ចៅហ្វាយ 11:1-10

ចៅហ្វាយ 11:1-10 ពគប

ខណៈ​នោះ មាន​មនុស្ស​ក្លាហាន ហើយ​ស្ទាត់​ជំនាញ​ម្នាក់ ឈ្មោះ​យែបថា ជា​កូន​ដែល​កាឡាត​បង្កើត​នឹង​ស្រី​សំផឹង​ម្នាក់ ឯ​ប្រពន្ធ​កាឡាត​ក៏​បាន​បង្កើត​កូន​ប្រុស​ខ្លះ​ឲ្យ​គាត់​ដែរ កាល​ពួក​កូន​របស់​ប្រពន្ធ​គាត់​បាន​ធំ​ឡើង នោះ​ក៏​បណ្តេញ​យែបថា​ចេញ ដោយ​ពាក្យ​ថា ឯង​មិន​ត្រូវ​បាន​ចំណែក​មរដក​ក្នុង​គ្រួ​ឪពុក​យើង​ទេ ដ្បិត​ឯង​ជា​កូន​ខាង​ក្រៅ នោះ​យែបថា​ក៏​រត់​ពី​បង​ប្អូន ចេញ​ទៅ​នៅ​ឯ​ស្រុក​ថូប​ទៅ រួច​មាន​ពួក​មនុស្ស​អនាថា​មូល​មក​ចូល​ដៃ​ជា​មួយ​គ្នា គេ​តែង​ចេញ​ទៅ​វាយ​ប្លន់​ជា​មួយ​នឹង​គាត់។ លុះ​ចំណេរ​ក្រោយ​មក នោះ​ពួក​កូន​ចៅ​អាំម៉ូន គេ​ទន្ទ្រាន​ចូល​ច្បាំង​នឹង​សាសន៍​អ៊ីស្រាអែល ខណៈ​ដែល​គេ​ទន្ទ្រាន​ចូល​ក្នុង​ស្រុក​អ៊ីស្រាអែល នោះ​ពួក​ចាស់‌ទុំ​នៅ​ស្រុក​កាឡាត​ក៏​ចាត់​គេ ឲ្យ​ទៅ​ហៅ​យែបថា ពី​ស្រុក​ថូប​មក ដោយ​អង្វរ​ថា សូម​មក​ធ្វើ​ជា​មេ‌ទ័ព លើ​យើង​រាល់​គ្នា ដើម្បី​នាំ​យើង​ចេញ​ទៅ​ច្បាំង​នឹង​ពួក​កូន​ចៅ​អាំម៉ូន តែ​យែបថា​ប្រកែក​ដល់​ពួក​ចាស់‌ទុំ​ស្រុក​កាឡាត​ថា តើ​អ្នក​រាល់​គ្នា​មិន​បាន​ស្អប់​ខ្ញុំ ហើយ​បណ្តេញ​ចេញ​ពី​ផ្ទះ​ឪពុក​ខ្ញុំ​ទេ​ឬ​អី ហេតុ​អ្វី​បាន​ជា​មក​រក​ខ្ញុំ​ឥឡូវ ក្នុង​គ្រា​ដែល​មាន​សេចក្ដី​វេទនា​វិញ​ដូច្នេះ នោះ​ពួក​ចាស់‌ទុំ​ស្រុក​កាឡាត​ឆ្លើយ​តប​ថា គឺ​ដោយ​ហេតុ​នោះ​បាន​ជា​យើង​រាល់​គ្នា​មក​រក​អ្នក​ឥឡូវ ដើម្បី​ឲ្យ​អ្នក​បាន​ចេញ​ទៅ​ច្បាំង​នឹង​ពួក​កូន​ចៅ​អាំម៉ូន​ជា​មួយ​នឹង​យើង នោះ​អ្នក​នឹង​បាន​ធ្វើ​ជា​មេ​របស់​យើង​រាល់​គ្នា គ្រប់‌គ្រង​លើ​មនុស្ស​នៅ​ស្រុក​កាឡាត​ទាំង​អស់ រួច​យែបថា​សួរ​បញ្ជាក់​ដល់​ពួក​ចាស់‌ទុំ​ស្រុក​កាឡាត​ថា បើ​អ្នក​រាល់​គ្នា​នាំ​ខ្ញុំ​ត្រឡប់​ទៅ​ស្រុក​វិញ ច្បាំង​នឹង​ពួក​កូន​ចៅ​អាំម៉ូន ហើយ​ព្រះ‌យេហូវ៉ា​ទ្រង់​ប្រគល់​គេ​មក​នៅ​មុខ​ខ្ញុំ នោះ​តើ​ខ្ញុំ​នឹង​បាន​ធ្វើ​ជា​មេ​លើ​អ្នក​រាល់​គ្នា​ពិត​មែន​ឬ ពួក​ចាស់‌ទុំ​ក៏​ឆ្លើយ​ថា យើង​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា​ដែល​ទ្រង់​ឮ​ពាក្យ​យើង​នេះ​ថា យើង​នឹង​ធ្វើ​តាម​ពាក្យ​អ្នក​ជា​ពិត​ប្រាកដ

អាន ចៅហ្វាយ 11