យ៉ូប 35
35
1មួយទៀត អេលីហ៊ូវនិយាយថា 2សេចក្ដីនេះតើលោកស្មានថា គួរគប្បីឬ ដែលលោកចង់ថា សេចក្ដីសុចរិតរបស់លោក នោះលើសជាងសេចក្ដីសុចរិតរបស់ព្រះ 3ដោយពាក្យថា តើមានប្រយោជន៍អ្វីដល់ខ្ញុំ ហើយបើខ្ញុំមិនបានធ្វើបាប នោះតើនឹងបានកំរៃជាជាងយ៉ាងណាទៅ 4ខ្ញុំនឹងតបឆ្លើយដល់លោក ហើយដល់ពួកម៉ាករបស់លោកនេះដែរ 5សូមពិចារណាមើលស្ថានសួគ៌ចុះ ហើយរំពឹងមើលផ្ទៃមេឃ ដែលខ្ពស់ជាងលោកជាយ៉ាងណា 6បើលោកបានធ្វើបាប នោះតើលោកបានធ្វើឲ្យដាបដល់ទ្រង់យ៉ាងណាខ្លះ បើអំពើរំលងរបស់លោកបានចំរើនកាន់តែច្រើនឡើង នោះតើលោកបានធ្វើឲ្យដាបដល់ទ្រង់ជាយ៉ាងណា 7ឬបើលោកសុចរិតវិញ នោះតើលោកបានបន្ថែមអ្វីដល់ទ្រង់ ឬទ្រង់ទទួលអ្វីពីដៃលោក 8អំពើអាក្រក់របស់លោកអាចនឹងធ្វើបង្ខូចដល់អ្នកដទៃបាន ជាមនុស្សដូចជាលោកដែរ ហើយសេចក្ដីសុចរិតរបស់លោកនឹងមានប្រយោជន៍ដល់កូនរបស់មនុស្សដទៃបានដែរ។
9មានគេថ្ងូរ ដោយព្រោះសេចក្ដីសង្កត់សង្កិនយ៉ាងសន្ធឹក ក៏មានគេស្រែករកមនុស្សជួយ ដោយព្រោះតែដៃរបស់មនុស្សមានអំណាចមែន 10តែឥតមានអ្នកណាថា ឯព្រះដ៏ជាព្រះអង្គបង្កើតខ្ញុំមក ដែលទ្រង់បណ្តាលឲ្យច្រៀងនៅវេលាយប់ 11ហើយបង្រៀនដល់យើង ជាជាងសត្វតិរច្ឆាននៅផែនដី ក៏ឲ្យមានប្រាជ្ញាលើសជាងសត្វហើរលើអាកាស តើទ្រង់នៅឯណា នោះទេ 12គេស្រែកនៅទីនេះ ឥតមានអ្នកណាឆ្លើយឡើយ ដោយព្រោះសេចក្ដីឆ្មើងឆ្មៃរបស់មនុស្សអាក្រក់ 13ពិតប្រាកដជាព្រះទ្រង់មិនព្រមស្តាប់សំរែកដែលស្រែកជាទទេៗដែរ ព្រះដ៏មានគ្រប់ព្រះចេស្តា ទ្រង់មិនព្រមទាំងក្រឡេកមើលផង 14ចំណង់បើលោក ដែលពោលថា លោកមើលទ្រង់មិនឃើញ នោះតើយ៉ាងណាទៅ ឯរឿងរ៉ាវនោះក៏នៅចំពោះទ្រង់ ហើយគឺលោកវិញដែលត្រូវរង់ចាំទ្រង់ទេតើ 15ប៉ុន្តែ ឥឡូវនេះដែលយ៉ូបថា ទ្រង់មិនធ្វើទោសដោយសេចក្ដីក្រោធទេ ក៏មិនសូវរវល់នឹងសេចក្ដីឆ្មើងឆ្មៃដែរ 16នោះខ្ញុំថាលោកបានបើកមាត់បញ្ចេញតែសេចក្ដីឥតប្រយោជន៍ ហើយបានចំរើនពាក្យសំដីឥតបើគិតវិញ។
ទើបបានជ្រើសរើសហើយ៖
យ៉ូប 35: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.