យ៉ូហាន 1
1
1កាលដើមដំបូងមានព្រះបន្ទូល ព្រះបន្ទូលក៏គង់នៅជាមួយនឹងព្រះ ហើយព្រះបន្ទូលនោះឯងជាព្រះ 2ទ្រង់គង់នៅជាមួយនឹងព្រះ តាំងអំពីដើមមក 3គ្រប់របស់ទាំងអស់បានកើតមកដោយសារទ្រង់ ហើយក្នុងបណ្តារបស់ដែលបានបង្កើតមកទាំងប៉ុន្មាន នោះគ្មានអ្វីណាមួយកើតមកក្រៅពីទ្រង់ឡើយ 4នៅក្នុងទ្រង់មានជីវិត ហើយជីវិតនោះជាពន្លឺនៃមនុស្សលោក 5ពន្លឺនោះក៏ភ្លឺមកក្នុងសេចក្ដីងងឹត តែសេចក្ដីងងឹតយល់មិនដល់ពន្លឺទេ។
6មានម្នាក់ឈ្មោះយ៉ូហាន ដែលព្រះទ្រង់ចាត់ឲ្យមក 7អ្នកនោះបានមកសំរាប់ជាទីបន្ទាល់ ដើម្បីនឹងធ្វើបន្ទាល់ពីពន្លឺ ប្រយោជន៍ឲ្យមនុស្សទាំងអស់បានជឿ ដោយសារគាត់ 8គាត់មិនមែនជាពន្លឺនោះទេ គឺមកគ្រាន់តែនឹងធ្វើបន្ទាល់ពីពន្លឺតែប៉ុណ្ណោះ 9ឯពន្លឺដ៏ពិត នោះគឺជាពន្លឺដែលបំភ្លឺដល់មនុស្សទាំងអស់ ដែលកើតមកក្នុងលោកីយ 10ទ្រង់បានគង់ក្នុងលោកីយ ហើយលោកីយក៏កើតមកដោយសារទ្រង់ តែមិនស្គាល់ទ្រង់ទេ 11ទ្រង់បានយាងមកគង់នៅផែនដីរបស់ទ្រង់ តែរាស្ត្រទ្រង់មិនបានទទួលទ្រង់សោះ 12ប៉ុន្តែអស់អ្នកណាដែលទទួលទ្រង់ គឺអស់អ្នកដែលជឿដល់ព្រះនាមទ្រង់ នោះទ្រង់បានប្រទានអំណាចឲ្យបានត្រឡប់ជាកូនព្រះ 13គឺជាកូន ដែលមិនមែនកើតមកពីឈាម ឬតាមប្រាថ្នាខាងរូបសាច់ ឬតាមចំណង់នៃមនុស្សឡើយ គឺកើតមកអំពីព្រះវិញ។
14ព្រះបន្ទូលក៏ត្រឡប់ជាសាច់ឈាម ហើយបានស្នាក់នៅជាមួយនឹងយើងរាល់គ្នា យើងរាល់គ្នាបានឃើញសិរីល្អទ្រង់ គឺជាសិរីល្អនៃព្រះរាជបុត្រាតែ១ ដែលមកពីព្រះវរបិតា មានពេញជាព្រះគុណ នឹងសេចក្ដីពិត 15ឯយ៉ូហានបានធ្វើបន្ទាល់ពីទ្រង់ ដោយបន្លឺឧទានឡើងថា គឺពីព្រះអង្គនេះហើយ ដែលខ្ញុំប្រាប់ថា ព្រះអង្គដែលយាងមកក្រោយខ្ញុំ ទ្រង់បានត្រឡប់ជាមុនខ្ញុំវិញ ដ្បិតទ្រង់គង់នៅមុនខ្ញុំ 16ហើយយើងទាំងអស់គ្នាបានទទួលអំពីសេចក្ដីពោរពេញរបស់ទ្រង់មក គឺជាព្រះគុណថែមលើព្រះគុណផង 17ដ្បិតបណ្តាក្រិត្យវិន័យទាំងប៉ុន្មាន បានប្រទានមក ដោយសារលោកម៉ូសេ តែឯព្រះគុណ នឹងសេចក្ដីពិត នោះបានមក ដោយសារព្រះយេស៊ូវគ្រីស្ទវិញ 18គ្មានអ្នកណាដែលឃើញព្រះឡើយ មានតែព្រះរាជបុត្រាតែ១ដែលគង់នៅក្នុងឱរាព្រះវរបិតាប៉ុណ្ណោះ ទ្រង់បានសំដែងឲ្យស្គាល់ព្រះអង្គ។
19កាលពួកសាសន៍យូដាចាត់ពួកសង្ឃ នឹងពួកលេវីពីក្រុងយេរូសាឡិម ឲ្យមកសួរយ៉ូហានថា តើលោកជាអ្នកណា នោះគាត់ធ្វើបន្ទាល់យ៉ាងនេះ 20គឺគាត់ប្រាប់តាមត្រង់ ឥតមានលាក់អ្វីឡើយ ថា ខ្ញុំមិនមែនជាព្រះគ្រីស្ទទេ 21នោះគេសួរថា ចុះលោកជាអ្នកណា ជាលោកអេលីយ៉ាឬអី គាត់ឆ្លើយថា មិនមែនទេ តើលោកជាហោរានោះឬអី នោះគាត់ឆ្លើយថា ទេ 22ដូច្នេះ គេសួរគាត់ទៀតថា តើលោកជាអ្នកណាទៅវិញ លោកនឹងមានប្រសាសន៍ពីខ្លួនលោកដូចម្តេច ដើម្បីឲ្យយើងរាល់គ្នាបាននាំពាក្យទៅជំរាបដល់លោក ដែលចាត់ឲ្យយើងខ្ញុំមកផង 23នោះគាត់ក៏ប្រាប់ថា ខ្ញុំជាសំឡេង ដែលបន្លឺឡើងនៅទីរហោស្ថានថា «ចូរដំរង់ផ្លូវថ្វាយព្រះអម្ចាស់» ដូចជាហោរាអេសាយបានទាយទុក 24ឯពួកអ្នកដែលបានចាត់មកនោះ គេជាពួកផារិស៊ី 25គេក៏សួរគាត់ថា បើលោកមិនមែនជាព្រះគ្រីស្ទ ឬលោកអេលីយ៉ា ឬហោរានោះទេ ចុះហេតុអ្វីបានជាលោកធ្វើបុណ្យជ្រមុជទឹកដូច្នេះ 26យ៉ូហានឆ្លើយថា ឯខ្ញុំៗ ធ្វើបុណ្យជ្រមុជដោយទឹក ប៉ុន្តែ នៅកណ្តាលពួកអ្នករាល់គ្នា នោះមានព្រះ១អង្គ ដែលអ្នករាល់គ្នាមិនស្គាល់ 27គឺព្រះអង្គនោះហើយ ដែលមកក្រោយខ្ញុំ តែបានគង់នៅមុនខ្ញុំ ខ្ញុំមិនគួរនឹងស្រាយខ្សែសុព័ណ៌បាទទ្រង់ទេ 28រីឯការទាំងនេះ បានកើតមកនៅភូមិបេថានី ខាងនាយទន្លេយ័រដាន់ ជាកន្លែងដែលយ៉ូហានកំពុងតែធ្វើបុណ្យជ្រមុជទឹក។
29លុះស្អែកឡើង យ៉ូហានឃើញព្រះយេស៊ូវ ដែលទ្រង់កំពុងតែយាងមកឯគាត់ នោះក៏ពោលថា នុ៎ះន៏ កូនចៀមនៃព្រះ ដែលដោះបាបមនុស្សលោក 30គឺពីព្រះអង្គនេះហើយ ដែលខ្ញុំប្រាប់ថា ក្រោយខ្ញុំមានព្រះ១អង្គយាងមក ដែលបានត្រឡប់ជាមុនខ្ញុំ ដ្បិតទ្រង់គង់នៅមុនខ្ញុំ 31ខ្ញុំមិនបានស្គាល់ទ្រង់ទេ តែខ្ញុំមកធ្វើបុណ្យជ្រមុជនេះ គឺដើម្បីនឹងសំដែង ឲ្យសាសន៍អ៊ីស្រាអែលបានស្គាល់ទ្រង់ប៉ុណ្ណោះ។
32យ៉ូហានក៏ធ្វើបន្ទាល់ថា ខ្ញុំបានឃើញព្រះវិញ្ញាណយាងចុះពីលើមេឃ មានរូបដូចជាព្រាប មកសណ្ឋិតលើទ្រង់ 33ខ្ញុំមិនបានស្គាល់ទ្រង់ទេ ប៉ុន្តែព្រះដែលចាត់ឲ្យខ្ញុំមកធ្វើបុណ្យជ្រមុជដោយទឹក ទ្រង់មានបន្ទូលមកខ្ញុំថា ដែលឯងឃើញព្រះវិញ្ញាណយាងចុះមក សណ្ឋិតលើអ្នកណា គឺអ្នកនោះហើយ ដែលធ្វើបុណ្យជ្រមុជ ដោយព្រះវិញ្ញាណបរិសុទ្ធ 34ខ្ញុំបានឃើញមែន ហើយក៏ធ្វើបន្ទាល់ពីព្រះអង្គនោះថា ទ្រង់ជាព្រះរាជបុត្រានៃព្រះពិតមែន។
35លុះស្អែកឡើងទៀត យ៉ូហានឈរនៅជាមួយនឹងសិស្សគាត់២នាក់ 36គាត់មើលទៅព្រះយេស៊ូវ ដែលទ្រង់កំពុងតែយាងទៅ ក៏ពោលថា នុ៎ះន៏ កូនចៀមនៃព្រះ 37សិស្សគាត់ទាំង២នាក់នោះក៏ឮដែរ រួចគេដើរតាមព្រះយេស៊ូវទៅ 38ឯព្រះយេស៊ូវ ទ្រង់ងាកបែរមក ឃើញអ្នកទាំង២កំពុងតែដើរតាម ក៏មានបន្ទូលទៅគេថា អ្នកមករកអី គេទូលឆ្លើយថា រ៉ាប៊ី (គឺប្រែថា លោកគ្រូ) តើលោកនៅឯណា 39ទ្រង់មានបន្ទូលថា ចូរតាមខ្ញុំទៅមើល គេក៏ទៅឃើញកន្លែងដែលទ្រង់គង់នៅ រួចនៅជាមួយនឹងទ្រង់ក្នុងថ្ងៃនោះ ពេលនោះប្រហែលជាម៉ោង៤ល្ងាចហើយ 40ក្នុងអ្នក២នាក់ ដែលឮយ៉ូហានពោលនោះ ហើយក៏តាមទ្រង់ទៅ នោះមានម្នាក់ឈ្មោះអនទ្រេ ជាប្អូនស៊ីម៉ូន-ពេត្រុស 41មុនដំបូងគាត់រកស៊ីម៉ូន ជាបងបង្កើត ក៏ប្រាប់ថា យើងបានឃើញព្រះមែស្ស៊ីហើយ (គឺប្រែថា ព្រះគ្រីស្ទ) 42រួចគាត់នាំបងទៅឯព្រះយេស៊ូវ ឯទ្រង់ ក៏ទតមើលគាត់ ហើយមានបន្ទូលថា អ្នកឈ្មោះស៊ីម៉ូន ជាកូនយ៉ូណាស តែត្រូវហៅថា កេផាសវិញ (គឺប្រែថា ថ្ម)។
43លុះដល់ស្អែកឡើង ព្រះយេស៊ូវសព្វព្រះហឫទ័យចង់យាងទៅឯស្រុកកាលីឡេ ទ្រង់ក៏រកភីលីព កាលបានឃើញហើយ នោះទ្រង់មានបន្ទូលទៅគាត់ថា ចូរតាមខ្ញុំមក 44ឯភីលីពនេះ គាត់នៅបេតសៃដា ជាទីក្រុងរបស់អនទ្រេ នឹងពេត្រុស 45ភីលីពក៏រកណាថាណែល រួចប្រាប់ថា យើងបានឃើញព្រះអង្គនោះហើយ គឺជាព្រះដែលលោកម៉ូសេបានចែងទុកពីទ្រង់ នៅក្នុងក្រិត្យវិន័យ ហើយពួកហោរាក៏បានទាយពីទ្រង់ផង ទ្រង់ព្រះនាមជា យេស៊ូវ ជាបុត្រយ៉ូសែប នៅភូមិណាសារ៉ែត 46តែណាថាណែលនិយាយថា តើមានអ្វីដ៏ល្អ អាចចេញពីណាសារ៉ែតមកបានឬទេ ភីលីពឆ្លើយឡើងថា ចូរតាមខ្ញុំទៅមើលចុះ 47ព្រះយេស៊ូវ ទ្រង់ឃើញណាថាណែលមកឯទ្រង់ ក៏មានបន្ទូលពីគាត់ថា នុ៎ះន៏ ជាសាសន៍អ៊ីស្រាអែលពិតមែន ដែលឥតមានចិត្តឧបាយ 48នោះណាថាណែលទូលសួរថា លោកស្គាល់ខ្ញុំពីណាមក ព្រះយេស៊ូវមានបន្ទូលឆ្លើយថា មុនដែលភីលីពហៅមក កាលអ្នកនៅក្រោមដើមល្វានៅឡើយ នោះខ្ញុំបានឃើញហើយ 49ណាថាណែលក៏ទូលទ្រង់ថា លោកគ្រូ លោកជាព្រះរាជបុត្រានៃព្រះ លោកប្រាកដជាស្តេចនៃសាសន៍អ៊ីស្រាអែលមែន 50ព្រះយេស៊ូវមានបន្ទូលឆ្លើយថា ដោយព្រោះតែខ្ញុំបាននិយាយប្រាប់អ្នកថា ខ្ញុំឃើញអ្នកនៅក្រោមដើមល្វានោះ បានជាអ្នកជឿឬអី អ្នកនឹងឃើញការដ៏ធំវិសេស លើសជាងនេះទៅទៀត 51រួចទ្រង់មានបន្ទូលទៀតថា ប្រាកដមែន ខ្ញុំប្រាប់អ្នកជាប្រាកដថា អ្នករាល់គ្នានឹងឃើញមេឃបើកចំហ នឹងពួកទេវតានៃព្រះហោះឡើងហោះចុះលើកូនមនុស្ស។
ទើបបានជ្រើសរើសហើយ៖
យ៉ូហាន 1: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.