យ៉ូស្វេ 10
10
ព្រះអាទិត្យឈប់ស្ងៀម
1កាលព្រះបាទអ័ដូនី-សេដិកជាស្តេចក្រុងយេរូសាឡិមបានឮថា លោកយ៉ូស្វេបានវាយយកក្រុងអៃយ ព្រមទាំងបំផ្លាញអស់គ្មានសល់ ដោយប្រព្រឹត្តចំពោះក្រុងអៃយ និងស្តេចរបស់គេ ដូចលោកបានប្រព្រឹត្តចំពោះក្រុងយេរីខូរ និងស្តេចរបស់គេដែរ ហើយថា អ្នកក្រុងគីបៀនបានចងស្ពានមេត្រីជាមួយពួកអ៊ីស្រាអែល ក៏នៅក្នុងចំណោមពួកគេ 2ស្ដេច ភ័យខ្លាចជាខ្លាំង ដ្បិតក្រុងគីបៀនជាក្រុងមួយធំ ដូចជារាជធានីមួយ ក៏ធំជាងក្រុងអៃយទៅទៀត ហើយមនុស្សនៅក្រុងនោះ សុទ្ធតែខ្លាំងពូកែទៀតផង។ 3ដូច្នេះ ព្រះបាទអ័ដូនី-សេដិកជាស្តេចក្រុងយេរូសាឡិម ក៏ផ្ញើសារទៅព្រះបាទហូហាំជាស្តេចក្រុងហេប្រុន និងព្រះបាទពារ៉ាមជាស្តេចក្រុងយ៉ារមុត ព្រះបាទយ៉ាភាជាស្តេចក្រុងឡាគីស ហើយព្រះបាទដេបៀរ ជាស្តេចក្រុងអេក្លុនថា៖ 4«សូមឡើងមកជួយទូលបង្គំផង ហើយសូមយើងនាំគ្នាវាយក្រុងគីបៀន ដ្បិតគេបានចងស្ពានមេត្រីជាមួយលោកយ៉ូស្វេ និងជាមួយប្រជាជនអ៊ីស្រាអែលហើយ»។ 5ពេលនោះ ស្តេចសាសន៍អាម៉ូរីទាំងប្រាំអង្គ គឺស្តេចក្រុងយេរូសាឡិម ស្តេចក្រុងហេប្រុន ស្តេចក្រុងយ៉ារមុត ស្តេចក្រុងឡាគីស និងស្តេចក្រុងអេក្លុន បានប្រមូលកម្លាំងទ័ពរបស់ខ្លួនទាំងអស់ ឡើងទៅបោះទ័ពទាស់នឹងក្រុងគីបៀន ហើយច្បាំងនឹងក្រុងនោះ។
6អ្នកក្រុងគីបៀនក៏ចាត់គេឲ្យមកជួបលោកយ៉ូស្វេនៅជំរំគីលកាល ជម្រាបថា៖ «សូមកុំបោះបង់អ្នកបម្រើរបស់លោកឡើយ សូមឡើងមកជាប្រញាប់ ហើយជួយសង្គ្រោះយើងខ្ញុំផង ដ្បិតពួកសាសន៍អាម៉ូរីទាំងអស់ដែលនៅស្រុកភ្នំ បានប្រមូលគ្នាទាស់នឹងយើងខ្ញុំហើយ»។ 7ដូច្នេះ លោកយ៉ូស្វេក៏ចេញពីគីលកាលឡើងទៅ មានទាំងពួកអ្នកថ្នឹកច្បាំង និងពួកអ្នកខ្លាំងពូកែដ៏អង់អាច ទៅជាមួយផង។ 8ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកយ៉ូស្វេថា៖ «កុំឲ្យខ្លាចគេឡើយ ដ្បិតយើងបានប្រគល់ពួកគេមកក្នុងកណ្ដាប់ដៃរបស់អ្នកហើយ ក្នុងចំណោមពួកគេ គ្មានអ្នកណាម្នាក់អាចឈរនៅមុខអ្នកបានឡើយ»។ 9លោកយ៉ូស្វេធ្វើដំណើរពេញមួយយប់ ចេញពីគីលកាល ហើយវាយប្រហារពួកគេភ្លាមក្នុងពេលដែលគេមិនដឹងខ្លួន។ 10ព្រះយេហូវ៉ាបំបាក់ទ័ពរបស់ពួកគេនៅមុខពួកអ៊ីស្រាអែល ហើយអ៊ីស្រាអែលបានវាយគេនៅជិតក្រុងគីបៀន ដោយប្រហារជីវិតយ៉ាងសម្បើម ក៏ដេញតាមផ្លូវឡើងទៅឯបេត-ហូរ៉ុន ព្រមទាំងវាយគេរហូតទៅដល់អាសេកា និងម៉ាកេដា។ 11ពេលពួកគេរត់ពីមុខសាសន៍អ៊ីស្រាអែល នៅត្រង់ផ្លូវដែលចុះពីបេត-ហូរ៉ុនទៅ ព្រះយេហូវ៉ាក៏ទម្លាក់គ្រាប់ព្រឹលធំៗពីលើមេឃមកលើគេ រហូតដល់អាសេកា ឲ្យគេត្រូវស្លាប់។ ពួកអ្នកដែលស្លាប់ដោយសារគ្រាប់ព្រឹល មានចំនួនច្រើនជាងអស់អ្នកដែលពួកកូនចៅអ៊ីស្រាអែលបានសម្លាប់ដោយដាវទៅទៀត។
12នៅថ្ងៃដែលព្រះយេហូវ៉ាបានប្រគល់ពួកសាសន៍អាម៉ូរីមកក្នុងកណ្ដាប់ដៃពួកកូនចៅអ៊ីស្រាអែល លោកយ៉ូស្វេទូលព្រះយេហូវ៉ានៅមុខពួកកូនចៅអ៊ីស្រាអែលថា៖ «ព្រះអាទិត្យអើយ ចូរឈប់ស្ងៀមនៅលើក្រុងគីបៀនទៅ ហើយព្រះច័ន្ទក៏ដែរ ចូរឈប់ស្ងៀមនៅលើជ្រលងភ្នំអាយ៉ាឡូនទៅ»។ 13ពេលនោះ ព្រះអាទិត្យក៏ឈប់ស្ងៀម ហើយព្រះច័ន្ទក៏នៅស្ងៀមដែរ រហូតទាល់តែពួកអ៊ីស្រាអែលបានសងសឹកនឹងខ្មាំងសត្រូវរបស់គេ។ តើហេតុការណ៍នេះមិនបានកត់ទុកក្នុងសៀវភៅរបស់យ៉ាស៊ើរទេឬ? គឺព្រះអាទិត្យឈប់ស្ងៀមនៅកណ្ដាលមេឃ ហើយមិនបានប្រញាប់ប្រញាល់នឹងលិច អស់រយៈពេលប្រមាណមួយថ្ងៃពេញ។ 14ទោះពីមុនមក ឬក្រោយមកទៀត មិនដែលមានថ្ងៃណាដូចថ្ងៃនោះឡើយ ដែលព្រះយេហូវ៉ាស្តាប់តាមសំឡេងរបស់មនុស្សម្នាក់ ដ្បិតព្រះយេហូវ៉ាច្បាំងជំនួសសាសន៍អ៊ីស្រាអែល។
15បន្ទាប់មក លោកយ៉ូស្វេ និងពួកអ៊ីស្រាអែលទាំងអស់ដែលនៅជាមួយលោក ក៏វិលត្រឡប់មកជំរំនៅគីលកាលវិញ។
ស្តេចសាសន៍អាម៉ូរីប្រាំអង្គត្រូវបរាជ័យ
16ស្តេចទាំងប្រាំអង្គបានរត់ទៅពួនក្នុងរូងថ្មនៅម៉ាកេដា 17ហើយមានគេមកជម្រាបលោកយ៉ូស្វេថា៖ «គេឃើញស្តេចទាំងប្រាំអង្គនោះពួននៅក្នុងរូងថ្មនៅម៉ាកេដា»។ 18លោកយ៉ូស្វេមានប្រសាសន៍ថា៖ «ចូរប្រមៀលថ្មយ៉ាងធំៗសន្ធប់មាត់រូង ហើយដាក់មនុស្សឲ្យចាំយាមទៅទីនោះផង 19តែឯអ្នករាល់គ្នាវិញ កុំនៅទីនោះ ត្រូវដេញតាមខ្មាំងសត្រូវទៅ ត្រូវវាយទ័ពជួរក្រោយរបស់គេ កុំឲ្យគេចូលទៅក្នុងក្រុងរបស់គេបានឡើយ ដ្បិតព្រះយេហូវ៉ាជាព្រះរបស់អ្នក បានប្រគល់គេមកក្នុងកណ្ដាប់ដៃរបស់អ្នកហើយ» 20កាលលោកយ៉ូស្វេ និងពួកកូនចៅអ៊ីស្រាអែល បានសម្លាប់គេ ដោយការប្រហារជីវិតយ៉ាងសម្បើម រហូតទាល់តែគេវិនាសអស់ ហើយកាលពួកអ្នកនៅសេសសល់ បានចូលទៅក្នុងទីក្រុងមានកំផែងការពាររួចហើយ 21ពេលនោះ ប្រជាជនទាំងអស់ក៏ត្រឡប់វិលមកជួបលោកយ៉ូស្វេវិញ នៅជំរំម៉ាកេដាដោយសុខសាន្ត គ្មានអ្នកណាហ៊ានហើបមាត់ទាស់នឹងពួកកូនចៅអ៊ីស្រាអែលណាម្នាក់ឡើយ។
22បន្ទាប់មក លោកយ៉ូស្វេមានប្រសាសន៍ថា៖ «ចូរបើកមាត់រូង ហើយនាំស្តេចទាំងប្រាំនោះពីក្នុងរូងមកជួបខ្ញុំ»។ 23គេក៏បើកមាត់រូង នាំស្តេចទាំងប្រាំអង្គនោះចេញមកជួបលោក គឺស្តេចក្រុងយេរូសាឡិម ស្តេចក្រុងហេប្រុន ស្តេចក្រុងយ៉ារមុត ស្តេចក្រុងឡាគីស និងស្តេចក្រុងអេក្លុន។ 24កាលគេបាននាំស្តេចទាំងនោះចេញជួបលោកយ៉ូស្វេហើយ លោកយ៉ូស្វេក៏ហៅពួកអ៊ីស្រាអែលទាំងអស់គ្នាមក ហើយមានប្រសាសន៍ទៅកាន់ពួកមេទ័ព ដែលបានរួមប្រយុទ្ធជាមួយលោកថា៖ «ចូលឲ្យជិតមក៍ ហើយយកជើងជាន់កស្តេចទាំងនេះទៅ»។ ដូច្នេះ គេក៏ចូលមក ហើយជាន់កស្តេចទាំងនោះ។ 25លោកយ៉ូស្វេមានប្រសាសន៍ទៅពួកគេថា៖ «មិនត្រូវភ័យខ្លាច ឬស្រយុតចិត្តឡើយ ត្រូវមានកម្លាំង និងចិត្តក្លាហានឡើង ដ្បិតព្រះយេហូវ៉ានឹងធ្វើបែបនេះចំពោះខ្មាំងសត្រូវទាំងអស់ ដែលអ្នកត្រូវតតាំងនឹងគេ» 26ក្រោយមក លោកយ៉ូស្វេក៏ប្រហារជីវិតស្តេចទាំងនោះ រួចព្យួរនៅដើមឈើប្រាំដើម រហូតដល់ល្ងាច។ 27លុះពេលថ្ងៃហៀបនឹងលិច លោកយ៉ូស្វេក៏បង្គាប់ឲ្យគេដាក់សាកសពទាំងនោះចុះពីដើមឈើ យកទៅបោះចោលក្នុងរូងដែលស្ដេចទាំងនោះបានពួន រួចគេដាក់ថ្មធំៗសន្ធប់មាត់រូង ហើយផ្ទាំងថ្មទាំងនោះនៅរហូតមកដល់ថ្ងៃ។
28នៅថ្ងៃនោះ លោកយ៉ូស្វេចាប់យកក្រុងម៉ាកេដា ហើយប្រហារអ្នកក្រុងនោះដោយមុខដាវ រួមទាំងស្តេចរបស់គេផង។ លោកបានបំផ្លាញមនុស្សទាំងអស់នៅក្នុងក្រុងនោះ គ្មានសល់អ្នកណាម្នាក់ឡើយ។ លោកបានប្រព្រឹត្តចំពោះស្តេចក្រុងម៉ាកេដា ដូចលោកបានប្រព្រឹត្តចំពោះស្តេចក្រុងយេរីខូរដែរ។
29បន្ទាប់មក លោកយ៉ូស្វេ និងពួកអ៊ីស្រាអែលទាំងអស់ ក៏ចេញពីក្រុងម៉ាកេដា ទៅក្រុងលិបណា ហើយច្បាំងនឹងក្រុងនោះ។ 30ព្រះយេហូវ៉ាក៏បានប្រគល់ក្រុងនោះ និងស្តេចរបស់គេ មកក្នុងកណ្ដាប់ដៃរបស់ពួកអ៊ីស្រាអែល ហើយលោកប្រហារពួកគេដោយមុខដាវ គឺមនុស្សទាំងប៉ុន្មាននៅក្នុងក្រុងនោះ គ្មានសល់អ្នកណាម្នាក់ឡើយ។ លោកបានប្រព្រឹត្តចំពោះស្តេចក្រុងនោះ ដូចលោកបានប្រព្រឹត្តចំពោះស្តេចក្រុងយេរីខូរដែរ។
31បន្ទាប់មក លោកយ៉ូស្វេ និងពួកអ៊ីស្រាអែលទាំងអស់ ក៏ចេញពីក្រុងលិបណា ទៅក្រុងឡាគីស ហើយបោះទ័ពឡោមព័ទ្ធ រួចវាយប្រហារក្រុងនោះ។ 32ព្រះយេហូវ៉ាក៏បានប្រគល់ក្រុងឡាគីស មកក្នុងកណ្ដាប់ដៃរបស់ពួកអ៊ីស្រាអែល ហើយលោកចាប់យកបាននៅថ្ងៃទីពីរ រួចប្រហារពួកគេដោយមុខដាវ គឺមនុស្សទាំងប៉ុន្មាននៅក្នុងក្រុងនោះ ដូចលោកបានប្រព្រឹត្តចំពោះក្រុងលិបណាដែរ។
33ពេលនោះ ព្រះបាទហោរាមជាស្តេចក្រុងកេស៊ើរ ក៏ឡើងមកជួយក្រុងឡាគីស តែលោកយ៉ូស្វេលោកវាយប្រហារស្តេចនោះ និងប្រជារាស្ត្ររបស់ស្ដេច រហូតទាល់តែគ្មានសល់អ្នកណាម្នាក់ឡើយ។
34បន្ទាប់មកទៀត លោកយ៉ូស្វេ និងពួកអ៊ីស្រាអែលទាំងអស់ក៏ចេញពីក្រុងឡាគីសទៅក្រុងអេក្លុន បោះទ័ពឡោមព័ទ្ធ រួចវាយប្រហារក្រុងនោះ។ 35ពួកគេចាប់យកបានក្រុងនោះនៅថ្ងៃនោះឯង រួចវាយប្រហារពួកគេដោយមុខដាវ។ នៅថ្ងៃនោះ លោកបំផ្លាញមនុស្សទាំងប៉ុន្មាននៅក្នុងក្រុងនោះអស់រលីងគ្មានសល់ ដូចលោកបានប្រព្រឹត្តចំពោះក្រុងឡាគីសដែរ។
36បន្ទាប់មក លោកយ៉ូស្វេ និងពួកអ៊ីស្រាអែលទាំងអស់ក៏ចេញពីក្រុងអេក្លុន ឡើងទៅក្រុងហេប្រុន ហើយវាយប្រហារក្រុងនោះ 37គេចាប់យកបានក្រុងនោះ រួចវាយប្រហារដោយមុខដាវ គឺស្តេចក្រុងនានានៅជុំវិញ ព្រមទាំងមនុស្សទាំងប៉ុន្មាននៅក្រុងនោះ គ្មានសល់អ្នកណាម្នាក់ឡើយ ដូចលោកបានប្រព្រឹត្តចំពោះក្រុងអេក្លុនដែរ លោកបានបំផ្លាញក្រុងនោះ និងមនុស្សទាំងប៉ុន្មានដែលនៅក្នុងក្រុងអស់រលីងគ្មានសល់។
38បន្ទាប់មក លោកយ៉ូស្វេ និងពួកអ៊ីស្រាអែលទាំងអស់ ក៏ងាកទៅរកក្រុងដេបៀរ ហើយវាយប្រហារក្រុងនោះ 39លោកចាប់យកក្រុងនោះ ស្តេចរបស់គេ ព្រមទាំងក្រុងរបស់គេទាំងប៉ុន្មានដែលនៅជុំវិញ រួចប្រហារពួកគេដោយមុខដាវ ហើយបំផ្លាញមនុស្សទាំងប៉ុន្មាននៅក្នុងក្រុងនោះ គ្មានសល់អ្នកណាម្នាក់ឡើយ។ លោកបានប្រព្រឹត្តចំពោះក្រុងដេបៀរ និងស្តេចរបស់គេ ដូចលោកបានប្រព្រឹត្តចំពោះក្រុងហេប្រុន និងចំពោះក្រុងលិបណា ព្រមទាំងស្តេចរបស់គេដែរ។
40ដូច្នេះ លោកយ៉ូស្វេវាយប្រហារស្រុកនោះទាំងមូល គឺស្រុកភ្នំ តំបន់ណេកិប តំបន់វាលទំនាប តំបន់ជម្រាលភ្នំ ព្រមទាំងស្តេចរបស់គេទាំងអស់។ លោកមិនទុកឲ្យអ្នកណាម្នាក់នៅសល់ឡើយ គឺបានបំផ្លាញអស់ទាំងទីក្រុង និងគ្រប់ទាំងអស់ដែលមានដង្ហើម អស់រលីងគ្មានសល់ ដូចព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែលបានបង្គាប់។ 41លោកយ៉ូស្វេបានវាយប្រហារគេ ចាប់តាំងពីកាដេស-បារនា រហូតដល់ក្រុងកាសា ព្រមទាំងស្រុកកូសែនទាំងមូល រហូតដល់ក្រុងគីបៀន។ 42លោកយ៉ូស្វេបានចាប់យកស្តេចទាំងប៉ុន្មាន និងស្រុករបស់គេក្នុងគ្រាតែមួយ ព្រោះព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ព្រះអង្គប្រយុទ្ធជំនួសអ៊ីស្រាអែល។ 43បន្ទាប់មក លោកយ៉ូស្វេ និងពួកអ៊ីស្រាអែលទាំងអស់ ក៏ត្រឡប់វិលមកជំរំនៅគីលកាលវិញ។
ទើបបានជ្រើសរើសហើយ៖
យ៉ូស្វេ 10: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies