យ៉ូអែល 3:3-21

យ៉ូអែល 3:3-21 ពគប

គេ​បាន​បោះ​ឆ្នោត​ឲ្យ​បាន​រាស្ត្រ​អញ គេ​បាន​ដូរ​កូន​ប្រុស​១​ឲ្យ​បាន​ស្រី​សំផឹង​វិញ ហើយ​បាន​លក់​កូន​ស្រី​១​ឲ្យ​បាន​ស្រា​ទំពាំង‌បាយ‌ជូរ​សំរាប់​ផឹក ម្នាល​ក្រុង​ទីរ៉ុស ក្រុង​ស៊ីដូន នឹង​ក្រវល់​ស្រុក​ភីលីស្ទីន​អើយ តើ​ឯង​មាន​ការ​អ្វី​នឹង​អញ តើ​ឯង​រាល់​គ្នា​គិត​សង​បំណាច់​ដល់​អញ​ឬ បើ​ឯង​រាល់​គ្នា​សង​អញ នោះ​អញ​នឹង​ទំលាក់​ទៅ​លើ​ក្បាល​ឯង​វិញ​ភ្លាម​១​រំពេច ពី​ព្រោះ​ឯង​រាល់​គ្នា​បាន​យក​ប្រាក់នឹង​មាស​របស់​អញ ដឹក‌នាំ​ប្រដាប់​វិសេស​របស់​អញ ទៅ​ទុក​នៅ​ក្នុង​វិហារ​របស់​ឯង ក៏​បាន​លក់​ពួក​កូន​ចៅ​យូដា នឹង​កូន​ចៅ​ក្រុង​យេរូ‌សាឡិម ឲ្យ​ដល់​ពួក​សាសន៍​ក្រេក ឲ្យ​គេ​បាន​នាំ​យក​ទៅ​ឯ​ទី​ឆ្ងាយ​ពី​ដែន​ស្រុក​របស់​ខ្លួន មើល អញ​នឹង​ដាស់​គេ​ឡើង ឲ្យ​ចេញ​ពី​ទី​កន្លែង ដែល​ឯង​បាន​លក់​គេ​ទៅ​នៅ​នោះ ហើយ​នឹង​សង​អំពើ​នោះ ទៅ​លើ​ក្បាល​របស់​ឯង​រាល់​គ្នា​វិញ អញ​នឹង​លក់​កូន​ប្រុស​កូន​ស្រី​របស់​ឯង​រាល់​គ្នា ទៅ​ក្នុង​កណ្តាប់​ដៃ នៃ​ពួក​កូន​ចៅ​យូដា​វិញ ពួក​នោះ​នឹង​លក់​វា​ទៅ​ឲ្យ​ពួក​សេបា គឺ​ដល់​សាសន៍១​ដែល​នៅ​ឆ្ងាយ ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ចេញ​វាចា​ហើយ។ ចូរ​ប្រកាស​ប្រាប់​សេចក្ដី​នេះ នៅ​កណ្តាល​អស់​ទាំង​សាសន៍​ថា ចូរ​ត្រៀម​គ្នា​សំរាប់​ចូល​ច្បាំង ត្រូវ​ឲ្យ​ដាស់​ពួក​ខ្លាំង​ពូកែ​ឡើង ចូរ​ឲ្យ​អស់​ទាំង​មនុស្ស​ថ្នឹក​ច្បាំង​ចូល​មក​ជិត ហើយ​ឡើង​មក​ចុះ ចូរ​ដំ​ដែក​ផាល​របស់​ឯង​រាល់​គ្នា​ធ្វើ​ជា​ដាវ ហើយ​ដង្កាវ​របស់​ឯង​ធ្វើ​ជា​លំពែង​ទៅ ត្រូវ​ឲ្យ​អ្នក​ខ្សោយ​ពោល​ថា ខ្ញុំ​មាន​កំឡាំង​ដែរ ម្នាល សាសន៍​ទាំង‌ឡាយ​ដែល​នៅ​ព័ទ្ធ​ជុំវិញ​អើយ ចូរ​ប្រញាប់​មក​ប្រជុំ​គ្នា​ចុះ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ទ្រង់​ឲ្យ​ពួក​ខ្លាំង​ពូកែ​របស់​ទ្រង់​ចុះ​ទៅ​ឯ​ទី​នោះ​ដែរ ត្រូវ​ឲ្យ​សាសន៍​ទាំង​ប៉ុន្មាន​ភ្ញាក់​ឡើង ហើយ​មក​ឯ​ច្រក​ភ្នំ​យេហូ‌សា‌ផាត ដ្បិត​នៅ​ទី​នោះ អញ​នឹង​អង្គុយ​ជំនុំ​ជំរះ​អស់​ទាំង​សាសន៍ ដែល​នៅ​ព័ទ្ធ​ជុំវិញ ចូរ​លូក​កណ្តៀវ​ទៅ ដ្បិត​ចំរូត​ទុំ​ហើយ ចូរ​មក​ជាន់​ផ្លែ​ចុះ ដ្បិត​ធុង​សំរាប់​ជាន់ បាន​ពោរ‌ពេញ ធុង​រង​ទឹក​ទាំង​ប៉ុន្មាន ក៏​ពេញ​ហៀរ​ហើយ ពី​ព្រោះ​អំពើ​អាក្រក់​របស់​គេ​សំបើម​ណាស់។ មាន​មនុស្ស​ទាំង​ហ្វូង អើ មាន​ទាំង​ហ្វូង​នៅ​ច្រក​ភ្នំ​នៃ​ការ​សំរេច​ទោស ដ្បិត​ថ្ងៃ​នៃ​ព្រះ‌យេហូវ៉ា​ជិត​ដល់​ហើយ នៅ​ក្នុង​ច្រក​ភ្នំ​នៃ​ការ​សំរេច​ទោស ព្រះ‌អាទិត្យនឹង​ព្រះ‌ចន្ទ​ក៏​ងងឹត​ទៅ ហើយ​ផ្កាយ​ទាំង​ប៉ុន្មាន​បាន​លែង​ភ្លឺ​ទៅ ព្រះ‌យេហូវ៉ា​នឹង​ស្រែក​គ្រហឹម​ពី​ស៊ីយ៉ូន​មក ហើយ​បញ្ចេញ​ព្រះ‌សៀង​ពី​ក្រុង​យេរូ‌សាឡិម នោះ​ទាំង​ផ្ទៃ​មេឃ ហើយ​ផែនដី នឹង​កក្រើក​រំពើក​ទៅ តែ​ព្រះ‌យេហូវ៉ា​នឹង​ធ្វើ​ជា​ទី​ពំនាក់ ដល់​រាស្ត្រ​ទ្រង់ ហើយ​ជា​ទី​មាំ‌មួន ដល់​ពួក​កូន​ចៅ​អ៊ីស្រាអែល យ៉ាង​នោះ ឯង​រាល់​គ្នា​នឹង​ដឹង​ថា អញ​នេះ​ជា​ព្រះ‌យេហូវ៉ា គឺ​ជា​ព្រះ​នៃ​ឯង​រាល់​គ្នា ដែល​គង់​នៅ​ស៊ីយ៉ូន ជា​ភ្នំ​បរិសុទ្ធ​របស់​អញ គ្រា​នោះ ក្រុង​យេរូ‌សាឡិម​នឹង​បាន​បរិសុទ្ធ ឥត​មាន​អ្នក​ដទៃ​ណា​ដើរ​កាត់​ទៀត​ឡើយ។ នៅ​គ្រា​នោះ អស់​ទាំង​ភ្នំ​ធំ នឹង​ស្រក់​ទឹក​ទំពាំង‌បាយ‌ជូរ​ផ្អែម​មក ហើយ​អស់​ទាំង​ភ្នំ​តូច​នឹង​ហូរ​ដោយ​ទឹក​ដោះ អស់​ទាំង​ជ្រោះ​នៅ​ស្រុក​យូដា​នឹង​មាន​ទឹក​ហូរ ហើយ​នឹង​មាន​ក្បាល​ទឹក​១ ហូរ​ចេញ​ពី​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា មក​ស្រោច‌ស្រព​ច្រក​ភ្នំ​ស៊ីទីម ស្រុក​អេស៊ីព្ទ​នឹង​ត្រូវ​ស្ងាត់​ច្រៀប ហើយ​ស្រុក​អេដំម​នឹង​ទៅ​ជា​ទី​រហោ‌ស្ថាន ដោយ​ព្រោះ​ការ​ច្រឡោត​ដែល​បាន​ធ្វើ​ដល់​ពួក​កូន​ចៅ​យូដា ដ្បិត​គេ​បាន​កំចាយ​ឈាម​ឥត​ទោស​នៅ​ក្នុង​ស្រុក​គេ ប៉ុន្តែ យូដា​នឹង​ស្ថិត‌ស្ថេរ​នៅ​ជា​ដរាប ហើយ​ក្រុង​យេរូ‌សាឡិម​ដែរ នៅ​អស់​ទាំង​ដំណ​ត​រៀង​ទៅ អញ​នឹង​លុប​ទោស​គេ​ចេញ គឺ​ទោស​ដែល​មិន​ទាន់​បាន​លុប​ចេញ​នៅ​ឡើយ​ពី​ព្រោះ​ព្រះ‌យេហូវ៉ា​ទ្រង់​គង់​នៅ​ក្រុង​ស៊ីយ៉ូន។:៚

អាន យ៉ូអែល 3