យ៉ូស្វេ 10

10
ព្រះ​អាទិត្យ​ឈប់​ស្ងៀម
1កាល​ព្រះ​បាទ​អ័ដូនី-សេដិក​ជា​ស្តេច​ក្រុង​យេរូ‌សាឡិមបាន​ឮ​ថា លោក​យ៉ូស្វេ​បាន​វាយ​យក​ក្រុង​អៃយ ព្រម​ទាំង​បំផ្លាញ​អស់​គ្មាន​សល់ ដោយ​ប្រព្រឹត្ត​ចំពោះ​ក្រុង​អៃយ និង​ស្តេច​របស់​គេ ដូច​លោក​បាន​ប្រព្រឹត្ត​ចំពោះ​ក្រុង​យេរីខូរ និង​ស្តេច​របស់​គេ​ដែរ ហើយ​ថា អ្នក​ក្រុង​គីបៀន​បាន​ចង​ស្ពាន​មេត្រី​ជាមួយពួក​អ៊ីស្រា‌អែល ក៏​នៅ​ក្នុង​ចំណោម​ពួក​គេ 2ស្ដេច ភ័យ​ខ្លាច​ជា​ខ្លាំង ដ្បិត​ក្រុង​គីបៀន​ជា​ក្រុងមួយ​ធំ ដូច​ជា​រាជ​ធានី​មួយ ក៏​ធំ​ជាង​ក្រុង​អៃយ​ទៅ​ទៀត ហើយ​មនុស្ស​នៅ​ក្រុង​នោះ សុទ្ធ​តែ​ខ្លាំង​ពូកែ​ទៀត​ផង។ 3ដូច្នេះ ព្រះ​បាទ​អ័ដូនី-សេដិក​ជា​ស្តេច​ក្រុង​យេរូ‌សាឡិម ក៏​ផ្ញើ​សារ​ទៅ​ព្រះ​បាទ​ហូហាំ​ជា​ស្តេច​ក្រុង​ហេប្រុន និង​ព្រះ​បាទ​ពារ៉ាម​ជា​ស្តេច​ក្រុង​យ៉ារមុត ព្រះ​បាទ​យ៉ាភា​ជា​ស្តេច​ក្រុង​ឡាគីស ហើយ​ព្រះ​បាទ​ដេបៀរ ជា​ស្តេច​ក្រុង​អេក្លុន​ថា៖ 4«សូម​ឡើង​មក​ជួយ​ទូល​បង្គំ​ផង ហើយ​សូម​យើងនាំ​គ្នា​វាយ​ក្រុង​គីបៀន ដ្បិត​គេ​បាន​ចង​ស្ពាន​មេត្រី​ជាមួយ​លោក​យ៉ូស្វេ និង​ជាមួយប្រជា‌ជន​អ៊ីស្រា‌អែល​ហើយ»។ 5ពេល​នោះ ស្តេច​សាសន៍​អាម៉ូរី​ទាំង​ប្រាំ​អង្គ គឺ​ស្តេច​ក្រុង​យេរូ‌សាឡិម ស្តេច​ក្រុង​ហេប្រុន ស្តេច​ក្រុង​យ៉ារមុត ស្តេច​ក្រុង​ឡាគីស និង​ស្តេច​ក្រុង​អេក្លុន បាន​ប្រមូល​កម្លាំង‌ទ័ព​របស់ខ្លួន​ទាំង​អស់ ឡើង​ទៅ​បោះ​ទ័ព​ទាស់​នឹង​ក្រុង​គីបៀន ហើយ​ច្បាំង​នឹង​ក្រុង​នោះ។
6អ្នក​ក្រុង​គីបៀន​ក៏​ចាត់​គេ​ឲ្យ​មកជួប​លោក​យ៉ូស្វេ​នៅ​ជំរំ​គីល‌កាល ជម្រាប​ថា៖ «សូម​កុំ​បោះ​បង់​អ្នក​បម្រើ​របស់​លោក​ឡើយ សូម​ឡើង​មក​ជា​ប្រញាប់ ហើយ​ជួយ​សង្គ្រោះ​យើង​ខ្ញុំ​ផង ដ្បិត​ពួក​សាសន៍​អាម៉ូរី​ទាំង​អស់ដែល​នៅ​ស្រុក​ភ្នំ បាន​ប្រមូល​គ្នា​ទាស់​នឹង​យើង​ខ្ញុំ​ហើយ»។ 7ដូច្នេះ លោក​យ៉ូស្វេ​ក៏​ចេញ​ពី​គីល‌កាល​ឡើង​ទៅ មាន​ទាំង​ពួក​អ្នក​ថ្នឹក​ច្បាំង និង​ពួក​អ្នក​ខ្លាំង​ពូកែ​ដ៏​អង់​អាច ទៅ​ជា​មួយ​ផង។ 8ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​យ៉ូស្វេ​ថា៖ «កុំ​ឲ្យ​ខ្លាច​គេ​ឡើយ ដ្បិត​យើង​បាន​ប្រគល់​ពួក​គេ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក​ហើយ ក្នុង​ចំណោម​ពួក​គេ គ្មាន​អ្នក​ណា​ម្នាក់​អាច​ឈរ​នៅ​មុខ​អ្នក​បាន​ឡើយ»។ 9លោក​យ៉ូស្វេ​ធ្វើ​ដំណើរ​ពេញ​មួយ​យប់ ចេញ​ពី​គីល‌កាល ហើយ​វាយ​ប្រហារ​ពួក​គេ​ភ្លាម​ក្នុង​ពេល​ដែល​គេ​មិន​ដឹង​ខ្លួន។ 10ព្រះ‌យេហូវ៉ា​បំបាក់​ទ័ព​របស់​ពួក​គេ​នៅ​មុខ​ពួក​អ៊ីស្រា‌អែល ហើយអ៊ី​ស្រាអែល​បាន​វាយ​គេ​នៅ​ជិត​ក្រុង​គីបៀន ដោយ​ប្រហារ​ជីវិត​យ៉ាង​សម្បើម ក៏​ដេញ​តាម​ផ្លូវ​ឡើង​ទៅ​ឯ​បេត-ហូរ៉ុន ព្រម​ទាំង​វាយ​គេ​រហូត​ទៅ​ដល់​អាសេកា និង​ម៉ាកេដា។ 11ពេល​ពួកគេ​រត់​ពី​មុខ​សាសន៍​អ៊ីស្រា‌អែល នៅ​ត្រង់​ផ្លូវ​ដែល​ចុះ​ពី​បេត-ហូរ៉ុន​ទៅ ព្រះ‌យេហូវ៉ា​ក៏​ទម្លាក់គ្រាប់​ព្រឹល​ធំៗ​ពី​លើ​មេឃ​មក​លើ​គេ រហូត​ដល់​អាសេកា ឲ្យ​គេ​ត្រូវ​ស្លាប់។ ពួក​អ្នក​ដែល​ស្លាប់​ដោយ​សារ​គ្រាប់​ព្រឹល មានចំនួន​ច្រើន​ជាងអស់​អ្នក​ដែល​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បាន​សម្លាប់​ដោយ​ដាវ​ទៅ​ទៀត។
12នៅ​ថ្ងៃ​ដែល​ព្រះ‌យេហូវ៉ា​បាន​ប្រគល់​ពួក​សាសន៍​អាម៉ូរី​មក​ក្នុង​កណ្ដាប់​ដៃ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល លោក​យ៉ូស្វេ​ទូល​ព្រះ‌យេហូវ៉ា​នៅ​មុខ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ថា៖ «ព្រះ​អាទិត្យ​អើយ ចូរ​ឈប់​ស្ងៀម​នៅ​លើ​ក្រុង​គីបៀន​ទៅ ហើយ​ព្រះ​ច័ន្ទ​ក៏​ដែរ ចូរឈប់​ស្ងៀម​នៅលើ​ជ្រលង​ភ្នំ​អាយ៉ា‌ឡូន​ទៅ»។ 13ពេល​នោះ ព្រះ​អាទិត្យ​ក៏​ឈប់​ស្ងៀម ហើយ​ព្រះ​ច័ន្ទ​ក៏​នៅ​ស្ងៀម​ដែរ រហូត​ទាល់​តែ​ពួក​អ៊ី​ស្រាអែល​បាន​សង‌សឹក​នឹង​ខ្មាំង​សត្រូវ​របស់​គេ។ តើ​ហេតុការណ៍​នេះមិន​បាន​កត់​ទុក​ក្នុង​សៀវភៅ​របស់​យ៉ាស៊ើរ​ទេ​ឬ? គឺ​ព្រះ​អាទិត្យ​ឈប់​ស្ងៀម​នៅ​កណ្ដាល​មេឃ ហើយ​មិន​បានប្រញាប់​ប្រញាល់នឹង​លិច អស់​រយៈ​ពេល​ប្រមាណ​មួយ​ថ្ងៃពេញ។ 14ទោះ​ពី​មុន​មក ឬ​ក្រោយ​មក​ទៀត មិន​ដែល​មាន​ថ្ងៃ​ណា​ដូច​ថ្ងៃ​នោះ​ឡើយ ដែល​ព្រះ‌យេហូវ៉ា​ស្តាប់​តាម​សំឡេងរបស់​មនុស្ស​ម្នាក់ ដ្បិត​ព្រះ‌យេហូវ៉ា​ច្បាំង​ជំនួស​សាសន៍​អ៊ីស្រា‌អែល។
15បន្ទាប់​មក លោក​យ៉ូស្វេ និង​ពួក​អ៊ីស្រា‌អែល​ទាំង​អស់ដែល​នៅ​ជាមួយ​លោក ក៏​វិល​ត្រឡប់​មក​ជំរំ​នៅ​គីល‌កាល​វិញ។
ស្តេច​សាសន៍​អាម៉ូរី​ប្រាំ​អង្គ​ត្រូវ​បរាជ័យ
16ស្តេច​ទាំង​ប្រាំអង្គបាន​រត់​ទៅ​ពួន​ក្នុងរូង​ថ្ម​នៅ​ម៉ាកេដា 17ហើយ​មាន​គេ​មក​ជម្រាប​លោក​យ៉ូស្វេ​ថា៖ «គេ​ឃើញ​ស្តេច​ទាំង​ប្រាំ​អង្គ​នោះពួន​នៅ​ក្នុងរូង​ថ្ម​នៅ​ម៉ាកេដា»។ 18លោក​យ៉ូស្វេ​មាន​ប្រសាសន៍​ថា៖ «ចូរ​ប្រមៀល​ថ្ម​យ៉ាង​ធំ​ៗ​សន្ធប់​មាត់​រូង ហើយ​ដាក់​មនុស្ស​ឲ្យ​ចាំ​យាម​ទៅ​ទី​នោះ​ផង 19តែ​ឯ​អ្នក​រាល់​គ្នា​វិញ កុំ​នៅ​ទី​នោះ ត្រូវ​ដេញ​តាម​ខ្មាំង​សត្រូវទៅ ត្រូវ​វាយ​ទ័ព​ជួរ​ក្រោយ​របស់​គេ កុំ​ឲ្យ​គេ​ចូល​ទៅ​ក្នុង​ក្រុង​របស់​គេ​បាន​ឡើយ ដ្បិត​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក បាន​ប្រគល់​គេ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក​ហើយ» 20កាល​លោក​យ៉ូស្វេ និង​ពួក​កូន​ចៅ​អ៊ីស្រា‌អែល បាន​សម្លាប់​គេ ដោយ​ការ​ប្រហារ​ជីវិត​យ៉ាង​សម្បើម រហូត​ទាល់​តែ​គេ​វិនាស​អស់ ហើយ​កាល​ពួក​អ្នកនៅ​សេស‌សល់ បាន​ចូល​ទៅ​ក្នុង​ទី​ក្រុង​មាន​កំផែង​ការ​ពារ​រួច​ហើយ 21ពេល​នោះ ប្រជា‌ជន​ទាំង​អស់​ក៏​ត្រឡប់​វិល​មក​ជួប​លោក​យ៉ូស្វេ​វិញ នៅ​ជំរំ​ម៉ាកេដា​ដោយ​សុខ‌សាន្ត គ្មាន​អ្នក​ណា​ហ៊ាន​ហើប​មាត់​ទាស់​នឹង​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ណា​ម្នាក់​ឡើយ។
22បន្ទាប់​មក លោក​យ៉ូស្វេ​មាន​ប្រសាសន៍​ថា៖ «ចូរ​បើក​មាត់​រូង ហើយ​នាំ​ស្តេច​ទាំង​ប្រាំ​នោះ​ពី​ក្នុង​រូង​មក​ជួប​ខ្ញុំ»។ 23គេ​ក៏​បើក​មាត់​រូង នាំ​ស្តេច​ទាំង​ប្រាំ​អង្គ​នោះ​ចេញ​មកជួប​លោក គឺ​ស្តេច​ក្រុង​យេរូ‌សាឡិម ស្តេច​ក្រុង​ហេប្រុន ស្តេច​ក្រុង​យ៉ារមុត ស្តេច​ក្រុង​ឡាគីស និង​ស្តេច​ក្រុង​អេក្លុន។ 24កាល​គេ​បាន​នាំ​ស្តេច​ទាំង​នោះ​ចេញ​ជួប​លោក​យ៉ូស្វេ​ហើយ លោក​យ៉ូស្វេ​ក៏​ហៅ​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា​មក ហើយមាន​ប្រសាសន៍​ទៅកាន់​ពួក​មេ‌ទ័ព ដែល​បាន​រួម​ប្រយុទ្ធ​ជា​មួយ​លោក​ថា៖ «ចូល​ឲ្យ​ជិត​មក៍ ហើយ​យក​ជើង​ជាន់​ក​ស្តេច​ទាំង​នេះ​ទៅ»។ ដូច្នេះ គេ​ក៏​ចូលមក ហើយ​ជាន់​ក​ស្តេច​ទាំង​នោះ។ 25លោក​យ៉ូស្វេ​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា៖ «មិន​ត្រូវ​ភ័យ​ខ្លាច ឬ​ស្រយុត​ចិត្ត​ឡើយ ត្រូវ​មាន​កម្លាំង និង​ចិត្ត​ក្លាហាន​ឡើង ដ្បិត​ព្រះ‌យេហូវ៉ា​នឹង​ធ្វើ​បែប​នេះចំពោះ​ខ្មាំង​សត្រូវ​ទាំង​អស់ ដែល​អ្នក​ត្រូវ​ត​តាំង​នឹង​គេ» 26ក្រោយ​មក លោក​យ៉ូស្វេ​ក៏​ប្រហារជីវិត​ស្តេច​ទាំង​នោះ រួច​ព្យួរ​នៅ​ដើម​ឈើ​ប្រាំ​ដើម រហូត​ដល់​ល្ងាច។ 27លុះ​ពេល​ថ្ងៃ​ហៀបនឹង​លិច លោក​យ៉ូស្វេ​ក៏​បង្គាប់​ឲ្យ​គេ​ដាក់​សាក​សព​ទាំង​នោះ​ចុះ​ពី​ដើម​ឈើ យក​ទៅ​បោះ​ចោល​ក្នុង​រូង​ដែល​ស្ដេច​ទាំង​នោះ​បាន​ពួន រួច​គេ​ដាក់​ថ្ម​ធំៗ​សន្ធប់​មាត់​រូង ហើយ​ផ្ទាំង​ថ្ម​ទាំង​នោះ​នៅ​រហូត​មក​ដល់​ថ្ងៃ។
28នៅ​ថ្ងៃ​នោះ លោក​យ៉ូស្វេ​ចាប់​យក​ក្រុង​ម៉ាកេដា ហើយប្រហារ​អ្នក​ក្រុង​នោះ​ដោយ​មុខ​ដាវ រួម​ទាំង​ស្តេច​របស់​គេ​ផង។ លោក​បាន​បំផ្លាញ​មនុស្ស​ទាំង​អស់​នៅ​ក្នុង​ក្រុង​នោះ គ្មាន​សល់​អ្នក​ណា​ម្នាក់​ឡើយ។ លោក​បាន​ប្រព្រឹត្ត​ចំពោះ​ស្តេច​ក្រុង​ម៉ាកេដា ដូច​លោក​បាន​ប្រព្រឹត្ត​ចំពោះ​ស្តេច​ក្រុង​យេរីខូរ​ដែរ។
29បន្ទាប់​មក លោក​យ៉ូស្វេ និង​ពួក​អ៊ីស្រា‌អែល​ទាំង​អស់ ក៏​ចេញ​ពី​ក្រុង​ម៉ាកេដា ទៅ​ក្រុង​លិប‌ណា ហើយ​ច្បាំង​នឹង​ក្រុង​នោះ។ 30ព្រះ‌យេហូវ៉ា​ក៏​បាន​ប្រគល់​ក្រុង​នោះ និង​ស្តេច​របស់​គេ មក​ក្នុង​កណ្ដាប់​ដៃ​របស់​ពួក​អ៊ីស្រា‌អែល ហើយ​លោកប្រហារ​ពួក​គេ​ដោយ​មុខ​ដាវ គឺមនុស្ស​ទាំង​ប៉ុន្មាន​នៅ​ក្នុង​ក្រុង​នោះ គ្មាន​សល់អ្នក​ណា​ម្នាក់​ឡើយ។ លោក​បាន​ប្រព្រឹត្ត​ចំពោះ​ស្តេច​ក្រុង​នោះ ដូចលោក​បាន​ប្រព្រឹត្ត​ចំពោះ​ស្តេច​ក្រុង​យេរីខូរ​ដែរ។
31បន្ទាប់​មក លោក​យ៉ូស្វេ និង​ពួក​អ៊ីស្រា‌អែល​ទាំង​អស់ ក៏​ចេញ​ពី​ក្រុង​លិប‌ណា ទៅ​ក្រុង​ឡាគីស ហើយ​បោះ​ទ័ពឡោម​ព័ទ្ធ រួច​វាយ​ប្រហារ​ក្រុង​នោះ។ 32ព្រះ‌យេហូវ៉ា​ក៏បាន​ប្រគល់​ក្រុង​ឡាគីស មក​ក្នុង​កណ្ដាប់​ដៃ​របស់​ពួក​អ៊ីស្រា‌អែល ហើយ​លោក​ចាប់​យក​បាន​នៅ​ថ្ងៃ​ទីពីរ រួច​ប្រហារ​ពួក​គេ​ដោយ​មុខ​ដាវ គឺ​មនុស្ស​ទាំង​ប៉ុន្មាន​នៅ​ក្នុង​ក្រុង​នោះ ដូច​លោក​បាន​ប្រព្រឹត្ត​ចំពោះ​ក្រុង​លិបណា​ដែរ។
33ពេល​នោះ ព្រះ​បាទ​ហោរាម​ជា​ស្តេច​ក្រុង​កេស៊ើរ ក៏​ឡើង​មក​ជួយ​ក្រុង​ឡាគីស តែ​លោក​យ៉ូស្វេ​លោក​វាយ​ប្រហារ​ស្តេច​នោះ និង​ប្រជា‌រាស្ត្ររបស់​ស្ដេច រហូត​ទាល់​តែ​គ្មាន​សល់​អ្នក​ណា​ម្នាក់​ឡើយ។
34បន្ទាប់​មក​ទៀត លោក​យ៉ូស្វេ និង​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​ក៏​ចេញ​ពី​ក្រុង​ឡាគីស​ទៅ​ក្រុង​អេក្លុន បោះ​ទ័ព​ឡោម​ព័ទ្ធ រួច​វាយ​ប្រហារ​ក្រុង​នោះ។ 35ពួក​គេ​ចាប់​យក​បានក្រុង​នោះ​នៅ​ថ្ងៃ​នោះ​ឯង រួចវាយ​ប្រហារពួក​គេ​ដោយ​មុខ​ដាវ។ នៅ​ថ្ងៃ​នោះ លោក​បំផ្លាញ​មនុស្ស​ទាំង​ប៉ុន្មាន​នៅក្នុង​ក្រុង​នោះ​អស់​រលីង​គ្មាន​សល់ ដូច​លោក​បាន​ប្រ​ព្រឹត្ត​ចំពោះ​ក្រុង​ឡាគីស​ដែរ។
36បន្ទាប់​មក លោក​យ៉ូស្វេ និង​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​ក៏​ចេញ​ពី​ក្រុង​អេក្លុន ឡើង​ទៅ​ក្រុង​ហេប្រុន ហើយ​វាយ​ប្រហារ​ក្រុង​នោះ 37គេ​ចាប់​យក​បាន​ក្រុង​នោះ រួច​វាយ​ប្រហារ​ដោយ​មុខ​ដាវ គឺ​ស្តេច​ក្រុង​នានា​នៅ​ជុំ​វិញ ព្រម​ទាំង​មនុស្ស​ទាំង​ប៉ុន្មាន​នៅ​ក្រុង​នោះ គ្មាន​សល់​អ្នក​ណា​ម្នាក់​ឡើយ ដូច​លោក​បានប្រព្រឹត្ត​ចំពោះ​ក្រុង​អេក្លុន​ដែរ លោក​បាន​បំផ្លាញ​ក្រុង​នោះ និង​មនុស្ស​ទាំង​ប៉ុន្មាន​ដែល​នៅ​ក្នុង​ក្រុង​អស់​រលីង​គ្មាន​សល់។
38បន្ទាប់​មក លោក​យ៉ូស្វេ និង​ពួក​អ៊ីស្រា‌អែល​ទាំង​អស់ ក៏​ងាក​ទៅ​រក​ក្រុង​ដេបៀរ ហើយ​វាយ​ប្រហារ​ក្រុង​នោះ 39លោក​ចាប់​យក​ក្រុង​នោះ ស្តេច​របស់​គេ ព្រម​ទាំង​ក្រុង​របស់​គេ​ទាំង​ប៉ុន្មាន​ដែល​នៅ​ជុំ​វិញ រួចប្រហារ​ពួក​គេ​ដោយ​មុខ​ដាវ ហើយ​បំផ្លាញ​មនុស្ស​ទាំងប៉ុន្មាន​នៅ​ក្នុង​ក្រុង​នោះ គ្មាន​សល់​អ្នក​ណា​ម្នាក់​ឡើយ។ លោក​បាន​ប្រព្រឹត្ត​ចំពោះ​ក្រុង​ដេបៀរ និង​ស្តេច​របស់​គេ ដូច​លោក​បាន​ប្រព្រឹត្ត​ចំពោះ​ក្រុង​ហេប្រុន និង​ចំពោះ​ក្រុង​លិប‌ណា ព្រម​ទាំង​ស្តេចរបស់​គេ​ដែរ។
40ដូច្នេះ លោក​យ៉ូស្វេ​វាយ​ប្រហារ​ស្រុក​នោះ​ទាំង​មូល គឺ​ស្រុក​ភ្នំ តំបន់​ណេកិប តំបន់​វាល​ទំនាប តំបន់ជម្រាល​ភ្នំ ព្រម​ទាំង​ស្តេច​របស់​គេ​ទាំង​អស់។ លោក​មិន​ទុក​ឲ្យ​អ្នក​ណា​ម្នាក់​នៅ​សល់​ឡើយ គឺ​បាន​បំផ្លាញ​អស់​ទាំង​ទី​ក្រុង និង​គ្រប់​ទាំង​អស់​ដែល​មាន​ដង្ហើម អស់​រលីង​គ្មាន​សល់ ដូច​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​បាន​បង្គាប់។ 41លោក​យ៉ូស្វេ​បាន​វាយ​ប្រហារ​គេ ចាប់​តាំង​ពី​កាដេស-បារនា រហូត​ដល់​ក្រុង​កាសា ព្រម​ទាំង​ស្រុក​កូសែន​ទាំង​មូល រហូត​ដល់ក្រុង​គីបៀន។ 42លោក​យ៉ូស្វេ​បាន​ចាប់​យក​ស្តេច​ទាំង​ប៉ុន្មាន និង​ស្រុក​របស់​គេ​ក្នុង​គ្រា​តែ​មួយ ព្រោះ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ព្រះ‌អង្គ​ប្រយុទ្ធ​ជំនួស​អ៊ីស្រា‌អែល។ 43បន្ទាប់​មក លោក​យ៉ូស្វេ និង​ពួក​អ៊ីស្រា‌អែល​ទាំង​អស់ ក៏​ត្រឡប់​វិល​មក​ជំរំ​នៅ​គីល‌កាល​វិញ។

ទើបបានជ្រើសរើសហើយ៖

យ៉ូស្វេ 10: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល