‌វិហារ​បាន​ធ្វើ​យ៉ាង​នោះ។
21ឯ​ក្រប​ទ្វា​នៃ​ព្រះ‌វិហារ មាន​៤​ជ្រុង​ស្មើ ហើយ​ខាង​មុខ​នៃ​ទី​បរិសុទ្ធ មាន​សណ្ឋាន​មើល​ទៅ​ដូច​គ្នា 22ឯ​អាសនា​បាន​ធ្វើ​ពី​ឈើ កំពស់​៣​ហត្ថ ប្រវែង​២​ហត្ថ ឯ​ជ្រុងនឹង​បណ្តោយ ហើយ​ខាងៗ​អាសនា​នោះ សុទ្ធ​តែ​ជា​ឈើ​ទាំង​អស់ ហើយ​លោក​និយាយ​មក​ខ្ញុំ​ថា នេះ​ជា​តុ​ដែល​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា 23ឯ​ព្រះ‌វិហារ នឹង​ទី​បរិសុទ្ធ មាន​ទ្វារ​២ 24ចំណែក​ទ្វារ​ទាំង​នោះ​មាន​២​ផ្ទាំងៗ គឺ​២​ផ្ទាំង​ដែល​បើក​បាន ទ្វារ​១​មាន​២​ផ្ទាំង ហើយ​ទ្វារ​១​ទៀត​ក៏​មាន​២​ផ្ទាំង​ដែរ 25នៅ​ផ្ទាំង​ទ្វារ​ទាំង​នោះ គឺ​ជា​ទ្វារ​នៃ​ព្រះ‌វិហារ មាន​ឆ្លាក់​ជា​រូប​ចេរូប៊ីននឹង​ដើម​លម៉ើ ដូច​ជា​បាន​ធ្វើ​នៅ​ជញ្ជាំង​ដែរ ហើយ​នៅ​បាំង‌សាច​ខាង​ក្រៅ​មាន​ក្រាល​ក្តារ 26ក៏​មាន​បង្អួច​បិទនឹង​ក្បាច់​ជា​ដើម​លម៉ើ ទាំង​សង​ខាង​បាំង‌សាច អស់​ទាំង​បន្ទប់​ខាងៗ​នៃ​ព្រះ‌វិហារ នឹង​កំរាល​ក្តារ​ក៏​យ៉ាង​នោះ​ទាំង​អស់។

ទើបបានជ្រើសរើសហើយ៖

អេសេ‌គាល 41: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល