លោកុប្បត្តិ 19
19
1ដល់ពេលត្រលប់ នោះទេវតាទាំង២ក៏ទៅដល់ក្រុងសូដុំម ឯឡុតគាត់អង្គុយនៅមាត់ទ្វារក្រុង គាត់ក៏ឃើញ ហើយក្រោកទៅទទួល រួចក្រាបផ្កាប់មុខនឹងដី ជំរាបថា 2លោកម្ចាស់ខ្ញុំអើយ ឥឡូវ សូមអញ្ជើញចូលទៅក្នុងផ្ទះខ្ញុំជាអ្នកបំរើលោក ដើម្បីនឹងលាងជើង ហើយសំណាក់នៅ១យប់នេះសិន រួចសឹមភ្ញាក់ឡើងពីព្រលឹមអញ្ជើញទៅទៀតចុះ តែទេវតានោះឆ្លើយថា ទេ យប់នេះយើងនឹងដេកនៅតាមផ្លូវវិញ 3ប៉ុន្តែ ដោយគាត់បង្ខំណាស់ បានជាទេវតាក៏ចូលទៅក្នុងផ្ទះគាត់ ហើយគាត់ក៏រៀបចំជប់លៀង គាត់ដុតនំបុ័ងឥតដំបែ ហើយទេវតាក៏បរិភោគ 4កាលមិនទាន់ដេកនៅឡើយ នោះពួកមនុស្សទាំងឡាយ ទាំងក្មេងទាំងចាស់នៅក្នុងក្រុងសូដុំម គេមកឡោមព័ទ្ធផ្ទះ គឺជាមនុស្សទាំងអស់ពីគ្រប់ក្នុងទីក្រុង 5គេស្រែកហៅឡុតសួរថា មនុស្សដែលចូលមកក្នុងផ្ទះឯងអម្បាញ់មិញនេះ តើនៅឯណា ចូរឯងនាំវាចេញមកឯយើង ឲ្យយើងបានស្គាល់ផង 6នោះឡុតចេញមកឯគេដល់មាត់ទ្វារ រួចបិទទ្វារទៅវិញ 7គាត់អង្វរថា បងប្អូនខ្ញុំអើយ សូមកុំធ្វើអាក្រក់ដូច្នេះឡើយ 8មើល ខ្ញុំមានកូនស្រី២នាក់ វាមិនទាន់ដែលស្គាល់ប្រុសណាទេ ចាំខ្ញុំនាំវាចេញមក ប្រគល់ឲ្យអ្នករាល់គ្នាប្រព្រឹត្តនឹងវាតាមតែចិត្តចុះ សូមកុំឲ្យតែធ្វើអ្វីដល់មនុស្សទាំង២នោះឡើយ ពីព្រោះលោកបានចូលមកសំណាក់នៅផ្ទះខ្ញុំហើយ 9តែគេកំហែងទៅថា ចូរចៀសចេញ ហើយមានខ្លះគេនិយាយថា អា១នេះបានចូលមកស្នាក់នៅទីនេះ ឥឡូវចង់តាំងខ្លួនធ្វើជាចៅក្រមវិញ អើ បើដូច្នេះ យើងនឹងធ្វើឯងឥឡូវ ឲ្យអាក្រក់ជាង២នាក់នោះទៅទៀតផង រួចគេក៏ប្រជ្រៀតលើឡុតជាខ្លាំង ព្រមទាំងរំលោភចូលទៅជិតចង់ទំលាយទ្វារ 10តែទេវតាលូកដៃទៅចាប់ឡុតទាញចូលមកក្នុងផ្ទះវិញ រួចបិទទ្វារជិត 11ក៏ធ្វើឲ្យមនុស្សទាំងអស់ដែលនៅត្រង់មាត់ទ្វារនោះខ្វាក់ភ្នែកទៅទាំងតូចទាំងធំ បានជាគេអស់ចិត្តនឹងរកទ្វារទៀត។
12រួចទេវតាសួរឡុតថា តើឯងមានអ្នកណាទៀត នៅទីនេះឬទេ ទោះបើកូនប្រសា ឬកូនប្រុសកូនស្រីឯងក្តី ចូរនាំពួកឯងទាំងអស់ចេញពីទីក្រុងនេះទៅ 13ដ្បិតយើងនឹងបំផ្លាញទីនេះ ពីព្រោះសំរែករបស់គេបានឮកាន់តែខ្លាំងឡើងនៅចំពោះព្រះយេហូវ៉ាហើយ នេះគឺព្រះយេហូវ៉ាទ្រង់បានចាត់ឲ្យយើងមកបំផ្លាញចេញ 14នោះឡុតក៏ចេញទៅប្រាប់ដល់កូនប្រសា ដែលបានយកកូនស្រីគាត់ថា ចូរក្រោកឡើងចេញពីទីនេះទៅ ពីព្រោះព្រះយេហូវ៉ារៀបនឹងបំផ្លាញទីក្រុងចោល តែពួកកូនប្រសាគាត់ស្មានថា គាត់និយាយលេងទេ។
15លុះពេលភ្លឺឡើង នោះទេវតាបង្ខំឡុតថា ចូរក្រោកឡើង យកប្រពន្ធ ហើយនឹងកូនស្រីទាំង២នាក់ដែលនៅឯណេះទៅ ក្រែងឯងត្រូវវិនាសក្នុងអំពើទុច្ចរិតរបស់ទីក្រុងនេះដែរ 16តែគាត់នៅបង្អែបង្អង់ នោះទេវតាក៏ចាប់ដៃគាត់ នឹងដៃប្រពន្ធ ហើយនឹងកូនស្រីគាត់ទាំង២នាំចេញទៅលែងឯក្រៅទីក្រុង ដ្បិតព្រះយេហូវ៉ាទ្រង់មេត្តាប្រណីដល់គាត់ 17កាលបាននាំចេញផុតទៅក្រៅហើយ នោះទេវតាប្រាប់ថា ចូររត់ទៅឲ្យបានរួចជីវិតចុះ កុំឲ្យមើលមកក្រោយឡើយ ក៏កុំឲ្យឈប់នៅស្រុកវាលឯណានីមួយផង ចូររត់ទៅឯភ្នំវិញ ក្រែងឯងត្រូវវិនាសដែរ 18តែឡុតប្រកែកថា ទេ លោកម្ចាស់អើយ 19មើលឥឡូវនេះ លោកបានផ្តល់ព្រះគុណមកខ្ញុំជាអ្នកបំរើលោក ហើយបានចំរើនសេចក្ដីមេត្តាករុណារបស់លោកឲ្យខ្ញុំឃើញ ដោយការពារជីវិតខ្ញុំ តែខ្ញុំរត់ទៅឯភ្នំមិនបានទេ ក្រែងសេចក្ដីអាក្រក់តាមខ្ញុំទាន់ ហើយខ្ញុំត្រូវស្លាប់វិញ 20មើលន៏ មានទីក្រុង១នុ៎ះស្ថិតនៅជិតបង្កើយ ហើយក៏តូចផង ឬមិនតូចទេ នោះល្មមនឹងរត់ទៅឲ្យរួចបាន សូមឲ្យខ្ញុំរត់ទៅឯណោះវិញ នោះខ្ញុំនឹងបានរួចជីវិតហើយ 21ទេវតាក៏ឆ្លើយថា មើល អញបានព្រមតាមឯងក្នុងការនេះដែរ ឯទីក្រុង១ដែលឯងនិយាយនោះ អញមិនបំផ្លាញទេ 22ចូរប្រញាប់ឡើង ហើយរត់ទៅឯណោះឲ្យរួចចុះ ដ្បិតអញធ្វើអ្វីមិនកើត ទាល់តែឯងបានទៅដល់សិន ដូច្នេះ ទីក្រុងនោះបានហៅឈ្មោះថា សូអារ។
23លុះកាលឡុតចូលទៅក្នុងសូអារ នោះថ្ងៃបានរះហើយ 24ព្រះយេហូវ៉ាទ្រង់បង្អុរភ្លៀងជាស្ពាន់ធ័រ នឹងភ្លើងពីលើមេឃ មកលើក្រុងសូដុំម នឹងក្រុងកូម៉ូរ៉ា 25ទ្រង់ក៏បំផ្លាញក្រុងទាំងនោះ នឹងស្រុកវាលទាំងមូល ហើយអស់ទាំងមនុស្សនៅទីក្រុងនោះ នឹងគ្រប់ទាំងអស់ដែលដុះនៅដីផង។
26ឯប្រពន្ធឡុតក៏ងាកបែរមើលទៅក្រោយវិញ នោះស្រាប់តែទៅជាបង្គោលអំបិលទៅ។
27ឯអ័ប្រាហាំគាត់ក្រោកពីព្រលឹមឡើង នៅឯកន្លែងដែលបានឈរនៅចំពោះព្រះយេហូវ៉ា 28គាត់មើលទៅឯក្រុងសូដុំម ក្រុងកូម៉ូរ៉ា នឹងស្រុកវាលទាំងអស់ ឃើញមានសុទ្ធតែផ្សែងហុយឡើងពីដីមក ដូចជាផ្សែងនៃគុកភ្លើង។
29ក្នុងខណៈដែលព្រះទ្រង់បំផ្លាញទីក្រុងនៅស្រុកវាលទាំងប៉ុន្មាន នោះទ្រង់នឹកចាំពីអ័ប្រាហាំ ក៏ឲ្យឡុតចេញរួចពីការហិនវិនាសនោះ ក្នុងកាលដែលទ្រង់បានរំលាយទីក្រុងទាំងនោះដែលឡុតបាននៅ។
30ឯឡុត ព្រមទាំងកូនស្រីទាំង២ ក៏ចេញពីសូអារឡើងទៅនៅឯភ្នំវិញ ដ្បិតគាត់ខ្លាចមិនហ៊ាននៅក្នុងក្រុងសូអារទេ គាត់ក៏នៅក្នុងរអាងភ្នំជាមួយនឹងកូនស្រីរបស់គាត់ទាំង២ទៅ 31ចំណែកនាងបងនិយាយទៅកាន់ប្អូនថា ឪពុកយើងគាត់ចាស់ហើយ គ្មានប្រុសណានៅគ្រប់ក្នុងស្រុកនេះ នឹងចូលមកឯយើងតាមបវេណីផែនដីទេ 32បើដូច្នេះ ចូរយើងបំផឹកស្រាឪពុកយើង ហើយទៅដេកជាមួយនឹងគាត់ទៅ ដើម្បីឲ្យបានតពូជឲ្យឪពុកយើងវិញ 33នោះគេក៏បំផឹកស្រាឪពុកគេនៅយប់នោះឯង រួចនាងបងទៅដេកជាមួយនឹងឪពុកខ្លួនទៅ តែគាត់ឥតមានដឹងជាកាលនាងដេក ឬកាលនាងក្រោកឡើង 34លុះថ្ងៃស្អែកទៀត នាងបងនិយាយទៅប្អូនថា មើល យប់មិញ អញបានដេកជាមួយនឹងលោកឪពុក យប់នេះ ចូរយើងបំផឹកស្រាគាត់ទៀត រួចឲ្យឯងចូលទៅដេកជាមួយនឹងគាត់ម្តង ដើម្បីឲ្យយើងបានតពូជរបស់ឪពុកយើង 35គេក៏បំផឹកស្រាឪពុកនៅយប់នោះទៀត នោះនាងប្អូនក៏ក្រោកទៅដេកជាមួយនឹងឪពុកទៅ តែគាត់ឥតដឹងជាកាលនាងដេក ឬកាលនាងក្រោកឡើយ 36ដូច្នេះ កូនស្រីរបស់ឡុតទាំង២ក៏មានទំងន់នឹងឪពុកខ្លួន 37នាងបងបង្កើតបានកូនប្រុស១ នាងឲ្យឈ្មោះថា ម៉ូអាប់ គឺអ្នកនោះហើយដែលជាឪពុកនៃសាសន៍ម៉ូអាប់ ដរាបដល់សព្វថ្ងៃនេះ 38ហើយនាងប្អូនក៏បង្កើតបានកូនប្រុស១ដែរ នាងឲ្យឈ្មោះថា បេន-អាំមី គឺអ្នកនោះហើយដែលជាឪពុកនៃពួកកូនចៅអាំម៉ូនដរាបដល់សព្វថ្ងៃនេះ។
ទើបបានជ្រើសរើសហើយ៖
លោកុប្បត្តិ 19: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.