យ៉ូស្វេ 1:10-18

យ៉ូស្វេ 1:10-18 គកស១៦

ពេល​នោះ លោក​យ៉ូស្វេ​បាន​បង្គាប់​ពួក​នាយក​របស់​ប្រជា‌ជន​ថា៖ «ចូរ​ដើរ​កាត់​កណ្ដាល​ជំរំ ហើយ​បង្គាប់​ប្រជា‌ជន​ថា "ចូរ​ត្រៀម​ស្បៀង​អាហារ​ទៅ ដ្បិត​បី​ថ្ងៃ​ទៀត អ្នក​រាល់​គ្នា​ត្រូវ​ឆ្លង​ទន្លេ​យ័រដាន់​នេះ ចូល​ទៅ​ចាប់​យក​ស្រុក​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​ប្រទាន​ឲ្យ​អ្នក​ទុក​ជា​មត៌ក"»។ លោក​យ៉ូស្វេ​មាន​ប្រសាសន៍​ទៅ​កាន់​កុល‌សម្ព័ន្ធ​រូបេន កុល‌សម្ព័ន្ធ​កាដ និង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​មួយ​ចំហៀង​ថា៖ «ចូរ​នឹក​ចាំ​ពី​ពាក្យ​ដែល​លោក​ម៉ូសេ ជា​អ្នក​បម្រើ​របស់​ព្រះ‌យេហូវ៉ា បាន​បង្គាប់​អ្នក​រាល់​គ្នា​ថា "ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​ប្រទាន​ឲ្យ​អ្នក​មាន​កន្លែង​សម្រាក ហើយ​ប្រទាន​ស្រុក​នេះ​ឲ្យ​អ្នក"។ ប្រពន្ធ កូន​តូចៗ និង​ហ្វូង​សត្វ​របស់​អ្នក ត្រូវ​ទុក​នៅ​ក្នុង​ស្រុក​ដែល​លោក​ម៉ូសេ​បាន​ប្រគល់​ឲ្យ​អ្នក នៅ​ខាង​កើត​ទន្លេ​យ័រដាន់​នេះ តែ​មនុស្ស​ខ្លាំង​ពូកែ​ទាំង​ប៉ុន្មាន​ក្នុង​ចំណោម​អ្នក​រាល់​គ្នា ត្រូវ​ឆ្លង​នាំ​មុខ​ពួក​បង​ប្អូន​របស់​អ្នក ទាំង​ប្រដាប់​អាវុធ ដើម្បី​ជួយ​ពួកគេ រហូត​ទាល់​តែ​ព្រះ‌យេហូវ៉ា​បាន​ប្រទាន​ឲ្យ​បង​ប្អូន​របស់​អ្នក​បាន​សម្រាក​ដូច​អ្នក​ដែរ ហើយ​គេ​បាន​ចាប់​យក​ស្រុក​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​ប្រទាន​ឲ្យ។ បន្ទាប់​មក អ្នក​រាល់​គ្នា​អាច​នឹង​ត្រឡប់​មក​ស្រុក​ដែល​ជា​កេរ‌អាករ​របស់​ខ្លួន​វិញ ហើយ​ចាប់​យក​ស្រុក​នោះ ជា​ស្រុក​ដែល​លោក​ម៉ូសេ​ជា​អ្នក​បម្រើ​របស់​ព្រះ‌យេហូវ៉ា បាន​ប្រគល់​ឲ្យ​អ្នក នៅ​ត្រើយ​ខាង​កើត​ទន្លេ​យ័រដាន់»។ ពួកគេ​ឆ្លើយ​ទៅ​លោក​យ៉ូស្វេ​វិញ​ថា៖ «យើង​ខ្ញុំ​នឹង​ធ្វើ​តាម​គ្រប់​ទាំង​សេចក្ដី​ដែល​លោក​បង្គាប់​យើងខ្ញុំ ហើយ​លោក​ចាត់​យើង​ឲ្យ​ទៅ​ណា យើង​នឹង​ទៅ​នោះ។ យើង​ខ្ញុំ​ធ្លាប់​ស្តាប់​បង្គាប់​លោក​ម៉ូសេ​ក្នុង​គ្រប់​ការ​ទាំង​អស់​យ៉ាង​ណា យើង​ក៏​នឹង​ស្តាប់​បង្គាប់​តាម​លោក​យ៉ាង​ណា​នោះ​ដែរ។ សូម​ឲ្យ​តែ​ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​លោក បាន​គង់​ជា​មួយ​លោក ដូច​ព្រះ‌អង្គ​បាន​គង់​ជា​មួយ​លោក​ម៉ូសេ​ចុះ! អ្នក​ណា​ដែល​បះ​បោរ​ទាស់​នឹង​បញ្ជា​របស់​លោក ហើយ​មិន​ស្តាប់​បង្គាប់​ពាក្យ​របស់​លោក ជា​ពាក្យ​ដែល​លោក​បញ្ជា អ្នក​នោះ​នឹង​ត្រូវ​ប្រហារ​ជីវិត សូម​ឲ្យ​តែ​លោក​មាន​កម្លាំង និង​ចិត្ត​ក្លាហាន​ចុះ»។

អាន យ៉ូស្វេ 1