យេរេ‌មា 13

13
1ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​មក​ខ្ញុំ​ដូច្នេះ​ថា ចូរ​ទៅ​ទិញ​សំពត់​ទេស​ឯក​សំរាប់​ក្រវាត់​ខ្លួន ហើយ​ក្រវាត់​នៅ​ចង្កេះ​ឯង​ទៅ កុំ​ឲ្យ​បោក​ទឹក​ឡើយ 2ដូច្នេះ ខ្ញុំ​ក៏​ទិញ​សំពត់​១​មក​ក្រវាត់​នៅ​ចង្កេះ តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា 3រួច​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ក៏​មក​ដល់​ខ្ញុំ​ម្តង​ទៀត​ថា 4ចូរ​យក​សំពត់​ក្រវាត់​ដែល​បាន​ទិញ​នោះ ដែល​នៅ​ចង្កេះ​ឯង ហើយ​ក្រោក​ឡើង​ទៅ​ឯ​ទន្លេ​អ៊ើប្រាត លាក់​ទុក​នៅ​ក្នុង​ក្រហែង​ថ្ម​នៅ​ទី​នោះ​ទៅ 5ដូច្នេះ ខ្ញុំ​ក៏​ទៅ​លាក់​សំពត់​នោះ​នៅ​ក្បែរ​ទន្លេ​អ៊ើប្រាត ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក 6ក្រោយ​មក​ជា​យូរ​ថ្ងៃ នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​មក​ខ្ញុំ​ថា ចូរ​ក្រោក​ឡើង​ទៅ​ឯ​ទន្លេ​អ៊ើប្រាត យក​សំពត់​ក្រវាត់ ដែល​អញ​បាន​បង្គាប់ ឲ្យ​លាក់​ទុក​នៅ​ទី​នោះ​មក​វិញ 7ខ្ញុំ​ក៏​ទៅ​ដល់​ទន្លេ​អ៊ើប្រាត ជីក​យក​សំពត់​ក្រវាត់ ពី​កន្លែង​ដែល​ខ្ញុំ​បាន​លាក់​ទុក​នោះ ហើយ​មើល សំពត់​នោះ​ខូច​ហើយ គ្មាន​ប្រយោជន៍​ទៀត​សោះ។
8គ្រា​នោះ ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​បាន​មក​ដល់​ខ្ញុំ​ថា 9ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ គឺ​បែប​យ៉ាង​នេះ​ដែល​អញ​នឹង​បង្ខូច​សេចក្ដី​អំនួត​របស់​ពួក​យូដា នឹង​សេចក្ដី​អំនួត​យ៉ាង​ធំ​របស់​ក្រុង​យេរូ‌សាឡិម​ដែរ 10ឯ​ជន‌ជាតិ​អាក្រក់​នេះ​ដែល​មិន​ព្រម​ស្តាប់​តាម​ពាក្យ​អញ ជា​ពួក​អ្នក​ដែល​ដើរ​តាម​តែ​សេចក្ដី​រឹង‌ចចេស នៅ​ក្នុង​ចិត្ត​របស់​ខ្លួន​គេ នឹង​ទៅ​តាម​ព្រះ​ដទៃ ដើម្បី​នឹង​គោរព ហើយ​ថ្វាយ‌បង្គំ​ដល់​វា គេ​នឹង​បាន​ដូច​ជា​សំពត់​ក្រវាត់​នេះ ដែល​ឥត​មាន​ប្រយោជន៍​អ្វី​ទៀត 11ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា សំពត់​ក្រវាត់​ជាប់​នៅ​នឹង​ចង្កេះ​មនុស្ស​យ៉ាង​ណា នោះ​អញ​ក៏​បាន​ឲ្យ​ពួក​វង្ស​អ៊ីស្រាអែល​ទាំង​មូល នឹង​ពួក​វង្ស​យូដា​ទាំង​អស់​នៅ​ជាប់​នឹង​អញ​យ៉ាង​នោះ​ដែរ ដើម្បី​ឲ្យ​គេ​បាន​ជា​រាស្ត្រ​សំរាប់​អញ ហើយ​ជា​កេរ្តិ៍‌ឈ្មោះ ជា​សេចក្ដី​សរសើរ នឹង​ជា​សិរី‌ល្អ​ផង តែ​គេ​មិន​ព្រម​ស្តាប់​សោះ។
12ហេតុ​នោះ ត្រូវ​ឲ្យ​ឯង​ប្រាប់​ពាក្យ​នេះ​ដល់​គេ​ថា ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល ទ្រង់​មាន​បន្ទូល​ដូច្នេះ ឯ​អស់​ទាំង​ឪទឹន នោះ​នឹង​បាន​ពេញ​ដោយ​ស្រា​ទំពាំង‌បាយ‌ជូរ ហើយ​គេ​នឹង​ឆ្លើយ​តប​មក​ឯង​ថា តើ​យើង​មិន​ដឹង​ពិត​ថា ឪទឹន​ទាំង​អស់​នឹង​បាន​ពេញ​ដោយ​ស្រា​ទំពាំង‌បាយ‌ជូរ​ទេ​ឬ​អី 13រួច​ឯង​ត្រូវ​ប្រាប់​ដល់​គេ​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ មើល អញ​នឹង​ធ្វើ​ឲ្យ​មនុស្ស​នៅ​ស្រុក​នេះ​ទាំង​អស់ ទាំង​ពួក​ស្តេច​ដែល​គង់​លើ​បល្ល័ង្ក​របស់​ដាវីឌ នឹង​ពួក​សង្ឃ ពួក​ហោរា ហើយ​អស់​អ្នក​ដែល​នៅ​ក្រុង​យេរូ‌សាឡិម​ផង បាន​ស្រវឹង​ពេញ​ទី 14ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា អញ​នឹង​បោក​គេ​ម្នាក់​ផ្ទប់​នឹង​ម្នាក់​ទៀត គឺ​ឪពុក​ផ្ទប់​នឹង​កូន​ផង អញ​មិន​ព្រម​ប្រណី ឬ​សំចៃ ឬ​មេត្តា ដើម្បី​មិន​ឲ្យ​បំផ្លាញ​គេ​ឡើយ។
15ចូរ​ស្តាប់ ហើយ​ផ្ទៀង​ត្រចៀក​ចុះ កុំ​ឲ្យ​តាំង​ចិត្ត​ឆ្មើង‌ឆ្មៃ​ឡើយ ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​មាន​បន្ទូល​ហើយ 16ចូរ​សរសើរ​ដំកើងដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា​ចុះ ក្រែង​ទ្រង់​ធ្វើ​ឲ្យ​ងងឹត ហើយ​អ្នក​រាល់​គ្នា​ចំពប់​ជើង​នៅ​លើ​ភ្នំ​ងងឹត ហើយ​កំពុង​ដែល​អ្នក​រាល់​គ្នា​សង្ឃឹម​នឹង​បាន​ពន្លឺ នោះ​ទ្រង់​នឹង​បំប្រែ​ឲ្យ​ទៅ​ជា​ម្លប់​នៃ​សេចក្ដី​ស្លាប់ នឹង​ជា​ងងឹត​យ៉ាង​ក្រាស់​វិញ 17តែ​បើ​អ្នក​រាល់​មិន​ព្រម​ស្តាប់​ទេ នោះ​ព្រលឹង​ខ្ញុំ​នឹង​យំ​សោក​ក្នុង​ទី​សំងាត់ ដោយ​ព្រោះ​សេចក្ដី​អំនួត​របស់​អ្នក​រាល់​គ្នា ហើយ​ភ្នែក​ខ្ញុំ​នឹង​យំ​សស្រាក់ ពី​ព្រោះ​ហ្វូង​ចៀម​របស់​ព្រះ‌យេហូវ៉ា​បាន​ត្រូវ​គេ​ចាប់​ដឹក​ទៅ​ជា​ឈ្លើយ​ហើយ។
18ចូរ​ទូល​ដល់​មហា‌ក្សត្រ នឹង​អគ្គ‌មហេសី​ថា សូម​ឲ្យ​គង់​ចុះ​នៅ​ទី​ទាប​វិញ ដ្បិត​ក្បាំង​ព្រះ‌សិរ គឺ​ជា​មកុដ​នៃ​សិរី‌ល្អ​របស់​ទ្រង់​បាន​ធ្លាក់​ចុះ​ហើយ 19អស់​ទាំង​ទី​ក្រុង​នៅ​ស្រុក​ត្បូង​នឹង​បិទ​ជិត​ហើយ ឥត​មាន​អ្នក​ណា​នឹង​បើក​វិញ​បាន​ឡើយ ពួក​យូដា​ទាំង​អស់​បាន​ត្រូវ​ដឹក​ទៅ​ជា​ឈ្លើយ អើ គេ​ត្រូវ​ដឹក‌នាំ​ទៅ​ជា​ឈ្លើយ​ទាំង​អស់​គ្នា​ហើយ។
20ចូរ​ងើប​ភ្នែក​ឡើង ហើយ​មើល​ពួក​អ្នក​ដែល​មក​ពី​ទិស​ខាង​ជើង ឯ​ហ្វូង​ចៀម​ដែល​បាន​ប្រគល់​ដល់​ឯង គឺ​ជា​ហ្វូង​ដ៏​ល្អ​របស់​ឯង នោះ​តើ​នៅ​ឯ​ណា 21តើ​ឯង​នឹង​ថា​ដូច​ម្តេច ក្នុង​កាល​ដែល​ទ្រង់​តាំង​ពួក​មិត្រ​សំឡាញ់​របស់​ឯង​ឡើង ឲ្យ​គ្រប់‌គ្រង​លើ​ឯង ដ្បិត​គឺ​ខ្លួន​ឯង​ហើយ ដែល​បាន​បង្ហាត់​បង្រៀន​គេ​ឲ្យ​ធ្វើ​ដូច្នេះ នោះ​តើ​សេចក្ដី​ទុក្ខ​ព្រួយ​ដូច​ជា​ស្ត្រី ដែល​ឈឺ‌ចាប់​នឹង​សំរាល​កូន មិន​ចាប់​ឯង​ទេ​ឬ 22ហើយ​បើ​ឯង​នឹក​សួរ​ក្នុង​ចិត្ត​ថា ហេតុ​អ្វី​បាន​ជា​ការ​ទាំង​នេះ​កើត​ដល់​អញ​ដូច្នេះ នោះ​គឺ​ដោយ​ព្រោះ​អំពើ​ទុច្ចរិត​ដ៏​បរិបូរ​របស់​ឯង​ទេ បាន​ជា​សំពត់​របស់​ឯង​ត្រូវ​បើក​សើយ​ឡើង ហើយ​ឯង​ត្រូវ​នៅ​កែង‌ជើង​ទទេ​ផង 23តើ​សាសន៍​អេធីយ៉ូពី​នឹង​បំផ្លាស់​បំប្រែ​សម្បុរ​ស្បែក​របស់​ខ្លួន​បាន​ឬ​ទេ ឬ​ខ្លា​រខិន​នឹង​ផ្លាស់​សម្បុរ​ពព្លាក់​របស់​វា​ទៅ​បាន​ដែរ បើ​បាន នោះ​ឯង​រាល់​គ្នា​ដែល​ធ្លាប់​ប្រព្រឹត្ត​អាក្រក់ នឹង​អាច​ប្រព្រឹត្ត​ល្អ​វិញ​ក៏​បាន​ដែរ 24ដូច្នេះ អញ​នឹង​កំចាត់‌កំចាយ​ឯង​ដូច​ជា​ចំបើង​ដែល​រសាត់​ទៅ​បាត់ ដោយ​ខ្យល់​ពី​ទី​រហោ‌ស្ថាន 25ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា នេះ​ហើយ​ជា​ចំណែក​របស់​ឯង​រាល់​គ្នា ជា​ចំណែក​ដែល​អញ​វាល់​ឲ្យ​ឯង​ដោយ​ព្រោះ​ឯង​បាន​ភ្លេច​អញ ហើយ​ទុក​ចិត្ត​នឹង​សេចក្ដី​កំភូត​វិញ 26ហេតុ​នោះ អញ​នឹង​បើក​សើយ​សំពត់​របស់​ឯង​ឡើង​គ្រប​លើ​មុខ​ឯង ហើយ​កេរខ្មាស​របស់​ឯង​នឹង​បាន​ឃើញ​ច្បាស់ 27អញ​បាន​ឃើញ​អំពើ​គួរ​ខ្ពើម​ឆ្អើម​របស់​ឯង​ហើយ គឺ​ជា​ការ​កំផិត នឹង​សូរ​ឆ្លើយ​ឆ្លង​រក​គ្នា​របស់​ឯង ព្រម​ទាំង​សេចក្ដី​ឥត​ខ្មាស​នៃ​ការ​កំផិត​របស់​ឯង នៅលើ​អស់​ទាំង​ទី​ទួល​នៅ​វាល​ផង វេទនា​ដល់​ឯង ក្រុង​យេរូ‌សាឡិម​អើយ ឯង​មិន​ព្រម​ឲ្យ​បាន​ស្អាត​ទេ តើ​នឹង​នៅ​តែ​ដូច្នេះ​ដល់​កាល​ណា​ទៀត។

ទើបបានជ្រើសរើសហើយ៖

យេរេ‌មា 13: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល