ហេ‌ព្រើរ 10

10
1ដ្បិត​ឯ​ក្រិត្យ‌វិន័យ ដែល​មាន​តែ​ស្រមោល ពី​សេចក្ដី​ល្អ​ដែល​ត្រូវ​មក មិន​មែន​ជា​តួ​រូប​របស់​សេចក្ដី​ទាំង​នោះ​ទេ នោះ​ពុំ​អាច​នឹង​ធ្វើ​ឲ្យ​ពួក​អ្នក ដែល​ចូល​មក​ថ្វាយ​យញ្ញ‌បូជា​ដដែលៗ រាល់​តែ​ឆ្នាំ​ជានិច្ច បាន​គ្រប់​លក្ខណ៍​ឡើយ 2ដ្បិត​បើ​បាន តើ​គេ​មិន​បាន​លែង​ថ្វាយ​ទេ​ឬ​អី ពី​ព្រោះ​បញ្ញា​ចិត្ត​នៃ​ពួក​អ្នក​ដែល​ថ្វាយ‌បង្គំ នោះ​មិន​បាន​ដឹង​ថា​មាន​បាប​ទៀត​ទេ ដោយ​ព្រោះ​បាន​ញែក​សំអាត​ម្តង​ហើយ 3តែ​យញ្ញ‌បូជា​ទាំង​នោះ​នាំ​ឲ្យ​រឭក​ឃើញ ពី​អំពើ​បាប​របស់​គេ​រាល់​តែ​ឆ្នាំ​វិញ 4ដ្បិត​ឈាម​គោ​ឈ្មោល នឹង​ពពែ​ឈ្មោល នោះ​ពុំ​អាច​នឹង​ដោះ​បាប​បាន​ឡើយ 5ហេតុ​នោះ​បាន​ជា​កាល​ទ្រង់​យាង​មក​ក្នុង​លោកីយ ទ្រង់​មាន​បន្ទូល​ថា «ព្រះ‌អង្គ​មិន​ចង់​បាន​យញ្ញ‌បូជា នឹង​ដង្វាយ​ទេ តែ​ទ្រង់​បាន​រៀបចំ​រូប‌កាយ​ឲ្យ​ទូលបង្គំ​វិញ 6ទ្រង់​ក៏​មិន​សព្វ​ព្រះ‌ហឫទ័យ​នឹង​ដង្វាយ​ដុត ឬ​នឹង​ដង្វាយ​លោះ​បាប​ដែរ 7បាន​ជា​ទូលបង្គំ​ទូល​ថា មើល ឱ​ព្រះ‌អង្គ​អើយ ទូលបង្គំ​មក​នឹង​ធ្វើ​តាម​ព្រះ‌ហឫទ័យ​ទ្រង់ (សេចក្ដី​នេះ​បាន​កត់​ទុក​ពី​ទូលបង្គំ នៅ​ក្នុង​គម្ពីរ​ហើយ)» 8ក្រោយ​ដែល​មាន​បន្ទូល​ថា យញ្ញ‌បូជា នឹង​ដង្វាយ ហើយ​ដង្វាយ​ដុត នឹង​ដង្វាយ​លោះ​បាប ទ្រង់​មិន​ចង់​បាន​ទេ ក៏​មិន​សព្វ​ព្រះ‌ហឫទ័យ​ដែរ ជា​របស់​ដែល​គេ​ថ្វាយ​តាម​ក្រិត្យ‌វិន័យ 9នោះ​ទ្រង់​ក៏​ថែម​ព្រះបន្ទូល​នេះ​ទៀត​ថា «មើល ឱ​ព្រះ‌អង្គ​អើយ ទូលបង្គំ​មក​នឹង​ធ្វើ​តាម​ព្រះ‌ហឫទ័យ​ទ្រង់» ដូច្នេះ ទ្រង់​បាន​លើក​ចោល​សេចក្ដី​មុន ដើម្បី​នឹង​តាំង​សេចក្ដី​ក្រោយ​វិញ 10គឺ​ដោយ‌សារ​ចំណង់​ព្រះ‌ហឫទ័យ​នោះ ដែល​យើង​រាល់​គ្នា​បាន​ញែក​ជា​បរិសុទ្ធ ដោយ‌សារ​ដង្វាយ​ថ្វាយ​រូប​អង្គ​ព្រះ‌យេស៊ូវ​គ្រីស្ទ​១​ដង​ជា​សំរេច។
11ឯ​អស់​ទាំង​សង្ឃ​ក៏​ឈរ​ធ្វើ​ការ‌ងារ​រាល់​តែ​ថ្ងៃ ទាំង​ថ្វាយ​យញ្ញ‌បូជា​ដដែល​ជា​ញឹក‌ញាប់ ដែល​ពុំ​អាច​នឹង​ដោះ​បាប​បាន​ឡើយ 12តែ​ទ្រង់​វិញ ក្រោយ​ដែល​ទ្រង់​បាន​ថ្វាយ​យញ្ញ‌បូជា​តែ​១ ដោយ​ព្រោះ​បាប នោះ​ទ្រង់​បាន​គង់​ខាង​ស្តាំ​ព្រះ នៅ​ជា​រៀង​រាប​ដរាប​ទៅ 13ទាំង​ចាំ​ទំរាំ​ដល់​បាន​ដាក់​ពួក​ខ្មាំង​សត្រូវ ឲ្យ​ធ្វើ​ជា​កំណល់​កល់​ព្រះ‌បាទ​ទ្រង់ 14ដ្បិត​ទ្រង់​ធ្វើ​ឲ្យ​ពួក​អ្នក ដែល​បាន​ញែក​ជា​បរិសុទ្ធ​ហើយ បាន​គ្រប់​លក្ខណ៍​អស់​‌កល្ប​ជានិច្ច ដោយ‌សារ​ដង្វាយ​តែ​១​នោះ 15ហើយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ ក៏​ធ្វើ​បន្ទាល់​ដល់​យើង​ដែរ ដ្បិត​ក្រោយ​ដែល​ទ្រង់​មាន​បន្ទូល​ថា 16«ឯ​សេចក្ដី​សញ្ញា ដែល​អញ​នឹង​តាំង​ដល់​គេ​ក្រោយ​គ្រា​នោះ គឺ​ថា អញ​នឹង​ដាក់​ក្រិត្យ‌វិន័យ​អញ​នៅ​ក្នុង​ចិត្ត​គេ ហើយ​នឹង​កត់​ទុក​នៅ​ក្នុង​គំនិត​គេ​ផង» 17នោះ​ទ្រង់​បាន​បន្ថែម​នូវ​ព្រះ‌បន្ទូល​នេះ​ទៀត​ថា «អញ​នឹង​លែង​នឹក​ចាំ​ពី​អំពើ​បាប នឹង​សេចក្ដី​ទទឹង​ច្បាប់​របស់​គេ​ទៀត» 18ដូច្នេះ ដែល​បាន​ប្រោស​ឲ្យ​រួច​ពី​សេចក្ដី​ទាំង​នោះ​រួច​ហើយ នោះ​មិន​ចាំ​បាច់​ថ្វាយ​ដង្វាយ ដោយ​ព្រោះ​បាប​ទៀត​ទេ។
19ដូច្នេះ បង​ប្អូន​អើយ ដែល​យើង​មាន​សេចក្ដី​ក្លៀវ‌ក្លា​នឹង​ចូល​ទៅ​ក្នុង​ទី​បរិសុទ្ធ ដោយ‌សារ​ព្រះ‌លោហិត​នៃ​ព្រះ‌យេស៊ូវ 20តាម​ផ្លូវ​ដែល​ទ្រង់​បាន​តាំង​សំរាប់​យើង​រាល់​គ្នា ជា​ផ្លូវ​ថ្មី ហើយ​រស់ ដែល​ចូល​កាត់​វាំង‌នន គឺ​ជា​រូប​សាច់​របស់​ទ្រង់ 21ហើយ​ដែល​មាន​សំដេច​សង្ឃ​ដ៏​ធំ​១​អង្គ​ត្រួត​លើ​ដំណាក់​ព្រះ 22នោះ​ត្រូវ​ឲ្យ​យើង​ចូល​ទៅ​ជិត​ទាំង​មាន​ចិត្ត​ស្មោះ‌ត្រង់ នឹង​ចិត្ត​ដឹង​ពិត​ប្រាកដ ហើយ​សេចក្ដី​ជំនឿ ព្រម​ទាំង​មាន​ចិត្ត​ប្រោះ​ញែក​ជា​ស្អាត​រួច​ពី​បញ្ញា​ចិត្ត​ដែល​សៅ‌ហ្មង​ផង ហើយ​បាន​លាង​រូប‌កាយ​នឹង​ទឹក​ដ៏​ស្អាត​ដែរ 23ត្រូវ​ឲ្យ​យើង​រាល់​គ្នា​កាន់​ខ្ជាប់ តាម​សេចក្ដី​បន្ទាល់​របស់​សេចក្ដី​សង្ឃឹម​នោះ ឥត​រវើ‌រវាយ ដ្បិត​ព្រះ​ដែល​បាន​សន្យា​នោះ ទ្រង់​ស្មោះ‌ត្រង់ 24ហើយ​ត្រូវ​ឲ្យ​យើង​ពិចារណា​មើល​គ្នា​ទៅ​វិញ​ទៅ​មក​ដែរ ដើម្បី​នឹង​បណ្តាល​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់ ហើយ​ឲ្យ​ប្រព្រឹត្ត​ការ​ល្អ​ផង 25ឥត​លែង​ប្រជុំ​គ្នា ដូច​ជា​អ្នក​ខ្លះ​ធ្លាប់​នោះ​ឡើយ ត្រូវ​ឲ្យ​កំឡា​ចិត្ត​គ្នា​វិញ ឲ្យ​កាន់​តែ​ខ្លាំង​ឡើង​ផង តាម​ដែល​ឃើញ​ថា​ថ្ងៃ​នោះ​ជិត​មក​ដល់​ហើយ 26ដ្បិត​ក្រោយ​ដែល​យើង​បាន​ទទួល​ស្គាល់​សេចក្ដី​ពិត​ហើយ បើ​យើង​ធ្វើ​បាប​ស្ម័គ្រ​ពី​ចិត្ត​ទៀត នោះ​គ្មាន​យញ្ញ‌បូជា​ណា សំរាប់​នឹង​លោះ​បាប​ទៀត​ទេ 27មាន​តែ​រង់‌ចាំ ដោយ​ស្ញែង​ខ្លាច​ចំពោះ​សេចក្ដី​ជំនុំ​ជំរះ នឹង​សេចក្ដី​សហ័ស​នៃ​ភ្លើង ដែល​រៀប​នឹង​ឆេះ​ដល់​អស់​ទាំង​ពួក​ទាស់​ទទឹង​ផង​ប៉ុណ្ណោះ 28ឯ​អ្នក​ណា​ដែល​ក្បត់​ក្រិត្យ‌វិន័យ​លោក​ម៉ូសេ នោះ​បាន​ត្រូវ​ស្លាប់​ឥត​ប្រណី ដោយ​សេចក្ដី​បន្ទាល់​របស់​មនុស្ស​២​ឬ​៣​នាក់ 29ចុះ​តើ​អ្នក​រាល់​គ្នា​ស្មាន​ថា គេ​គួរ​មាន​ទោស​ជា​ធ្ងន់​ជាង​យ៉ាង​ណា​ទៅ ដែល​គេ​ជាន់​ឈ្លី​ព្រះ‌រាជ‌បុត្រា​នៃ​ព្រះ ទាំង​រាប់​ព្រះ‌លោហិត​នៃ​សេចក្ដី​សញ្ញា ដែល​បាន​ញែក​គេ​ចេញ​ជា​បរិសុទ្ធ ទុក​ដូច​ជា​របស់​ប្រើ​ធម្មតា ហើយ​ត្មះ‌តិះដៀល​ដល់​ព្រះ‌វិញ្ញាណ​ដ៏​មាន​ព្រះ‌គុណ​ផង​នោះ 30ដ្បិត​យើង​ស្គាល់​ព្រះ‌អង្គ​ដែល​ទ្រង់​មាន​បន្ទូល​ថា «សេចក្ដី​សង‌សឹក​ជា​របស់​ផង​អញ អញ​នឹង​សង​គេ នេះ​ជា​ព្រះបន្ទូល​នៃ​ព្រះ‌អម្ចាស់» ហើយ​១​ទៀត​ថា «ព្រះ‌អម្ចាស់​ទ្រង់​នឹង​ជំនុំ​ជំរះ​រាស្ត្រ​ទ្រង់» 31រីឯ​ការ​ដែល​ធ្លាក់​ទៅ​ក្នុង​កណ្តាប់​ព្រះ‌ហស្ត​នៃ​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ នោះ​គួរ​ស្ញែង​ខ្លាច​ណាស់។
32ចូរ​នឹក​ចាំ​ពី​ជាន់​មុន គឺ​ពី​កាល​ដែល​អ្នក​រាល់​គ្នា​ទើប​នឹង​បាន​ភ្លឺ​ឡើង នោះ​ក៏​ទ្រាំ​នឹង​ទុក្ខ​លំបាក ទាំង​តតាំង​ជា​ខ្លាំង​ដែរ 33ដោយ‌សារ​គេ​យក​អ្នក​រាល់​គ្នា​ទុក​ជា​ល្បែង​មើល​លេង ទាំង​ត្មះ‌តិះដៀល ហើយ​ធ្វើ​ទុក្ខ​ដល់​អ្នក​រាល់​គ្នា​នោះ​ម្យ៉ាង ហើយ​មួយ​ទៀត ដោយ​អ្នក​រាល់​គ្នា​បាន​ភប់‌ប្រសព្វ​នឹង​ពួក​អ្នក ដែល​ត្រូវ​ទុក្ខ​លំបាក​ដូច្នោះ​ម្យ៉ាង​ផង 34ដ្បិត​អ្នក​រាល់​គ្នា​មាន​ចិត្ត​អាណិត‌អាសូរ ដល់​ពួក​អ្នក​ដែល​ជាប់​ចំណង ក៏​ទ្រាំ​ឲ្យ​មនុស្ស​ប្លន់​យក​របស់​ទ្រព្យ​ខ្លួន​ដោយ​អំណរ ដោយ​ដឹង​ថា ខ្លួន​មាន​ទ្រព្យ​សម្បត្តិ ដែល​ប្រសើរ​ជាង ហើយ​ក៏​នៅ​ជាប់‌លាប់​ផង នៅ​ឯ​ស្ថាន‌សួគ៌ 35ដូច្នេះ កុំ​ឲ្យ​បោះ​បង់​ចោល​សេចក្ដី​ក្លាហាន​របស់​អ្នក​រាល់​គ្នា ដែល​មាន​រង្វាន់​ជា​ធំ​នោះ​ឡើយ 36ដ្បិត​អ្នក​រាល់​គ្នា​ត្រូវ​ការ​នឹង​សេចក្ដី​អត់‌ធ្មត់ ដើម្បី​ឲ្យ​បាន​ទទួល​សេចក្ដី​ដែល​បាន​សន្យា ដោយ​ធ្វើ​តាម​ព្រះ‌ហឫទ័យ​ព្រះ 37ពី​ព្រោះ​នៅ​តែ​បន្តិច​ទៀត «នោះ​ព្រះ‌អង្គ​ដែល​ត្រូវ​មក ទ្រង់​នឹង​យាង​មក​មែន ឥត​បង្អង់​ឡើយ 38តែ​ពួក​មនុស្ស​សុចរិត​នឹង​រស់​នៅ ដោយ​អាង​សេចក្ដី​ជំនឿ បើ​អ្នក​ណា​ថយ​ទៅ​វិញ នោះ​ចិត្ត​អញ​គ្មាន​សេចក្ដី​អំណរ​ចំពោះ​អ្នក​នោះ​ទេ» 39តែ​យើង​រាល់​គ្នា​មិន​មែន​ជា​ពួក​អ្នក ដែល​ថយ​ទៅ​វិញ ឲ្យ​ត្រូវ​វិនាស​នោះ​ឡើយ គឺ​ជា​ពួក​អ្នក​ដែល​មាន​សេចក្ដី​ជំនឿ​សំរាប់​ឲ្យ​ព្រលឹង​បាន​សង្គ្រោះ​វិញ។

ទើបបានជ្រើសរើសហើយ៖

ហេ‌ព្រើរ 10: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល