យ៉ូស្វេ 12
12
ពួកស្តេចដែលបរាជ័យកាលលោកម៉ូសេដឹកនាំ
1រីឯពួកស្តេចទាំងប៉ុន្មាននៅស្រុកនោះ ដែលប្រជាជនអ៊ីស្រាអែលបានវាយ ហើយចាប់យកស្រុករបស់គេ នៅត្រើយនាយទន្លេយ័រដាន់ទិសខាងកើត ចាប់តាំងពីស្ទឹងអើណូនរហូតដល់ភ្នំហ៊ើរម៉ូន និងតំបន់អារ៉ាបាទាំងអស់នៅខាងកើតនោះ 2គឺស៊ីហុន ជាស្តេចសាសន៍អាម៉ូរីនៅក្រុងហែសបូន ដែលសោយរាជ្យលើស្រុកកាឡាដមួយចំហៀង ចាប់តាំងពីក្រុងអារ៉ូអ៊ើរ នៅក្បែរមាត់ស្ទឹងអើណូន គឺពីកណ្ដាលស្ទឹងនោះ រហូតដល់ស្ទឹងយ៉ាបុក ជាព្រំប្រទល់ស្រុកពួកកូនចៅអាំម៉ូន 3និងតំបន់អារ៉ាបារហូតដល់សមុទ្រគេនេសារ៉ែតខាងកើត ហើយបន្តទៅទិសខាងកើតរហូតដល់សមុទ្រអារ៉ាបា គឺសមុទ្រអំបិល តាមផ្លូវទៅឯបេត-យេស៊ីម៉ូត ហើយនៅខាងត្បូងនោះត្រង់ជើងភ្នំពីសកា 4និងអុក ជាស្តេចស្រុកបាសាន ជាម្នាក់ក្នុងពួកដែលសល់ពីសាសន៍រេផែម នៅក្រុងអាសថារ៉ូត និងក្រុងអេទ្រី 5ដែលសោយរាជ្យលើស្រុកភ្នំហ៊ើរម៉ូន និងក្រុងសាលកា ហើយនៅស្រុកបាសានទាំងមូល រហូតដល់ព្រំប្រទល់ស្រុករបស់សាសន៍កេស៊ូរី និងសាសន៍ម៉ាកាធី ហើយលើស្រុកកាឡាដមួយចំហៀងដែរ ទល់នឹងព្រំប្រទល់ស្រុករបស់ស៊ីហុន ជាស្តេចក្រុងហែសបូន 6គឺលោកម៉ូសេជាអ្នកបម្រើរបស់ព្រះយេហូវ៉ា និងពួកកូនចៅអ៊ីស្រាអែល បានវាយយកស្រុកទាំងនោះ ហើយលោកក៏ចែកស្រុកទាំងនោះដល់ពួករូបេន ពួកកាដ និងកុលសម្ព័ន្ធម៉ាណាសេមួយចំហៀង ទុកជាកេរអាកររបស់គេ។
ពួកស្តេចដែលបរាជ័យកាលលោកយ៉ូស្វេដឹកនាំ
7ពួកស្តេចទាំងប៉ុន្មាននៅក្នុងស្រុកដែលលោកយ៉ូស្វេ និងប្រជាជនអ៊ីស្រាអែលបានវាយ ចាប់យកនៅត្រើយទន្លេយ័រដាន់ខាងលិច ចាប់តាំងពីក្រុងបាល-កាដ នៅជ្រលងភ្នំល្បាណូន រហូតដល់ភ្នំហាឡាក ត្រង់កន្លែងឡើងទៅឯភ្នំសៀរ (ស្រុកនោះលោកយ៉ូស្វេក៏ចែកដល់កុលសម្ព័ន្ធសាសន៍អ៊ីស្រាអែល ទុកជាកេរអាករ តាមចំណែករបស់គេ 8គឺស្រុកភ្នំ តំបន់វាលទំនាប តំបន់អារ៉ាបា តំបន់ជម្រាល ទីរហោស្ថាន និងតំបន់ណេកិប ជាស្រុករបស់សាសន៍ហេត សាសន៍អាម៉ូរី សាសន៍កាណាន សាសន៍ពេរិស៊ីត សាសន៍ហេវី និងសាសន៍យេប៊ូស) 9គឺស្តេចក្រុងយេរីខូរមួយ ស្តេចក្រុងអៃយដែលនៅជិតបេត-អែលមួយ 10ស្តេចក្រុងយេរូសាឡិមមួយ ស្តេចក្រុងហេប្រុនមួយ 11ស្តេចក្រុងយ៉ារមុតមួយ ស្តេចក្រុងឡាគីសមួយ 12ស្តេចក្រុងអេក្លុនមួយ ស្តេចក្រុងកេស៊ើរមួយ 13ស្តេចក្រុងដេបៀរមួយ ស្តេចក្រុងកេឌើរមួយ 14ស្តេចក្រុងហោម៉ាមួយ ស្តេចក្រុងអើរ៉ាតមួយ 15ស្តេចក្រុងលិបណាមួយ ស្តេចក្រុងអាឌូឡាមមួយ 16ស្តេចក្រុងម៉ាកេដាមួយ ស្តេចក្រុងបេត-អែលមួយ 17ស្តេចក្រុងតាពួរមួយ ស្តេចក្រុងហេភើរមួយ 18ស្តេចក្រុងអាផែកមួយ ស្តេចក្រុងឡាសារ៉ុនមួយ 19ស្តេចក្រុងម៉ាដូនមួយ ស្តេចក្រុងហាសោរមួយ 20ស្តេចក្រុងស៊ីមរ៉ុន-មេរ៉ុនមួយ ស្តេចក្រុងអាកសាបមួយ 21ស្តេចក្រុងតាអាណាកមួយ ស្តេចក្រុងមេគីដោមួយ 22ស្តេចក្រុងកេដេសមួយ ស្តេចក្រុងយ៉ុកនាមនៅស្រុកកើមែលមួយ 23ស្តេចក្រុងដោរនៅខ្ពង់រាបដោរមួយ ស្តេចក្រុងកូយីមនៅគីលកាល មួយ 24និងស្តេចក្រុងធើសាមួយ រួមទាំងអស់មានស្តេចសាមសិបមួយអង្គ។
ទើបបានជ្រើសរើសហើយ៖
យ៉ូស្វេ 12: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies