យ៉ូអែល 3:3-21

យ៉ូអែល 3:3-21 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ពួក​គេ​យក​ប្រជា‌រាស្ត្រ​របស់​យើង ទៅ​ចាប់​ឆ្នោត​ចែក​គ្នា ពួក​គេ​យក​ក្មេង​ប្រុសៗ​ទៅ​បង់​ថ្លៃ​ស្រី​ពេស្យា ពួក​គេ​លក់​ក្មេង​ស្រីៗ ដើម្បី​ទិញ​ស្រា​ផឹក។ រីឯ​អ្នក​រាល់​គ្នា​វិញ អ្នក​ក្រុង​ទីរ៉ុស អ្នក​ក្រុង​ស៊ីដូន និង​អ្នក​ក្រុង​ទាំង​ប៉ុន្មាន នៃ​ស្រុក​ភីលីស្ទីន តើ​អ្នក​រាល់​គ្នា​ចង់​ធ្វើ​អ្វី​យើង? តើ​អ្នក​រាល់​គ្នា​ចង់​សង‌សឹក​នឹង​យើង​ឬ? ប្រសិន​បើ​អ្នក​រាល់​គ្នា​ប្រឆាំង​នឹង​យើង នោះ​យើង​ដាក់​ទោស​អ្នក​រាល់​គ្នា​យ៉ាង​ងាយ ហើយ​យ៉ាង​ឆាប់​រហ័ស តាម​អំពើ​ដែល​អ្នក​រាល់​គ្នា ប្រព្រឹត្ត​ប្រឆាំង​នឹង​យើង។ អ្នក​រាល់​គ្នា​បាន​យក​មាស និង​ប្រាក់​របស់​យើង គឺ​អ្វីៗ​ដ៏​មាន​តម្លៃ ទៅ​ទុក​នៅ​ក្នុង​វិហារ​របស់​អ្នក​រាល់​គ្នា។ អ្នក​រាល់​គ្នា​បាន​លក់​ប្រជា‌ជន​ស្រុក​យូដា និង​អ្នក​ក្រុង​យេរូ‌សាឡឹម ទៅ​ឲ្យ​ជន‌ជាតិ​ក្រិក ដើម្បី​យក​ពួក​គេ​ចេញ​ឆ្ងាយ​ពី​ទឹក​ដី​របស់​ខ្លួន។ ប៉ុន្តែ យើង​នាំ​ពួក​គេ​ចាក​ចេញ​ពី​ស្រុក ដែល​អ្នក​រាល់​គ្នា​លក់​គេ​ទៅ​នោះ ឲ្យ​វិល​ត្រឡប់​មក​វិញ។ យើង​នឹង​ដាក់​ទោស​អ្នក​រាល់​គ្នា តាម​អំពើ​ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត។ យើង​នឹង​លក់​កូន​ប្រុស​កូន​ស្រី​របស់​អ្នក​រាល់​គ្នា ទៅ​ឲ្យ​ប្រជា‌ជន​ស្រុក​យូដា ហើយ​ប្រជា‌ជន​យូដា​នឹង​លក់​ពួក​គេ ទៅ​ឲ្យ​អ្នក​ស្រុក​សេបា ជា​ប្រជា‌ជាតិ​ដែល​នៅ​ស្រុក​ឆ្ងាយ» នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ ចូរ​ប្រកាស​ក្នុង​ចំណោម​ប្រជា‌ជាតិ​នានា​ដូច​ត​ទៅ: ចូរ​ញែក​ខ្លួន​ជា​សក្ការៈ ដើម្បី​ធ្វើ​សឹក! ចូរ​ប្រមូល​ទាហាន​ដ៏​ពូកែ! ចូរ​ឲ្យ​អ្នក​ចម្បាំង​ចេញ​ទៅ​សមរ‌ភូមិ! ចូរ​យក​ផាល‌នង្គ័ល​មក​ដំ​ធ្វើ​ដាវ ចូរ​យក​កណ្ដៀវ​មក​ដំ​ធ្វើ​ផ្លែ​លំពែង! ចូរ​ឲ្យ​អ្នក​ទន់​ខ្សោយ​ពោល​ថា “ខ្ញុំ​ជា​មនុស្ស​ខ្លាំង​ពូកែ!”។ ប្រជា‌ជាតិ​ទាំង​ប៉ុន្មាន​ដែល​នៅ​ជុំ‌វិញ​អើយ ចូរ​ប្រញាប់‌ប្រញាល់​នាំ​គ្នា​មក ចូរ​ប្រមូល​ផ្ដុំ​គ្នា​នៅ​កន្លែង​តែ​មួយ! ព្រះ‌អម្ចាស់​អើយ សូម​ឲ្យ​កង‌ពល​របស់​ព្រះអង្គ​ចុះ​មក!។ «ចូរ​ឲ្យ​ប្រជា‌ជាតិ​នានា​ក្រោក​ឡើង ទៅ​ប្រមូល​ផ្ដុំ​គ្នា​នៅ​ជ្រលង​ភ្នំ​យេហូ‌សាផាត ដ្បិត​យើង​នឹង​អង្គុយ​វិនិច្ឆ័យ​ទោស​ប្រជា‌ជាតិ ទាំង​អស់​ដែល​នៅ​ជុំ‌វិញ ក្នុង​ជ្រលង​ភ្នំ​នោះ។ ស្រូវ​ទុំ​ហើយ ចូរ​នាំ​គ្នា​យក​កណ្ដៀវ​មក​ច្រូត! ធុង​សម្រាប់​ជាន់​ផ្លែ​ទំពាំង‌បាយជូរ​ពេញ​ហើយ ចូរ​នាំ​គ្នា​មក​ជាន់! ធុង​ពេញ​ហៀរ​ទៅ​ដោយ​ទឹក​ទំពាំង‌បាយជូរ! ពួក​គេ​ប្រព្រឹត្ត​អំពើ​អាក្រក់​ច្រើន​ណាស់!»។ មហា‌ជន​ដ៏​ច្រើន​ឥត​គណនា​នាំ​គ្នា​មក​ដល់ ជ្រលង​ភ្នំ​វិនិច្ឆ័យ​ទោស ដ្បិត​ថ្ងៃ​របស់​ព្រះ‌អម្ចាស់​ជិត​មក​ដល់ នៅ​ជ្រលង​ភ្នំ​វិនិច្ឆ័យ​ទោស​នេះ​ហើយ! ព្រះ‌អាទិត្យ និង​ព្រះ‌ច័ន្ទ នឹង​ងងឹត​សូន្យ រីឯ​ផ្កាយ​ទាំង‌ឡាយ​ក៏​បាត់​រស្មី​ដែរ។ ព្រះ‌អម្ចាស់​ស្រែក​គំរាម​ពី​ភ្នំ​ស៊ីយ៉ូន ព្រះអង្គ​បន្លឺ​ព្រះ‌សូរសៀង​ពី​ក្រុង​យេរូ‌សាឡឹម ផ្ទៃ​មេឃ និង​ផែនដី​ក៏​កក្រើក​រំពើក តែ​ព្រះ‌អម្ចាស់​ការ‌ពារ​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ ព្រះអង្គ​ជា​ជម្រក​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល។ «ពេល​នោះ អ្នក​រាល់​គ្នា​នឹង​ទទួល​ស្គាល់​ថា យើង​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា យើង​ស្ថិត​នៅ​លើ​ភ្នំ​ស៊ីយ៉ូន ជា​ភ្នំ​ដ៏វិសុទ្ធ​របស់​យើង ក្រុង​យេរូ‌សាឡឹម​នឹង​បាន​វិសុទ្ធ ហើយ​ជាតិ​សាសន៍​ដទៃ​លែង​មក​ឈ្លាន‌ពាន ក្រុង​នេះ​ទៀត។ នៅ​គ្រា​នោះ នឹង​មាន​ចម្ការ​ទំពាំង‌បាយជូរ ពាស‌ពេញ​ភ្នំ ផ្ដល់​ទឹក​ទំពាំង‌បាយជូរ​ដ៏​ហូរ‌ហៀរ។ នៅ​តាម​ភ្នំ​តូចៗ​ក៏​មាន​ហ្វូង​សត្វ​យ៉ាង​ច្រើន ដែល​ផ្ដល់​ទឹក​ដោះ​ដ៏​ហូរ‌ហៀរ​ដែរ។ ទឹក​នឹង​ហូរ​សា​ជា​ថ្មី នៅ​តាម​ជ្រោះ​ទាំង​ប៉ុន្មាន ក្នុង​ស្រុក​យូដា។ មាន​ប្រភព​ទឹក​មួយ​ហូរ​ចេញ ពី​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ទៅ​ស្រោច​ស្រព​ជ្រលង​ភ្នំ​ស៊ីទីម។ ស្រុក​អេស៊ីប​នឹង​ក្លាយ​ទៅ​ជា​ទី​ស្មសាន ស្រុក​អេដុម​នឹង​ក្លាយ​ទៅ​ជា​វាល​រហោ‌ស្ថាន ដ៏​ស្ងាត់​ជ្រងំ ព្រោះ​តែ​អំពើ​ឃោរ‌ឃៅ ដែល​ពួក​គេ​បាន​ប្រព្រឹត្ត​ចំពោះ​កូន​ចៅ​យូដា ហើយ​បង្ហូរ​ឈាម​ប្រជា‌ជន​ស្លូត​ត្រង់ នៅ​ក្នុង​ស្រុក​របស់​គេ។ រីឯ​ស្រុក​យូដា​នឹង​មាន​មនុស្ស​រស់​នៅ​រហូត​ត​ទៅ ហើយ​ក្រុង​យេរូ‌សាឡឹម​ក៏​មាន​មនុស្ស​រស់​នៅ អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ​ដែរ។ យើង​នឹង​ចាត់​ទុក​ប្រជា‌ជន​នេះ ថា​គ្មាន​ទោស​ទៀត​ឡើយ។ យើង​ជា​ព្រះ‌អម្ចាស់ នឹង​គង់​នៅ​ក្រុង​ស៊ីយ៉ូន»។

ចែក​រំលែក
អាន យ៉ូអែល 3

យ៉ូអែល 3:3-21 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

គេ​យក​ប្រជា‌រាស្ត្រ​របស់​យើង​ទៅ​ចាប់​ឆ្នោត​ចែក​គ្នា គេ​ដោះ​ដូរ​ក្មេង​ប្រុស​យក​ស្រី​ពេស្យា ហើយ​គេ​លក់​ក្មេង​ស្រី ដើម្បី​ទិញ​ស្រា​ផឹក ហើយ​ក៏​ស្រវឹង​ដោយ​ស្រា​នោះ។ ម្នាល​ក្រុង​ទីរ៉ុស ក្រុង​ស៊ីដូន និង​តំបន់​នានា​ទាំង​ប៉ុន្មាន​នៅ​ស្រុក​ភីលី‌ស្ទីន​អើយ តើ​អ្នក​មាន​ការ​អ្វី​នឹង​យើង តើ​អ្នក​រាល់​គ្នា​គិត​សង​សឹក​នឹង​យើង​ឬ? ប្រសិន​បើ​អ្នក​រាល់​គ្នា​សង​យើង នោះ​យើង​នឹង​ទម្លាក់​ទៅ​លើ​ក្បាល​អ្នក​វិញ​ភ្លាម​មួយ​រំពេច។ ដ្បិត​អ្នក​រាល់​គ្នា​បាន​យក​ប្រាក់ និង​មាស​របស់​យើង ហើយ​បាន​ដឹក‌យក​សម្បត្តិ​ដ៏​មាន​តម្លៃ​របស់​យើង ទៅ​ទុក​នៅ​ក្នុង​វិហារ​របស់​អ្នក។ អ្នក​បាន​លក់​ប្រជាជន​យូដា និង​អ្នក​ក្រុង​យេរូ‌សាឡិម​ឲ្យ​ពួក​សាសន៍​ក្រិក ដើម្បី​យក​គេចេញ​ទៅ​ឆ្ងាយ​ពី​ព្រំ​ដែន​របស់​ខ្លួន។ មើល៍ យើង​នឹង​ដាស់​គេ​ឡើង ឲ្យ​ចេញ​ពី​ទី​កន្លែង​ដែល​អ្នក​បាន​លក់​គេ​ទៅ ហើយ​នឹង​សង​អំពើ​នោះ ទៅ​លើ​ក្បាល​របស់​អ្នក​រាល់​គ្នា​វិញ។ យើង​នឹង​លក់​កូន​ប្រុស​កូន​ស្រី​របស់​អ្នក​រាល់​គ្នា ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ប្រជា‌ជន​យូដា​វិញ ហើយ​គេ​នឹង​លក់​វា​ទៅ​ឲ្យ​ពួក​សេបា គឺ​ដល់​សាសន៍​មួយ​ដែល​នៅ​ឆ្ងាយ ដ្បិត​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​ហើយ។ ចូរ​ប្រកាស​ប្រាប់​ក្នុង​ចំណោម​សាសន៍​ទាំង​ឡាយ​ដូច្នេះ​ថា ចូរ​ត្រៀម​ខ្លួន​ចូល​ច្បាំង ចូរ​ដាស់​មនុស្ស​ខ្លាំង​ពូកែ​ឡើង ត្រូវ​ឲ្យ​ពួក​ទាហាន​ទាំង​ប៉ុន្មាន​ចូល​មក​ជិត ត្រូវ​ឲ្យ​គេ​នាំ​គ្នា​ឡើង​មក។ ចូរ​ដំ​ដែក​ផាល​នង្គ័ល​របស់​អ្នក​រាល់​គ្នា​ធ្វើ​ជា​ដាវ ហើយ​ដង្កាវ​របស់​អ្នក​រាល់​គ្នា​ធ្វើ​ជា​លំពែង​ទៅ ត្រូវ​ឲ្យ​អ្នក​ខ្សោយ​ពោល​ថា "ខ្ញុំ​ជា​មនុស្ស​ខ្លាំង​ពូកែ"។ ម្នាល​សាសន៍​ទាំង‌ឡាយ​ដែល​នៅ​ព័ទ្ធ​ជុំ​វិញ​អើយ ចូរ​ប្រញាប់​មក​ប្រជុំ​គ្នា ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ឲ្យ​ពួក​ខ្លាំង​ពូកែ​របស់​ព្រះ‌អង្គ​ចុះ​មក។ ត្រូវ​ឲ្យ​សាសន៍​ទាំង​ប៉ុន្មាន​ភ្ញាក់​ឡើង ហើយ​មក​ឯ​ជ្រលង​ភ្នំ​យេហូ‌សាផាត ដ្បិត​នៅ​ទី​នោះ យើង​នឹង​អង្គុយ​ជំនុំ​ជម្រះ សាសន៍​ទាំង​ប៉ុន្មាន​ដែល​នៅ​ព័ទ្ធ​ជុំ​វិញ។ ចូរ​លូក​កណ្តៀវ​ទៅ ដ្បិត​ចម្រូត​ទុំ​ហើយ ចូរ​មក​ជាន់​ផ្លែ​ចុះ ដ្បិត​ធុង​បញ្ជាន់​ផ្លែ​ពេញ​ហើយ ធុង​ត្រង​ទឹក​ទំពាំង​បាយ​ជូរ​ក៏​ពេញ​ហៀរដែរ ដ្បិត​អំពើ​អាក្រក់​របស់​គេ​សម្បើម​ណាស់។ មាន​មនុស្ស​ទាំង​ហ្វូង អើ មាន​ទាំង​ហ្វូង​នៅ​ជ្រលង​ភ្នំ​នៃ​ការ​សម្រេច​ទោស! ដ្បិត​ថ្ងៃ​របស់​ព្រះ‌យេហូវ៉ា​ជិត​ដល់​ហើយ នៅ​ក្នុង​ច្រក​ភ្នំ​នៃ​ការ​សម្រេច​ទោស! ព្រះ‌អាទិត្យ និង​ព្រះ‌ចន្ទ​ងងឹត​សូន្យ ហើយ​ផ្កាយ​ទាំង​ប៉ុន្មាន​ក៏​លែង​ភ្លឺ​ដែរ។ ព្រះ‌យេហូវ៉ា​នឹង​ស្រែក​គ្រហឹម​ពី​ភ្នំ​ស៊ីយ៉ូន ហើយ​បញ្ចេញ​ព្រះ‌សៀង​ពី​ក្រុង​យេរូ‌សាឡិម ផ្ទៃ​មេឃ និង​ផែន‌ដី​កក្រើក​រំពើក តែ​ព្រះ‌យេហូវ៉ា​ជា​ជម្រក​ដល់​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ ជា​ទី​មាំ‌មួន​ដល់​ប្រជា‌ជន​អ៊ីស្រា‌អែល។ យ៉ាង​នោះ អ្នក​រាល់​គ្នា​នឹង​ដឹង​ថា យើង​ជា​ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​អ្នក​រាល់​គ្នា យើង​គង់​នៅ​ភ្នំ​ស៊ីយ៉ូន ជា​ភ្នំ​បរិសុទ្ធ​របស់​យើង ក្រុង​យេរូ‌សាឡិម​នឹង​បាន​បរិសុទ្ធ ហើយ​គ្មាន​អ្នក​ដទៃ​ណា​ដើរ​កាត់​ទៀត​ឡើយ។ នៅ​គ្រា​នោះ ភ្នំ​ធំៗនឹង​ស្រក់​ស្រា​ទំពាំង‌បាយ‌ជូរ​ផ្អែម ហើយ​ភ្នំ​តូចៗ​នឹង​ហូរ​ដោយ​ទឹក​ដោះ អស់​ទាំង​ជ្រោះ​នៅ​ស្រុក​យូដា​នឹង​មាន​ទឹក​ហូរ ហើយ​នឹង​មាន​ក្បាល​ទឹក​មួយ ហូរ​ចេញ​ពី​ព្រះ‌ដំណាក់​របស់​ព្រះ‌យេហូវ៉ា មក​ស្រោច‌ស្រព​ជ្រលង​ភ្នំ​ស៊ីទីម។ ស្រុក​អេស៊ីព្ទ​នឹងទៅ​ជា​ស្ងាត់​ច្រៀប ហើយ​ស្រុក​អេដុម​នឹង​ទៅ​ជា​ទី​រហោ‌ស្ថាន ព្រោះ​តែ​អំពើ​ឃោរ​ឃៅ​ដែល​គេ បាន​ប្រព្រឹត្ត​ចំពោះ​ប្រជា‌ជន​យូដា ដ្បិត​គេ​បាន​កម្ចាយ​ឈាម​មនុស្ស​ស្លូត​ត្រង់ នៅ​ក្នុង​ស្រុក​របស់​គេ។ ប៉ុន្តែ យូដា​នឹងរស់​នៅ​រហូត​តទៅ ហើយ​ក្រុង​យេរូ‌សាឡិម​ដែរ គឺ​គ្រប់​ជំនាន់​ត​រៀង​ទៅ។ យើង​នឹង​សង​សឹក​ឲ្យ​ឈាម​របស់​គេ គឺ​ឈាម​ដែល​យើង​មិន​ទាន់​បាន​សង​សឹក​ឲ្យ​នៅ​ឡើយ ដ្បិត​ព្រះ‌យេហូវ៉ា​គង់​នៅ​ក្រុង​ស៊ីយ៉ូន។:៚

ចែក​រំលែក
អាន យ៉ូអែល 3

យ៉ូអែល 3:3-21 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

គេ​បាន​បោះ​ឆ្នោត​ឲ្យ​បាន​រាស្ត្រ​អញ គេ​បាន​ដូរ​កូន​ប្រុស​១​ឲ្យ​បាន​ស្រី​សំផឹង​វិញ ហើយ​បាន​លក់​កូន​ស្រី​១​ឲ្យ​បាន​ស្រា​ទំពាំង‌បាយ‌ជូរ​សំរាប់​ផឹក ម្នាល​ក្រុង​ទីរ៉ុស ក្រុង​ស៊ីដូន នឹង​ក្រវល់​ស្រុក​ភីលីស្ទីន​អើយ តើ​ឯង​មាន​ការ​អ្វី​នឹង​អញ តើ​ឯង​រាល់​គ្នា​គិត​សង​បំណាច់​ដល់​អញ​ឬ បើ​ឯង​រាល់​គ្នា​សង​អញ នោះ​អញ​នឹង​ទំលាក់​ទៅ​លើ​ក្បាល​ឯង​វិញ​ភ្លាម​១​រំពេច ពី​ព្រោះ​ឯង​រាល់​គ្នា​បាន​យក​ប្រាក់នឹង​មាស​របស់​អញ ដឹក‌នាំ​ប្រដាប់​វិសេស​របស់​អញ ទៅ​ទុក​នៅ​ក្នុង​វិហារ​របស់​ឯង ក៏​បាន​លក់​ពួក​កូន​ចៅ​យូដា នឹង​កូន​ចៅ​ក្រុង​យេរូ‌សាឡិម ឲ្យ​ដល់​ពួក​សាសន៍​ក្រេក ឲ្យ​គេ​បាន​នាំ​យក​ទៅ​ឯ​ទី​ឆ្ងាយ​ពី​ដែន​ស្រុក​របស់​ខ្លួន មើល អញ​នឹង​ដាស់​គេ​ឡើង ឲ្យ​ចេញ​ពី​ទី​កន្លែង ដែល​ឯង​បាន​លក់​គេ​ទៅ​នៅ​នោះ ហើយ​នឹង​សង​អំពើ​នោះ ទៅ​លើ​ក្បាល​របស់​ឯង​រាល់​គ្នា​វិញ អញ​នឹង​លក់​កូន​ប្រុស​កូន​ស្រី​របស់​ឯង​រាល់​គ្នា ទៅ​ក្នុង​កណ្តាប់​ដៃ នៃ​ពួក​កូន​ចៅ​យូដា​វិញ ពួក​នោះ​នឹង​លក់​វា​ទៅ​ឲ្យ​ពួក​សេបា គឺ​ដល់​សាសន៍១​ដែល​នៅ​ឆ្ងាយ ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ចេញ​វាចា​ហើយ។ ចូរ​ប្រកាស​ប្រាប់​សេចក្ដី​នេះ នៅ​កណ្តាល​អស់​ទាំង​សាសន៍​ថា ចូរ​ត្រៀម​គ្នា​សំរាប់​ចូល​ច្បាំង ត្រូវ​ឲ្យ​ដាស់​ពួក​ខ្លាំង​ពូកែ​ឡើង ចូរ​ឲ្យ​អស់​ទាំង​មនុស្ស​ថ្នឹក​ច្បាំង​ចូល​មក​ជិត ហើយ​ឡើង​មក​ចុះ ចូរ​ដំ​ដែក​ផាល​របស់​ឯង​រាល់​គ្នា​ធ្វើ​ជា​ដាវ ហើយ​ដង្កាវ​របស់​ឯង​ធ្វើ​ជា​លំពែង​ទៅ ត្រូវ​ឲ្យ​អ្នក​ខ្សោយ​ពោល​ថា ខ្ញុំ​មាន​កំឡាំង​ដែរ ម្នាល សាសន៍​ទាំង‌ឡាយ​ដែល​នៅ​ព័ទ្ធ​ជុំវិញ​អើយ ចូរ​ប្រញាប់​មក​ប្រជុំ​គ្នា​ចុះ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ទ្រង់​ឲ្យ​ពួក​ខ្លាំង​ពូកែ​របស់​ទ្រង់​ចុះ​ទៅ​ឯ​ទី​នោះ​ដែរ ត្រូវ​ឲ្យ​សាសន៍​ទាំង​ប៉ុន្មាន​ភ្ញាក់​ឡើង ហើយ​មក​ឯ​ច្រក​ភ្នំ​យេហូ‌សា‌ផាត ដ្បិត​នៅ​ទី​នោះ អញ​នឹង​អង្គុយ​ជំនុំ​ជំរះ​អស់​ទាំង​សាសន៍ ដែល​នៅ​ព័ទ្ធ​ជុំវិញ ចូរ​លូក​កណ្តៀវ​ទៅ ដ្បិត​ចំរូត​ទុំ​ហើយ ចូរ​មក​ជាន់​ផ្លែ​ចុះ ដ្បិត​ធុង​សំរាប់​ជាន់ បាន​ពោរ‌ពេញ ធុង​រង​ទឹក​ទាំង​ប៉ុន្មាន ក៏​ពេញ​ហៀរ​ហើយ ពី​ព្រោះ​អំពើ​អាក្រក់​របស់​គេ​សំបើម​ណាស់។ មាន​មនុស្ស​ទាំង​ហ្វូង អើ មាន​ទាំង​ហ្វូង​នៅ​ច្រក​ភ្នំ​នៃ​ការ​សំរេច​ទោស ដ្បិត​ថ្ងៃ​នៃ​ព្រះ‌យេហូវ៉ា​ជិត​ដល់​ហើយ នៅ​ក្នុង​ច្រក​ភ្នំ​នៃ​ការ​សំរេច​ទោស ព្រះ‌អាទិត្យនឹង​ព្រះ‌ចន្ទ​ក៏​ងងឹត​ទៅ ហើយ​ផ្កាយ​ទាំង​ប៉ុន្មាន​បាន​លែង​ភ្លឺ​ទៅ ព្រះ‌យេហូវ៉ា​នឹង​ស្រែក​គ្រហឹម​ពី​ស៊ីយ៉ូន​មក ហើយ​បញ្ចេញ​ព្រះ‌សៀង​ពី​ក្រុង​យេរូ‌សាឡិម នោះ​ទាំង​ផ្ទៃ​មេឃ ហើយ​ផែនដី នឹង​កក្រើក​រំពើក​ទៅ តែ​ព្រះ‌យេហូវ៉ា​នឹង​ធ្វើ​ជា​ទី​ពំនាក់ ដល់​រាស្ត្រ​ទ្រង់ ហើយ​ជា​ទី​មាំ‌មួន ដល់​ពួក​កូន​ចៅ​អ៊ីស្រាអែល យ៉ាង​នោះ ឯង​រាល់​គ្នា​នឹង​ដឹង​ថា អញ​នេះ​ជា​ព្រះ‌យេហូវ៉ា គឺ​ជា​ព្រះ​នៃ​ឯង​រាល់​គ្នា ដែល​គង់​នៅ​ស៊ីយ៉ូន ជា​ភ្នំ​បរិសុទ្ធ​របស់​អញ គ្រា​នោះ ក្រុង​យេរូ‌សាឡិម​នឹង​បាន​បរិសុទ្ធ ឥត​មាន​អ្នក​ដទៃ​ណា​ដើរ​កាត់​ទៀត​ឡើយ។ នៅ​គ្រា​នោះ អស់​ទាំង​ភ្នំ​ធំ នឹង​ស្រក់​ទឹក​ទំពាំង‌បាយ‌ជូរ​ផ្អែម​មក ហើយ​អស់​ទាំង​ភ្នំ​តូច​នឹង​ហូរ​ដោយ​ទឹក​ដោះ អស់​ទាំង​ជ្រោះ​នៅ​ស្រុក​យូដា​នឹង​មាន​ទឹក​ហូរ ហើយ​នឹង​មាន​ក្បាល​ទឹក​១ ហូរ​ចេញ​ពី​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា មក​ស្រោច‌ស្រព​ច្រក​ភ្នំ​ស៊ីទីម ស្រុក​អេស៊ីព្ទ​នឹង​ត្រូវ​ស្ងាត់​ច្រៀប ហើយ​ស្រុក​អេដំម​នឹង​ទៅ​ជា​ទី​រហោ‌ស្ថាន ដោយ​ព្រោះ​ការ​ច្រឡោត​ដែល​បាន​ធ្វើ​ដល់​ពួក​កូន​ចៅ​យូដា ដ្បិត​គេ​បាន​កំចាយ​ឈាម​ឥត​ទោស​នៅ​ក្នុង​ស្រុក​គេ ប៉ុន្តែ យូដា​នឹង​ស្ថិត‌ស្ថេរ​នៅ​ជា​ដរាប ហើយ​ក្រុង​យេរូ‌សាឡិម​ដែរ នៅ​អស់​ទាំង​ដំណ​ត​រៀង​ទៅ អញ​នឹង​លុប​ទោស​គេ​ចេញ គឺ​ទោស​ដែល​មិន​ទាន់​បាន​លុប​ចេញ​នៅ​ឡើយ​ពី​ព្រោះ​ព្រះ‌យេហូវ៉ា​ទ្រង់​គង់​នៅ​ក្រុង​ស៊ីយ៉ូន។:៚

ចែក​រំលែក
អាន យ៉ូអែល 3