យ៉ូប 21

21
1នោះ​យ៉ូប​ក៏​ឆ្លើយ​ឡើង​ថា 2សូម​ផ្ចង់​ចិត្ត​ស្តាប់​ពាក្យ​ខ្ញុំ​សិន ឲ្យ​ខ្ញុំ​បានក្សាន្ត​ទុក្ខ​ត្រឹម​ប៉ុណ្ណេះ 3សូម​ទ្រាំ​ឲ្យ​ខ្ញុំ​និយាយ​ខ្លះ​ផង រួច​ក្រោយ​ដែល​ខ្ញុំ​បាន​និយាយ​ចប់​ហើយ នោះ​សឹម​ឡក‌ឡឺយ​ចុះ 4ចំណែក​ខ្ញុំ តើ​សេចក្ដី​ដំអូញ​ខ្ញុំ​បាន​ដំរង់​ដល់​មនុស្ស​ឬ​អី បើ​ដូច្នេះ ធ្វើ​ដូច​ម្តេច​នឹង​ឲ្យ​ខ្ញុំ​មិន​មាន​សេចក្ដី​អន់​ចិត្ត​បាន 5ចូរ​ចំណាំ​មើល​ខ្ញុំ ហើយ​មាន​សេចក្ដី​អស្ចារ្យ​ចុះ រួច​ដាក់​ដៃ​ខ្ទប់​មាត់​ទៅ 6កាល​ណា​ខ្ញុំ​នឹក​ពី​សេចក្ដី​ទាំង​នេះ នោះ​ខ្ញុំ​មាន​សេចក្ដី​តក់‌ស្លុត ហើយ​សេចក្ដី​ភ័យ​ខ្លាច​ក៏​បំព្រឺ​សាច់​ខ្ញុំ 7គឺ​ថា ហេតុ​អ្វី​បាន​ជា​ពួក​មនុស្ស​អាក្រក់​មាន​ជីវិត​រស់​នៅ អាយុ​ក៏​វែង អើ គេ​ក៏​ឡើង​ជា​មាន​អំណាច​យ៉ាង​ធំ​ផង 8ពូជ​ពង្ស​របស់​គេ​ក៏​បាន​តាំង​ឡើង​ជា​មួយ នៅ​ភ្នែក​គេ ហើយ​កូន​ចៅ​គេ​នៅ​ចំពោះ​គេ​ដែរ 9ទី​លំនៅ​គេ​នៅ​ជា​សុខ​ឥត​ភ័យ​ខ្លាច ហើយ​ដំបង​នៃ​ព្រះ​មិន​ដែល​ប៉ះ‌ពាល់​គេ​ឡើយ 10គោ​ឈ្មោល​របស់​គេ​វា​ជាន់​មេ​ឥត​ខាន គោ​ញី​ក៏​សំរាល​កូន​ឥត​រលូត​ដែរ 11គេ​ឲ្យ​កូន​តូចៗ​របស់​គេ​ចេញ​ទៅ​ដូច​ជា​ហ្វូង​ចៀម ហើយ​កូន​ធំៗ​ក៏​លោត​កញ្ឆាត់‌កញ្ឆេង​ផង 12វា​រាល់​គ្នា​ច្រៀង​តាម​ចង្វាក់​គែននឹង​ស៊ុង ហើយ​ក៏​អរ​សប្បាយ​តាម​សំឡេង​ខ្លុយ 13រាល់​តែ​ថ្ងៃគេ​តែង​បង្អស់​ពេល​ទៅ ដោយ​អ្វីៗ​ដែល​គេ​ពេញ​ចិត្ត ហើយ​ក្នុង​១​រំពេច គេ​ចុះ​ទៅ​ឯ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ 14គេ​ទូល​ដល់​ព្រះ​ថា ចូរ​ថយ​ចេញ​ពី​យើង​ទៅ ពី​ព្រោះ​យើង​មិន​ចូល​ចិត្ត​ស្គាល់​ផ្លូវ​ទ្រង់​ទេ 15តើ​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា​ជា​អ្វី ដែល​យើង​ត្រូវ​គោរព​ដល់​ទ្រង់ ហើយ​បើ​យើង​អធិ‌ស្ឋាន​ដល់​ទ្រង់ តើ​នឹង​មាន​ប្រយោជន៍​អ្វី 16ដូច្នេះ ធ្វើ​ដូច​ម្តេច​ទៅ គឺ​សេចក្ដី​ចំរើន​របស់​គេ​មិន​ស្រេច​នៅ​ដៃ​គេ​ទេ ឱ​សូម​ឲ្យ​គំនិត​នៃ​ពួក​មនុស្ស​អាក្រក់​បាន​នៅ​ឆ្ងាយ​ពី​ខ្ញុំ​ទៅ។
17សេចក្ដី​នេះ​ក៏​កើត​ឡើង​ជា​ញឹក‌ញយ​ដែរ​ទេ​តើ គឺ​ចង្កៀង​នៃ​មនុស្ស​អាក្រក់​រលត់​ទៅ ក៏​មាន​សេចក្ដី​លំបាក​កើត​ដល់​គេ ដ្បិត​ព្រះ‌ទ្រង់​ចែក​សេចក្ដី​វេទនា ដោយ​សេចក្ដី​ក្រោធ​របស់​ទ្រង់​ដែរ 18គឺ​ជា​ច្រើន​ដង គេ​ដូច​ជា​ចំបើង​បណ្តោយ​ខ្យល់ ហើយ​ដូច​ជា​អង្កាម​ដែល​ខ្យល់​ព្យុះ​ផាត់​យក​ទៅ 19មនុស្ស​ថា ព្រះ‌ទ្រង់​ប្រមូល​ទុក​សេចក្ដី​ទុច្ចរិត​របស់​មនុស្ស សំរាប់​កូន​ចៅ​ត​ទៅ តែ​ត្រូវ​ឲ្យ​ទ្រង់​ដាក់​ទោស​ដល់​ខ្លួន​អ្នក​នោះ​វិញ ឲ្យ​គេ​បាន​ដឹង​ផង 20ត្រូវ​ឲ្យ​ភ្នែក​របស់​អ្នក​នោះ​ឯង​ឃើញ​សេចក្ដី​វិនាស​របស់​ខ្លួន ព្រម​ទាំង​ផឹក​ស្រូប​សេចក្ដី​ក្រោធ របស់​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា​ផង 21ដ្បិត​កាល​ណា​ចំនួន​អស់​ទាំង​ខែ​នៃ​ជីវិត​គេ​បាន​ផុត​ទៅ​ហើយ នោះ​តើ​គេ​នឹង​រវល់​អ្វី​ដល់​ពួក​វង្ស​ខ្លួន​ដែល​នៅ​ខាង​ក្រោយ 22តើ​នឹង​មាន​អ្នក​ណា​បង្រៀន​ចំណេះ​ដល់​ព្រះ​ឬ​ទេ ដ្បិត​គឺ​ទ្រង់​ហើយ ដែល​ជំនុំ‌ជំរះ​ដល់​ទាំង​ពួក​អ្នក​ធំៗ​ផង 23អ្នក​១​ដែល​មាន​សេចក្ដី​ស្រណុក ហើយ​សុខ‌សាន្ត ក៏​ស្លាប់​បាត់​ទៅ ក្នុង​កាល​ដែល​នៅ​មាន​កំឡាំង​ពេញ​ប្រាណ 24គឺ​ក្នុង​កាល​ដែល​សាច់​គេ​នៅ​ស្រស់​ល្អ ហើយ​ខួរ​ឆ្អឹង​ក៏​នៅ​សើមៗ​នៅ​ឡើយ 25ម្នាក់​ទៀត​ស្លាប់​ទៅ​ទាំង​មាន​ចិត្ត​ជូរ​ល្វីង ឥត​ដែល​ភ្លក់​រស​នៃ​សេចក្ដី​ល្អ​ឡើយ 26ទាំង​២​ពួក​ដេក​ទៅ​ក្នុង​ធូលី​ដី​ដូច​គ្នា ហើយ​ដង្កូវ​ក៏​ចុះ​ពេញ​ខ្មោច​គេ​ដែរ។
27នែ ខ្ញុំ​ស្គាល់​គំនិត​របស់​អ្នក​រាល់​គ្នា​ហើយ ក៏​យល់​ឧបាយ​ដែល​គិត​ធ្វើ​អាក្រក់​ដល់​ខ្ញុំ​ដែរ 28ដ្បិត​អ្នក​រាល់​គ្នា​ថា តើ​ផ្ទះ​របស់​សេដ្ឋី​នៅ​ឯ​ណា​ឥឡូវ គឺ​ជា​ទី​លំនៅ​របស់​មនុស្ស​អាក្រក់​នោះ តើ​នៅ​ឯ​ណា 29តើ​អ្នក​រាល់​គ្នា​មិន​បាន​សួរ​ពួក​អ្នក​ដំណើរ​ដូច្នេះ​ទេ​ឬ​អី តើ​មិន​បាន​ស្គាល់​គោល​គំនិត​របស់​គេ​ដែរ​ទេ​ឬ​អី 30គឺ​ថា មនុស្ស​អាក្រក់​ត្រូវ​បំរុង​ទុក​ដល់​ថ្ងៃ​អន្តរាយ គេ​ត្រូវ​នាំ​ចេញ​ទៅ​ឯ​ថ្ងៃ​នៃ​សេចក្ដី​ឃោរ‌ឃៅ 31តើ​អ្នក​ណា​នឹង​ប្រាប់​ផ្ទាល់​រូប​គេ​ពី​ផ្លូវ​របស់​គេ តើ​អ្នក​ណា​នឹង​សង​គេ តាម​ការ​ដែល​គេ​បាន​ប្រព្រឹត្ត 32ប៉ុន្តែនឹង​ត្រូវ​សែង​គេ​នាំ​យក​ទៅ​ឯ​ទី​កប់​ខ្មោច ហើយ​នឹង​មាន​មនុស្ស​ចាំ​យាម​ផ្នូរ​ដែរ 33គំនរ​ដុំ​ដី​នៅ​ច្រក​ភ្នំ​នឹង​បាន​ស្រួល​ដល់​គេ ហើយ​អស់​ទាំង​មនុស្ស​នឹង​ទៅ​តាម​គេ ដូច​ជា​មាន​មនុស្ស​ឥត​គណនា​បាន​ទៅ​មុខ​គេ​ដែរ 34ចុះ​អ្នក​រាល់​គ្នា​យក​សេចក្ដី​ឥត​ប្រយោជន៍​មក ចង់​ជួយ​កំសាន្ត​ចិត្ត​ខ្ញុំ​ធ្វើ​អី ដែល​ពាក្យ​ចំឡើយ​របស់​អ្នក​រាល់​គ្នា​សុទ្ធ​តែ​ជា​សេចក្ដី​កំភូត​ដូច្នេះ។

ទើបបានជ្រើសរើសហើយ៖

យ៉ូប 21: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល