យ៉ូហាន 1

1
1កាល​ដើម​ដំបូង​មាន​ព្រះ‌បន្ទូល ព្រះ‌បន្ទូល​ក៏​គង់​នៅ​ជា​មួយ​នឹង​ព្រះ ហើយ​ព្រះ‌បន្ទូល​នោះ​ឯង​ជា​ព្រះ 2ទ្រង់​គង់​នៅ​ជា​មួយ​នឹង​ព្រះ តាំង​អំពី​ដើម​មក 3គ្រប់​របស់​ទាំង​អស់​បាន​កើត​មក​ដោយ‌សារ​ទ្រង់ ហើយ​ក្នុង​បណ្តា​របស់​ដែល​បាន​បង្កើត​មក​ទាំង​ប៉ុន្មាន នោះ​គ្មាន​អ្វី​ណា​មួយ​កើត​មក​ក្រៅ​ពី​ទ្រង់​ឡើយ 4នៅ​ក្នុង​ទ្រង់​មាន​ជីវិត ហើយ​ជីវិត​នោះ​ជា​ពន្លឺ​នៃ​មនុស្ស​លោក 5ពន្លឺ​នោះ​ក៏​ភ្លឺ​មក​ក្នុង​សេចក្ដី​ងងឹត តែ​សេចក្ដី​ងងឹត​យល់​មិន​ដល់​ពន្លឺ​ទេ។
6មាន​ម្នាក់​ឈ្មោះ​យ៉ូហាន ដែល​ព្រះ‌ទ្រង់​ចាត់​ឲ្យ​មក 7អ្នក​នោះ​បាន​មក​សំរាប់​ជា​ទី​បន្ទាល់ ដើម្បី​នឹង​ធ្វើ​បន្ទាល់​ពី​ពន្លឺ ប្រយោជន៍​ឲ្យ​មនុស្ស​ទាំង​អស់​បាន​ជឿ ដោយ‌សារ​គាត់ 8គាត់​មិន​មែន​ជា​ពន្លឺ​នោះ​ទេ គឺ​មក​គ្រាន់​តែ​នឹង​ធ្វើ​បន្ទាល់​ពី​ពន្លឺ​តែ​ប៉ុណ្ណោះ 9ឯ​ពន្លឺ​ដ៏​ពិត នោះ​គឺ​ជា​ពន្លឺ​ដែល​បំភ្លឺ​ដល់​មនុស្ស​ទាំង​អស់ ដែល​កើត​មក​ក្នុង​លោកីយ 10ទ្រង់​បាន​គង់​ក្នុង​លោកីយ ហើយ​លោកីយ​ក៏​កើត​មក​ដោយ‌សារ​ទ្រង់ តែ​មិន​ស្គាល់​ទ្រង់​ទេ 11ទ្រង់​បាន​យាង​មក​គង់​នៅ​ផែនដី​របស់​ទ្រង់ តែ​រាស្ត្រ​ទ្រង់​មិន​បាន​ទទួល​ទ្រង់​សោះ 12ប៉ុន្តែ​អស់​អ្នក​ណា​ដែល​ទទួល​ទ្រង់ គឺ​អស់​អ្នក​ដែល​ជឿ​ដល់​ព្រះ‌នាម​ទ្រង់ នោះ​ទ្រង់​បាន​ប្រទាន​អំណាច​ឲ្យ​បាន​ត្រឡប់​ជា​កូន​ព្រះ 13គឺ​ជា​កូន ដែល​មិន​មែន​កើត​មក​ពី​ឈាម ឬ​តាម​ប្រាថ្នា​ខាង​រូប​សាច់ ឬ​តាម​ចំណង់​នៃ​មនុស្ស​ឡើយ គឺ​កើត​មក​អំពី​ព្រះ​វិញ។
14ព្រះ‌បន្ទូល​ក៏​ត្រឡប់​ជា​សាច់​ឈាម ហើយ​បាន​ស្នាក់​នៅ​ជា​មួយ​នឹង​យើង​រាល់​គ្នា យើង​រាល់​គ្នា​បាន​ឃើញ​សិរី‌ល្អ​ទ្រង់ គឺ​ជា​សិរី‌ល្អ​នៃ​ព្រះ‌រាជ‌បុត្រា​តែ​១ ដែល​មក​ពី​ព្រះវរ‌បិតា មាន​ពេញ​ជា​ព្រះ‌គុណ នឹង​សេចក្ដី​ពិត 15ឯ​យ៉ូហាន​បាន​ធ្វើ​បន្ទាល់​ពី​ទ្រង់ ដោយ​បន្លឺ​ឧទាន​ឡើង​ថា គឺ​ពី​ព្រះ‌អង្គ​នេះ​ហើយ ដែល​ខ្ញុំ​ប្រាប់​ថា ព្រះ‌អង្គ​ដែល​យាង​មក​ក្រោយ​ខ្ញុំ ទ្រង់​បាន​ត្រឡប់​ជា​មុន​ខ្ញុំ​វិញ ដ្បិត​ទ្រង់​គង់​នៅ​មុន​ខ្ញុំ 16ហើយ​យើង​ទាំង​អស់​គ្នា​បាន​ទទួល​អំពី​សេចក្ដី​ពោរ‌ពេញ​របស់​ទ្រង់​មក គឺ​ជា​ព្រះ‌គុណ​ថែម​លើ​ព្រះ‌គុណ​ផង 17ដ្បិត​បណ្តា​ក្រិត្យ‌វិន័យ​ទាំង​ប៉ុន្មាន បាន​ប្រទាន​មក ដោយ‌សារ​លោក​ម៉ូសេ តែ​ឯ​ព្រះ‌គុណ នឹង​សេចក្ដី​ពិត នោះ​បាន​មក ដោយ‌សារ​ព្រះ‌យេស៊ូវ​គ្រីស្ទ​វិញ 18គ្មាន​អ្នក​ណា​ដែល​ឃើញ​ព្រះ​ឡើយ មាន​តែ​ព្រះ‌រាជ‌បុត្រា​តែ​១​ដែល​គង់​នៅ​ក្នុង​ឱរា​ព្រះវរ‌បិតា​ប៉ុណ្ណោះ ទ្រង់​បាន​សំដែង​ឲ្យ​ស្គាល់​ព្រះ‌អង្គ។
19កាល​ពួក​សាសន៍​យូដា​ចាត់​ពួក​សង្ឃ នឹង​ពួក​លេវី​ពី​ក្រុង​យេរូ‌សាឡិម ឲ្យ​មក​សួរ​យ៉ូហាន​ថា តើ​លោក​ជា​អ្នក​ណា នោះ​គាត់​ធ្វើ​បន្ទាល់​យ៉ាង​នេះ 20គឺ​គាត់​ប្រាប់​តាម​ត្រង់ ឥត​មាន​លាក់​អ្វី​ឡើយ ថា ខ្ញុំ​មិន​មែន​ជា​ព្រះ‌គ្រីស្ទ​ទេ 21នោះ​គេ​សួរ​ថា ចុះ​លោក​ជា​អ្នក​ណា ជា​លោក​អេលីយ៉ា​ឬ​អី គាត់​ឆ្លើយ​ថា មិន​មែន​ទេ តើ​លោក​ជា​ហោរា​នោះ​ឬ​អី នោះ​គាត់​ឆ្លើយ​ថា ទេ 22ដូច្នេះ គេ​សួរ​គាត់​ទៀត​ថា តើ​លោក​ជា​អ្នក​ណា​ទៅ​វិញ លោក​នឹង​មាន​ប្រសាសន៍​ពី​ខ្លួន​លោក​ដូច​ម្តេច ដើម្បី​ឲ្យ​យើង​រាល់​គ្នា​បាន​នាំ​ពាក្យ​ទៅ​ជំរាប​ដល់​លោក ដែល​ចាត់​ឲ្យ​យើង​ខ្ញុំ​មក​ផង 23នោះ​គាត់​ក៏​ប្រាប់​ថា ខ្ញុំ​ជា​សំឡេង ដែល​បន្លឺ​ឡើង​នៅ​ទី​រហោ‌ស្ថាន​ថា «ចូរ​ដំរង់​ផ្លូវ​ថ្វាយ​ព្រះ‌អម្ចាស់» ដូច​ជា​ហោរា​អេសាយ​បាន​ទាយ​ទុក 24ឯ​ពួក​អ្នក​ដែល​បាន​ចាត់​មក​នោះ គេ​ជា​ពួក​ផារិស៊ី 25គេ​ក៏​សួរ​គាត់​ថា បើ​លោក​មិន​មែន​ជា​ព្រះ‌គ្រីស្ទ ឬ​លោក​អេលីយ៉ា ឬ​ហោរា​នោះ​ទេ ចុះ​ហេតុ​អ្វី​បាន​ជា​លោក​ធ្វើ​បុណ្យ​ជ្រមុជ‌ទឹក​ដូច្នេះ 26យ៉ូហាន​ឆ្លើយ​ថា ឯ​ខ្ញុំៗ ធ្វើ​បុណ្យ​ជ្រមុជ​ដោយ​ទឹក ប៉ុន្តែ នៅ​កណ្តាល​ពួក​អ្នក​រាល់​គ្នា នោះ​មាន​ព្រះ​១​អង្គ ដែល​អ្នក​រាល់​គ្នា​មិន​ស្គាល់ 27គឺ​ព្រះ‌អង្គ​នោះ​ហើយ ដែល​មក​ក្រោយ​ខ្ញុំ តែ​បាន​គង់​នៅ​មុន​ខ្ញុំ ខ្ញុំ​មិន​គួរ​នឹង​ស្រាយ​ខ្សែ​សុព័ណ៌‌បាទ​ទ្រង់​ទេ 28រីឯ​ការ​ទាំង​នេះ បាន​កើត​មក​នៅ​ភូមិ​បេថានី ខាង​នាយ​ទន្លេ​យ័រដាន់ ជា​កន្លែង​ដែល​យ៉ូហាន​កំពុង​តែ​ធ្វើ​បុណ្យ​ជ្រមុជ‌ទឹក។
29លុះ​ស្អែក​ឡើង យ៉ូហាន​ឃើញ​ព្រះ‌យេស៊ូវ ដែល​ទ្រង់​កំពុង​តែ​យាង​មក​ឯ​គាត់ នោះ​ក៏​ពោល​ថា នុ៎ះ​ន៏ កូន​ចៀម​នៃ​ព្រះ ដែល​ដោះ​បាប​មនុស្ស​លោក 30គឺ​ពី​ព្រះ‌អង្គ​នេះ​ហើយ ដែល​ខ្ញុំ​ប្រាប់​ថា ក្រោយ​ខ្ញុំ​មាន​ព្រះ​១​អង្គ​យាង​មក ដែល​បាន​ត្រឡប់​ជា​មុន​ខ្ញុំ ដ្បិត​ទ្រង់​គង់​នៅ​មុន​ខ្ញុំ 31ខ្ញុំ​មិន​បាន​ស្គាល់​ទ្រង់​ទេ តែ​ខ្ញុំ​មក​ធ្វើ​បុណ្យ​ជ្រមុជ​នេះ គឺ​ដើម្បី​នឹង​សំដែង ឲ្យ​សាសន៍​អ៊ីស្រាអែល​បាន​ស្គាល់​ទ្រង់​ប៉ុណ្ណោះ។
32យ៉ូហាន​ក៏​ធ្វើ​បន្ទាល់​ថា ខ្ញុំ​បាន​ឃើញ​ព្រះ‌វិញ្ញាណ​យាង​ចុះ​ពី​លើ​មេឃ មាន​រូប​ដូច​ជា​ព្រាប មក​សណ្ឋិត​លើ​ទ្រង់ 33ខ្ញុំ​មិន​បាន​ស្គាល់​ទ្រង់​ទេ ប៉ុន្តែ​ព្រះ​ដែល​ចាត់​ឲ្យ​ខ្ញុំ​មក​ធ្វើ​បុណ្យ​ជ្រមុជ​ដោយ​ទឹក ទ្រង់​មាន​បន្ទូល​មក​ខ្ញុំ​ថា ដែល​ឯង​ឃើញ​ព្រះ‌វិញ្ញាណ​យាង​ចុះ​មក សណ្ឋិត​លើ​អ្នក​ណា គឺ​អ្នក​នោះ​ហើយ ដែល​ធ្វើ​បុណ្យ​ជ្រមុជ ដោយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ 34ខ្ញុំ​បាន​ឃើញ​មែន ហើយ​ក៏​ធ្វើ​បន្ទាល់​ពី​ព្រះ‌អង្គ​នោះ​ថា ទ្រង់​ជា​ព្រះ‌រាជ‌បុត្រា​នៃ​ព្រះ​ពិត​មែន។
35លុះ​ស្អែក​ឡើង​ទៀត យ៉ូហាន​ឈរ​នៅ​ជា​មួយ​នឹង​សិស្ស​គាត់​២​នាក់ 36គាត់​មើល​ទៅ​ព្រះ‌យេស៊ូវ ដែល​ទ្រង់​កំពុង​តែ​យាង​ទៅ ក៏​ពោល​ថា នុ៎ះ​ន៏ កូន​ចៀម​នៃ​ព្រះ 37សិស្ស​គាត់​ទាំង​២​នាក់​នោះ​ក៏​ឮ​ដែរ រួច​គេ​ដើរ​តាម​ព្រះ‌យេស៊ូវ​ទៅ 38ឯ​ព្រះ‌យេស៊ូវ ទ្រង់​ងាក​បែរ​មក ឃើញ​អ្នក​ទាំង​២​កំពុង​តែ​ដើរ​តាម ក៏​មាន​បន្ទូល​ទៅ​គេ​ថា អ្នក​មក​រក​អី គេ​ទូល​ឆ្លើយ​ថា រ៉ាប៊ី (គឺ​ប្រែ​ថា លោក​គ្រូ) តើ​លោក​នៅ​ឯ​ណា 39ទ្រង់​មាន​បន្ទូល​ថា ចូរ​តាម​ខ្ញុំ​ទៅ​មើល គេ​ក៏​ទៅ​ឃើញ​កន្លែង​ដែល​ទ្រង់​គង់​នៅ រួច​នៅ​ជា​មួយ​នឹង​ទ្រង់​ក្នុង​ថ្ងៃ​នោះ ពេល​នោះ​ប្រហែល​ជា​ម៉ោង​៤​ល្ងាច​ហើយ 40ក្នុង​អ្នក​២​នាក់ ដែល​ឮ​យ៉ូហាន​ពោល​នោះ ហើយ​ក៏​តាម​ទ្រង់​ទៅ នោះ​មាន​ម្នាក់​ឈ្មោះ​អនទ្រេ ជា​ប្អូន​ស៊ីម៉ូន-ពេត្រុស 41មុន​ដំបូង​គាត់​រក​ស៊ីម៉ូន ជា​បង​បង្កើត ក៏​ប្រាប់​ថា យើង​បាន​ឃើញ​ព្រះ‌មែស្ស៊ី​ហើយ (គឺ​ប្រែ​ថា ព្រះ‌គ្រីស្ទ) 42រួច​គាត់​នាំ​បង​ទៅ​ឯ​ព្រះ‌យេស៊ូវ ឯ​ទ្រង់ ក៏​ទត​មើល​គាត់ ហើយ​មាន​បន្ទូល​ថា អ្នក​ឈ្មោះ​ស៊ីម៉ូន ជា​កូន​យ៉ូណាស តែ​ត្រូវ​ហៅ​ថា កេផាស​វិញ (គឺ​ប្រែ​ថា ថ្ម)។
43លុះ​ដល់​ស្អែក​ឡើង ព្រះ‌យេស៊ូវ​សព្វ​ព្រះ‌ហឫទ័យ​ចង់​យាង​ទៅ​ឯ​ស្រុក​កាលី‌ឡេ ទ្រង់​ក៏​រក​ភីលីព កាល​បាន​ឃើញ​ហើយ នោះ​ទ្រង់​មាន​បន្ទូល​ទៅ​គាត់​ថា ចូរ​តាម​ខ្ញុំ​មក 44ឯ​ភីលីព​នេះ គាត់​នៅ​បេតសៃដា ជា​ទី​ក្រុង​របស់​អនទ្រេ នឹង​ពេត្រុស 45ភីលីព​ក៏​រក​ណាថា‌ណែល រួច​ប្រាប់​ថា យើង​បាន​ឃើញ​ព្រះ‌អង្គ​នោះ​ហើយ គឺ​ជា​ព្រះ​ដែល​លោក​ម៉ូសេ​បាន​ចែង​ទុក​ពី​ទ្រង់ នៅ​ក្នុង​ក្រិត្យ‌វិន័យ ហើយ​ពួក​ហោរា​ក៏​បាន​ទាយ​ពី​ទ្រង់​ផង ទ្រង់​ព្រះ‌នាម​ជា យេស៊ូវ ជា​បុត្រ​យ៉ូសែប នៅ​ភូមិ​ណា‌សារ៉ែត 46តែ​ណាថា‌ណែល​និយាយ​ថា តើ​មាន​អ្វី​ដ៏​ល្អ អាច​ចេញ​ពី​ណាសា‌រ៉ែត​មក​បាន​ឬ​ទេ ភីលីព​ឆ្លើយ​ឡើង​ថា ចូរ​តាម​ខ្ញុំ​ទៅ​មើល​ចុះ 47ព្រះ‌យេស៊ូវ ទ្រង់​ឃើញ​ណាថា‌ណែល​មក​ឯ​ទ្រង់ ក៏​មាន​បន្ទូល​ពី​គាត់​ថា នុ៎ះ​ន៏ ជា​សាសន៍​អ៊ីស្រាអែល​ពិត​មែន ដែល​ឥត​មាន​ចិត្ត​ឧបាយ 48នោះ​ណាថា‌ណែល​ទូល​សួរ​ថា លោក​ស្គាល់​ខ្ញុំ​ពី​ណា​មក ព្រះ‌យេស៊ូវ​មាន​បន្ទូល​ឆ្លើយ​ថា មុន​ដែល​ភីលីព​ហៅ​មក កាល​អ្នក​នៅ​ក្រោម​ដើម​ល្វា​នៅ​ឡើយ នោះ​ខ្ញុំ​បាន​ឃើញ​ហើយ 49ណាថា‌ណែល​ក៏​ទូល​ទ្រង់​ថា លោក​គ្រូ លោក​ជា​ព្រះ‌រាជ‌បុត្រា​នៃ​ព្រះ លោក​ប្រាកដ​ជា​ស្តេច​នៃ​សាសន៍​អ៊ីស្រាអែល​មែន 50ព្រះ‌យេស៊ូវ​មាន​បន្ទូល​ឆ្លើយ​ថា ដោយ​ព្រោះ​តែ​ខ្ញុំ​បាន​និយាយ​ប្រាប់​អ្នក​ថា ខ្ញុំ​ឃើញ​អ្នក​នៅ​ក្រោម​ដើម​ល្វា​នោះ បាន​ជា​អ្នក​ជឿ​ឬ​អី អ្នក​នឹង​ឃើញ​ការ​ដ៏​ធំ​វិសេស លើស​ជាង​នេះ​ទៅ​ទៀត 51រួច​ទ្រង់​មាន​បន្ទូល​ទៀត​ថា ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​ជា​ប្រាកដ​ថា អ្នក​រាល់​គ្នា​នឹង​ឃើញ​មេឃ​បើក​ចំហ នឹង​ពួក​ទេវតា​នៃ​ព្រះ​ហោះ​ឡើង​ហោះ​ចុះ​លើ​កូន​មនុស្ស។

ទើបបានជ្រើសរើសហើយ៖

យ៉ូហាន 1: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល