រួចយ៉ូស្វេ នឹងពួកអ៊ីស្រាអែលទាំងអស់គ្នា ក៏ត្រឡប់វិលមកឯទីដំឡើងត្រសាលនៅគីលកាលវិញ។ ឯស្តេចទាំង៥នោះ ក៏រត់ទៅពួនក្នុងរអាងថ្មនៅម៉ាកេដា ហើយមានគេមកជំរាបយ៉ូស្វេថា បានឃើញស្តេចទាំង៥នោះ ពួននៅក្នុងរអាងថ្មត្រង់ម៉ាកេដា រួចយ៉ូស្វេបង្គាប់ថា ចូរប្រមៀលថ្មយ៉ាងធំទៅសន្ធប់មាត់រអាងទៅ ហើយដាក់មនុស្សឲ្យចាំយាមទៅទីនោះចុះ តែកុំឲ្យឯងរាល់គ្នាបង្អង់ឈប់ឡើយ ឲ្យចេះតែដេញតាមខ្មាំងសត្រូវទៅ ត្រូវឲ្យវាយពួកគេដែលនៅខាងក្រោយ កុំឲ្យគេចូលទៅក្នុងក្រុងគេបានឡើយ ដ្បិតព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់បានប្រគល់គេមកក្នុងកណ្តាប់ដៃឯងហើយ លុះយ៉ូស្វេ នឹងពួកកូនចៅអ៊ីស្រាអែលបានសំឡាប់គេ ដោយការប្រហារជីវិតយ៉ាងសំបើម ទាល់តែគេបានវិនាសអស់រលីងទៅ ហើយពួកគេដែលសល់នៅ បានចូលទៅក្នុងទីក្រុងមានកំផែងរួចហើយ នោះពួកជនទាំងអស់គ្នាក៏ត្រឡប់វិលមកឯយ៉ូស្វេវិញ នៅទីដំឡើងត្រសាលត្រង់ម៉ាកេដា ដោយសុខសាន្ត ឥតមានអ្នកណាបានហើបមាត់ ទាស់នឹងពួកកូនចៅអ៊ីស្រាអែលណាមួយសោះ។ រួចយ៉ូស្វេបង្គាប់ថា ចូរបើកមាត់រអាងចុះ ហើយនាំស្តេចទាំង៥នោះចេញមកឯអញ គេក៏នាំស្តេចទាំង៥នោះ ចេញពីរអាងមកឯលោក គឺជាស្តេចក្រុងយេរូសាឡិម១ ស្តេចក្រុងហេប្រុន១ ស្តេចក្រុងយ៉ារមុត១ ស្តេចក្រុងឡាគីស១ នឹងស្តេចក្រុងអេក្លុន១ កាលគេបាននាំស្តេចទាំងនោះចេញមកដល់យ៉ូស្វេហើយ នោះយ៉ូស្វេក៏ហៅប្រជុំពួកអ៊ីស្រាអែលទាំងអស់គ្នាមក រួចបង្គាប់ដល់ពួកមេទ័ពដែលបានទៅជាមួយនឹងលោកថា ចូរអ្នករាល់គ្នាមកជាន់កស្តេចទាំងនេះទៅ ដូច្នេះគេក៏មកជាន់កស្តេចទាំងនោះ ហើយយ៉ូស្វេប្រាប់គេថា កុំឲ្យខ្លាចឡើយ ក៏កុំឲ្យស្រយុតចិត្តផង ត្រូវឲ្យមានកំឡាំង នឹងចិត្តក្លាហានឡើង ដ្បិតព្រះយេហូវ៉ាទ្រង់នឹងធ្វើយ៉ាងនេះ ដល់ខ្មាំងសត្រូវទាំងអស់ ដែលឯងត្រូវតតាំងនឹងគេដែរ ក្រោយមក យ៉ូស្វេក៏វាយសំឡាប់ស្តេចទាំងនោះ រួចព្យួរនៅដើមឈើ៥ដើម ទាល់តែដល់ថ្ងៃល្ងាច លុះដល់ពេលថ្ងៃហៀបលិចហើយ នោះយ៉ូស្វេក៏បង្គាប់ឲ្យគេដាក់ខ្មោចទាំងនោះចុះពីដើមឈើមក យកទៅបោះចោលក្នុងរអាងដែលបានពួននោះ រួចគេដាក់ថ្មយ៉ាងធំសន្ធប់នៅមាត់រអាង នៅរហូតមកដល់ថ្ងៃនេះ។ នៅថ្ងៃនោះឯង យ៉ូស្វេក៏ចាប់យកក្រុងម៉ាកេដា ហើយកាប់សំឡាប់គេដោយមុខដាវ ព្រមទាំងស្តេចគេផង លោកបានបំផ្លាញគេ នឹងអស់អ្នកដែលនៅក្នុងក្រុងនោះអស់រលីង ឥតមានឲ្យអ្នកណាមួយនៅសល់ឡើយ លោកបានប្រព្រឹត្តនឹងស្តេចក្រុងម៉ាកេដានោះ ដូចជាបានប្រព្រឹត្តនឹងស្តេចក្រុងយេរីខូរដែរ។ រួចយ៉ូស្វេ នឹងពួកអ៊ីស្រាអែលទាំងអស់គ្នា ក៏ចេញពីក្រុងម៉ាកេដាទៅដល់លិបណា ច្បាំងនឹងក្រុងនោះ ព្រះយេហូវ៉ាទ្រង់ក៏ប្រគល់ក្រុងនោះ នឹងស្តេចគេ មកក្នុងកណ្តាប់ដៃនៃពួកអ៊ីស្រាអែលដែរ ហើយលោកកាប់គេដោយមុខដាវ គឺពួកអ្នកដែលនៅក្នុងក្រុងនោះទាំងអស់ ឥតមានឲ្យអ្នកណាមួយនៅសល់ឡើយ លោកបានប្រព្រឹត្តនឹងស្តេចក្រុងនោះ ដូចជាបានប្រព្រឹត្តនឹងស្តេចក្រុងយេរីខូរដែរ។ លំដាប់នោះ យ៉ូស្វេ នឹងពួកអ៊ីស្រាអែលទាំងអស់គ្នា ក៏ចេញពីលិបណាទៅដល់ឡាគីស បោះទ័ពទាស់នឹងក្រុងនោះ ហើយច្បាំងនឹងគេ ព្រះយេហូវ៉ាទ្រង់ក៏ប្រគល់ក្រុងឡាគីសមកក្នុងកណ្តាប់ដៃនៃពួកអ៊ីស្រាអែលដែរ ហើយលោកចាប់យកបាននៅថ្ងៃទី២ រួចកាប់គេដោយមុខដាវ គឺអស់អ្នកដែលនៅក្នុងក្រុងនោះទាំងប៉ុន្មាន តាមគ្រប់ទាំងការដែលបានធ្វើដល់ក្រុងលិបណា នោះហោរ៉ាម ជាស្តេចក្រុងកេស៊ើរ ក៏ឡើងមកជួយក្រុងឡាគីសតែយ៉ូស្វេលោកវាយស្តេចនោះ នឹងពួករាស្ត្រទ្រង់ទាំងអស់ទៅ ទាល់តែគ្មានអ្នកណាមួយនៅសល់ឡើយ។ រួចមក យ៉ូស្វេ នឹងពួកអ៊ីស្រាអែលទាំងអស់គ្នា ក៏ចេញពីក្រុងឡាគីសទៅដល់អេក្លុន បោះទ័ពទាស់នឹងក្រុងនោះ ហើយច្បាំងនឹងគេ ក៏ចាប់យកបាននៅថ្ងៃនោះឯង រួចកាប់គេដោយមុខដាវ ព្រមទាំងបំផ្លាញពួកអ្នកដែលនៅក្រុងនោះអស់រលីងក្នុងថ្ងៃនោះ ដូចជាបានធ្វើដល់ក្រុងឡាគីសដែរ។ តមក យ៉ូស្វេ នឹងពួកអ៊ីស្រាអែលទាំងអស់គ្នា ក៏ចេញពីក្រុងអេក្លុនឡើងទៅដល់ហេប្រុន ច្បាំងនឹងគេទៀត ហើយចាប់យកក្រុងនោះបាន រួចកាប់គេដោយមុខដាវ ព្រមទាំងស្តេច នឹងអស់ទាំងតំបន់គេ ហើយអស់អ្នកដែលនៅក្រុងនោះផង ឥតមានទុកឲ្យអ្នកណាមួយនៅសល់ឡើយ តាមគ្រប់ទាំងការដែលលោកបានធ្វើដល់ក្រុងអេក្លុនដែរ លោកបានបំផ្លាញក្រុងនោះ នឹងពួកអ្នកទាំងប៉ុន្មាន ដែលនៅក្នុងក្រុងអស់រលីង។ រួចយ៉ូស្វេ នឹងពួកអ៊ីស្រាអែលទាំងអស់គ្នា ក៏បត់ទៅឯក្រុងដេបៀរ ច្បាំងនឹងគេទៀត លោកចាប់យកក្រុងនោះ ព្រមទាំងស្តេចគេ នឹងតំបន់គេទាំងប៉ុន្មានបាន រួចក៏កាប់គេដោយមុខដាវ ហើយបំផ្លាញពួកអ្នកនៅក្នុងក្រុងនោះអស់រលីង ឥតមានទុកឲ្យអ្នកណាមួយនៅសល់ឡើយ លោកបានប្រព្រឹត្តនឹងក្រុងដេបៀរ ហើយនឹងស្តេចគេ ដូចជាបានប្រព្រឹត្តដល់ក្រុងហេប្រុន ហើយដូចជាបានប្រព្រឹត្តនឹងក្រុងលិបណា ព្រមទាំងស្តេចគេដែរ។ ដូច្នេះយ៉ូស្វេវាយស្រុកនោះទាំងអស់បាន គឺស្រុកភ្នំ ស្រុកត្បូង ស្រុកទំនាប ស្រុកជំរាល ព្រមទាំងស្តេចគេទាំងប៉ុន្មាន ឥតមានទុកឲ្យអ្នកណាមួយនៅសល់ឡើយ គឺបានបំផ្លាញអស់ទាំងទីក្រុង នឹងគ្រប់ទាំងអស់ដែលមានដង្ហើមឲ្យអស់រលីង ដូចជាព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែល បានបង្គាប់មក យ៉ូស្វេបានវាយគេចាប់តាំងពីកាដេស-បារនា រហូតដល់ក្រុងកាសា ព្រមទាំងស្រុកកូសែនទាំងអស់ រហូតដល់គីបៀនដែរ លោកបានចាប់យកស្តេចទាំងប៉ុន្មាន នឹងស្រុករបស់គេក្នុង១គ្រាចំបាំងនោះ ដ្បិតព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែលទ្រង់បានច្បាំងជំនួសអ៊ីស្រាអែល រួចយ៉ូស្វេ នឹងពួកអ៊ីស្រាអែលទាំងអស់គ្នា ក៏ត្រឡប់វិលមកដល់ទីដំឡើងត្រសាលនៅគីលកាលវិញ។
អាន យ៉ូស្វេ 10
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: យ៉ូស្វេ 10:15-43
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ