អេសាយ 61

61
1ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌អម្ចាស់​យេហូវ៉ា ទ្រង់​សណ្ឋិត​លើ​ខ្ញុំ ពី​ព្រោះ​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ចាក់​ប្រេង​តាំង​ខ្ញុំ​ឲ្យ​ផ្សាយ​ដំណឹង​ល្អ​ដល់​មនុស្ស​ទាល់​ក្រ ទ្រង់​បាន​ចាត់​ខ្ញុំ​ឲ្យ​មក ដើម្បី​នឹង​ប្រោស​មនុស្ស​ដែល​មាន​ចិត្ត​សង្រេង នឹង​ប្រកាស​ប្រាប់​ពី​សេចក្ដី​ប្រោស​លោះ​ដល់​ពួក​ឈ្លើយ ហើយ​ពី​ការ​ដោះ​លែង​ដល់​ពួក​អ្នក​ដែល​ជាប់​ចំណង 2ព្រម​ទាំង​ប្រកាស​ប្រាប់​ពី​ឆ្នាំ​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​សព្វ​ព្រះ‌ហឫទ័យ នឹង​ពី​ថ្ងៃ ដែល​ព្រះ​នៃ​យើង​ខ្ញុំ​នឹង​សង‌សឹក​ផង ហើយ​ឲ្យ​កំសាន្ត​ចិត្ត​នៃ​អស់​អ្នក​ណា​ដែល​សោយ‌សោក 3នឹង​ចែក​ឲ្យ​ដល់​ពួក​អ្នក​ដែល​សោយ‌សោក នៅ​ក្រុង​ស៊ីយ៉ូន​បាន​ភួង​លំអ​ជំនួស​ផេះ ហើយ​ប្រេង​នៃ​សេចក្ដី​អំណរ​ជំនួស​សេចក្ដី​សោក‌សៅ ព្រម​ទាំង​អាវ​ពាក់​នៃ​សេចក្ដី​សរសើរ ជំនួស​ទុក្ខ​ធ្ងន់​ដែល​គ្រប​សង្កត់ ដើម្បី​ឲ្យ​គេ​បាន​ហៅ​ថា ជា​ដើម​ឈើ​នៃ​សេចក្ដី​សុចរិត គឺ​ជា​ដើម​ដែល​ព្រះ‌យេហូវ៉ា​បាន​ដាំ មាន​ប្រយោជន៍​ឲ្យ​ទ្រង់​បាន​ថ្កើង​ឡើង។
4គេ​នឹង​សង់​អស់​ទាំង​ទី ដែល​ខូច​បង់​ពី​ដើម​ឡើង​វិញ ហើយ​រៀប​កន្លែង​ចោល​ស្ងាត់​ពី​កាល​មុន​ឡើង​ជា​ថ្មី គេ​នឹង​ជួស‌ជុល​អស់​ទាំង​ទី​ក្រុង​ដែល​ខូច​បង់ ហើយ​អស់​ទាំង​ទី​កន្លែង​ដែល​ចោល​ស្ងាត់ តាំង​ពី​ច្រើន​ដំណ​ត​មក​ផង 5គ្រា​នោះ ពួក​សាសន៍​ដទៃ​នឹង​ឃ្វាល​ហ្វូង​សត្វ​ឲ្យ​ឯង ហើយ​មនុស្ស​ប្រទេស​ក្រៅ​នឹង​ភ្ជួរ‌រាស់ ហើយ​ថែ​រក្សា​ចំការ​ទំពាំង‌បាយ‌ជូរ​ឲ្យ​ឯង 6តែ​ឯ​ឯង​រាល់​គ្នា នឹង​បាន​ហៅ​ថា​ជា​សង្ឃ​របស់​ព្រះ‌យេហូវ៉ា មនុស្ស​ទាំង‌ឡាយ​នឹង​ហៅ​ឯង​រាល់​គ្នា​ជា​អ្នក​គោរព​ដល់​ព្រះ​នៃ​យើង​រាល់​គ្នា ឯង​រាល់​គ្នា​នឹង​ស៊ី​ទ្រព្យ​សម្បត្តិ​របស់​អស់​ទាំង​សាសន៍ ហើយ​នឹង​មាន​សេចក្ដី​រីក‌រាយ​ដោយ​របស់​រុងរឿង​នៃ​គេ 7ឯង​រាល់​គ្នា​នឹង​បាន​ចំណែក​១​ជា​២​ជំនួស​សេចក្ដី​ខ្មាស​របស់​ឯង ហើយ​នឹង​មាន​សេចក្ដី​រីក‌រាយ ដោយ​ចំណែក​ដែល​ខ្លួន​ទទួល​ជំនួស​សេចក្ដី​អាប់‌យស ដូច្នេះ ឯង​នឹង​បាន​២​ចំណែក​នៅ​ក្នុង​ស្រុក​របស់​ឯង ហើយ​នឹង​មាន​សេចក្ដី​អំណរ ដ៏​នៅ​អស់​‌កល្ប​ជានិច្ច 8ដ្បិត​អញ គឺ​ព្រះ‌យេហូវ៉ា អញ​ស្រឡាញ់​សេចក្ដី​យុត្តិ‌ធម៌ តែ​ស្អប់​ការ​លួច​ប្លន់ នឹង​សេចក្ដី​ទុច្ចរិត​វិញ អញ​នឹង​ឲ្យ​រង្វាន់​ដល់​ឯង​ដោយ​សេចក្ដី​ពិត ហើយ​នឹង​តាំង​សេចក្ដី​សញ្ញា​ដ៏​នៅ​អស់​‌កល្ប​ជានិច្ច​នឹង​ឯង 9គេ​នឹង​ស្គាល់​ពូជ‌ពង្ស​របស់​ឯង នៅ​កណ្តាល​អស់​ទាំង​សាសន៍ ហើយ​កូន​ចៅ​របស់​ឯង នៅ​កណ្តាល​ជន‌ជាតិ​ទាំង‌ឡាយ អស់​អ្នក​ណា​ដែល​ឃើញ​ឯង​នឹង​ទទួល​ស្គាល់​ថា ឯង​ជា​ពួក​អ្នក​ដែល​ព្រះ‌យេហូវ៉ា​បាន​ប្រទាន​ពរ​ឲ្យ។
10ខ្ញុំ​នឹង​អរ​សប្បាយ​ចំពោះ​ព្រះ‌យេហូវ៉ា ព្រលឹង​ខ្ញុំ​នឹង​រីក‌រាយ​ចំពោះ​ព្រះ​នៃ​ខ្ញុំ ពី​ព្រោះ​ទ្រង់​បាន​ប្រដាប់​ខ្លួន​ខ្ញុំ​ដោយ​សំលៀក‌បំពាក់​នៃ​សេចក្ដី​សង្គ្រោះ ទ្រង់​បាន​គ្រលុំ​ខ្ញុំ​ដោយ​អាវ​ជា​សេចក្ដី​សុចរិត ដូច​ជា​ប្ដី​ថ្មោង‌ថ្មី​តែង​ខ្លួន​ដោយ​គ្រឿង​លំអ ហើយ​ដូច​ជា​ប្រពន្ធ​ថ្មោង‌ថ្មី ក៏​ប្រដាប់​ដោយ​ត្បូង​របស់​ខ្លួន​ដែរ 11ដ្បិត​ដែល​ដី​ធ្វើ​ឲ្យ​ចេញ​ពន្លក ហើយ​សួន‌ច្បារ​បណ្តាល​ឲ្យ​ពូជ​ផ្សេងៗ ដែល​គេ​ដាំ​នៅ​ទី​នោះ បាន​ដុះ​ឡើង​ជា​យ៉ាង​ណា នោះ​ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​នឹង​ធ្វើ​ឲ្យ​សេចក្ដី​សុចរិត នឹង​សេចក្ដី​សរសើរ បាន​លេច​ឡើង នៅ​ចំពោះ​អស់​ទាំង​សាសន៍​យ៉ាង​នោះ​ដែរ។

ទើបបានជ្រើសរើសហើយ៖

អេសាយ 61: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល