យ៉ូស្វេ 13

13
ផ្នែក​ខ្លះ​ទៀត​នៃ​ទឹក​ដី​កាណាន​ដែល​ត្រូវ​វាយ​យក​បន្ត​ទៀត
1នៅ​គ្រា​នោះ លោក​យ៉ូស្វេ​មាន​វ័យ​ចាស់​ជរា​ណាស់​ហើយ ហើយ​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ថា៖ «អ្នក​មាន​វ័យ​ចាស់​ជរា​ណាស់​ហើយ ហើយ​នៅ​សល់​ស្រុក​ច្រើន​ណាស់​ដែល​ត្រូវ​ចាប់​យក។ 2នេះ​ជា​ស្រុក​ដែល​នៅ​សល់ គឺ​ស្រុក​ទាំង​ប៉ុន្មាន​របស់​សាសន៍​ភីលី‌ស្ទីន និង​ស្រុក​ទាំង​ប៉ុន្មាន​របស់​សាសន៍​កេស៊ូរី 3(ចាប់​តាំង​ពី​ស្ទឹង​ស៊ីហោ ដែល​ជា​ព្រំ​ប្រទល់​ស្រុក​អេស៊ីព្ទ រហូត​ដល់​ព្រំ​ប្រទល់​ក្រុង​អេក្រុន​នៅ​ខាង​ជើង ដែល​រាប់​ជា​ស្រុក​របស់​សាសន៍​កាណាន មាន​មេ​ដឹក​នាំ​សាសន៍​ភីលី‌ស្ទីន​ប្រាំ​នាក់​ជា​អ្នក​ត្រួត‌ត្រា គឺ​ក្រុង​កាសា ក្រុង​អាស‌ដូឌ ក្រុង​អាស‌កា‌ឡូន ក្រុង​កាថ និង​ក្រុង​អេក្រុន) ហើយ​ស្រុក​របស់​សាសន៍​អាវីម​នៅ​ខាង​ត្បូង 4ស្រុក​ទាំង​ប៉ុន្មាន​របស់​សាសន៍​កាណាន និង​ស្រុក​មារ៉ា ដែល​ជា​កម្ម​សិទ្ធិ​របស់​ពួក​សាសន៍​ស៊ីដូន រហូត​ដល់ក្រុង​អាផែក និង​ដល់​ព្រំប្រទល់​ស្រុក​របស់​សាសន៍​អាម៉ូរី 5ស្រុក​របស់​ពួក​កេបាល និង​ស្រុក​ល្បាណូន​ទាំង​មូល ដែល​នៅ​ទិស​ខាង​កើត ចាប់​តាំង​ពី​បាល-កាដ នៅ​ជើង​ភ្នំ​ហ៊ើរម៉ូន រហូត​ដល់​ទ្វារ​ចូល​ស្រុក​ហាម៉ាត 6ស្រុក​ទាំង​ប៉ុន្មាន​របស់​ពួក​អ្នក​ស្រុក ដែល​នៅ​ស្រុក​ភ្នំ ចាប់​តាំង​ពី​ភ្នំ​ល្បាណូន រហូត​ដល់​ក្រុង​មីស‌រិផូត-ម៉ែម គឺ​ជា​ស្រុក​របស់​ពួក​សាសន៍​ស៊ីដូន​ទាំង​អស់។ យើង​នឹង​បណ្ដេញ​សាសន៍​ទាំង​នោះ​ចេញ​ពី​មុខ​ប្រជា‌ជន​អ៊ីស្រា‌អែល ចូរ​គ្រាន់​តែ​បែង​ចែក​ស្រុក​ទាំង​នោះ ដល់​ពួក​អ៊ីស្រា‌អែល​ទុក​ជា​មត៌ក ដូច​យើង​បាន​បង្គាប់​អ្នក​ចុះ។ 7ដូច្នេះ ចូរ​បែង​ចែក​ស្រុក​នេះ​ដល់​កុល‌សម្ព័ន្ធ​ទាំងប្រាំ​បួន និង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​មួយ​ចំហៀង ទុក​ជា​មត៌កទៅ»។
ទឹក​ដី​នៅ​ខាង​កើត​ទន្លេ​យ័រដាន់
8កុល​សម្ព័ន្ធ​រូបេន កុល​សម្ព័ន្ធ​កាដ និង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​មួយ​ចំហៀង​ទៀត បាន​ទទួល​មត៌ក​របស់​គេ ដែល​លោក​ម៉ូសេ​បាន​ចែក​ឲ្យ នៅ​ត្រើយ​ទន្លេ​យ័រដាន់​ខាង​កើត​ហើយ តាម​ដែល​លោក​ម៉ូសេ ជា​អ្នក​បម្រើ​របស់​ព្រះ‌យេហូវ៉ា បាន​ចែក​ដល់​គេ 9ចាប់​តាំង​ពី​ក្រុង​អារ៉ូ‌អ៊ើរ ដែល​នៅ​ក្បែរ​ស្ទឹង​អើណូន និង​ទី​ក្រុង​ដែល​នៅ​កណ្ដាល​ជ្រលង​ភ្នំ​នោះ ព្រម​ទាំងខ្ពង់​រាប​មេឌីបា​ទាំង​អស់ រហូត​ដល់​ក្រុង​ឌីបូន 10និង​អស់​ទាំង​ទី​ក្រុង​របស់​ព្រះ​បាទ​ស៊ីហុន ជា​ស្តេច​សាសន៍​អាម៉ូរី ដែល​សោយ‌រាជ្យ​នៅ​ក្រុង​ហែស‌បូន រហូត​ដល់​ព្រំ​ប្រទល់​ស្រុក​របស់​ពួក​កូន​ចៅ​អាំម៉ូន 11ស្រុក​កាឡាដ និងទឹក​ដី​របស់​សាសន៍​កេស៊ូរី និង​សាសន៍​ម៉ា‌កា‌ធី ស្រុក​ភ្នំ​ហ៊ើរម៉ូន​ទាំង​មូល ហើយ​ស្រុក​បាសាន​ទាំង​អស់ រហូត​ដល់​សាលកា 12គឺ​នគរ​របស់​ព្រះ​បាទ​អុក នៅ​ស្រុក​បាសាន ដែល​សោយ‌រាជ្យ​នៅ​ក្រុង​អាស‌ថារ៉ូត និង​ក្រុង​អេទ្រី (ជា​ម្នាក់​ក្នុង​ចំណោម​អ្នក​ដែល​សល់​ពី​សាសន៍​រេផែម) ដ្បិត​លោក​ម៉ូសេ​បាន​វាយ​បណ្តេញ​ពួក​ទាំង​នោះ​ចេញ។ 13ក៏​ប៉ុន្ដែ ប្រជា‌ជន​អ៊ីស្រា‌អែល​មិន​បាន​បណ្ដេញ​សាសន៍​កេស៊ូរី និង​សាសន៍​ម៉ា‌កា‌ធី​ចេញ​ទេ គឺ​សាសន៍​កេស៊ូរី និង​សាសន៍​ម៉ាកាធី រស់​នៅ​កណ្ដាល​ពួក​អ៊ីស្រា‌អែល រហូត​មក​ដល់​សព្វ​ថ្ងៃ។
14មាន​តែ​កុល‌សម្ព័ន្ធ​លេវី​ប៉ុណ្ណោះ ដែល​លោក​ម៉ូសេ​មិន​បាន​ចែក​មត៌ក​ឲ្យ ដ្បិត​តង្វាយ​ដុត​ថ្វាយ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល គឺ​ជា​មត៌ក​របស់​គេ ដូចព្រះ‌អង្គ​បាន​បង្គាប់។
ទឹក​ដី​របស់​កុល‌សម្ព័ន្ធ​រូបេន
15លោក​ម៉ូសេ​បាន​ប្រគល់មត៌ក​មួយ​ចំណែក ដល់​កុល‌សម្ព័ន្ធ​នៃ​ពួក​កូន​ចៅ​រូបេន តាម​ពូជ​អំបូរ​របស់​គេ។ 16ដូច្នេះ ទឹក​ដី​របស់​គេ​ចាប់​ពី​ក្រុង​អារ៉ូអ៊ើរ ដែល​នៅ​ក្បែរ​ស្ទឹង​អើណូន និង​ទី​ក្រុង​ដែល​នៅ​កណ្ដាល​ជ្រលង​ភ្នំ​នោះ ព្រម​ទាំងតំបន់​ខ្ពង់​រាប​ទាំង​មូល​នៅ​ជិត​មេឌីបា 17ក្រុង​ហែស‌បូន និង​ក្រុង​ទាំង​ប៉ុន្មាន​ដែល​នៅ​ក្នុង​តំបន់​ខ្ពង់​រាប គឺ​ក្រុង​ឌីបូន ក្រុង​បាម៉ូត-បាល ក្រុង​បេត-បាល-មេយ៉ូន 18ក្រុង​យ៉ាហាស ក្រុង​កេ​ដេ​ម៉ូត ក្រុង​មេផ្អាត 19ក្រុង​គារ‌យ៉ា‌ថែម ក្រុង​សិប‌ម៉ា ក្រុង​សេរ៉ែត-ហាសាកា​ដែល​នៅ​លើ​ភ្នំ​ក្នុង​វាល​ជ្រលង​ភ្នំ 20ក្រុង​បេត-ពេអរ និង​ជម្រាល​ភ្នំ​ពីសកា ហើយ​ក្រុង​បេត-យេស៊ីម៉ូត 21ព្រម​ទាំង​ទី​ក្រុង​ទាំង​ប៉ុន្មាន​នៅ​តំបន់​ខ្ពង់​រាប និង​នគរ​ទាំង​មូល​របស់​ស៊ីហុន ជា​ស្តេច​សាសន៍​អាម៉ូរី ដែល​សោយ​រាជ្យ​នៅ​ក្រុង​ហែស‌បូន ជា​អ្នក​ដែល​លោក​ម៉ូសេ​បាន​វាយ​សម្លាប់​ជា​មួយ​ពួក​មេ​សាសន៍​ម៉ាឌាន គឺ​អេវី រេគេម ស៊ើរ ហ៊ើរ និង​រេបា សុទ្ធ​តែ​ជា​ពួក​មេ​របស់​ស្តេច​ស៊ីហុន​ដែល​នៅ​ក្នុង​ស្រុក​នោះ។ 22ឯ​បាឡាម​ជា​កូន​បេអ៊រ ដែល​ជា​គ្រូ​ទាយ ប្រជា‌ជន​អ៊ីស្រា‌អែល​បាន​សម្លាប់​ដោយ​ដាវ ក្នុង​ចំណោម​អស់​អ្នក​ដែល​ពួក​គេ​បាន​ស្លាប់​នោះ​ដែរ 23ឯ​ទន្លេ​យ័រដាន់ នោះ​ជា​ព្រំ​ប្រទល់​ស្រុក​របស់​កូន​ចៅ​រូបេន នេះ​ហើយ​ជា​មត៌ក​របស់​រូបេន តាម​ពូជ​អំបូរ​របស់​គេ ព្រម​ទាំង​ទី​ក្រុង និង​ភូមិ​ទាំង​ប៉ុន្មាន​ផង។
ទឹក​ដី​របស់​កុល‌សម្ព័ន្ធ​កាដ
24លោក​ម៉ូសេ​ក៏​ឲ្យ​មួយ​ចំណែក​ដល់​កុល‌សម្ព័ន្ធ​កាដ​ដែរ គឺ​ដល់​ពួក​កូន​ចៅ​កាដ តាម​ពូជ​អំបូរ​របស់​គេ។ 25ឯ​ទឹក​ដីរបស់​គេ គឺ​ស្រុក​យ៉ាស៊ើរ និង​អស់​ទាំង​ទី​ក្រុង​នៅ​ស្រុក​កាឡាដ និង​ស្រុក​របស់​ពួក​កូន​ចៅ​អាំម៉ូន​មួយ​ចំហៀង រហូត​ដល់​អារ៉ូអ៊ើរ ដែល​ទល់​មុខ​ក្រុង​រ៉ាបាត 26ហើយ​ពី​ហែស‌បូន​ទៅ​ដល់​រ៉ាម៉ាត-មីសពេ និង​បេ‌ថូ‌នីម ហើយ​ពី​ម៉ា‌ហា‌ណែម ទៅ​ដល់​ព្រំ​ប្រទល់​ស្រុក​ដេបៀរ 27ឯ​នៅ​ក្នុង​ជ្រលង​ភ្នំ មាន​ក្រុង​បេត-ហា‌រ៉ាម ក្រុង​បេត-នីមរ៉ា ក្រុង​ស៊ូកូថ និង​ក្រុង​សាផូន គឺ​ជា​ចំណែក​ដែល​សល់​ពី​នគរ​របស់​ស៊ីហុន ជា​ស្តេច​ក្រុង​ហែសបូន មាន​ទន្លេ​យ័រដាន់​ជា​ព្រំ​ប្រទល់ រហូត​ដល់​ចុង​បំផុត​នៃ​សមុទ្រ​គេ​នេ‌សារ៉ែត ដែល​នៅ​ត្រើយ​ទន្លេ​យ័រដាន់​ខាង​កើត។ 28នេះ​ហើយ​ជា​មត៌ក​របស់​ពួក​កូន​ចៅ​កាដ តាម​ពូជ​អំបូរ​របស់​គេ ព្រម​ទាំង​ទី​ក្រុង និង​ភូមិ​របស់​គេ​ទាំង​ប៉ុន្មាន​ផង។
ទឹក​ដី​របស់​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​មួយ​ចំហៀង​ខាង​កើត
29លោក​ម៉ូសេ​ក៏​ឲ្យ​មួយ​ចំណែក​ដល់​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​មួយ​ចំហៀង​ដែរ គឺ​ដល់​កុល‌សម្ព័ន្ធ​នៃ​កូន​ចៅ​ម៉ាណា‌សេ​មួយ​ចំហៀង តាម​ពូជ​អំបូរ​របស់​គេ។ 30ទឹក​ដី​របស់​គេ​លាត​សន្ធឹង​ពី​ស្រុក​ម៉ា‌ហា‌ណែម ស្រុក​បាសាន​ទាំង​មូល នគរ​ទាំង​មូល​របស់​ព្រះ​បាទ​អុក ជា​ស្តេច​ស្រុក​បាសាន និង​ទី​ក្រុង​ហុក​សិប​របស់​យ៉ាអៀរ ដែល​នៅ​ស្រុក​បាសាន​នោះ​ដែរ 31ព្រម​ទាំង​ស្រុក​កាឡាដ​មួយ​ចំហៀង និង​ក្រុង​អាស‌ថារ៉ូត ហើយ​ក្រុង​អេទ្រី ជា​ទី​ក្រុង​ដែល​នៅ​ក្នុង​នគរ​របស់​ព្រះ​បាទ​អុក នៅ​ស្រុក​បាសាន។ ទឹក​ដី​ទាំង​នេះ បាន​ចែក​ឲ្យ​ពួក​កូន​ចៅ​ម៉ាគារ ជា​កូន​ម៉ាណា‌សេ គឺ​សម្រាប់​ពួក​កូន​ចៅ​ម៉ាគារ​មួយ​ចំហៀង តាម​ពូជ​អំបូរ​របស់​គេ។
32នេះ​ហើយ​ជា​មត៌ក​ដែល​លោក​ម៉ូសេ​បាន​ចែក​នៅ​វាល​ទំនាប​ស្រុក​ម៉ូអាប់ គឺ​នៅ​ត្រើយ​ទន្លេ​យ័រដាន់ ខាង​កើត​ក្រុង​យេរីខូរ។ 33ប៉ុន្ដែ ចំពោះ​កុល‌សម្ព័ន្ធ​លេវី លោក​ម៉ូសេ​មិន​បាន​ចែក​មត៌ក​ឲ្យ​ទេ ដ្បិត​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​ជា​មត៌ក​របស់​គេ ដូច​ព្រះ‌អង្គ​បាន​បង្គាប់។

ទើបបានជ្រើសរើសហើយ៖

យ៉ូស្វេ 13: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល