ចៅហ្វាយ 11:1-10

ចៅហ្វាយ 11:1-10 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

គ្រា​នោះ មាន​អ្នក​ចម្បាំង​ដ៏​ខ្លាំង​ពូកែ​ម្នាក់​ឈ្មោះ​យែបថា ជា​កូន​ស្រី​ពេស្យា​ម្នាក់។ កាឡាត​ជាឪពុក​របស់​យែប​ថា។ រីឯ​ប្រពន្ធ​របស់​កាឡាត​ក៏​បាន​បង្កើត​កូន​ប្រុស​ខ្លះ​ឲ្យ​គាត់​ដែរ កាល​កូន​ប្រុសៗ​របស់​ប្រពន្ធ​គាត់​បាន​ធំ​ឡើង គេ​ក៏​បណ្តេញ​យែបថា​ចេញ ដោយ​ពាក្យ​ថា៖ «ឯង​មិន​ត្រូវទទួល​ចំណែក​មត៌កអ្វីនៅ​ក្នុង​គ្រួ​សារ​ឪពុក​យើង​ទេ ដ្បិត​ឯង​ជា​កូនរបស់​ស្ត្រីដទៃ»។ ពេល​នោះ យែបថា​ក៏​រត់​ពី​បង​ប្អូន​របស់​គាត់ ចេញ​ទៅ​រស់​នៅ​ស្រុក​ថូប រួច​មាន​មនុស្ស​អនាថា​មូល​គ្នា​មក​ចូល​ដៃ​ជា​មួយគាត់ ហើយ​តែង​ចេញ​ទៅ​ប្លន់​ជា​មួយ​គាត់។ លុះ​ចំណេរ​ក្រោយ​មក ពួក​អាំម៉ូនបានលើក​គ្នា​មក​ច្បាំង​នឹង​អ៊ីស្រា‌អែល។ កាល​ពួកអាំ​ម៉ូនមក​ច្បាំង​នឹង​អ៊ីស្រា‌អែល ពួក​ចាស់​ទុំ​នៅ​ស្រុក​កាឡាត​ក៏​ចេញ​ទៅ​ហៅ​យែបថា​នៅ​ស្រុក​ថូប។ គេ​អង្វរ​យែប​ថា​ថា៖ «សូម​មក​ធ្វើ​ជា​មេ‌ទ័ព​លើពួក​យើង​ទៅ ដើម្បី​ឲ្យ​យើង​អាច​ប្រយុទ្ធ​នឹង​ពួក​អាំម៉ូន​បាន»។ ប៉ុន្ដែ យែបថាពោល​ទៅកាន់​ពួក​ចាស់​ទុំ​ស្រុក​កាឡាត​ថា៖ «តើ​អស់​លោក​មិន​បាន​ស្អប់​ខ្ញុំ ហើយ​បណ្តេញ​ខ្ញុំ​ចេញ​ពី​ផ្ទះ​ឪពុក​ខ្ញុំ​ទេ​ឬ? ឥឡូវ​នេះ ហេតុ​អ្វី​បាន​ជា​មក​រក​ខ្ញុំ នៅ​ពេល​មាន​អាសន្ន​ដូច្នេះ?» ពួក​ចាស់​ទុំ​ស្រុក​កាឡាត​តប​ថា៖ «ហេតុ​នេះហើយ​បាន​ជា​យើង​មក​រក​លោកនៅ​ពេល​នេះ ដើម្បី​ឲ្យ​លោក​បាន​ចេញ​ទៅ​ច្បាំង​នឹង​ពួក​អាំម៉ូន​ជា​មួយ​យើង ហើយ​ធ្វើ​ជា​មេ​ដឹក​នាំ​របស់​យើង គ្រប់​គ្រង​លើ​ប្រជាជន​នៅ​ស្រុក​កាឡាត​ទាំងមូល»។ យែបថា​និយាយ​ទៅ​កាន់​ពួក​ចាស់​ទុំ​ស្រុក​កាឡាត​ថា៖ «ប្រសិន‌បើ​អស់​លោក​ហៅ​ខ្ញុំ​ត្រឡប់​ទៅ​ស្រុក​វិញ ដើម្បី​ប្រយុទ្ធ​នឹង​ពួក​អាំម៉ូន ហើយ​ព្រះ‌យេហូវ៉ា​ប្រគល់​គេ​មក​ខ្ញុំ នោះ​ខ្ញុំ​នឹង​ធ្វើ​ជា​មេ​លើ​អស់​លោក»។ ពួក​ចាស់​ទុំ​ស្រុក​កាឡាត​ក៏បញ្ជាក់​ប្រាប់​យែប​ថាថា៖ «ព្រះ‌យេហូវ៉ា​នឹង​ធ្វើ​ជា​សាក្សីរវាង​យើង​ថា យើង​នឹង​ធ្វើ​តាម​ពាក្យ​របស់លោក​ជា​ប្រាកដ!»

ចែក​រំលែក
អាន ចៅហ្វាយ 11

ចៅហ្វាយ 11:1-10 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

នៅ​ស្រុក​កាឡាដ មាន​អ្នក​ចម្បាំង​ដ៏​អង់‌អាច​មួយ​រូប ឈ្មោះ​យែបថា ជា​កូន​របស់​ស្រី​ពេស្យា​ម្នាក់ និង​បុរស​ឈ្មោះ​កាឡាដ។ រីឯ​ភរិយា​របស់​លោក​កាឡាដ​ក៏​បាន​បង្កើត​កូន​ប្រុសៗ​ជូន​គាត់​ដែរ។ លុះ​កូន​ទាំង​នោះ​ធំ​ឡើង គេ​នាំ​គ្នា​បណ្ដេញ​លោក​យែបថា ដោយ​និយាយ​ថា៖ «ឯង​គ្មាន​សិទ្ធិ​នឹង​ទទួល​មត៌ក​របស់​ឪពុក​យើង​ទេ ដ្បិត​ឯង​ជា​កូន​របស់​ស្រី​ដទៃ»។ ពេល​នោះ លោក​យែបថា​បាន​ភៀស​ខ្លួន​ចេញ​ឆ្ងាយ​ពី​បងប្អូន​របស់​គាត់ ទៅ​រស់​នៅ​ក្នុង​ស្រុក​ថូប។ មាន​មនុស្ស​ពាល​មក​ចូល​ដៃ​ជា​មួយ​គាត់ ហើយ​នាំ​គ្នា​ចេញ​ទៅ​ប្លន់។ ចំណេរ​ក្រោយ​មក ជន‌ជាតិ​អាំម៉ូន​លើក​គ្នា​មក​ច្បាំង​នឹង​ជន‌ជាតិ​អ៊ីស្រា‌អែល។ ពេល​មាន​សង្គ្រាម​ផ្ទុះ​ឡើង​ដូច្នេះ ពួក​ចាស់​ទុំ​នៃ​ស្រុក​កាឡាដ​នាំ​គ្នា​ទៅ​រក​លោក​យែបថា​នៅ​ស្រុក​ថូប ដោយ​ពោល​ថា៖ «សូម​លោក​អញ្ជើញ​មក​ធ្វើ​ជា​មេ‌ទ័ព​លើ​ពួក​យើង​ទៅ ដើម្បី​ឲ្យ​យើង​អាច​ប្រយុទ្ធ​នឹង​ពួក​អាំម៉ូន​បាន»។ លោក​យែបថា​ឆ្លើយ​តប​ទៅ​ពួក​ចាស់​ទុំ​នៃ​ស្រុក​កាឡាដ​វិញ​ថា៖ «អស់​លោក​បាន​ស្អប់​ខ្ញុំ ហើយ​បណ្ដេញ​ខ្ញុំ​ចេញ​ពី​ផ្ទះ​ឪពុក​របស់​ខ្ញុំ ឥឡូវ​នេះ ពេល​មាន​អាសន្ន អស់​លោក​បែរ​ជា​រត់​មក​រក​ខ្ញុំ​ទៅ​វិញ!»។ ពួក​ចាស់​ទុំ​តប​ថា៖ «ព្រោះ​តែ​យើង​ខ្ញុំ​មាន​អាសន្ន​ដូច្នេះ​ហើយ បាន​ជា​ពេល​នេះ យើង​ខ្ញុំ​រត់​មក​រក​លោក​វិញ ដើម្បី​អញ្ជើញ​លោក​ទៅ​ច្បាំង​នឹង​ជន‌ជាតិ​អាំម៉ូន​ជា​មួយ​យើង​ខ្ញុំ ហើយ​សូម​លោក​ធ្វើ​ជា​មេ​ដឹក​នាំ​លើ​យើង​ខ្ញុំ និង​លើ​ប្រជា‌ជន​នៅ​ស្រុក​កាឡាដ​ទាំង​មូល»។ លោក​យែបថា​ឆ្លើយ​ទៅ​ចាស់​ទុំ​ទាំង​នោះ​ថា៖ «ប្រសិន​បើ​អស់​លោក​ហៅ​ខ្ញុំ​ទៅ​វិញ ដើម្បី​ប្រយុទ្ធ​នឹង​ជន‌ជាតិ​អាំម៉ូន ហើយ​បើ​ព្រះ‌អម្ចាស់​ប្រគល់​ពួក​គេ​មក​ក្នុង​កណ្ដាប់​ដៃ​ខ្ញុំ នោះ​ខ្ញុំ​នឹង​ធ្វើ​ជា​មេ​លើ​អស់​លោក»។ ពេល​នោះ ពួក​ចាស់​ទុំ​នៃ​ស្រុក​កាឡាដ​ក៏​ប្រកាស​ចំពោះ​លោក​យែបថា ថា៖ «ព្រះ‌អម្ចាស់​ជា​សាក្សី​ស្រាប់​ហើយ​ថា យើង​ខ្ញុំ​នឹង​ធ្វើ​តាម​ពាក្យ​របស់​លោក!»។

ចែក​រំលែក
អាន ចៅហ្វាយ 11

ចៅហ្វាយ 11:1-10 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ខណៈ​នោះ មាន​មនុស្ស​ក្លាហាន ហើយ​ស្ទាត់​ជំនាញ​ម្នាក់ ឈ្មោះ​យែបថា ជា​កូន​ដែល​កាឡាត​បង្កើត​នឹង​ស្រី​សំផឹង​ម្នាក់ ឯ​ប្រពន្ធ​កាឡាត​ក៏​បាន​បង្កើត​កូន​ប្រុស​ខ្លះ​ឲ្យ​គាត់​ដែរ កាល​ពួក​កូន​របស់​ប្រពន្ធ​គាត់​បាន​ធំ​ឡើង នោះ​ក៏​បណ្តេញ​យែបថា​ចេញ ដោយ​ពាក្យ​ថា ឯង​មិន​ត្រូវ​បាន​ចំណែក​មរដក​ក្នុង​គ្រួ​ឪពុក​យើង​ទេ ដ្បិត​ឯង​ជា​កូន​ខាង​ក្រៅ នោះ​យែបថា​ក៏​រត់​ពី​បង​ប្អូន ចេញ​ទៅ​នៅ​ឯ​ស្រុក​ថូប​ទៅ រួច​មាន​ពួក​មនុស្ស​អនាថា​មូល​មក​ចូល​ដៃ​ជា​មួយ​គ្នា គេ​តែង​ចេញ​ទៅ​វាយ​ប្លន់​ជា​មួយ​នឹង​គាត់។ លុះ​ចំណេរ​ក្រោយ​មក នោះ​ពួក​កូន​ចៅ​អាំម៉ូន គេ​ទន្ទ្រាន​ចូល​ច្បាំង​នឹង​សាសន៍​អ៊ីស្រាអែល ខណៈ​ដែល​គេ​ទន្ទ្រាន​ចូល​ក្នុង​ស្រុក​អ៊ីស្រាអែល នោះ​ពួក​ចាស់‌ទុំ​នៅ​ស្រុក​កាឡាត​ក៏​ចាត់​គេ ឲ្យ​ទៅ​ហៅ​យែបថា ពី​ស្រុក​ថូប​មក ដោយ​អង្វរ​ថា សូម​មក​ធ្វើ​ជា​មេ‌ទ័ព លើ​យើង​រាល់​គ្នា ដើម្បី​នាំ​យើង​ចេញ​ទៅ​ច្បាំង​នឹង​ពួក​កូន​ចៅ​អាំម៉ូន តែ​យែបថា​ប្រកែក​ដល់​ពួក​ចាស់‌ទុំ​ស្រុក​កាឡាត​ថា តើ​អ្នក​រាល់​គ្នា​មិន​បាន​ស្អប់​ខ្ញុំ ហើយ​បណ្តេញ​ចេញ​ពី​ផ្ទះ​ឪពុក​ខ្ញុំ​ទេ​ឬ​អី ហេតុ​អ្វី​បាន​ជា​មក​រក​ខ្ញុំ​ឥឡូវ ក្នុង​គ្រា​ដែល​មាន​សេចក្ដី​វេទនា​វិញ​ដូច្នេះ នោះ​ពួក​ចាស់‌ទុំ​ស្រុក​កាឡាត​ឆ្លើយ​តប​ថា គឺ​ដោយ​ហេតុ​នោះ​បាន​ជា​យើង​រាល់​គ្នា​មក​រក​អ្នក​ឥឡូវ ដើម្បី​ឲ្យ​អ្នក​បាន​ចេញ​ទៅ​ច្បាំង​នឹង​ពួក​កូន​ចៅ​អាំម៉ូន​ជា​មួយ​នឹង​យើង នោះ​អ្នក​នឹង​បាន​ធ្វើ​ជា​មេ​របស់​យើង​រាល់​គ្នា គ្រប់‌គ្រង​លើ​មនុស្ស​នៅ​ស្រុក​កាឡាត​ទាំង​អស់ រួច​យែបថា​សួរ​បញ្ជាក់​ដល់​ពួក​ចាស់‌ទុំ​ស្រុក​កាឡាត​ថា បើ​អ្នក​រាល់​គ្នា​នាំ​ខ្ញុំ​ត្រឡប់​ទៅ​ស្រុក​វិញ ច្បាំង​នឹង​ពួក​កូន​ចៅ​អាំម៉ូន ហើយ​ព្រះ‌យេហូវ៉ា​ទ្រង់​ប្រគល់​គេ​មក​នៅ​មុខ​ខ្ញុំ នោះ​តើ​ខ្ញុំ​នឹង​បាន​ធ្វើ​ជា​មេ​លើ​អ្នក​រាល់​គ្នា​ពិត​មែន​ឬ ពួក​ចាស់‌ទុំ​ក៏​ឆ្លើយ​ថា យើង​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា​ដែល​ទ្រង់​ឮ​ពាក្យ​យើង​នេះ​ថា យើង​នឹង​ធ្វើ​តាម​ពាក្យ​អ្នក​ជា​ពិត​ប្រាកដ

ចែក​រំលែក
អាន ចៅហ្វាយ 11