អេសាយ 58
58
1ចូរស្រែកឲ្យពេញបំពង់ក កុំសំចៃឡើយ ចូរបន្លឺសំឡេងឡើងដូចជាត្រែ ហើយប្រកាសប្រាប់ដល់រាស្ត្រអញពីអំពើរំលងរបស់គេ នឹងដល់ពូជពង្សនៃយ៉ាកុបពីអំពើបាបរបស់គេ 2រាល់តែថ្ងៃ គេស្វែងរកអញជានិច្ច ហើយក៏ពេញចិត្តចង់ស្គាល់អស់ទាំងផ្លូវរបស់អញ គេសូមសេចក្ដីវិនិច្ឆ័យដ៏សុចរិតពីអញ ទុកដូចជាសាសន៍ណាមួយដែលប្រព្រឹត្តដោយសុចរិត ឥតបោះបង់ចោលសេចក្ដីយុត្តិធម៌របស់ព្រះនៃគេឡើយ គេរីករាយចិត្តដោយចូលទៅជិតព្រះ 3គេពោលថា យើងខ្ញុំបានតមអត់ ហេតុអ្វីបានជាទ្រង់មិនឃើញសោះ យើងខ្ញុំបានបញ្ឈឺចិត្តខ្លួន ហេតុអ្វីបានជាទ្រង់មិនយកចិត្តទុកដាក់ដូច្នេះ នេះពីព្រោះតែនៅថ្ងៃដែលឯងរាល់គ្នាតមអត់នោះ គឺឯងធ្វើដើម្បីជាប្រយោជន៍ដល់ខ្លួនវិញ ហើយក៏សង្កត់សង្កិនពួកអ្នកដែលធ្វើការឈ្នួលផង 4មើល ឯងរាល់គ្នាតមអត់ឲ្យតែបានរឿងជជែក នឹងការទាស់ទែងគ្នា ហើយវាយដំដោយអំពើអាក្រក់ប៉ុណ្ណោះ ការដែលឯងតមអត់នោះ គឺមិនមែនមានប្រយោជន៍ឲ្យសំឡេងឯងបានឮទៅដល់ស្ថានលើឡើយ 5តើជាការតមអត់បែបយ៉ាងនោះ គឺជាថ្ងៃដែលមនុស្សបញ្ឈឺចិត្តខ្លួនដូច្នេះ ដែលជាទីពេញចិត្តដល់អញឬ ដែលគ្រាន់តែឱនក្បាលដូចជាដើមបបុស ហើយក្រាលសំពត់ធ្មៃ នឹងរោយផេះនៅក្រោមខ្លួន តើល្មមប៉ុណ្ណោះឬ នេះឬដែលឯងហៅថា ការតមអត់ ជាថ្ងៃដែលគួរឲ្យព្រះយេហូវ៉ាសព្វព្រះហឫទ័យនោះ 6តើមិនមែនជាការតមអត់យ៉ាងនេះវិញ ដែលអញពេញចិត្តទេឬអី គឺឲ្យដោះច្រវាក់ដែលឯងដាក់គេដោយអំពើអាក្រក់ ឲ្យស្រាយចំណងដែលឯងបានចងគេ ហើយឲ្យអ្នកដែលឯងបានសង្កត់សង្កិនបានរួចចេញទទេ ព្រមទាំងបំបាក់គ្រប់ទាំងនឹមផង 7តើមិនមែនឲ្យឯងបានចែកអាហារដល់អ្នកដែលឃ្លាន ហើយនាំមនុស្សក្រដែលត្រូវដេញពីផ្ទះគេមកឯផ្ទះឯងទេឬអី ឬបើកាលណាឯងឃើញមនុស្សឥតមានសំលៀកបំពាក់ នោះតើមិនមែនឲ្យឯងបិទបាំងឲ្យគេ ឥតដែលពួនខ្លួននឹងសាច់ញាតិរបស់ឯងទេឬអី 8យ៉ាងនោះ ទើបពន្លឺរបស់ឯង នឹងលេចមក ដូចជារស្មីអរុណ ហើយសេចក្ដីសុខស្រួលរបស់ឯង នឹងលេចឡើងជាយ៉ាងឆាប់ ឯសេចក្ដីសុចរិតរបស់ឯង នោះនឹងនាំមុខឯង ហើយសិរីល្អនៃព្រះយេហូវ៉ានឹងការពារពីក្រោយឯង 9គ្រានេះ បើឯងអំពាវនាវ ព្រះយេហូវ៉ាទ្រង់នឹងតបឆ្លើយ បើឯងស្រែករក នោះទ្រង់នឹងមានបន្ទូលថា អញនៅឯណេះហើយ គឺបើឯងចោលនឹមរបស់ឯងចេញ លែងជន្លកំហែង ព្រមទាំងលែងពោល ដោយកាចអាក្រក់ផង 10ហើយបើឯងផ្តល់សេចក្ដីសប្បុរស ដល់មនុស្សស្រេកឃ្លាន ទាំងចំអែតចិត្តនៃអ្នកដែលមានទុក្ខវេទនា នោះពន្លឺរបស់ឯងនឹងភ្លឺឡើងក្នុងទីងងឹត ហើយសេចក្ដីងងឹតរបស់ឯងនឹងបានភ្លឺ ដូចជាវេលាថ្ងៃត្រង់ 11ព្រះយេហូវ៉ាទ្រង់នឹងនាំផ្លូវឯងជានិច្ច ហើយនឹងចំអែតព្រលឹងឯងនៅក្នុងទីហួតហែង ទ្រង់នឹងធ្វើឲ្យឆ្អឹងឯងបានមាំមួន ឯងនឹងបានដូចជាសួនច្បារដែលគេស្រោចទឹក ហើយដូចជាក្បាលទឹកដែលមិនខានហូរឡើយ 12ហើយពួកអ្នកដែលនឹងកើតពីឯងមក គេនឹងសង់ទីចាស់ដែលខូចបង់ឡើងជាថ្មី ឯងនឹងសង់ឡើងលើជើងជញ្ជាំង ដែលមាននៅតាំងពីច្រើនដំណតមកហើយ ក៏នឹងមានឈ្មោះថា ជាអ្នកជួសជុលទីបាក់បែក គឺជាអ្នកដែលរៀបចំផ្លូវទៅឯទីលំនៅឡើងវិញ។
13បើឯងឃាត់ជើងឯង មិនឲ្យបែរចេញពីថ្ងៃឈប់សំរាក គឺមិនឲ្យធ្វើតាមអំពើចិត្តនៅថ្ងៃបរិសុទ្ធរបស់អញ បើឯងរាប់ថ្ងៃឈប់សំរាកទុកជាទីរីករាយចិត្ត ហើយលើកថ្ងៃបរិសុទ្ធរបស់ព្រះយេហូវ៉ា ទុកជាថ្ងៃគួរគោរព ព្រមទាំងប្រតិបត្តិតាមផង ឥតធ្វើតាមអំពើចិត្តរបស់ខ្លួន ឬស្វែងរកសេចក្ដីអំណរដល់ខ្លួនឯង ឬពោលតែពាក្យរបស់ផងខ្លួនឡើយ 14គ្រានោះឯងនឹងបានចិត្តរីករាយក្នុងព្រះយេហូវ៉ា ហើយអញនឹងបញ្ជិះឯងនៅលើទីខ្ពស់នៃផែនដី ហើយនឹងចិញ្ចឹមឯងដោយមរដករបស់យ៉ាកុប ជាឰយុកោឯង ដ្បិតព្រះឱស្ឋនៃព្រះយេហូវ៉ាបានចេញវាចាហើយ។
ទើបបានជ្រើសរើសហើយ៖
អេសាយ 58: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.