យ៉ូស្វេ 13
13
ផ្នែកខ្លះទៀតនៃទឹកដីកាណានដែលត្រូវវាយយកបន្តទៀត
1នៅគ្រានោះ លោកយ៉ូស្វេមានវ័យចាស់ជរាណាស់ហើយ ហើយព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកថា៖ «អ្នកមានវ័យចាស់ជរាណាស់ហើយ ហើយនៅសល់ស្រុកច្រើនណាស់ដែលត្រូវចាប់យក។ 2នេះជាស្រុកដែលនៅសល់ គឺស្រុកទាំងប៉ុន្មានរបស់សាសន៍ភីលីស្ទីន និងស្រុកទាំងប៉ុន្មានរបស់សាសន៍កេស៊ូរី 3(ចាប់តាំងពីស្ទឹងស៊ីហោ ដែលជាព្រំប្រទល់ស្រុកអេស៊ីព្ទ រហូតដល់ព្រំប្រទល់ក្រុងអេក្រុននៅខាងជើង ដែលរាប់ជាស្រុករបស់សាសន៍កាណាន មានមេដឹកនាំសាសន៍ភីលីស្ទីនប្រាំនាក់ជាអ្នកត្រួតត្រា គឺក្រុងកាសា ក្រុងអាសដូឌ ក្រុងអាសកាឡូន ក្រុងកាថ និងក្រុងអេក្រុន) ហើយស្រុករបស់សាសន៍អាវីមនៅខាងត្បូង 4ស្រុកទាំងប៉ុន្មានរបស់សាសន៍កាណាន និងស្រុកមារ៉ា ដែលជាកម្មសិទ្ធិរបស់ពួកសាសន៍ស៊ីដូន រហូតដល់ក្រុងអាផែក និងដល់ព្រំប្រទល់ស្រុករបស់សាសន៍អាម៉ូរី 5ស្រុករបស់ពួកកេបាល និងស្រុកល្បាណូនទាំងមូល ដែលនៅទិសខាងកើត ចាប់តាំងពីបាល-កាដ នៅជើងភ្នំហ៊ើរម៉ូន រហូតដល់ទ្វារចូលស្រុកហាម៉ាត 6ស្រុកទាំងប៉ុន្មានរបស់ពួកអ្នកស្រុក ដែលនៅស្រុកភ្នំ ចាប់តាំងពីភ្នំល្បាណូន រហូតដល់ក្រុងមីសរិផូត-ម៉ែម គឺជាស្រុករបស់ពួកសាសន៍ស៊ីដូនទាំងអស់។ យើងនឹងបណ្ដេញសាសន៍ទាំងនោះចេញពីមុខប្រជាជនអ៊ីស្រាអែល ចូរគ្រាន់តែបែងចែកស្រុកទាំងនោះ ដល់ពួកអ៊ីស្រាអែលទុកជាមត៌ក ដូចយើងបានបង្គាប់អ្នកចុះ។ 7ដូច្នេះ ចូរបែងចែកស្រុកនេះដល់កុលសម្ព័ន្ធទាំងប្រាំបួន និងកុលសម្ព័ន្ធម៉ាណាសេមួយចំហៀង ទុកជាមត៌កទៅ»។
ទឹកដីនៅខាងកើតទន្លេយ័រដាន់
8កុលសម្ព័ន្ធរូបេន កុលសម្ព័ន្ធកាដ និងកុលសម្ព័ន្ធម៉ាណាសេមួយចំហៀងទៀត បានទទួលមត៌ករបស់គេ ដែលលោកម៉ូសេបានចែកឲ្យ នៅត្រើយទន្លេយ័រដាន់ខាងកើតហើយ តាមដែលលោកម៉ូសេ ជាអ្នកបម្រើរបស់ព្រះយេហូវ៉ា បានចែកដល់គេ 9ចាប់តាំងពីក្រុងអារ៉ូអ៊ើរ ដែលនៅក្បែរស្ទឹងអើណូន និងទីក្រុងដែលនៅកណ្ដាលជ្រលងភ្នំនោះ ព្រមទាំងខ្ពង់រាបមេឌីបាទាំងអស់ រហូតដល់ក្រុងឌីបូន 10និងអស់ទាំងទីក្រុងរបស់ព្រះបាទស៊ីហុន ជាស្តេចសាសន៍អាម៉ូរី ដែលសោយរាជ្យនៅក្រុងហែសបូន រហូតដល់ព្រំប្រទល់ស្រុករបស់ពួកកូនចៅអាំម៉ូន 11ស្រុកកាឡាដ និងទឹកដីរបស់សាសន៍កេស៊ូរី និងសាសន៍ម៉ាកាធី ស្រុកភ្នំហ៊ើរម៉ូនទាំងមូល ហើយស្រុកបាសានទាំងអស់ រហូតដល់សាលកា 12គឺនគររបស់ព្រះបាទអុក នៅស្រុកបាសាន ដែលសោយរាជ្យនៅក្រុងអាសថារ៉ូត និងក្រុងអេទ្រី (ជាម្នាក់ក្នុងចំណោមអ្នកដែលសល់ពីសាសន៍រេផែម) ដ្បិតលោកម៉ូសេបានវាយបណ្តេញពួកទាំងនោះចេញ។ 13ក៏ប៉ុន្ដែ ប្រជាជនអ៊ីស្រាអែលមិនបានបណ្ដេញសាសន៍កេស៊ូរី និងសាសន៍ម៉ាកាធីចេញទេ គឺសាសន៍កេស៊ូរី និងសាសន៍ម៉ាកាធី រស់នៅកណ្ដាលពួកអ៊ីស្រាអែល រហូតមកដល់សព្វថ្ងៃ។
14មានតែកុលសម្ព័ន្ធលេវីប៉ុណ្ណោះ ដែលលោកម៉ូសេមិនបានចែកមត៌កឲ្យ ដ្បិតតង្វាយដុតថ្វាយព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល គឺជាមត៌ករបស់គេ ដូចព្រះអង្គបានបង្គាប់។
ទឹកដីរបស់កុលសម្ព័ន្ធរូបេន
15លោកម៉ូសេបានប្រគល់មត៌កមួយចំណែក ដល់កុលសម្ព័ន្ធនៃពួកកូនចៅរូបេន តាមពូជអំបូររបស់គេ។ 16ដូច្នេះ ទឹកដីរបស់គេចាប់ពីក្រុងអារ៉ូអ៊ើរ ដែលនៅក្បែរស្ទឹងអើណូន និងទីក្រុងដែលនៅកណ្ដាលជ្រលងភ្នំនោះ ព្រមទាំងតំបន់ខ្ពង់រាបទាំងមូលនៅជិតមេឌីបា 17ក្រុងហែសបូន និងក្រុងទាំងប៉ុន្មានដែលនៅក្នុងតំបន់ខ្ពង់រាប គឺក្រុងឌីបូន ក្រុងបាម៉ូត-បាល ក្រុងបេត-បាល-មេយ៉ូន 18ក្រុងយ៉ាហាស ក្រុងកេដេម៉ូត ក្រុងមេផ្អាត 19ក្រុងគារយ៉ាថែម ក្រុងសិបម៉ា ក្រុងសេរ៉ែត-ហាសាកាដែលនៅលើភ្នំក្នុងវាលជ្រលងភ្នំ 20ក្រុងបេត-ពេអរ និងជម្រាលភ្នំពីសកា ហើយក្រុងបេត-យេស៊ីម៉ូត 21ព្រមទាំងទីក្រុងទាំងប៉ុន្មាននៅតំបន់ខ្ពង់រាប និងនគរទាំងមូលរបស់ស៊ីហុន ជាស្តេចសាសន៍អាម៉ូរី ដែលសោយរាជ្យនៅក្រុងហែសបូន ជាអ្នកដែលលោកម៉ូសេបានវាយសម្លាប់ជាមួយពួកមេសាសន៍ម៉ាឌាន គឺអេវី រេគេម ស៊ើរ ហ៊ើរ និងរេបា សុទ្ធតែជាពួកមេរបស់ស្តេចស៊ីហុនដែលនៅក្នុងស្រុកនោះ។ 22ឯបាឡាមជាកូនបេអ៊រ ដែលជាគ្រូទាយ ប្រជាជនអ៊ីស្រាអែលបានសម្លាប់ដោយដាវ ក្នុងចំណោមអស់អ្នកដែលពួកគេបានស្លាប់នោះដែរ 23ឯទន្លេយ័រដាន់ នោះជាព្រំប្រទល់ស្រុករបស់កូនចៅរូបេន នេះហើយជាមត៌ករបស់រូបេន តាមពូជអំបូររបស់គេ ព្រមទាំងទីក្រុង និងភូមិទាំងប៉ុន្មានផង។
ទឹកដីរបស់កុលសម្ព័ន្ធកាដ
24លោកម៉ូសេក៏ឲ្យមួយចំណែកដល់កុលសម្ព័ន្ធកាដដែរ គឺដល់ពួកកូនចៅកាដ តាមពូជអំបូររបស់គេ។ 25ឯទឹកដីរបស់គេ គឺស្រុកយ៉ាស៊ើរ និងអស់ទាំងទីក្រុងនៅស្រុកកាឡាដ និងស្រុករបស់ពួកកូនចៅអាំម៉ូនមួយចំហៀង រហូតដល់អារ៉ូអ៊ើរ ដែលទល់មុខក្រុងរ៉ាបាត 26ហើយពីហែសបូនទៅដល់រ៉ាម៉ាត-មីសពេ និងបេថូនីម ហើយពីម៉ាហាណែម ទៅដល់ព្រំប្រទល់ស្រុកដេបៀរ 27ឯនៅក្នុងជ្រលងភ្នំ មានក្រុងបេត-ហារ៉ាម ក្រុងបេត-នីមរ៉ា ក្រុងស៊ូកូថ និងក្រុងសាផូន គឺជាចំណែកដែលសល់ពីនគររបស់ស៊ីហុន ជាស្តេចក្រុងហែសបូន មានទន្លេយ័រដាន់ជាព្រំប្រទល់ រហូតដល់ចុងបំផុតនៃសមុទ្រគេនេសារ៉ែត ដែលនៅត្រើយទន្លេយ័រដាន់ខាងកើត។ 28នេះហើយជាមត៌ករបស់ពួកកូនចៅកាដ តាមពូជអំបូររបស់គេ ព្រមទាំងទីក្រុង និងភូមិរបស់គេទាំងប៉ុន្មានផង។
ទឹកដីរបស់កុលសម្ព័ន្ធម៉ាណាសេមួយចំហៀងខាងកើត
29លោកម៉ូសេក៏ឲ្យមួយចំណែកដល់កុលសម្ព័ន្ធម៉ាណាសេមួយចំហៀងដែរ គឺដល់កុលសម្ព័ន្ធនៃកូនចៅម៉ាណាសេមួយចំហៀង តាមពូជអំបូររបស់គេ។ 30ទឹកដីរបស់គេលាតសន្ធឹងពីស្រុកម៉ាហាណែម ស្រុកបាសានទាំងមូល នគរទាំងមូលរបស់ព្រះបាទអុក ជាស្តេចស្រុកបាសាន និងទីក្រុងហុកសិបរបស់យ៉ាអៀរ ដែលនៅស្រុកបាសាននោះដែរ 31ព្រមទាំងស្រុកកាឡាដមួយចំហៀង និងក្រុងអាសថារ៉ូត ហើយក្រុងអេទ្រី ជាទីក្រុងដែលនៅក្នុងនគររបស់ព្រះបាទអុក នៅស្រុកបាសាន។ ទឹកដីទាំងនេះ បានចែកឲ្យពួកកូនចៅម៉ាគារ ជាកូនម៉ាណាសេ គឺសម្រាប់ពួកកូនចៅម៉ាគារមួយចំហៀង តាមពូជអំបូររបស់គេ។
32នេះហើយជាមត៌កដែលលោកម៉ូសេបានចែកនៅវាលទំនាបស្រុកម៉ូអាប់ គឺនៅត្រើយទន្លេយ័រដាន់ ខាងកើតក្រុងយេរីខូរ។ 33ប៉ុន្ដែ ចំពោះកុលសម្ព័ន្ធលេវី លោកម៉ូសេមិនបានចែកមត៌កឲ្យទេ ដ្បិតព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែលជាមត៌ករបស់គេ ដូចព្រះអង្គបានបង្គាប់។
ទើបបានជ្រើសរើសហើយ៖
យ៉ូស្វេ 13: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies