យ៉ូស្វេ 1:10-18

យ៉ូស្វេ 1:10-18 ពគប

នោះ​យ៉ូស្វេ​ក៏​បង្គាប់​ដល់​ពួក​អ្នក ដែល​ជា​នាយក​លើ​បណ្តាជន​ថា ចូរ​ទៅ​ឯ​កណ្តាល​ទី​ដំឡើង​ត្រសាល​ប្រកាស​ប្រាប់​បណ្តាជន​ទាំង‌ឡាយ​ថា ចូរ​ឲ្យ​ត្រៀម​ស្បៀង​អាហារ​ទៅ ដ្បិត​នៅ​៣​ថ្ងៃ​ទៀត​នឹង​ត្រូវ​ឆ្លង​ទន្លេ​យ័រដាន់​នេះ ចូល​ទៅ​ចាប់​យក​ស្រុក ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​ប្រទាន​ឲ្យ​ហើយ។ យ៉ូស្វេ​ក៏​ប្រាប់​ដល់​ពួក​រូបេន ពួក​កាឌ់ នឹង​ពូជ​អំបូរ​ម៉ាន៉ាសេ​១​ចំហៀង​ថា ចូរ​នឹក​ចាំ​ពី​ពាក្យ​ដែល​លោក​ម៉ូសេ ជា​អ្នក​បំរើ​របស់​ព្រះ‌យេហូវ៉ា បាន​បង្គាប់​មក​ឯង​រាល់​គ្នា​ថា គឺ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ដែល​ប្រទាន​ឲ្យ​ឯង​ឈប់​សំរាក ទ្រង់​នឹង​ប្រទាន​ស្រុក​នេះ​ដល់​ឯង​ដែរ ឯ​ប្រពន្ធ​កូន​របស់​ឯង​រាល់​គ្នា នឹង​ហ្វូង​សត្វ​ទាំង​ប៉ុន្មាន នោះ​ត្រូវ​នៅ​ក្នុង​ស្រុក​នេះ ដែល​លោក​ម៉ូសេ​បាន​ឲ្យ​ដល់​ឯង​ហើយ គឺ​ខាង​កើត​ទន្លេ​យ័រដាន់​នេះ​ចុះ តែ​ឯ​ឯង​រាល់​គ្នា​ដែល​ជា​មនុស្ស​ខ្លាំង​ពូកែ​ស្ទាត់​ជំនាញ ត្រូវ​ឲ្យ​ឆ្លង​នាំ​មុខ​ពួក​បង​ប្អូន​ឯង​ទៅ​ទាំង​ពាក់​គ្រឿង​សស្ត្រា‌វុធ ដើម្បី​នឹង​ជួយ​បង​ប្អូន​ឯង ទាល់​តែ​ព្រះ‌យេហូវ៉ា​បាន​ប្រទាន​ឲ្យ​គេ​ឈប់​សំរាក ដូច​ជា​ឯង​ដែរ ហើយ​គេ​បាន​ចាប់​យក​ស្រុក​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​ប្រទាន​ឲ្យ រួច​សឹម​ឯង​រាល់​គ្នា​ត្រឡប់​មក​នៅ​ក្នុង​ស្រុក​ដែល​ជា​កេរ‌អាករ​របស់​ឯង​វិញ ដើម្បី​នឹង​ចាប់​យក​ស្រុក​ដែល​លោក​ម៉ូសេ ជា​អ្នក​បំរើ​របស់​ព្រះ‌យេហូវ៉ា បាន​ឲ្យ​មក​ឯង នៅ​ត្រើយ​ទន្លេ​យ័រដាន់​ខាង​កើត​នេះ គេ​ក៏​ឆ្លើយ​តប​ទៅ​យ៉ូស្វេ​វិញ​ថា យើង​រាល់​គ្នា​នឹង​ធ្វើ​តាម​គ្រប់​ទាំង​សេចក្ដី ដែល​លោក​បង្គាប់​មក​យើង ហើយ​នឹង​ទៅ​ឯ​កន្លែង​ណា ដែល​លោក​ចាត់​ឲ្យ​យើង​ទៅ​ផង យើង​រាល់​គ្នា​នឹង​ស្តាប់​តាម​លោក​ក្នុង​គ្រប់​ការ​ទាំង​អស់ ដូច​ជា​បាន​ស្តាប់​លោក​ម៉ូសេ​ដែរ ឲ្យ​តែ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​លោក បាន​គង់​ជា​មួយ​នឹង​លោក ដូច​ជា​ទ្រង់​បាន​គង់​ជា​មួយ​នឹង​លោក​ម៉ូសេ​ចុះ ឯ​អ្នក​ណា​ដែល​ហ៊ាន​ទាស់​ទទឹង​នឹង​បង្គាប់​លោក ហើយ​មិន​ព្រម​ស្តាប់​តាម​អស់​ទាំង​ពាក្យ​ដែល​លោក​បង្គាប់​មក នោះ​នឹង​ត្រូវ​មាន​ទោស​ដល់​ស្លាប់ ឲ្យ​តែ​លោក​មាន​កំឡាំង​ហើយ​ចិត្ត​ក្លាហាន​ចុះ។

អាន យ៉ូស្វេ 1