យេរេ‌មា 11

11
1នេះ​ជា​ព្រះ‌បន្ទូល​ដែល​មក​ពី​ព្រះ‌យេហូវ៉ា ដល់​យេរេមា​ថា 2ចូរ​ស្តាប់​អស់​ទាំង​ពាក្យ​នៃ​សេចក្ដី​សញ្ញា​នេះ​ចុះ រួច​និយាយ​ដល់​ពួក​មនុស្ស​នៅ​ស្រុក​យូដា នឹង​នៅ​ក្រុង​យេរូ‌សាឡិម 3ប្រាប់​គេ​ថា ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល ទ្រង់​មាន​បន្ទូល​ដូច្នេះ ត្រូវ​បណ្តាសា​ហើយ​មនុស្ស​ណា ដែល​មិន​ស្តាប់​តាម​អស់​ទាំង​ពាក្យ​នៃ​សេចក្ដី​សញ្ញា​នេះ 4គឺ​ជា​សេចក្ដី ដែល​អញ​បាន​បង្គាប់​ដល់​ពួក​ព្ធយុ‌កោ​ឯង​រាល់​គ្នា នៅ​ថ្ងៃ​ដែល​អញ​នាំ​គេ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក គឺ​ចេញ​រួច​ពី​គុក​ភ្លើង​រំលាយ​ដែក ដោយ​ប្រាប់​គេ​ថា ចូរ​ស្តាប់​ពាក្យ​របស់​អញ ហើយ​ប្រព្រឹត្ត​តាម​ផង គឺ​តាម​គ្រប់​ទាំង​សេចក្ដី ដែល​អញ​បង្គាប់​ដល់​ឯង​រាល់​គ្នា​ចុះ យ៉ាង​នោះ ឯង​រាល់​គ្នា​នឹង​បាន​ជា​រាស្ត្រ​របស់​អញ ហើយ​អញ​នឹង​ធ្វើ​ជា​ព្រះ​របស់​ឯង 5ដើម្បី​ឲ្យ​អញ​បាន​ធ្វើ​សំរេច​តាម​សេចក្ដី​សម្បថ ដែល​អញ​បាន​ស្បថ​នឹង​ពួក​ព្ធយុ‌កោ​ឯង​រាល់​គ្នា​ថា នឹង​ឲ្យ​គេ​បាន​ស្រុក​ដែល​មាន​ទឹក​ដោះ នឹង​ទឹក​ឃ្មុំ​ហូរ‌ហៀរ ដូច​ជា​យ៉ាង​សព្វ​ថ្ងៃ​នេះ នោះ​ខ្ញុំ​ក៏​ទូល​ឆ្លើយ​ថា អាម៉ែន ព្រះ‌យេហូវ៉ា​អើយ។
6រួច​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​មក​ខ្ញុំ​ថា ចូរ​ប្រកាស​ប្រាប់​អស់​ទាំង​ពាក្យ​នេះ នៅ​ក្នុង​ទី​ក្រុង​ទាំង​ប៉ុន្មាន​របស់​ស្រុក​យូដា ហើយ​នៅ​ផ្លូវ​ទាំង​ប៉ុន្មាន​នៃ​ក្រុង​យេរូ‌សាឡិម​ដែរ​ថា ចូរ​ស្តាប់​អស់​ទាំង​ពាក្យ​នៃ​សេចក្ដី​សញ្ញា​នេះ ហើយ​ប្រព្រឹត្ត​តាម​ចុះ 7ដ្បិត​នៅ​ថ្ងៃ​ដែល​អញ​បាន​នាំ​ពួក​ព្ធយុ‌កោ​ឯង​រាល់​គ្នា​ឡើង​រួច​ពី​ស្រុក​អេស៊ីព្ទ ដរាប​មក​ដល់​សព្វ​ថ្ងៃ​នេះ នោះ​អញ​បាន​និយាយ​យ៉ាង​ម៉ឺង‌ម៉ាត់​ដល់​គេ ព្រម​ទាំង​ខ្នះ‌ខ្នែង​ប្រាប់​គេ តាំង​ពី​ព្រលឹម​ស្រាង​ថា ចូរ​ស្តាប់​តាម​ពាក្យ​អញ​ចុះ 8តែ​គេ​មិន​បាន​ស្តាប់​តាម​ទេ ក៏​មិន​បាន​ផ្ទៀង​ត្រចៀក​ផង គឺ​បាន​ប្រព្រឹត្ត​តាម​តែ​សេចក្ដី​រឹង‌ចចេស​នៅ​ក្នុង​ចិត្ត​អាក្រក់​របស់​គេ​រៀង​ខ្លួន​វិញ ហេតុ​នោះអញ​បាន​នាំ​គ្រប់​ទាំង​ពាក្យ​នៃ​សេចក្ដី​សញ្ញា​នេះ​មក​លើ​គេ គឺ​ជា​សេចក្ដី​ដែល​អញ​បាន​បង្គាប់​ឲ្យ​គេ​ប្រព្រឹត្ត​តាម តែ​គេ​មិន​បាន​ប្រព្រឹត្ត​តាម​សោះ។
9រួច​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​មក​ខ្ញុំ​ថា ឃើញ​មាន​គំនិត​គិត​ក្បត់​កើត​ឡើង នៅ​ក្នុង​ពួក​មនុស្ស​នៅ​ស្រុក​យូដា ហើយ​នៅ​ក្រុង​យេរូ‌សាឡិម​ដែរ 10គេ​បាន​វិល​ត្រឡប់​ទៅ​តាម​អំពើ​ទុច្ចរិត​របស់​ពួក​ព្ធយុ‌កោ​គេ ដែល​មិន​ព្រម​ស្តាប់​តាម​ពាក្យ​អញ គេ​បាន​ទៅ​តាម​ព្រះ​ដទៃ​ផ្សេងៗ ដើម្បី​នឹង​គោរព​វា​វិញ ពួក​វង្ស​អ៊ីស្រាអែល នឹង​ពួក​វង្ស​យូដា​បាន​ផ្តាច់​សេចក្ដី​សញ្ញា ដែល​អញ​បាន​តាំង​នឹង​ពួក​ព្ធយុ‌កោ​គេ​ហើយ 11ហេតុ​នោះ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា មើល អញ​នឹង​នាំ​សេចក្ដី​អាក្រក់​មក​លើ​គេ ជា​សេចក្ដី​ដែល​គេ​មិន​អាច​នឹង​គេច​រួច​ចេញ​បាន​ឡើយ នោះ​គេ​នឹង​អំពាវ‌នាវ​ដល់​អញ តែ​អញ​នឹង​មិន​ព្រម​ស្តាប់​ទេ 12ទី​ក្រុង​ស្រុក​យូដា​ទាំង​ប៉ុន្មាន នឹង​ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡិម គេ​នឹង​ទៅ​អំពាវ‌នាវ​ដល់​ព្រះ ដែល​គេ​បាន​ដុត​កំញាន​ថ្វាយ​នោះ តែ​ព្រះ​ទាំង​នោះ​នឹង​មិន​ជួយ​ដោះ​គេ​ឲ្យ​រួច ក្នុង​គ្រា​វេទនា​របស់​គេ​ឡើយ 13ដ្បិត ឱ​ពួក​យូដា​អើយ ចំនួន​ព្រះ​របស់​ឯង នោះ​ប្រមាណ​ស្មើ​នឹង​ទី​ក្រុង​ទាំង​ប៉ុន្មាន​របស់​ឯង​ដែរ ហើយ​ដែល​មាន​ផ្លូវ​នៅ​ក្រុង​យេរូ‌សាឡិម​ប៉ុណ្ណា នោះ​ឯង​ក៏​បាន​ស្អាង​អាសនា​ថ្វាយ​ដល់​របស់​គួរ​ខ្មាស​នោះ ចំនួន​ប៉ុណ្ណោះ​ដែរ គឺ​ជា​អាសនា​សំរាប់​ដុត​កំញាន​ថ្វាយ​ដល់​ព្រះ‌បាល​ផង។
14ដូច្នេះ កុំ​ឲ្យ​អធិស្ឋាន​ឲ្យ​ជន‌ជាតិ​នេះ​ឡើយ ក៏​កុំ​ឲ្យ​ឡើង​សំឡេង​អំពាវ‌នាវ ឬ​អង្វរ​ឲ្យ​គេ​ដែរ ដ្បិត​នៅ​គ្រា​ដែល​គេ​អំពាវ‌នាវ​ដល់​អញ ដោយ​កើត​មាន​សេចក្ដី​វេទនា នោះ​អញ​មិន​ព្រម​ស្តាប់​គេ​ទេ។
15តើ​ស្ងួន​សំឡាញ់​របស់​អញ​មាន​ការ​អ្វី​នៅ​ក្នុង​ផ្ទះ​អញ​ទៀត ដ្បិត​នាង​បាន​ប្រព្រឹត្ត​អំពើ​ដ៏​លាមក​អាក្រក់ ជា​មួយ​នឹង​មនុស្ស​ជា​ច្រើន​ទៅ​ហើយ ឯ​សាច់​ដែល​បាន​ញែក​ជា​បរិសុទ្ធ នោះ​នឹង​បាត់​ពី​មុខ​ឯង​ទៅ​កាល​ណា​ឯង​ប្រព្រឹត្ត​អំពើ​អាក្រក់ នោះ​ឯង​មាន​ចិត្ត​រីក‌រាយ 16ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ដាក់​ឈ្មោះ​ឲ្យ​ឯង​ថា ដើម​អូលីវ​ខ្ចី​ជា​ដើម​ល្អ​មើល មាន​ផ្លែ​ដ៏​ល្អ តែ​ទ្រង់​បាន​បង្កាត់​ភ្លើង​បញ្ឆេះ​អស់​ទៅ ដោយ​សូរ​គ្រុំ‌គ្រាំ​យ៉ាង​ខ្លាំង ហើយ​មែក​វា​ត្រូវ​បាក់​អស់ 17ដ្បិត​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ដែល​បាន​ដាំ​ឯង ទ្រង់​បាន​ប្រកាស​សេចក្ដី​អាក្រក់​ទាស់​នឹង​ឯង ដោយ​ព្រោះ​អំពើ​អាក្រក់​របស់​ពួក​វង្ស​អ៊ីស្រាអែល នឹង​ពួក​វង្ស​យូដា ជា​ការ​ដែល​គេ​បាន​ប្រព្រឹត្ត​ដល់​ខ្លួន​គេ ដោយ​បណ្តាល​ឲ្យ​អញ​ខឹង ព្រោះ​ការ​ដែល​ដុត​កំញាន​ថ្វាយ​ដល់​ព្រះ‌បាល។
18ព្រះ‌យេហូវ៉ា ទ្រង់​បាន​សំដែង ឲ្យ​ខ្ញុំ​ដឹង​ពី​ការ​នេះ ទ្រង់​បាន​បង្ហាញ​ឲ្យ​ខ្ញុំ​ឃើញ​កិរិយា​របស់​គេ 19ឯ​ខ្ញុំ បាន​ដូច​ជា​កូន​ចៀម​ស្លូត ដែល​គេ​នាំ​ទៅ​ឯ​ទី​សំឡាប់ ខ្ញុំ​មិន​បាន​ដឹង​ជា​គេ​គិត​ឧបាយ​ទាស់​នឹង​ខ្ញុំ​សោះ គេ​ថា ចូរ​យើង​បំផ្លាញ​ទាំង​ដើមនឹង​ផល​ផង ចូរ​យើង​កាត់​វា​ចេញ​ពី​ស្ថាន​របស់​មនុស្ស​រស់​ទៅ ដើម្បី​មិន​ឲ្យ​អ្នក​ណា​នឹក​ចាំ​ពី​ឈ្មោះ​វា​ទៀត​ឡើយ 20តែ ឱ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ជា​ព្រះ​ដែល​ជំនុំ‌ជំរះ​ដោយ​សុចរិត ហើយ​ក៏​ល្បង​ល​ចិត្តនឹង​គំនិត​អើយ ទូលបង្គំ​នឹង​ឃើញ​ទ្រង់​សង‌សឹក​ដល់​គេ​ជា​មិន​ខាន ដ្បិត​ទូលបង្គំ​បាន​សំដែង​ដើម​ហេតុ​របស់​ទូលបង្គំ ថ្វាយ​ទ្រង់​ជ្រាប​ហើយ 21ហេតុ​នោះព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ពី​ដំណើរ​ពួក​មនុស្ស នៅ​ក្រុង​អាន៉ាថោត ដែល​រក​ជីវិត​ខ្ញុំ​ដោយ​ពោល​ថា មិន​ត្រូវ​ឲ្យ​ឯង​ទាយ​ដោយ​នូវ​ព្រះ‌នាម​ព្រះ‌យេហូវ៉ា​ទៀត​ឡើយ ក្រែង​ឯង​ស្លាប់​ដោយ​ដៃ​របស់​យើង 22គឺ​ហេតុ​នោះ​បាន​ជា​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​ពល‌បរិវារ ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា មើល អញ​នឹង​ធ្វើ​ទោស​គេ ពួក​កំឡោះៗ​នឹង​ស្លាប់​ដោយ​ដាវ ពួក​កូន​ប្រុស​កូន​ស្រី​របស់​គេ​នឹង​ស្លាប់​ដោយ​អំណត់‌អត់ 23ហើយ​នឹង​គ្មាន​សំណល់​សល់​ដល់​គេ​ឡើយ ដ្បិត​នៅ​ឆ្នាំ​ដែល​អញ​នឹង​ធ្វើ​ទោស​ដល់​ពួក​ក្រុង​អាន៉ាថោត នោះ​អញ​នឹង​នាំ​សេចក្ដី​អាក្រក់​មក​លើ​គេ​ជា​ពិត។

ទើបបានជ្រើសរើសហើយ៖

យេរេ‌មា 11: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល