យ៉ូស្វេ 1:10-18
យ៉ូស្វេ 1:10-18 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពេលនោះ លោកយ៉ូស្វេបានបង្គាប់ពួកនាយករបស់ប្រជាជនថា៖ «ចូរដើរកាត់កណ្ដាលជំរំ ហើយបង្គាប់ប្រជាជនថា "ចូរត្រៀមស្បៀងអាហារទៅ ដ្បិតបីថ្ងៃទៀត អ្នករាល់គ្នាត្រូវឆ្លងទន្លេយ័រដាន់នេះ ចូលទៅចាប់យកស្រុកដែលព្រះយេហូវ៉ាជាព្រះរបស់អ្នកប្រទានឲ្យអ្នកទុកជាមត៌ក"»។ លោកយ៉ូស្វេមានប្រសាសន៍ទៅកាន់កុលសម្ព័ន្ធរូបេន កុលសម្ព័ន្ធកាដ និងកុលសម្ព័ន្ធម៉ាណាសេមួយចំហៀងថា៖ «ចូរនឹកចាំពីពាក្យដែលលោកម៉ូសេ ជាអ្នកបម្រើរបស់ព្រះយេហូវ៉ា បានបង្គាប់អ្នករាល់គ្នាថា "ព្រះយេហូវ៉ាជាព្រះរបស់អ្នកប្រទានឲ្យអ្នកមានកន្លែងសម្រាក ហើយប្រទានស្រុកនេះឲ្យអ្នក"។ ប្រពន្ធ កូនតូចៗ និងហ្វូងសត្វរបស់អ្នក ត្រូវទុកនៅក្នុងស្រុកដែលលោកម៉ូសេបានប្រគល់ឲ្យអ្នក នៅខាងកើតទន្លេយ័រដាន់នេះ តែមនុស្សខ្លាំងពូកែទាំងប៉ុន្មានក្នុងចំណោមអ្នករាល់គ្នា ត្រូវឆ្លងនាំមុខពួកបងប្អូនរបស់អ្នក ទាំងប្រដាប់អាវុធ ដើម្បីជួយពួកគេ រហូតទាល់តែព្រះយេហូវ៉ាបានប្រទានឲ្យបងប្អូនរបស់អ្នកបានសម្រាកដូចអ្នកដែរ ហើយគេបានចាប់យកស្រុកដែលព្រះយេហូវ៉ាជាព្រះរបស់អ្នកប្រទានឲ្យ។ បន្ទាប់មក អ្នករាល់គ្នាអាចនឹងត្រឡប់មកស្រុកដែលជាកេរអាកររបស់ខ្លួនវិញ ហើយចាប់យកស្រុកនោះ ជាស្រុកដែលលោកម៉ូសេជាអ្នកបម្រើរបស់ព្រះយេហូវ៉ា បានប្រគល់ឲ្យអ្នក នៅត្រើយខាងកើតទន្លេយ័រដាន់»។ ពួកគេឆ្លើយទៅលោកយ៉ូស្វេវិញថា៖ «យើងខ្ញុំនឹងធ្វើតាមគ្រប់ទាំងសេចក្ដីដែលលោកបង្គាប់យើងខ្ញុំ ហើយលោកចាត់យើងឲ្យទៅណា យើងនឹងទៅនោះ។ យើងខ្ញុំធ្លាប់ស្តាប់បង្គាប់លោកម៉ូសេក្នុងគ្រប់ការទាំងអស់យ៉ាងណា យើងក៏នឹងស្តាប់បង្គាប់តាមលោកយ៉ាងណានោះដែរ។ សូមឲ្យតែព្រះយេហូវ៉ា ជាព្រះរបស់លោក បានគង់ជាមួយលោក ដូចព្រះអង្គបានគង់ជាមួយលោកម៉ូសេចុះ! អ្នកណាដែលបះបោរទាស់នឹងបញ្ជារបស់លោក ហើយមិនស្តាប់បង្គាប់ពាក្យរបស់លោក ជាពាក្យដែលលោកបញ្ជា អ្នកនោះនឹងត្រូវប្រហារជីវិត សូមឲ្យតែលោកមានកម្លាំង និងចិត្តក្លាហានចុះ»។
យ៉ូស្វេ 1:10-18 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នៅពេលនោះ លោកយ៉ូស្វេបានបញ្ជាទៅពួកនាយក្រុមរបស់ប្រជាជនដូចតទៅ៖ «ចូរនាំគ្នាដើរកាត់ជំរំ ហើយប្រកាសប្រាប់ប្រជាជនថា “ចូររៀបចំស្បៀងអាហារ ដ្បិតបីថ្ងៃទៀត អ្នករាល់គ្នាត្រូវឆ្លងទន្លេយ័រដាន់នេះ ដើម្បីចូលទៅវាយយកស្រុកដែលព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ប្រទានឲ្យជាកម្មសិទ្ធិ”»។ បន្ទាប់មក លោកយ៉ូស្វេមានប្រសាសន៍ទៅកាន់កុលសម្ព័ន្ធ*រូបេន កុលសម្ព័ន្ធកាដ និងកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្ដាល ដូចតទៅ៖ «ចូរចងចាំនូវពាក្យដែលលោកម៉ូសេ ជាអ្នកបម្រើរបស់ព្រះអម្ចាស់ បង្គាប់អ្នករាល់គ្នាថា “ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ប្រទានឲ្យអ្នករាល់គ្នាបានសម្រាក គឺព្រះអង្គប្រទានស្រុកនេះឲ្យអ្នករាល់គ្នាហើយ”។ ប្រពន្ធ កូន ព្រមទាំងហ្វូងសត្វរបស់អ្នករាល់គ្នានឹងស្ថិតនៅក្នុងស្រុក ដែលលោកម៉ូសេបានប្រគល់ឲ្យអ្នករាល់គ្នា នៅត្រើយខាងកើតទន្លេយ័រដាន់។ រីឯអ្នករាល់គ្នា ដែលសុទ្ធតែជាទាហានដ៏អង់អាចវិញ ត្រូវប្រដាប់អាវុធ ដើរខាងមុខបងប្អូនរបស់អ្នករាល់គ្នា ដើម្បីជួយគេ រហូតដល់ព្រះអម្ចាស់ប្រទានឲ្យបងប្អូនរបស់អ្នករាល់គ្នាបានសម្រាកដូចអ្នករាល់គ្នាដែរ ហើយឲ្យពួកគេកាន់កាប់ស្រុកដែលព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ប្រទានឲ្យពួកគេ។ បន្ទាប់មក អ្នករាល់គ្នានឹងត្រឡប់មកកាន់កាប់ស្រុក ដែលជាកម្មសិទ្ធិរបស់អ្នករាល់គ្នាវិញ គឺស្រុកដែលលោកម៉ូសេ ជាអ្នកបម្រើរបស់ព្រះអម្ចាស់ បានចែកឲ្យអ្នករាល់គ្នា នៅត្រើយខាងកើតទន្លេយ័រដាន់»។ ពួកគេឆ្លើយទៅលោកយ៉ូស្វេថា៖ «អ្វីៗទាំងប៉ុន្មានដែលលោកបង្គាប់មកយើងខ្ញុំ យើងខ្ញុំនឹងគោរពធ្វើតាមទាំងអស់។ លោកចាត់យើងខ្ញុំឲ្យទៅទីណា យើងខ្ញុំនឹងទៅទីនោះ។ យើងខ្ញុំធ្លាប់ស្ដាប់បង្គាប់លោកម៉ូសេសព្វគ្រប់យ៉ាងណា យើងក៏ស្ដាប់បង្គាប់លោកយ៉ាងនោះដែរ។ សូមព្រះអម្ចាស់ជាព្រះរបស់លោកគង់នៅជាមួយលោក ដូចព្រះអង្គបានគង់នៅជាមួយលោកម៉ូសេដែរ។ ប្រសិនបើអ្នកណាម្នាក់ប្រឆាំងនឹងបញ្ជារបស់លោក ហើយមិនព្រមធ្វើតាមបញ្ជារបស់លោកទេ អ្នកនោះត្រូវទទួលទោសដល់ស្លាប់។ រីឯលោកវិញ សូមមានកម្លាំង និងចិត្តក្លាហានឡើង»។
យ៉ូស្វេ 1:10-18 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នោះយ៉ូស្វេក៏បង្គាប់ដល់ពួកអ្នក ដែលជានាយកលើបណ្តាជនថា ចូរទៅឯកណ្តាលទីដំឡើងត្រសាលប្រកាសប្រាប់បណ្តាជនទាំងឡាយថា ចូរឲ្យត្រៀមស្បៀងអាហារទៅ ដ្បិតនៅ៣ថ្ងៃទៀតនឹងត្រូវឆ្លងទន្លេយ័រដាន់នេះ ចូលទៅចាប់យកស្រុក ដែលព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់ប្រទានឲ្យហើយ។ យ៉ូស្វេក៏ប្រាប់ដល់ពួករូបេន ពួកកាឌ់ នឹងពូជអំបូរម៉ាន៉ាសេ១ចំហៀងថា ចូរនឹកចាំពីពាក្យដែលលោកម៉ូសេ ជាអ្នកបំរើរបស់ព្រះយេហូវ៉ា បានបង្គាប់មកឯងរាល់គ្នាថា គឺព្រះយេហូវ៉ាជាព្រះនៃឯង ដែលប្រទានឲ្យឯងឈប់សំរាក ទ្រង់នឹងប្រទានស្រុកនេះដល់ឯងដែរ ឯប្រពន្ធកូនរបស់ឯងរាល់គ្នា នឹងហ្វូងសត្វទាំងប៉ុន្មាន នោះត្រូវនៅក្នុងស្រុកនេះ ដែលលោកម៉ូសេបានឲ្យដល់ឯងហើយ គឺខាងកើតទន្លេយ័រដាន់នេះចុះ តែឯឯងរាល់គ្នាដែលជាមនុស្សខ្លាំងពូកែស្ទាត់ជំនាញ ត្រូវឲ្យឆ្លងនាំមុខពួកបងប្អូនឯងទៅទាំងពាក់គ្រឿងសស្ត្រាវុធ ដើម្បីនឹងជួយបងប្អូនឯង ទាល់តែព្រះយេហូវ៉ាបានប្រទានឲ្យគេឈប់សំរាក ដូចជាឯងដែរ ហើយគេបានចាប់យកស្រុកដែលព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់ប្រទានឲ្យ រួចសឹមឯងរាល់គ្នាត្រឡប់មកនៅក្នុងស្រុកដែលជាកេរអាកររបស់ឯងវិញ ដើម្បីនឹងចាប់យកស្រុកដែលលោកម៉ូសេ ជាអ្នកបំរើរបស់ព្រះយេហូវ៉ា បានឲ្យមកឯង នៅត្រើយទន្លេយ័រដាន់ខាងកើតនេះ គេក៏ឆ្លើយតបទៅយ៉ូស្វេវិញថា យើងរាល់គ្នានឹងធ្វើតាមគ្រប់ទាំងសេចក្ដី ដែលលោកបង្គាប់មកយើង ហើយនឹងទៅឯកន្លែងណា ដែលលោកចាត់ឲ្យយើងទៅផង យើងរាល់គ្នានឹងស្តាប់តាមលោកក្នុងគ្រប់ការទាំងអស់ ដូចជាបានស្តាប់លោកម៉ូសេដែរ ឲ្យតែព្រះយេហូវ៉ាជាព្រះនៃលោក បានគង់ជាមួយនឹងលោក ដូចជាទ្រង់បានគង់ជាមួយនឹងលោកម៉ូសេចុះ ឯអ្នកណាដែលហ៊ានទាស់ទទឹងនឹងបង្គាប់លោក ហើយមិនព្រមស្តាប់តាមអស់ទាំងពាក្យដែលលោកបង្គាប់មក នោះនឹងត្រូវមានទោសដល់ស្លាប់ ឲ្យតែលោកមានកំឡាំងហើយចិត្តក្លាហានចុះ។