យ៉ូប 41
41
1តើឯងនឹងស្ទូចចាប់ក្រពើបាន ឬនឹងយកខ្សែទៅចងអណ្តាតវាបានឬទេ 2តើឯងនឹងដាក់កន្លុះនៅច្រមុះវា ឬយកទំពក់ថ្ពក់ថ្គាមវាបានឬ 3តើវានឹងអង្វរឯងជាច្រើន ឬនឹងនិយាយពាក្យស្រទន់ដល់ឯងឬទេ 4តើវានឹងចុះសន្យានឹងឯង ឲ្យឯងបានយកវាទៅបំរើជាដរាបឬ 5តើឯងនឹងលេងជាមួយនឹងវា ដូចជាលេងនឹងចាប ឬចងវាទុក ឲ្យពួកទាសីឯងឬទេ 6តើពួកនេសាទនឹងចាប់វាលក់ដោយបែងចំណែកទៅឲ្យពួកឈ្មួញឬអី 7តើឯងអាចនឹងចាក់ស្បែកវាពេញដោយផ្លែច្បូក ឬក្បាលវាដោយស្នចាក់ត្រីបានឬទេ 8ចូរឯងដាក់ដៃពាល់វាមើល រួចឲ្យនឹកចាំទុក កុំឲ្យធ្វើទៀត 9មើល ដែលចាំចាប់វា នោះស៊ុនខ្លួនហើយ គ្រាន់តែឃើញភាពវាប៉ុណ្ណោះ នោះល្មមស្លុតចិត្តទៅ 10គ្មានអ្នកណាអាចហ៊ានដាស់វាឡើងឡើយ បើដូច្នេះ តើមានអ្នកណាអាចឈរនៅមុខអញបាន 11តើអ្នកណាដែលឲ្យអ្វីមកអញជាមុន បានជាអញត្រូវសងគេវិញ សារពើទាំងប៉ុន្មានដែលនៅក្រោមមេឃជារបស់ផងអញទេតើ។
12អញមិនទាន់ឈប់និយាយពីជើង នឹងកំឡាំងវា ឬពីរាងដ៏សមសួនរបស់វានៅឡើយ 13តើមានអ្នកណាអាចនឹងពន្លាត់ស្បែកវាបាន តើអ្នកណាហ៊ានដាក់បង្ហៀរក្នុងមាត់វា 14តើអ្នកណាអាចនឹងបើកមាត់វាបាន ធ្មេញវានៅព័ទ្ធជុំវិញគួរស្ញែងខ្លាច 15ស្រកាវាជាទីអំនួតដល់វា ក៏ជាប់គ្នាដូចជាត្រា 16មួយៗជិតស្និទ្ធគ្នា ដល់ម៉្លេះបានជាខ្យល់ចូលមិនបានផង 17មួយប្រទល់នឹងមួយ ហើយក៏ជាប់ៗគ្នា នឹងផ្តាច់ចេញពីគ្នាមិនបានឡើយ 18កាលណាវាព្រួសទឹកចេញ នោះក៏បែកជាពន្លឺ ភ្នែកវាក៏ដូចជាអរុណរះ 19មានអណ្តាតភ្លើងចេញពីមាត់វា ហើយផ្កាភ្លើងហើរចេញមកដែរ 20មានផ្សែងចេញពីរន្ធច្រមុះវាដូចពីឆ្នាំង ឬពីថ្លាងដែលពុះ 21ខ្យល់ដង្ហើមវាបង្កាត់ភ្លើងឡើង ហើយមានអណ្តាតភ្លើងចេញពីមាត់វាមក 22នៅត្រង់កវាមានកំឡាំងណាស់ ហើយសេចក្ដីស្ញែងខ្លាចក៏លោតកញ្ឆេងនៅមុខវា 23សាច់ស្រទាប់របស់វាក៏ជាប់ៗគ្នា ក៏មាំណាស់ នឹងបកចេញមិនបាន 24បេះដូងវារឹងដូចជាថ្ម អើ ក៏រឹងដូចថ្មត្បាល់កិន 25កាលណាវាចំកោងខ្លួនឡើង នោះមនុស្សខ្លាំងពូកែក៏ភ័យខ្លាច ហើយរត់ទៅដោយភាំងស្លុត 26បើអ្នកណានឹងយកដាវទៅកាប់វា ក៏មិនឈ្នះ ហើយលំពែង ដែកពួយ ឬស្នក៏ឥតប្រយោជន៍ 27វារាប់ដែកដូចជាចំបើង ហើយលង្ហិនដូចជាឈើពុក 28ព្រួញនឹងធ្វើឲ្យវារត់មិនបាន ហើយថ្មបាញ់ក៏ត្រឡប់ដូចជាជញ្ជ្រាំងដល់វា 29វារាប់មោងដូចជាចំបើង ហើយក៏សើចឡកដល់ដែកដែលគេពួយមក 30ពោះវាមានដូចជាអំបែងឆ្នាំង ក៏ធ្វើស្នាមដូចជារនាស់នៅលើភក់ 31វាធ្វើឲ្យទឹកជ្រៅចេញពពុះឡើងដូចជាឆ្នាំង ក៏ធ្វើឲ្យទឹកសមុទ្រត្រឡប់ដូចជាក្រឡពេញដោយកាវយក់ 32វាធ្វើឲ្យមានផ្លូវភ្លឺតាមក្រោយវា គេនឹងស្មានថាទីជំរៅមានសក់ស្កូវហើយ 33នៅលើផែនដីគ្មានសត្វណាដូចវាឡើយ ជាសត្វដែលកើតមកឥតមានភ័យខ្លាច 34វាមើលទៅឃើញគ្រប់ទាំងអស់ដែលខ្ពស់ ជាសត្វដែលគ្រប់គ្រងលើអស់ទាំងសត្វដែលមានសេចក្ដីអំនួត។
ទើបបានជ្រើសរើសហើយ៖
យ៉ូប 41: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.