យ៉ូប 5

5
1ចូរ​អំពាវ‌នាវ​ឥឡូវ​ចុះ តើ​មាន​អ្នក​ណា​នឹង​ឆ្លើយ​មក​ឬ​ទេ តើ​អ្នក​នឹង​បែរ​ទៅ​រក​តួ​បរិសុទ្ធ​ណា​ទៀត 2គឺ​ជា​សេចក្ដី​មួម៉ៅ ដែល​ប្រហារ​មនុស្ស​ឥត​បើ​គិត ហើយ​សេចក្ដី​ច្រណែន​ក៏​សំឡាប់​មនុស្ស​ឆោត​ខ្លៅ 3ខ្ញុំ​បាន​ឃើញ​មនុស្ស​ឥត​បើ​គិត​ចាក់​ឫស​ចុះ តែ​ខ្ញុំ​បាន​ប្រទេច​ផ្តាសា​ដល់​ទី​លំនៅ​គេ​ភ្លាម 4កូន​ចៅ​គេ​នៅ​ឆ្ងាយ​ពី​សេចក្ដី​សង្គ្រោះ វា​ត្រូវ​ជាន់​ឈ្លី​នៅ​ត្រង់​ទ្វារ​ក្រុង ឥត​មាន​អ្នក​ណា​នឹង​ជួយ​ឡើយ 5ឯ​ផល​ចំរូត​របស់​គេ នោះ​ពួក​អត់‌ឃ្លាន​ស៊ី​អស់​រលីង​ទៅ ពួក​នោះ​ច្រូត​យក ទាល់​តែ​ដល់​ក្នុង​គុម្ព​បន្លា​ផង ហើយ​មនុស្ស​ទាល់​ក្រ​លេប​ទ្រព្យ​សម្បត្តិ​គេ​ទៅ 6ដ្បិត​សេចក្ដី​ទុក្ខ​លំបាក​មិន​កើត​ពី​ធូលី​ទេ ហើយ​សេចក្ដី​វេទនា​ក៏​មិន​ដុះ​ចេញ​ពី​ដី​ដែរ 7មនុស្ស​កើត​មក​តែង​មាន​សេចក្ដី​វេទនា ដូច​ជា​ផ្កា​ភ្លើង​ចេះ​តែ​ហើរ​ទៅ​លើ​ដែរ។
8បើ​ជា​ខ្លួន​ខ្ញុំ​វិញ ខ្ញុំ​នឹង​ស្វែង​រក​ព្រះ ខ្ញុំ​នឹង​ស្នើ​ប្រគល់​រឿង​ខ្ញុំ​ដល់​ព្រះ 9ដែល​ទ្រង់​ធ្វើ​ការ​យ៉ាង​ធំ រក​គិត​មិន​យល់ ជា​ការ​យ៉ាង​អស្ចារ្យ​ឥត​គណនា 10ទ្រង់​បង្អុរ​ភ្លៀង​មក​លើ​ផែនដី ហើយ​ឲ្យ​ទឹក​ហូរ​មក​ក្នុង​ស្រែ 11ដើម្បី​នឹង​លើក​មនុស្ស​ទាប​ថោក​ដាក់​នៅ​ទី​ខ្ពស់​វិញ ហើយ​ឲ្យ​មនុស្ស​ដែល​ក្រំ​ក្នុង​ចិត្ត បាន​ដំកើង​ឡើង​ដល់​ទី​សុខ 12ទ្រង់​ធ្វើ​ឲ្យ​ថ្លស់​ឧបាយ​របស់​មនុស្ស​ឆ្លាត មិន​ឲ្យ​ដៃ​គេ​សំរេច​ការ​ដែល​គេ​ផ្តើម​ធ្វើ​នោះ​ឡើយ 13ទ្រង់​ចាប់​មនុស្ស​ឆ្លៀវ‌ឆ្លាត ដោយ​ឧបាយ​របស់​ខ្លួន​គេ ហើយ​ក៏​បង្ខូច​ដំបូន្មាន​កោង​របស់​មនុស្ស​វាង‌វៃ 14អ្នក​ទាំង​នោះ​ប្រទះ​នឹង​សេចក្ដី​ងងឹត​នៅ​វេលា​ថ្ងៃ ហើយ​គេ​ដើរ​ស្ទាបៗ​នៅ​ពេល​ថ្ងៃ​ត្រង់ ដូច​ជា​នៅ​ពេល​យប់ 15តែ​ទ្រង់​ជួយ​ឲ្យ​រួច​ពី​ដាវ​នៃ​មាត់​គេ គឺ​ជា​មនុស្ស​កំសត់​ទុគ៌ត ឲ្យ​រួច​ពី​កណ្តាប់​ដៃ​នៃ​មនុស្ស​ខ្លាំង​ពូកែ 16យ៉ាង​នោះ​មនុស្ស​ក្រ‌ខ្សត់​មាន​ទី​សង្ឃឹម ហើយ​សេចក្ដី​ទុច្ចរិត​ត្រូវ​បិទ​មាត់​ទៅ។
17មើល សប្បាយ​ហើយ​អ្នក​ណា​ដែល​ព្រះ‌ទ្រង់​បាន​កែ​ឡើង ដូច្នេះ កុំ​ឲ្យ​មើល‌ងាយ​សេចក្ដី​ផ្ចាញ់‌ផ្ចាល​របស់​ព្រះ​ដ៏​មាន​ព្រះ‌ចេស្តា​បំផុត​ឡើយ 18ដ្បិត​ទ្រង់​ធ្វើ​ឲ្យ​មាន​របួស រួច​ក៏​រុំ​ឲ្យ ទ្រង់​វាយ​កំទេច ហើយ​ព្រះ‌ហស្ត​ទ្រង់​ក៏​មើល​ឲ្យ​ជា​ឡើង​វិញ 19ទ្រង់​នឹង​ប្រោស​ឲ្យ​អ្នក​រួច​ពី​សេចក្ដី​វេទនា​៦​មុខ អើ ដល់​គំរប់​៧​ផង នោះ​សេចក្ដី​អាក្រក់​នឹង​មិន​មក​ពាល់​ប៉ះ​អ្នក​ឡើយ 20នៅ​គ្រា​អំណត់ ទ្រង់​នឹង​លោះ​អ្នក​ឲ្យ​រួច​ពី​សេចក្ដី​ស្លាប់ ហើយ​នៅ​គ្រា​សឹក​សង្គ្រាម​ឲ្យ​រួច​ពី​អំណាច​ដាវ​ផង 21អ្នក​នឹង​បាន​លាក់​កំបាំង​ពី​រំពាត់​នៃ​អណ្តាត​គេ ហើយ​កាល​គ្រោះ​ថ្នាក់​មក​ដល់ នោះ​អ្នក​មិន​ត្រូវ​ខ្លាច​ឡើយ 22អ្នក​នឹង​សើច​ឡក​ដល់​គ្រោះ​ថ្នាក់ នឹង​គ្រា​អំណត់ ហើយ​មិន​ខ្លាច​សត្វ​កំណាច​នៅ​ផែនដី​ផង 23ដ្បិត​អ្នក នឹង​ថ្ម​នៅ​ស្រែ នឹង​បាន​ជា​មិត្រ​នឹង​គ្នា ហើយ​ទាំង​សត្វ​ព្រៃ​នឹង​នៅ​ជា​មេត្រី​នឹង​អ្នក​ដែរ 24អ្នក​នឹង​បាន​ទុក​ចិត្ត​ថា លំនៅ​របស់​អ្នក​នឹង​មាន​សេចក្ដី​សុខ កាល​អ្នក​ចេញ​ទៅ​មើល​ក្រោល​សត្វ​របស់​អ្នក នោះ​នឹង​ឃើញ​ថា​មិន​ខ្វះ​ខាត​អ្វី​ឡើយ 25អ្នក​នឹង​ឃើញ​ពូជ​ពង្ស​អ្នក​ចំរើន​ជា​ច្រើន​ឡើង ហើយ​កូន​ចៅ​អ្នក​បាន​គ្នា​ច្រើន ដូច​ជា​ស្មៅ​នៅ​ផែនដី 26លុះ​អ្នក​មាន​អាយុ​គ្រប់​គ្រាន់​ហើយ ទើប​នឹង​ដល់​មរណ‌ភាព​ទៅ ឧបមា​ដូច​ជា​កណ្តាប់​ស្រូវ ដែល​គេ​យក​ចូល​មក​ត្រូវ​រដូវ​កាល 27នេះ​ហើយ ជា​សេចក្ដី​ដែល​យើង​បាន​ស្ទង់​មើល​ឲ្យ​ដឹង​ហើយ ក៏​ឃើញ​យ៉ាង​នោះ​ពិត​មែន ដូច្នេះ ចូរ​អ្នក​ស្តាប់​យក​ចុះ ហើយ​ទទួល សំរាប់​ជា​ប្រយោជន៍​ដល់​ខ្លួន​ផង។

ទើបបានជ្រើសរើសហើយ៖

យ៉ូប 5: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល