លោកុប្បត្តិ 26
26
1សម័យនោះ មានកើតអំណត់នៅក្នុងស្រុកផ្សេងពីអំណត់ជាន់មុន ដែលកើតមាននៅជំនាន់អ័ប្រាហាំ ហើយអ៊ីសាក គាត់ទៅឯអ័ប៊ីម៉្មាឡិច ជាស្តេចសាសន៍ភីលីស្ទីននៅកេរ៉ា 2នោះព្រះយេហូវ៉ាលេចមកឯគាត់មានបន្ទូលថា កុំឲ្យចុះទៅឯស្រុកអេស៊ីព្ទឡើយ ចូរឯងនៅក្នុងស្រុកដែលអញនឹងប្រាប់ឯងវិញ 3ចូរសំណាក់នៅក្នុងស្រុកនេះចុះ នោះអញនឹងនៅជាមួយនឹងឯង ព្រមទាំងឲ្យពរផង អញនឹងឲ្យស្រុកទាំងនេះដល់ឯងនឹងពូជឯង ហើយអញនឹងសំរេចតាមសេចក្ដីសម្បថ ដែលអញបានស្បថនឹងអ័ប្រាហាំឪពុកឯង 4អញនឹងចំរើនពូជឯងឲ្យបានដូចជាផ្កាយនៅលើមេឃ ហើយនឹងឲ្យស្រុកទាំងនេះទៅពូជឯង រួចគ្រប់ទាំងសាសន៍នៅផែនដីនឹងបានពរ ដោយសារពូជឯង 5ពីព្រោះអ័ប្រាហាំបានស្តាប់តាមពាក្យអញ ព្រមទាំងរក្សាបញ្ញើ នឹងបញ្ញត្ត ហើយច្បាប់ នឹងក្រឹត្យវិន័យរបស់អញ។
6នោះអ៊ីសាកក៏នៅក្នុងស្រុកកេរ៉ា 7ហើយមនុស្សនៅស្រុកនោះគេសួរពីដំណើរប្រពន្ធគាត់ នោះគាត់ប្រាប់ថា គឺជាប្អូនខ្ញុំទេ ដ្បិតគាត់ខ្លាចមិនហ៊ានប្រាប់ថាជាប្រពន្ធឡើយ ក្រែងមនុស្សស្រុកនោះសំឡាប់គាត់ដោយព្រោះរេបិកា ព្រោះនាងមានរូបស្រស់ល្អណាស់ 8កាលគាត់បាននៅស្រុកនោះជាយូរទៅ អ័ប៊ីម៉្មាឡិច ស្តេចសាសន៍ភីលីស្ទីន ក៏ទតតាមបង្អួចមក ឃើញអ៊ីសាកកំពុងប្រឡែងនឹងរេបិកាជាប្រពន្ធ 9អ័ប៊ីម៉្មាឡិចទ្រង់ហៅអ៊ីសាកមកសួរថា នេះប្រាកដជាប្រពន្ធអ្នកពិត ហេតុដូចម្តេចបានជាអ្នកនិយាយថា នាងជាប្អូនវិញដូច្នេះ រួចអ៊ីសាកទូលឆ្លើយថា ពីព្រោះទូលបង្គំនឹកខ្លាចក្រែងទូលបង្គំត្រូវស្លាប់ដោយព្រោះនាង 10អ័ប៊ីម៉្មាឡិចមានបន្ទូលតបថា អ្នកបានធ្វើអ្វីដល់យើងដូច្នេះ ក្រែងមានពួករាស្ត្រណាមួយបានរួមដំណេកជាមួយនឹងប្រពន្ធអ្នក យ៉ាងនោះនឹងនាំឲ្យយើងទាំងអស់គ្នាមានទោសដែរ 11រួចអ័ប៊ីម៉្មាឡិចទ្រង់ហាមដល់រាស្ត្រទាំងអស់ថា អ្នកណាដែលពាល់មនុស្សនេះឬប្រពន្ធគាត់ នោះនឹងត្រូវសំឡាប់ជាពិត 12អ៊ីសាកគាត់ក៏សាបព្រោះនៅស្រុកនោះហើយនៅឆ្នាំនោះឯងគាត់បានផល១ជា១រយភាគឡើង ដោយព្រះយេហូវ៉ាទ្រង់ប្រទានពរឲ្យ 13គាត់ក៏ត្រឡប់បានជាអ្នកមាន ហើយចេះតែចំរើនជាច្រើនឡើង ទាល់តែមានយ៉ាងស្តុកស្តម្ភ 14គាត់មានហ្វូងចៀមហ្វូងគោ ហើយនឹងបាវបំរើជាច្រើន ឯពួកភីលីស្ទីនគេក៏កើតមានសេចក្ដីច្រណែននឹងគាត់ 15ហើយអណ្តូងទាំងប៉ុន្មានដែលពួកបាវរបស់ឪពុកបានជីក ពីកាលដែលនៅរស់នៅឡើយ នោះពួកភីលីស្ទីនគេលុបដីពេញទាំងអស់ទៅ 16រួចអ័ប៊ីម៉្មាឡិចមានបន្ទូលនឹងអ៊ីសាកថា ត្រូវឲ្យអ្នកថយចេញពីយើងទៅ ពីព្រោះអ្នកពូកែជាងយើងហើយ។
17អ៊ីសាកចេញពីទីនោះ ទៅដំឡើងត្រសាលត្រង់វាលច្រកកេរ៉ា ហើយក៏អាស្រ័យនៅឯនោះវិញ 18រួចគាត់ស្តារអណ្តូងទឹកទាំងប៉ុន្មាននោះ ដែលគេបានជីកនៅជាន់អ័ប្រាហាំជាឪពុកគាត់ឡើងវិញ ពីព្រោះពួកភីលីស្ទីនបានលុបទាំងអស់ក្រោយដែលអ័ប្រាហាំស្លាប់ទៅ រួចគាត់ដាក់ឈ្មោះអណ្តូងទាំងនោះតាមឈ្មោះដែលឪពុកបានដាក់មកដែរ 19ពួកបាវរបស់អ៊ីសាកក៏ជីកអណ្តូង១នៅក្នុងវាលច្រកនោះ បានទឹកដ៏ហូរហៀរ 20ឯពួកគង្វាលនៅស្រុកកេរ៉ាក៏ប្រឈ្លោះគ្នានឹងពួកគង្វាលរបស់អ៊ីសាកថា ទឹកនេះជារបស់ផងយើង រួចគាត់ហៅអណ្តូងនោះថា អេសែក ពីព្រោះគេបានឈ្លោះនឹងគាត់ 21នោះក៏ជីកអណ្តូង១ទៀត ហើយគេឈ្លោះគ្នាពីអណ្តូងនោះដែរ រួចគាត់ហៅអណ្តូងនោះថា ស៊ីតន៉ា 22គាត់ចេញពីទីនោះទៅជីកអណ្តូង១ទៀត តែឥតមានឈ្លោះគ្នាពីអណ្តូងនោះទេ បានជាគាត់ដាក់ឈ្មោះថា រេហូបូត ដោយនិយាយថា ឥឡូវនេះ ព្រះយេហូវ៉ាទ្រង់បានប្រទានឲ្យយើងបានទូលាយហើយ យើងនឹងបានចំរើនឡើងក្នុងស្រុកនេះ 23រួចគាត់ចេញពីទីនោះឡើងទៅឯបៀរ-សេបា 24ហើយនៅយប់នោះឯង ព្រះយេហូវ៉ាទ្រង់លេចមកឯគាត់មានបន្ទូលថា អញជាព្រះនៃអ័ប្រាហាំឪពុកឯង ដូច្នេះកុំឲ្យខ្លាចអ្វីឡើយ ពីព្រោះអញនៅជាមួយ ហើយនឹងឲ្យពរទាំងចំរើនពូជឯងឲ្យច្រើនឡើង ដោយព្រោះអ័ប្រាហាំជាអ្នកបំរើអញ 25រួចគាត់ស្អាងអាសនា១នៅស្រុកនោះ ក៏អំពាវនាវដល់ព្រះនាមព្រះយេហូវ៉ា គាត់ដំឡើងត្រសាលនៅទីនោះ ហើយពួកបាវគាត់ក៏ជីកអណ្តូង១នៅកន្លែងនោះដែរ។
26ឯអ័ប៊ីម៉្មាឡិច អ័ហ៊ូសាតជាសំឡាញ់ទ្រង់ នឹងភីកុលជាមេទ័ពទ្រង់ ក៏ចេញពីកេរ៉ាទៅឯគាត់ 27នោះអ៊ីសាកសួរថា ហេតុអ្វីបានជាមកឯទូលបង្គំ ដ្បិតទ្រង់ស្អប់ទូលបង្គំហើយ បានទាំងបណ្តេញទូលបង្គំចេញផង 28គេឆ្លើយតបថា យើងបានឃើញជាក់ច្បាស់ថា ព្រះយេហូវ៉ាទ្រង់គង់ជាមួយនឹងអ្នក បានជាយើងបាននិយាយគ្នាថា គួរឲ្យយើងតាំងសម្បថចំពោះគ្នាទៅវិញទៅមក ឥឡូវ យើងសូមតាំងសញ្ញានឹងអ្នកថា 29អ្នកនឹងមិនធ្វើអាក្រក់ដល់យើងឡើយ ដូចជាយើងក៏មិនបានពាល់ដល់អ្នកដែរ គឺយើងបានប្រព្រឹត្តចំពោះតែសេចក្ដីណាដែលល្អដល់អ្នកប៉ុណ្ណោះ យើងបានឲ្យអ្នកចេញមកដោយសេចក្ដីសុខសាន្ត ឥឡូវនេះ អ្នកជាមនុស្សមានព្រះពរនៅចំពោះព្រះយេហូវ៉ា 30នោះគាត់រៀបជប់លៀងដល់គេ ហើយក៏បរិភោគទាំងអស់គ្នាទៅ 31លុះព្រលឹមស្រាងកាលណា នោះក៏ក្រោកឡើងស្បថនឹងគ្នាទៅវិញទៅមក រួចអ៊ីសាកបញ្ជូនអ័ប៊ីម៉្មាឡិចទៅ ហើយទ្រង់ក៏ចេញពីគាត់ទៅដោយមេត្រីចិត្ត 32នៅថ្ងៃនោះឯង ពួកបាវរបស់អ៊ីសាកមកជំរាបគាត់ពីដំណើរអណ្តូង ដែលទើបនឹងជីកថា យើងជីកបានទឹកហើយ 33គាត់ដាក់ឈ្មោះអណ្តូងនោះថា សេបា ហេតុនោះបានជាឈ្មោះទីក្រុងនោះហៅថា បៀរ-សេបា ដរាបដល់សព្វថ្ងៃនេះ។
34ឯអេសាវ កាលគាត់យកនាងយូឌីតជាកូនបេរីសាសន៍ហេត ហើយនាងបាសម៉ាតជាកូនអេឡូនសាសន៍ហេត ធ្វើជាប្រពន្ធ នោះគាត់មានអាយុ៤០ឆ្នាំហើយ 35នាងទាំង២នោះក៏នាំឲ្យអ៊ីសាកហើយនឹងរេបិកាពិបាកចិត្តណាស់។
ទើបបានជ្រើសរើសហើយ៖
លោកុប្បត្តិ 26: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.