យ៉ូស្វេ 11
11
ពួកស្ដេចស្រុកកាណានភាគខាងជើងត្រូវបរាជ័យ
1កាលព្រះបាទយ៉ាប៊ីនជាស្តេចក្រុងហាសោរបានឮពីហេតុការណ៍ទាំងនេះ ស្ដេចក៏ផ្ញើសារទៅព្រះបាទយ៉ូបាប់ជាស្តេចក្រុងម៉ាដូន ទៅស្តេចក្រុងស៊ីមរ៉ុន និងទៅស្តេចក្រុងអាកសាប 2ព្រមទាំងទៅកាន់ពួកស្តេចនៅស្រុកភ្នំភាគខាងជើង នៅតំបន់អារ៉ាបា ខាងត្បូងគីណារ៉ូត នៅតំបន់វាលទំនាប និងនៅតំបន់ឌ័រដែលនៅខាងលិច 3ទៅសាសន៍កាណាន ដែលនៅខាងកើត ខាងលិច និងសាសន៍អាម៉ូរី សាសន៍ហេត សាសន៍ពេរិស៊ីត សាសន៍យេប៊ូសដែលនៅស្រុកភ្នំ និងសាសន៍ហេវីនៅស្រុកមីសប៉ា នៅតំបន់ជើងភ្នំហ៊ើរម៉ូន។ 4ស្ដេចទាំងនោះនាំពលទ័ពទាំងប៉ុន្មានរបស់ខ្លួនចេញមក មានគ្នាសន្ធឹកដូចគ្រាប់ខ្សាច់នៅមាត់សមុទ្រ មានទាំងសេះ និងរទេះចម្បាំងយ៉ាងច្រើនអនេក។ 5ស្តេចទាំងនោះបានប្រមូលផ្ដុំកម្លាំង ហើយមកបោះទ័ពនៅត្រង់ជ្រោះមេរ៉ុម ដើម្បីច្បាំងនឹងសាសន៍អ៊ីស្រាអែល។
6ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកយ៉ូស្វេថា៖ «កុំឲ្យភ័យខ្លាច ដោយព្រោះគេឡើយ ដ្បិតថ្ងៃស្អែក វេលាថ្មើរណេះ យើងនឹងប្រគល់គេទាំងអស់មកឲ្យស្លាប់ នៅមុខអ៊ីស្រាអែល។ អ្នកត្រូវកាប់សរសៃកជើងសេះរបស់គេ ហើយយកភ្លើងដុតរទេះចម្បាំងរបស់គេចោលទៅ»។ 7ដូច្នេះ លោកយ៉ូស្វេ និងពួកអ្នកច្បាំងទាំងប៉ុន្មានក៏ឡើងទៅទាស់នឹងគេ នៅត្រង់ជ្រោះមេរ៉ុម ហើយសង្គ្រប់គេមិនឲ្យដឹងខ្លួន។ 8ព្រះយេហូវ៉ាបានប្រគល់គេមកក្នុងកណ្ដាប់ដៃរបស់ពួកអ៊ីស្រាអែល ពួកអ៊ីស្រាអែលវាយប្រហារគេ ហើយដេញតាមរហូតទៅដល់ក្រុងស៊ីដូន ជាទីក្រុងដ៏ធំ និងដល់ក្រុងមីសរិផូត-ម៉ែម និងដល់ជ្រលងភ្នំមីសប៉ា ដែលនៅខាងកើត គឺវាយប្រហារគេរហូតទាល់តែគ្មានសល់អ្នកណាម្នាក់ឡើយ។ 9លោកយ៉ូស្វេបានប្រព្រឹត្តចំពោះគេ ដូចព្រះយេហូវ៉ាបានបង្គាប់លោក។ លោកបានកាប់សរសៃកជើងសេះ ហើយយកភ្លើងដុតរទេះចម្បាំងរបស់គេចោល។
10ពេលនោះ លោកយ៉ូស្វេវិលត្រឡប់មកវិញ ហើយចាប់យកក្រុងហាសោរ ហើយកាប់ស្តេចរបស់ក្រុងនោះដោយដាវ ឯក្រុងហាសោរនេះ ពីដើមជារាជធានីនៃនគរទាំងនោះ។ 11ពួកអ៊ីស្រាអែលប្រហារអស់អ្នកដែលនៅក្នុងក្រុងនោះដោយមុខដាវ ហើយបំផ្លាញគេទាំងស្រុង ឥតមានទុកអ្វីៗដែលមានដង្ហើមឲ្យនៅសល់ឡើយ ហើយក៏បានយកភ្លើងដុតទីក្រុងហាសោរនោះចោលដែរ។ 12ឯទីក្រុងទាំងអស់របស់ស្តេចទាំងនោះ និងស្តេចទាំងប៉ុន្មានរបស់គេ លោកយ៉ូស្វេចាប់យកបានទាំងអស់ ហើយលោកប្រហារគេដោយមុខដាវ ដោយបំផ្លាញគេទាំងស្រុង ដូចលោកម៉ូសេជាអ្នកបម្រើរបស់ព្រះយេហូវ៉ាបានបង្គាប់។ 13ប៉ុន្ដែ ទីក្រុងទាំងប៉ុន្មានដែលនៅលើតំបន់ខ្ពង់រាប ពួកអ៊ីស្រាអែលមិនបានដុតទេ លើកតែក្រុងហាសោរមួយប៉ុណ្ណោះ ដែលលោកយ៉ូស្វេបានដុតចោល។ 14ពួកកូនចៅអ៊ីស្រាអែលបានរឹបអូសយកអ្វីៗទាំងអស់ ដែលនៅក្នុងក្រុងទាំងនោះ និងហ្វូងសត្វ ទុកជាជ័យភណ្ឌសម្រាប់ខ្លួនគេ តែឯមនុស្សទាំងប៉ុន្មាន ពួកគេបានប្រហារដោយមុខដាវវិញ រហូតទាល់តែបានបំផ្លាញអស់ ឥតមានទុកអ្វីៗដែលមានដង្ហើមឲ្យនៅសល់ឡើយ។ 15ឯសេចក្ដីដែលព្រះយេហូវ៉ាបានបង្គាប់មកលោកម៉ូសេ ជាអ្នកបម្រើរបស់ព្រះអង្គយ៉ាងណា លោកម៉ូសេក៏បង្គាប់ដល់លោកយ៉ូស្វេយ៉ាងនោះ ហើយលោកយ៉ូស្វេក៏ធ្វើតាមដូច្នោះដែរ គឺមិនបានរំលងចោលអ្វីមួយក្នុងចំណោមសេចក្ដីទាំងប៉ុន្មាន ដែលព្រះយេហូវ៉ាបានបង្គាប់មកលោកម៉ូសេឡើយ។
សង្ខេបអំពីជ័យជម្នះរបស់លោកយ៉ូស្វេ
16ដូច្នេះ លោកយ៉ូស្វេបានចាប់យកស្រុកនោះទាំងអស់ គឺស្រុកភ្នំ តំបន់ណេកិបទាំងអស់ ស្រុកកូសែនទាំងអស់ តំបន់វាលទំនាប តំបន់អារ៉ាបា និងស្រុកភ្នំរបស់អ៊ីស្រាអែល និងវាលទំនាបនៃតំបន់នោះ 17ចាប់តាំងពីភ្នំហាឡាក ត្រង់កន្លែងដែលឡើងទៅភ្នំសៀរ រហូតដល់ក្រុងបាល-កាដ ដែលនៅក្នុងជ្រលងភ្នំល្បាណូន ត្រង់ជើងភ្នំហ៊ើរម៉ូន។ លោកចាប់បានស្តេចគេទាំងអស់ ហើយវាយសម្លាប់ស្ដេចទាំងនោះចោល។ 18លោកយ៉ូស្វេធ្វើសង្គ្រាមជាមួយស្តេចទាំងនោះអស់រយៈពេលយ៉ាងយូរ។ 19គ្មានទីក្រុងណាមួយបានចងស្ពានមេត្រីជាមួយប្រជាជនអ៊ីស្រាអែលឡើយ លើកលែងតែសាសន៍ហេវីដែលរស់នៅក្រុងគីបៀនប៉ុណ្ណោះ។ ក្រៅពីនោះ ប្រជាជនអ៊ីស្រាអែលយកបានដោយច្បាំង។ 20ដ្បិតព្រះយេហូវ៉ាបានបណ្ដាលចិត្តគេឲ្យរឹងទទឹង ដើម្បីឲ្យគេចេញមកច្បាំងនឹងពួកអ៊ីស្រាអែល ប្រយោជន៍ឲ្យព្រះអង្គបានបំផ្លាញគេទាំងអស់ ឥតត្រាប្រណីឡើយ គឺឲ្យលោកបានបំផ្លាញគេ ដូចព្រះយេហូវ៉ាបានបង្គាប់មកលោកម៉ូសេ។
21នៅគ្រានោះ លោកយ៉ូស្វេក៏ទៅវាយសាសន៍អ័ណាក់ ឲ្យសូន្យបាត់ពីស្រុកភ្នំ ពីក្រុងហេប្រុន ក្រុងដេបៀរ ក្រុងអាណាប ពីស្រុកភ្នំរបស់យូដា និងស្រុកភ្នំរបស់អ៊ីស្រាអែលទាំងអស់ គឺលោកបានបំផ្លាញគេ និងទីក្រុងរបស់គេទាំងស្រុង។ 22ពួកសាសន៍អ័ណាក់គ្មានណាមួយនៅសល់ក្នុងស្រុករបស់ពួកកូនចៅអ៊ីស្រាអែលឡើយ សល់នៅតែក្នុងក្រុងកាសា ក្រុងកាថ និងក្រុងអាសដូឌប៉ុណ្ណោះ។ 23ដូច្នេះ លោកយ៉ូស្វេបានចាប់យកស្រុកទាំងអស់ តាមគ្រប់ទាំងសេចក្ដីដែលព្រះយេហូវ៉ាបានបង្គាប់មកលោកម៉ូសេ រួចលោកចែកស្រុកទាំងនោះជាមត៌ក ដល់សាសន៍អ៊ីស្រាអែល តាមកុលសម្ព័ន្ធរបស់គេរៀងខ្លួន ហើយស្រុកនោះក៏បានស្រាកស្រាន្តពីចម្បាំង។
ទើបបានជ្រើសរើសហើយ៖
យ៉ូស្វេ 11: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies