ហេព្រើរ 7
7
1រីឯលោកម៉ិលគីស្សាដែក ស្តេចក្រុងសាឡិម ជាសង្ឃរបស់ព្រះដ៏ខ្ពស់បំផុតនេះ ដែលបានទៅជួបនឹងលោកអ័ប្រាហាំ ក្នុងកាលដែលត្រឡប់ពីវាយបំផ្លាញពួកស្តេចវិញ ក៏បានប្រទានពរដល់លោក 2ហើយលោកអ័ប្រាហាំបានយក១ភាគក្នុង១០ ពីរបស់ទាំងអស់ជូនលោក នាមស្តេចនោះ ដើមដំបូងស្រាយថា ស្តេចនៃសេចក្ដីសុចរិត រួចមកជាស្តេចក្រុងសាឡិម គឺថា ជាស្តេចនៃសេចក្ដីសុខសាន្ត 3លោកគ្មានមាតាបិតា គ្មានពង្សាវតារទេ ក៏គ្មានថ្ងៃកំណើត ឬថ្ងៃស្លាប់ដែរ លោកមានភាពដូចជាព្រះរាជបុត្រានៃព្រះ ក៏នៅជាសង្ឃជារៀងរាបដរាបតទៅ 4ចូរពិចារណាពីលោកនោះ ដែលជាធំដល់ម៉្លេះ បានជាលោកអ័ប្រាហាំ ជាឰយុកោ បានជូនរបឹប១ភាគក្នុង១០ផង 5រីឯខាងឯពួកកូនចៅលេវី ដែលទទួលការងារជាសង្ឃ គេបានទទួលបង្គាប់តាមក្រិត្យវិន័យ ឲ្យហូតយក១ភាគក្នុង១០ពីប្រជាជនដែរ គឺពីពួកបងប្អូនគេទាំងប៉ុន្មាន ទោះបើពួកនោះកើតអំពីពូជពង្សលោកអ័ប្រាហាំក៏ដោយ 6តែលោកម៉ិលគីស្សាដែកនេះ ដែលមិនបានរាប់ជាវង្សាគេទេ នោះបានទទួល១ភាគក្នុង១០ ពីលោកអ័ប្រាហាំវិញ ហើយក៏ឲ្យពរ ដល់លោកដែលបានទទួលសេចក្ដីសន្យាទាំងប៉ុន្មានផង 7ហើយច្បាប់នេះដែលថា គឺអ្នកធំតែងឲ្យពរដល់អ្នកតូច នោះប្រកែកមិនបានឡើយ 8រីឯនៅទីនេះ មនុស្សដែលតែងតែស្លាប់ គេទទួល១ភាគក្នុង១០ តែនៅទីនោះមានសេចក្ដីបន្ទាល់ថា លោកនេះរស់នៅ 9ហើយលោកលេវី ដែលទទួលដង្វាយ១ភាគក្នុង១០ នោះលោកឧបមាដូចជាបានថ្វាយ១ភាគក្នុង១០ដែរ ដោយសារលោកអ័ប្រាហាំ 10ដ្បិតកាលលោកម៉ិលគីស្សាដែកបានទៅចួបនឹងលោកអ័ប្រាហាំ នោះលោកលេវីនៅជាពូជ ក្នុងខ្លួននៃឰយុកោលោកនៅឡើយ។
11ដូច្នេះ បើសិនជាមនុស្សបានគ្រប់លក្ខណ៍ ដោយសារការងារជាសង្ឃ ខាងពួកលេវី ដ្បិតគឺក្រោមការងារនោះ ដែលប្រជាជនបានទទួលក្រិត្យវិន័យទៅហើយ នោះតើត្រូវការអ្វីឲ្យមានសង្ឃ១ទៀត ដែលមិនបានតាំងឡើងតាមរបៀបលោកអើរ៉ុន គឺតាមរបៀបលោកម៉ិលគីស្សាដែកវិញធ្វើអី 12ពីព្រោះ បើការងារជាសង្ឃបានផ្លាស់ប្រែទៅ នោះក្រិត្យវិន័យក៏ត្រូវផ្លាស់ប្រែដែរ 13ដ្បិតឯព្រះអង្គ ដែលគេបានទាយសេចក្ដីទាំងនេះពីទ្រង់ ទ្រង់កើតពីពូជអំបូរ១ទៀត ដែលគ្មានអ្នកណាមួយបានធ្វើការបំរើនៅអាសនាឡើយ 14ដ្បិតច្បាស់ជាព្រះអម្ចាស់នៃយើង ទ្រង់បានកើតពីពូជអំបូរយូដា ហើយលោកម៉ូសេមិនបានមានប្រសាសន៍ពីពូជអំបូរនោះ ខាងឯការងារជាសង្ឃឡើយ 15សេចក្ដីនេះក៏រឹងរឹតតែច្បាស់ជាងទៅទៀត ដោយមានសង្ឃ១ផ្សេងទៀតកើតឡើង តាមបែបលោកម៉ិលគីស្សាដែក 16សង្ឃនោះមិនបានតាំងឡើងតាមក្រិត្យវិន័យ ដែលមានសេចក្ដីបញ្ញត្តខាងសាច់ឈាមទេ គឺតាមព្រះចេស្តារបស់ជីវិតដ៏មិនចេះសូន្យឡើយនោះវិញ 17ដ្បិតមានសេចក្ដីបន្ទាល់ពីទ្រង់ថា «ឯងជាសង្ឃនៅអស់កល្បជានិច្ច តាមរបៀបលោកម៉ិលគីស្សាដែក» 18ឯសេចក្ដីបញ្ញត្តដែលមានពីមុនមក នោះត្រូវលើកចោលវិញ ដោយព្រោះខ្សោយ ហើយឥតប្រយោជន៍ 19(ពីព្រោះក្រិត្យវិន័យមិនដែលនាំឲ្យបានគ្រប់លក្ខណ៍ឡើយ) ក៏មានសេចក្ដីសង្ឃឹមដ៏ប្រសើរជាងបានចូលមកផង ដែលយើងរាល់គ្នានឹងចូលទៅជិតព្រះបាន ដោយសារសេចក្ដីសង្ឃឹមនោះ។
20ពួកសង្ឃទាំងនោះ គេបានតាំងឲ្យមានងារ ដោយឥតមានសម្បថទេ 21តែទ្រង់វិញ មានទាំងពាក្យសម្បថផង ដោយសារព្រះដែលមានបន្ទូលពីទ្រង់ថា «ព្រះអម្ចាស់ទ្រង់បានស្បថ ហើយមិនដែលផ្លាស់គំនិតឡើយថា ឯងជាសង្ឃនៅអស់កល្បជានិច្ច តាមរបៀបលោកម៉ិលគីស្សាដែក» 22ហើយដោយព្រោះការងារនោះ ដែលមិនមែនឥតពាក្យសម្បថដូច្នោះ បានជាព្រះយេស៊ូវទ្រង់ជាអ្នកធានា ពីសេចក្ដីសញ្ញា១ដ៏ប្រសើរជាង 23មួយទៀត ពួកសង្ឃទាំងនោះមានគ្នាជាច្រើន ពីព្រោះគេតែងតែស្លាប់ មិននៅជាប់ស្ថិតស្ថេរទេ 24តែទ្រង់មានការងារជាសង្ឃឥតផ្ទេរឡើយ ពីព្រោះទ្រង់នៅជាប់អស់កល្បជានិច្ចវិញ 25ដោយហេតុនោះបានជាទ្រង់អាចនឹងជួយសង្គ្រោះសព្វគ្រប់បាន ដល់មនុស្សទាំងអស់ ដែលចូលទៅឯព្រះ ដោយសារទ្រង់ ដ្បិតទ្រង់មានព្រះជន្មរស់នៅជានិច្ច ដើម្បីនឹងជួយអង្វរជំនួសគេ។
26គួរឲ្យមានសំដេចសង្ឃយ៉ាងនោះសំរាប់យើង ដែលទ្រង់បរិសុទ្ធ ឥតពុតមាយា ឥតសៅហ្មង ដែលបានញែកចេញពីមនុស្សបាប ហើយបានត្រឡប់ជាខ្ពស់ជាងស្ថានសួគ៌ទៅទៀត 27ទ្រង់មិនចាំបាច់នឹងថ្វាយយញ្ញបូជាជារាល់ថ្ងៃ ដូចជាសំដេចសង្ឃ ដែលថ្វាយដោយព្រោះបាបខ្លួនជាមុនដំបូង រួចមកដោយព្រោះបាបរបស់ជនទាំងឡាយនោះទេ ដ្បិតទ្រង់បានថ្វាយយញ្ញបូជានោះ១ដងជាសំរេច គឺក្នុងកាលដែលទ្រង់ថ្វាយព្រះអង្គទ្រង់នោះឯង 28ព្រោះឯក្រិត្យវិន័យ នោះតែងតាំងមនុស្សឲ្យធ្វើជាសំដេចសង្ឃ ដែលគេមានសេចក្ដីកំសោយ តែសេចក្ដីសម្បថដែលមកក្រោយក្រិត្យវិន័យ នោះបានតាំងព្រះរាជបុត្រាវិញ ដែលទ្រង់បានគ្រប់លក្ខណ៍នៅអស់កល្បជានិច្ច។
ទើបបានជ្រើសរើសហើយ៖
ហេព្រើរ 7: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.