យ៉ូស្វេ 10:15-43
យ៉ូស្វេ 10:15-43 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
បន្ទាប់មក លោកយ៉ូស្វេ និងប្រជាជនអ៊ីស្រាអែលទាំងមូល នាំគ្នាវិលត្រឡប់ទៅជំរំនៅគីលកាល់វិញ។ ស្ដេចជនជាតិអាម៉ូរីទាំងប្រាំអង្គបានរត់ទៅពួនក្នុងរូងភ្នំនៅម៉ាកេដា។ មានគេទៅរាយការណ៍ជូនលោកយ៉ូស្វេថា ស្ដេចទាំងប្រាំអង្គនោះពួនក្នុងរូងភ្នំនៅម៉ាកេដា។ លោកយ៉ូស្វេមានប្រសាសន៍ថា៖ «ចូរប្រមៀលផ្ទាំងថ្មដ៏ធំបិទមាត់រូង ហើយដាក់ទាហានឲ្យចាំយាមនៅទីនោះផង។ រីឯអ្នករាល់គ្នាវិញ ត្រូវដេញតាមខ្មាំងសត្រូវកុំឈប់ឲ្យសោះ។ ត្រូវវាយគេពីខាងក្រោយ កុំទុកឲ្យពួកគេចូលទៅក្នុងក្រុងរបស់ខ្លួនឡើយ ដ្បិតព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ប្រគល់ពួកគេមកក្នុងកណ្ដាប់ដៃអ្នករាល់គ្នាហើយ»។ លោកយ៉ូស្វេ និងជនជាតិអ៊ីស្រាអែល បានវាយប្រហារជនជាតិអាម៉ូរីឲ្យបរាជ័យយ៉ាងធ្ងន់ ស្ទើរតែផុតពូជ ប៉ុន្តែ មានពួកគេខ្លះបានរត់រួច ចូលទៅក្នុងក្រុងនានាដែលមានកំពែងការពារ។ បន្ទាប់មក កងទ័ពអ៊ីស្រាអែលទាំងមូលវិលត្រឡប់មកជំរំ ដោយសុខសាន្ត ពួកគេជួបនឹងលោកយ៉ូស្វេនៅម៉ាកេដា។ ចាប់ពីពេលនោះមក គ្មាននរណាម្នាក់នៅស្រុកនោះហ៊ានរអ៊ូរទាំទាស់នឹងជនជាតិអ៊ីស្រាអែលទៀតឡើយ។ បន្ទាប់មក លោកយ៉ូស្វេមានប្រសាសន៍ថា៖ «ចូរបើកមាត់រូង ហើយនាំស្ដេចទាំងប្រាំនោះចេញមកជួបខ្ញុំ»។ គេក៏បើកមាត់រូង ហើយនាំស្ដេចទាំងប្រាំអង្គ គឺស្ដេចក្រុងយេរូសាឡឹម ស្ដេចក្រុងហេប្រូន ស្ដេចក្រុងយ៉ារមូត ស្ដេចក្រុងឡាគីស និងស្ដេចក្រុងអេក្លូន ចេញមកជួបលោក។ កាលគេនាំស្ដេចទាំងប្រាំអង្គចេញមកជួបលោកយ៉ូស្វេហើយ លោកក៏ហៅកងទ័ពអ៊ីស្រាអែលទាំងមូលមក ហើយហៅនាយទាហានដែលរួមប្រយុទ្ធជាមួយលោក ឲ្យចូលមកជិត និងយកជើងជាន់កស្ដេចទាំងនោះ។ ពួកនាយទាហានក៏នាំគ្នាចូលមក ហើយជាន់កស្ដេចទាំងនោះ។ លោកយ៉ូស្វេមានប្រសាសន៍ទៅកាន់ពួកគេថា៖ «កុំភ័យខ្លាចអ្វី កុំអស់សង្ឃឹមឡើយ។ ចូរមានកម្លាំង និងទឹកចិត្តក្លាហានឡើង ដ្បិតព្រះអម្ចាស់នឹងប្រព្រឹត្តចំពោះខ្មាំងសត្រូវទាំងអស់របស់អ្នករាល់គ្នាបែបនេះឯង!»។ លោកយ៉ូស្វេប្រហារជីវិតស្ដេចទាំងនោះ ហើយយកទៅព្យួរ-កនៅនឹងដើមឈើប្រាំដើម។ សពស្ដេចទាំងនោះនៅជាប់នឹងដើមឈើរហូតដល់ល្ងាច។ ពេលថ្ងៃលិច លោកយ៉ូស្វេបញ្ជាឲ្យគេយកសាកសពចុះពីដើមឈើ ទៅបោះចោលក្នុងរូងភ្នំ ដែលស្ដេចទាំងនោះបានពួន។ គេយកផ្ទាំងថ្មធំមកបិទមាត់រូង ហើយផ្ទាំងថ្មទាំងនោះស្ថិតនៅរហូតមកដល់សព្វថ្ងៃ។ នៅថ្ងៃដដែលនោះ លោកយ៉ូស្វេវាយយកក្រុងម៉ាកេដា ហើយប្រហារជីវិតអ្នកក្រុងនោះ ទាំងស្ដេចទាំងប្រជាជន គឺលោកបានបំផ្លាញមនុស្សនៅក្នុងក្រុងនោះអស់ គ្មាននរណាម្នាក់រួចជីវិតឡើយ។ លោកប្រព្រឹត្តចំពោះស្ដេចក្រុងម៉ាកេដា ដូចលោកបានប្រព្រឹត្តចំពោះស្ដេចក្រុងយេរីខូដែរ។ លោកយ៉ូស្វេ និងប្រជាជនអ៊ីស្រាអែលទាំងមូល ចាកចេញពីក្រុងម៉ាកេដាឆ្ពោះទៅក្រុងលីបណា ហើយវាយលុកក្រុងនោះ។ ព្រះអម្ចាស់ក៏បានប្រគល់ក្រុងលីបណា និងស្ដេចរបស់គេ មកក្នុងកណ្ដាប់ដៃរបស់ជនជាតិអ៊ីស្រាអែលដែរ។ កងទ័ពអ៊ីស្រាអែលប្រហារជីវិតអ្នកក្រុងនោះដោយមុខដាវ ឥតទុកនរណាម្នាក់ឲ្យរួចជីវិតទេ។ លោកយ៉ូស្វេប្រព្រឹត្តចំពោះស្ដេចក្រុងលីបណា ដូចលោកបានប្រព្រឹត្តចំពោះស្ដេចក្រុងយេរីខូដែរ។ បន្ទាប់មក លោកយ៉ូស្វេ និងប្រជាជនអ៊ីស្រាអែលទាំងមូល ចាកចេញពីក្រុងលីបណាឆ្ពោះទៅក្រុងឡាគីស ហើយបោះទ័ពនៅមុខក្រុង ដើម្បីវាយលុកក្រុងនោះ។ ព្រះអម្ចាស់បានប្រគល់ក្រុងឡាគីសមកក្នុងកណ្ដាប់ដៃរបស់ជនជាតិអ៊ីស្រាអែល កងទ័ពអ៊ីស្រាអែលវាយយកក្រុងនោះបាននៅថ្ងៃទីពីរ ហើយប្រហារជីវិតអ្នកក្រុងទាំងអស់ដោយមុខដាវ ដូចពួកគេបានប្រព្រឹត្តចំពោះក្រុងលីបណាដែរ។ ពេលនោះ ព្រះបាទហោរ៉ាម ជាស្ដេចក្រុងកេស៊ើរ បានឡើងទៅជួយក្រុងឡាគីស ប៉ុន្តែ លោកយ៉ូស្វេវាយប្រហារទាំងស្ដេច ទាំងប្រជាជនរបស់ស្ដេចនោះ ឥតទុកឲ្យអ្នកណាម្នាក់រួចជីវិតឡើយ។ បន្ទាប់មកទៀត លោកយ៉ូស្វេ និងប្រជាជនអ៊ីស្រាអែលទាំងមូល ចាកចេញពីក្រុងឡាគីសឆ្ពោះទៅក្រុងអេក្លូន ហើយបោះទ័ពនៅមុខក្រុង ដើម្បីវាយលុកក្រុងនោះ។ នៅថ្ងៃដដែល ពួកគេវាយយកបានទីក្រុង ហើយប្រហារជីវិតអ្នកក្រុងទាំងអស់ដោយមុខដាវ ដូចគេបានប្រព្រឹត្តចំពោះក្រុងឡាគីសដែរ។ លោកយ៉ូស្វេ និងប្រជាជនអ៊ីស្រាអែលទាំងមូល ឡើងពីក្រុងអេក្លូន ឆ្ពោះទៅក្រុងហេប្រូន ហើយវាយលុកក្រុងនោះ។ គេវាយយកបានទីក្រុង ហើយប្រហារជីវិតអ្នកក្រុង និងស្ដេច ព្រមទាំងមនុស្សម្នាដែលរស់នៅតាមភូមិនានានៅជាយក្រុងនោះផងដែរ។ លោកយ៉ូស្វេបានបំផ្លាញក្រុងនោះទាំងមូល ឥតទុកឲ្យនរណាម្នាក់រួចជីវិតឡើយ គឺលោកប្រព្រឹត្តចំពោះពួកគេ ដូចលោកបានប្រព្រឹត្តចំពោះក្រុងអេក្លូនដែរ។ លោកយ៉ូស្វេ និងប្រជាជនអ៊ីស្រាអែលទាំងមូល ងាកទៅរកក្រុងដេបៀរ ហើយវាយលុកក្រុងនោះ។ លោកវាយយកក្រុងនោះ ហើយចាប់បានស្ដេច ព្រមទាំងដណ្ដើមយកភូមិនានាដែលនៅជាប់នឹងក្រុងនោះផង។ កងទ័ពអ៊ីស្រាអែលប្រហារជីវិតមនុស្សទាំងអស់ដែលរស់នៅទីនោះដោយមុខដាវ ឥតទុកឲ្យនរណាម្នាក់រួចជីវិតឡើយ។ លោកយ៉ូស្វេប្រព្រឹត្តចំពោះក្រុងដេបៀរ ព្រមទាំងស្ដេចរបស់គេ ដូចលោកបានប្រព្រឹត្តចំពោះក្រុងហេប្រូន និងក្រុងលីបណា ព្រមទាំងស្ដេចរបស់គេដែរ។ លោកយ៉ូស្វេវាយលុកស្រុកនោះទាំងមូល គឺវាយយកតំបន់ភ្នំ តំបន់ណេកិប តំបន់វាលទំនាប និងតំបន់ជម្រាលភ្នំ ព្រមទាំងប្រហារជីវិតស្ដេចរបស់គេទៀតផង។ លោកមិនទុកឲ្យនរណាម្នាក់រួចជីវិតឡើយ គឺបំផ្លាញអ្វីៗទាំងអស់ដែលមានជីវិត ថ្វាយផ្ដាច់ដល់ព្រះអម្ចាស់ ស្របតាមព្រះបន្ទូលដែលព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែលបានបង្គាប់។ លោកយ៉ូស្វេវាយលុកចាប់តាំងពីកាដេស-បារនារហូតដល់ក្រុងកាសា និងចាប់ពីតំបន់កូសែនទាំងមូលរហូតដល់ក្រុងគីបៀន។ លោកយ៉ូស្វេវាយយកស្រុកទាំងនោះ ហើយចាប់បានស្ដេចរបស់គេក្នុងគ្រាតែមួយ ព្រោះព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល រួមប្រយុទ្ធជាមួយអ៊ីស្រាអែល។ បន្ទាប់មក លោកយ៉ូស្វេ និងប្រជាជនអ៊ីស្រាអែលទាំងមូល វិលត្រឡប់មកជំរំនៅគីលកាល់វិញ។
យ៉ូស្វេ 10:15-43 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
បន្ទាប់មក លោកយ៉ូស្វេ និងពួកអ៊ីស្រាអែលទាំងអស់ដែលនៅជាមួយលោក ក៏វិលត្រឡប់មកជំរំនៅគីលកាលវិញ។ ស្តេចទាំងប្រាំអង្គបានរត់ទៅពួនក្នុងរូងថ្មនៅម៉ាកេដា ហើយមានគេមកជម្រាបលោកយ៉ូស្វេថា៖ «គេឃើញស្តេចទាំងប្រាំអង្គនោះពួននៅក្នុងរូងថ្មនៅម៉ាកេដា»។ លោកយ៉ូស្វេមានប្រសាសន៍ថា៖ «ចូរប្រមៀលថ្មយ៉ាងធំៗសន្ធប់មាត់រូង ហើយដាក់មនុស្សឲ្យចាំយាមទៅទីនោះផង តែឯអ្នករាល់គ្នាវិញ កុំនៅទីនោះ ត្រូវដេញតាមខ្មាំងសត្រូវទៅ ត្រូវវាយទ័ពជួរក្រោយរបស់គេ កុំឲ្យគេចូលទៅក្នុងក្រុងរបស់គេបានឡើយ ដ្បិតព្រះយេហូវ៉ាជាព្រះរបស់អ្នក បានប្រគល់គេមកក្នុងកណ្ដាប់ដៃរបស់អ្នកហើយ» កាលលោកយ៉ូស្វេ និងពួកកូនចៅអ៊ីស្រាអែល បានសម្លាប់គេ ដោយការប្រហារជីវិតយ៉ាងសម្បើម រហូតទាល់តែគេវិនាសអស់ ហើយកាលពួកអ្នកនៅសេសសល់ បានចូលទៅក្នុងទីក្រុងមានកំផែងការពាររួចហើយ ពេលនោះ ប្រជាជនទាំងអស់ក៏ត្រឡប់វិលមកជួបលោកយ៉ូស្វេវិញ នៅជំរំម៉ាកេដាដោយសុខសាន្ត គ្មានអ្នកណាហ៊ានហើបមាត់ទាស់នឹងពួកកូនចៅអ៊ីស្រាអែលណាម្នាក់ឡើយ។ បន្ទាប់មក លោកយ៉ូស្វេមានប្រសាសន៍ថា៖ «ចូរបើកមាត់រូង ហើយនាំស្តេចទាំងប្រាំនោះពីក្នុងរូងមកជួបខ្ញុំ»។ គេក៏បើកមាត់រូង នាំស្តេចទាំងប្រាំអង្គនោះចេញមកជួបលោក គឺស្តេចក្រុងយេរូសាឡិម ស្តេចក្រុងហេប្រុន ស្តេចក្រុងយ៉ារមុត ស្តេចក្រុងឡាគីស និងស្តេចក្រុងអេក្លុន។ កាលគេបាននាំស្តេចទាំងនោះចេញជួបលោកយ៉ូស្វេហើយ លោកយ៉ូស្វេក៏ហៅពួកអ៊ីស្រាអែលទាំងអស់គ្នាមក ហើយមានប្រសាសន៍ទៅកាន់ពួកមេទ័ព ដែលបានរួមប្រយុទ្ធជាមួយលោកថា៖ «ចូលឲ្យជិតមក៍ ហើយយកជើងជាន់កស្តេចទាំងនេះទៅ»។ ដូច្នេះ គេក៏ចូលមក ហើយជាន់កស្តេចទាំងនោះ។ លោកយ៉ូស្វេមានប្រសាសន៍ទៅពួកគេថា៖ «មិនត្រូវភ័យខ្លាច ឬស្រយុតចិត្តឡើយ ត្រូវមានកម្លាំង និងចិត្តក្លាហានឡើង ដ្បិតព្រះយេហូវ៉ានឹងធ្វើបែបនេះចំពោះខ្មាំងសត្រូវទាំងអស់ ដែលអ្នកត្រូវតតាំងនឹងគេ» ក្រោយមក លោកយ៉ូស្វេក៏ប្រហារជីវិតស្តេចទាំងនោះ រួចព្យួរនៅដើមឈើប្រាំដើម រហូតដល់ល្ងាច។ លុះពេលថ្ងៃហៀបនឹងលិច លោកយ៉ូស្វេក៏បង្គាប់ឲ្យគេដាក់សាកសពទាំងនោះចុះពីដើមឈើ យកទៅបោះចោលក្នុងរូងដែលស្ដេចទាំងនោះបានពួន រួចគេដាក់ថ្មធំៗសន្ធប់មាត់រូង ហើយផ្ទាំងថ្មទាំងនោះនៅរហូតមកដល់ថ្ងៃ។ នៅថ្ងៃនោះ លោកយ៉ូស្វេចាប់យកក្រុងម៉ាកេដា ហើយប្រហារអ្នកក្រុងនោះដោយមុខដាវ រួមទាំងស្តេចរបស់គេផង។ លោកបានបំផ្លាញមនុស្សទាំងអស់នៅក្នុងក្រុងនោះ គ្មានសល់អ្នកណាម្នាក់ឡើយ។ លោកបានប្រព្រឹត្តចំពោះស្តេចក្រុងម៉ាកេដា ដូចលោកបានប្រព្រឹត្តចំពោះស្តេចក្រុងយេរីខូរដែរ។ បន្ទាប់មក លោកយ៉ូស្វេ និងពួកអ៊ីស្រាអែលទាំងអស់ ក៏ចេញពីក្រុងម៉ាកេដា ទៅក្រុងលិបណា ហើយច្បាំងនឹងក្រុងនោះ។ ព្រះយេហូវ៉ាក៏បានប្រគល់ក្រុងនោះ និងស្តេចរបស់គេ មកក្នុងកណ្ដាប់ដៃរបស់ពួកអ៊ីស្រាអែល ហើយលោកប្រហារពួកគេដោយមុខដាវ គឺមនុស្សទាំងប៉ុន្មាននៅក្នុងក្រុងនោះ គ្មានសល់អ្នកណាម្នាក់ឡើយ។ លោកបានប្រព្រឹត្តចំពោះស្តេចក្រុងនោះ ដូចលោកបានប្រព្រឹត្តចំពោះស្តេចក្រុងយេរីខូរដែរ។ បន្ទាប់មក លោកយ៉ូស្វេ និងពួកអ៊ីស្រាអែលទាំងអស់ ក៏ចេញពីក្រុងលិបណា ទៅក្រុងឡាគីស ហើយបោះទ័ពឡោមព័ទ្ធ រួចវាយប្រហារក្រុងនោះ។ ព្រះយេហូវ៉ាក៏បានប្រគល់ក្រុងឡាគីស មកក្នុងកណ្ដាប់ដៃរបស់ពួកអ៊ីស្រាអែល ហើយលោកចាប់យកបាននៅថ្ងៃទីពីរ រួចប្រហារពួកគេដោយមុខដាវ គឺមនុស្សទាំងប៉ុន្មាននៅក្នុងក្រុងនោះ ដូចលោកបានប្រព្រឹត្តចំពោះក្រុងលិបណាដែរ។ ពេលនោះ ព្រះបាទហោរាមជាស្តេចក្រុងកេស៊ើរ ក៏ឡើងមកជួយក្រុងឡាគីស តែលោកយ៉ូស្វេលោកវាយប្រហារស្តេចនោះ និងប្រជារាស្ត្ររបស់ស្ដេច រហូតទាល់តែគ្មានសល់អ្នកណាម្នាក់ឡើយ។ បន្ទាប់មកទៀត លោកយ៉ូស្វេ និងពួកអ៊ីស្រាអែលទាំងអស់ក៏ចេញពីក្រុងឡាគីសទៅក្រុងអេក្លុន បោះទ័ពឡោមព័ទ្ធ រួចវាយប្រហារក្រុងនោះ។ ពួកគេចាប់យកបានក្រុងនោះនៅថ្ងៃនោះឯង រួចវាយប្រហារពួកគេដោយមុខដាវ។ នៅថ្ងៃនោះ លោកបំផ្លាញមនុស្សទាំងប៉ុន្មាននៅក្នុងក្រុងនោះអស់រលីងគ្មានសល់ ដូចលោកបានប្រព្រឹត្តចំពោះក្រុងឡាគីសដែរ។ បន្ទាប់មក លោកយ៉ូស្វេ និងពួកអ៊ីស្រាអែលទាំងអស់ក៏ចេញពីក្រុងអេក្លុន ឡើងទៅក្រុងហេប្រុន ហើយវាយប្រហារក្រុងនោះ គេចាប់យកបានក្រុងនោះ រួចវាយប្រហារដោយមុខដាវ គឺស្តេចក្រុងនានានៅជុំវិញ ព្រមទាំងមនុស្សទាំងប៉ុន្មាននៅក្រុងនោះ គ្មានសល់អ្នកណាម្នាក់ឡើយ ដូចលោកបានប្រព្រឹត្តចំពោះក្រុងអេក្លុនដែរ លោកបានបំផ្លាញក្រុងនោះ និងមនុស្សទាំងប៉ុន្មានដែលនៅក្នុងក្រុងអស់រលីងគ្មានសល់។ បន្ទាប់មក លោកយ៉ូស្វេ និងពួកអ៊ីស្រាអែលទាំងអស់ ក៏ងាកទៅរកក្រុងដេបៀរ ហើយវាយប្រហារក្រុងនោះ លោកចាប់យកក្រុងនោះ ស្តេចរបស់គេ ព្រមទាំងក្រុងរបស់គេទាំងប៉ុន្មានដែលនៅជុំវិញ រួចប្រហារពួកគេដោយមុខដាវ ហើយបំផ្លាញមនុស្សទាំងប៉ុន្មាននៅក្នុងក្រុងនោះ គ្មានសល់អ្នកណាម្នាក់ឡើយ។ លោកបានប្រព្រឹត្តចំពោះក្រុងដេបៀរ និងស្តេចរបស់គេ ដូចលោកបានប្រព្រឹត្តចំពោះក្រុងហេប្រុន និងចំពោះក្រុងលិបណា ព្រមទាំងស្តេចរបស់គេដែរ។ ដូច្នេះ លោកយ៉ូស្វេវាយប្រហារស្រុកនោះទាំងមូល គឺស្រុកភ្នំ តំបន់ណេកិប តំបន់វាលទំនាប តំបន់ជម្រាលភ្នំ ព្រមទាំងស្តេចរបស់គេទាំងអស់។ លោកមិនទុកឲ្យអ្នកណាម្នាក់នៅសល់ឡើយ គឺបានបំផ្លាញអស់ទាំងទីក្រុង និងគ្រប់ទាំងអស់ដែលមានដង្ហើម អស់រលីងគ្មានសល់ ដូចព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែលបានបង្គាប់។ លោកយ៉ូស្វេបានវាយប្រហារគេ ចាប់តាំងពីកាដេស-បារនា រហូតដល់ក្រុងកាសា ព្រមទាំងស្រុកកូសែនទាំងមូល រហូតដល់ក្រុងគីបៀន។ លោកយ៉ូស្វេបានចាប់យកស្តេចទាំងប៉ុន្មាន និងស្រុករបស់គេក្នុងគ្រាតែមួយ ព្រោះព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ព្រះអង្គប្រយុទ្ធជំនួសអ៊ីស្រាអែល។ បន្ទាប់មក លោកយ៉ូស្វេ និងពួកអ៊ីស្រាអែលទាំងអស់ ក៏ត្រឡប់វិលមកជំរំនៅគីលកាលវិញ។
យ៉ូស្វេ 10:15-43 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រួចយ៉ូស្វេ នឹងពួកអ៊ីស្រាអែលទាំងអស់គ្នា ក៏ត្រឡប់វិលមកឯទីដំឡើងត្រសាលនៅគីលកាលវិញ។ ឯស្តេចទាំង៥នោះ ក៏រត់ទៅពួនក្នុងរអាងថ្មនៅម៉ាកេដា ហើយមានគេមកជំរាបយ៉ូស្វេថា បានឃើញស្តេចទាំង៥នោះ ពួននៅក្នុងរអាងថ្មត្រង់ម៉ាកេដា រួចយ៉ូស្វេបង្គាប់ថា ចូរប្រមៀលថ្មយ៉ាងធំទៅសន្ធប់មាត់រអាងទៅ ហើយដាក់មនុស្សឲ្យចាំយាមទៅទីនោះចុះ តែកុំឲ្យឯងរាល់គ្នាបង្អង់ឈប់ឡើយ ឲ្យចេះតែដេញតាមខ្មាំងសត្រូវទៅ ត្រូវឲ្យវាយពួកគេដែលនៅខាងក្រោយ កុំឲ្យគេចូលទៅក្នុងក្រុងគេបានឡើយ ដ្បិតព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់បានប្រគល់គេមកក្នុងកណ្តាប់ដៃឯងហើយ លុះយ៉ូស្វេ នឹងពួកកូនចៅអ៊ីស្រាអែលបានសំឡាប់គេ ដោយការប្រហារជីវិតយ៉ាងសំបើម ទាល់តែគេបានវិនាសអស់រលីងទៅ ហើយពួកគេដែលសល់នៅ បានចូលទៅក្នុងទីក្រុងមានកំផែងរួចហើយ នោះពួកជនទាំងអស់គ្នាក៏ត្រឡប់វិលមកឯយ៉ូស្វេវិញ នៅទីដំឡើងត្រសាលត្រង់ម៉ាកេដា ដោយសុខសាន្ត ឥតមានអ្នកណាបានហើបមាត់ ទាស់នឹងពួកកូនចៅអ៊ីស្រាអែលណាមួយសោះ។ រួចយ៉ូស្វេបង្គាប់ថា ចូរបើកមាត់រអាងចុះ ហើយនាំស្តេចទាំង៥នោះចេញមកឯអញ គេក៏នាំស្តេចទាំង៥នោះ ចេញពីរអាងមកឯលោក គឺជាស្តេចក្រុងយេរូសាឡិម១ ស្តេចក្រុងហេប្រុន១ ស្តេចក្រុងយ៉ារមុត១ ស្តេចក្រុងឡាគីស១ នឹងស្តេចក្រុងអេក្លុន១ កាលគេបាននាំស្តេចទាំងនោះចេញមកដល់យ៉ូស្វេហើយ នោះយ៉ូស្វេក៏ហៅប្រជុំពួកអ៊ីស្រាអែលទាំងអស់គ្នាមក រួចបង្គាប់ដល់ពួកមេទ័ពដែលបានទៅជាមួយនឹងលោកថា ចូរអ្នករាល់គ្នាមកជាន់កស្តេចទាំងនេះទៅ ដូច្នេះគេក៏មកជាន់កស្តេចទាំងនោះ ហើយយ៉ូស្វេប្រាប់គេថា កុំឲ្យខ្លាចឡើយ ក៏កុំឲ្យស្រយុតចិត្តផង ត្រូវឲ្យមានកំឡាំង នឹងចិត្តក្លាហានឡើង ដ្បិតព្រះយេហូវ៉ាទ្រង់នឹងធ្វើយ៉ាងនេះ ដល់ខ្មាំងសត្រូវទាំងអស់ ដែលឯងត្រូវតតាំងនឹងគេដែរ ក្រោយមក យ៉ូស្វេក៏វាយសំឡាប់ស្តេចទាំងនោះ រួចព្យួរនៅដើមឈើ៥ដើម ទាល់តែដល់ថ្ងៃល្ងាច លុះដល់ពេលថ្ងៃហៀបលិចហើយ នោះយ៉ូស្វេក៏បង្គាប់ឲ្យគេដាក់ខ្មោចទាំងនោះចុះពីដើមឈើមក យកទៅបោះចោលក្នុងរអាងដែលបានពួននោះ រួចគេដាក់ថ្មយ៉ាងធំសន្ធប់នៅមាត់រអាង នៅរហូតមកដល់ថ្ងៃនេះ។ នៅថ្ងៃនោះឯង យ៉ូស្វេក៏ចាប់យកក្រុងម៉ាកេដា ហើយកាប់សំឡាប់គេដោយមុខដាវ ព្រមទាំងស្តេចគេផង លោកបានបំផ្លាញគេ នឹងអស់អ្នកដែលនៅក្នុងក្រុងនោះអស់រលីង ឥតមានឲ្យអ្នកណាមួយនៅសល់ឡើយ លោកបានប្រព្រឹត្តនឹងស្តេចក្រុងម៉ាកេដានោះ ដូចជាបានប្រព្រឹត្តនឹងស្តេចក្រុងយេរីខូរដែរ។ រួចយ៉ូស្វេ នឹងពួកអ៊ីស្រាអែលទាំងអស់គ្នា ក៏ចេញពីក្រុងម៉ាកេដាទៅដល់លិបណា ច្បាំងនឹងក្រុងនោះ ព្រះយេហូវ៉ាទ្រង់ក៏ប្រគល់ក្រុងនោះ នឹងស្តេចគេ មកក្នុងកណ្តាប់ដៃនៃពួកអ៊ីស្រាអែលដែរ ហើយលោកកាប់គេដោយមុខដាវ គឺពួកអ្នកដែលនៅក្នុងក្រុងនោះទាំងអស់ ឥតមានឲ្យអ្នកណាមួយនៅសល់ឡើយ លោកបានប្រព្រឹត្តនឹងស្តេចក្រុងនោះ ដូចជាបានប្រព្រឹត្តនឹងស្តេចក្រុងយេរីខូរដែរ។ លំដាប់នោះ យ៉ូស្វេ នឹងពួកអ៊ីស្រាអែលទាំងអស់គ្នា ក៏ចេញពីលិបណាទៅដល់ឡាគីស បោះទ័ពទាស់នឹងក្រុងនោះ ហើយច្បាំងនឹងគេ ព្រះយេហូវ៉ាទ្រង់ក៏ប្រគល់ក្រុងឡាគីសមកក្នុងកណ្តាប់ដៃនៃពួកអ៊ីស្រាអែលដែរ ហើយលោកចាប់យកបាននៅថ្ងៃទី២ រួចកាប់គេដោយមុខដាវ គឺអស់អ្នកដែលនៅក្នុងក្រុងនោះទាំងប៉ុន្មាន តាមគ្រប់ទាំងការដែលបានធ្វើដល់ក្រុងលិបណា នោះហោរ៉ាម ជាស្តេចក្រុងកេស៊ើរ ក៏ឡើងមកជួយក្រុងឡាគីសតែយ៉ូស្វេលោកវាយស្តេចនោះ នឹងពួករាស្ត្រទ្រង់ទាំងអស់ទៅ ទាល់តែគ្មានអ្នកណាមួយនៅសល់ឡើយ។ រួចមក យ៉ូស្វេ នឹងពួកអ៊ីស្រាអែលទាំងអស់គ្នា ក៏ចេញពីក្រុងឡាគីសទៅដល់អេក្លុន បោះទ័ពទាស់នឹងក្រុងនោះ ហើយច្បាំងនឹងគេ ក៏ចាប់យកបាននៅថ្ងៃនោះឯង រួចកាប់គេដោយមុខដាវ ព្រមទាំងបំផ្លាញពួកអ្នកដែលនៅក្រុងនោះអស់រលីងក្នុងថ្ងៃនោះ ដូចជាបានធ្វើដល់ក្រុងឡាគីសដែរ។ តមក យ៉ូស្វេ នឹងពួកអ៊ីស្រាអែលទាំងអស់គ្នា ក៏ចេញពីក្រុងអេក្លុនឡើងទៅដល់ហេប្រុន ច្បាំងនឹងគេទៀត ហើយចាប់យកក្រុងនោះបាន រួចកាប់គេដោយមុខដាវ ព្រមទាំងស្តេច នឹងអស់ទាំងតំបន់គេ ហើយអស់អ្នកដែលនៅក្រុងនោះផង ឥតមានទុកឲ្យអ្នកណាមួយនៅសល់ឡើយ តាមគ្រប់ទាំងការដែលលោកបានធ្វើដល់ក្រុងអេក្លុនដែរ លោកបានបំផ្លាញក្រុងនោះ នឹងពួកអ្នកទាំងប៉ុន្មាន ដែលនៅក្នុងក្រុងអស់រលីង។ រួចយ៉ូស្វេ នឹងពួកអ៊ីស្រាអែលទាំងអស់គ្នា ក៏បត់ទៅឯក្រុងដេបៀរ ច្បាំងនឹងគេទៀត លោកចាប់យកក្រុងនោះ ព្រមទាំងស្តេចគេ នឹងតំបន់គេទាំងប៉ុន្មានបាន រួចក៏កាប់គេដោយមុខដាវ ហើយបំផ្លាញពួកអ្នកនៅក្នុងក្រុងនោះអស់រលីង ឥតមានទុកឲ្យអ្នកណាមួយនៅសល់ឡើយ លោកបានប្រព្រឹត្តនឹងក្រុងដេបៀរ ហើយនឹងស្តេចគេ ដូចជាបានប្រព្រឹត្តដល់ក្រុងហេប្រុន ហើយដូចជាបានប្រព្រឹត្តនឹងក្រុងលិបណា ព្រមទាំងស្តេចគេដែរ។ ដូច្នេះយ៉ូស្វេវាយស្រុកនោះទាំងអស់បាន គឺស្រុកភ្នំ ស្រុកត្បូង ស្រុកទំនាប ស្រុកជំរាល ព្រមទាំងស្តេចគេទាំងប៉ុន្មាន ឥតមានទុកឲ្យអ្នកណាមួយនៅសល់ឡើយ គឺបានបំផ្លាញអស់ទាំងទីក្រុង នឹងគ្រប់ទាំងអស់ដែលមានដង្ហើមឲ្យអស់រលីង ដូចជាព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែល បានបង្គាប់មក យ៉ូស្វេបានវាយគេចាប់តាំងពីកាដេស-បារនា រហូតដល់ក្រុងកាសា ព្រមទាំងស្រុកកូសែនទាំងអស់ រហូតដល់គីបៀនដែរ លោកបានចាប់យកស្តេចទាំងប៉ុន្មាន នឹងស្រុករបស់គេក្នុង១គ្រាចំបាំងនោះ ដ្បិតព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែលទ្រង់បានច្បាំងជំនួសអ៊ីស្រាអែល រួចយ៉ូស្វេ នឹងពួកអ៊ីស្រាអែលទាំងអស់គ្នា ក៏ត្រឡប់វិលមកដល់ទីដំឡើងត្រសាលនៅគីលកាលវិញ។