យេរេមា 16
16
1ព្រះបន្ទូលនៃព្រះយេហូវ៉ា បានមកដល់ខ្ញុំទៀតថា 2មិនត្រូវឲ្យឯងយកប្រពន្ធ ឬបង្កើតកូនប្រុសកូនស្រីនៅទីនេះទេ 3ដ្បិតព្រះយេហូវ៉ាទ្រង់មានបន្ទូលពីដំណើរកូនប្រុសកូនស្រីដែលកើតនៅទីនេះ ហើយពីម្តាយដែលសំរាលវាមក នឹងពីឪពុកដែលបង្កើតវានៅស្រុកនេះដូច្នេះថា 4គេនឹងស្លាប់ដោយលំបាកណាស់ ឥតមានអ្នកណាយំសោកឡើយ ក៏នឹងគ្មានអ្នកណាកប់ខ្មោចគេដែរ គឺគេនឹងបានដូចជាជីនៅដីវិញ គេនឹងត្រូវវិនាសបង់ដោយដាវ នឹងសេចក្ដីអំណត់អត់ ហើយខ្មោចគេនឹងបានសំរាប់ជាអាហារ ដល់សត្វហើរលើអាកាស នឹងដល់សត្វព្រៃនៅផែនដី។
5ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថា កុំឲ្យចូលទៅក្នុងផ្ទះដែលគេកាន់ទុក្ខ ក៏កុំឲ្យទៅយំសោក ឬទួញទំនួញព្រោះគេឡើយ ដ្បិតអញបានដកសេចក្ដីសុខរបស់អញ គឺជាសេចក្ដីសប្បុរស នឹងសេចក្ដីអាណិតអាសូរ ចេញពីជនជាតិនេះហើយ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា 6មនុស្សទាំងអស់ ទាំងធំទាំងតូច នឹងត្រូវស្លាប់នៅស្រុកនេះ ឥតមានអ្នកណាកប់ខ្មោចគេឡើយ មនុស្សក៏នឹងមិនយំសោក ឬឆូតសាច់ ឬកោរសក់ដោយព្រោះគេដែរ 7នឹងគ្មានអ្នកណាកាច់នំបុ័ងក្នុងការសោយសោកនោះ ដើម្បីនឹងកំសាន្តចិត្តពីដំណើរអ្នកដែលស្លាប់សោះ ក៏នឹងគ្មានអ្នកណាជូនពែងរំដោះទុក្ខដល់គេ ដោយព្រោះឪពុក ឬម្តាយគេផង 8ឯផ្ទះដែលគេកំពុងស៊ីលៀង នោះមិនត្រូវឲ្យឯងចូលទៅអង្គុយស៊ីផឹកជាមួយនឹងគេដែរ 9ដ្បិតព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានបន្ទូលដូច្នេះថា មើល នៅគ្រាអាយុឯង ហើយនៅចំពោះភ្នែកឯង នោះអញនឹងធ្វើឲ្យសំឡេងរីករាយ នឹងសំឡេងអរសប្បាយព្រមទាំងសំឡេងប្ដីប្រពន្ធថ្មោងថ្មីបាត់ចេញពីទីនេះទៅ។
10លុះកាលណាឯងបានប្រាប់ពាក្យទាំងនេះ ដល់ជនជាតិនេះរួចជាស្រេច ហើយគេសួរឯងថា ហេតុអ្វីបានជាព្រះយេហូវ៉ាមានបន្ទូលពីគ្រប់ទាំងការអាក្រក់យ៉ាងធំនេះទាស់នឹងយើងដូច្នេះតើយើងមានសេចក្ដីទុច្ចរិតណា ឬបានប្រព្រឹត្តអំពើបាបយ៉ាងណា ទាស់នឹងព្រះយេហូវ៉ាជាព្រះនៃយើង 11នោះឯងត្រូវប្រាប់គេថា ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា គឺដោយព្រោះពួកព្ធយុកោរបស់ឯងរាល់គ្នាបានបោះបង់ចោលអញ ទៅតាមព្រះដទៃ ព្រមទាំងគោរព ហើយថ្វាយបង្គំដល់វាផង គេបានបោះបង់ចោលអញ ឥតដែលរក្សាច្បាប់អញឡើយ 12ហើយចំណែកឯងរាល់គ្នានោះបានប្រព្រឹត្តអាក្រក់ លើសជាងពួកព្ធយុកោឯងទៅទៀត ដ្បិតមើល ឯងរាល់គ្នាប្រព្រឹត្តតាមតែសេចក្ដីរឹងចចេស នៅក្នុងចិត្តអាក្រក់របស់ឯងរៀងខ្លួន ដល់ម៉្លេះបានជាមិនព្រមស្តាប់តាមអញសោះ 13ហេតុនោះអញនឹងបោះឯងរាល់គ្នាចោលចេញពីស្រុកនេះ ឲ្យទៅនៅឯស្រុក១ដែលឯង ឬពួកព្ធយុកោឯងមិនបានស្គាល់ឡើយ ហើយនៅទីនោះ ឯងរាល់គ្នានឹងគោរពប្រតិបត្តិតាមព្រះដទៃទាំងយប់ទាំងថ្ងៃ ពីព្រោះអញនឹងមិនអាណិតដល់ឯងទេ។
14ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា ដូច្នេះមើល នឹងមានគ្រាមកដល់ដែលគេនឹងលែងស្បថថា ដូចជាព្រះយេហូវ៉ាទ្រង់មានព្រះជន្មរស់ ជាព្រះដែលបាននាំពួកកូនចៅអ៊ីស្រាអែលឡើងរួចពីស្រុកអេស៊ីព្ទមក 15គឺគេនឹងស្បថយ៉ាងនេះវិញថា ដូចជាព្រះយេហូវ៉ាមានព្រះជន្មរស់ ដែលទ្រង់បាននាំពួកកូនចៅអ៊ីស្រាអែល ឡើងរួចពីស្រុកខាងជើងមក ហើយពីអស់ទាំងប្រទេស ដែលទ្រង់បានបណ្តេញគេនោះផង អញនឹងនាំគេឲ្យវិលមកក្នុងស្រុករបស់គេ ជាស្រុកដែលអញបានឲ្យដល់ពួកព្ធយុកោគេ។
16ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា មើល អញនឹងចាត់មនុស្សឲ្យទៅហៅពួកនេសាទជាច្រើនមក អ្នកទាំងនោះនឹងបង់សំណាញ់ប្រមូលគេ លំដាប់នោះអញនឹងចាត់ឲ្យទៅហៅពួកព្រានជាច្រើនមក អ្នកទាំងនោះនឹងដេញចាប់គេនៅលើគ្រប់ទាំងភ្នំធំ នឹងភ្នំតូច ហើយនៅក្រហែងថ្មទាំងប៉ុន្មានផង 17ដ្បិតភ្នែកអញមើលឃើញអស់ទាំងផ្លូវរបស់គេ ហើយគេមិនកំបាំងពីមុខអញទេ ឯអំពើទុច្ចរិតរបស់គេ ក៏មិនបិទបាំងពីភ្នែកអញដែរ 18នោះមុនដំបូងអញនឹងសងអំពើទុច្ចរិត នឹងអំពើបាបរបស់គេ១ជា២ ពីព្រោះគេបានធ្វើឲ្យស្រុកអញទៅជាស្មោកគ្រោក ដោយសាកសពនៃរូបព្រះគួរខ្ពើម ហើយបានបំពេញស្រុកជាមរដករបស់អញ ដោយរបស់គួរខ្ពើមឆ្អើមរបស់គេ។
19ឱព្រះយេហូវ៉ា ជាកំឡាំងនៃទូលបង្គំ ជាទីមាំមួន ហើយជាទីពឹងជ្រកដល់ទូលបង្គំ នៅគ្រាលំបាកអើយ ពួកសាសន៍ទាំងប៉ុន្មាននឹងមកឯទ្រង់ ពីអស់ទាំងចុងផែនដីបំផុត ហើយគេនឹងទូលថា ពួកព្ធយុកោរបស់យើងខ្ញុំបានទទួលតែសេចក្ដីកំភូតទទេ គឺជាសេចក្ដីអសារឥតការ នឹងសេចក្ដីដែលឥតមានប្រយោជន៍អ្វីឡើយ 20តើមានទំនងឲ្យមនុស្សធ្វើព្រះសំរាប់ខ្លួន ដែលមិនមែនជាព្រះពិតដែរឬ 21ដូច្នេះមើល អញនឹងធ្វើឲ្យគេស្គាល់ អើ ម្តងនេះអញនឹងធ្វើគេស្គាល់ដៃអញ នឹងឥទ្ធិឫទ្ធិរបស់អញ នោះគេនឹងស្គាល់ឈ្មោះអញ ថាជាព្រះយេហូវ៉ា។
ទើបបានជ្រើសរើសហើយ៖
យេរេមា 16: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.