បន្ទាប់មក លោកយ៉ូស្វេ និងពួកអ៊ីស្រាអែលទាំងអស់ដែលនៅជាមួយលោក ក៏វិលត្រឡប់មកជំរំនៅគីលកាលវិញ។ ស្តេចទាំងប្រាំអង្គបានរត់ទៅពួនក្នុងរូងថ្មនៅម៉ាកេដា ហើយមានគេមកជម្រាបលោកយ៉ូស្វេថា៖ «គេឃើញស្តេចទាំងប្រាំអង្គនោះពួននៅក្នុងរូងថ្មនៅម៉ាកេដា»។ លោកយ៉ូស្វេមានប្រសាសន៍ថា៖ «ចូរប្រមៀលថ្មយ៉ាងធំៗសន្ធប់មាត់រូង ហើយដាក់មនុស្សឲ្យចាំយាមទៅទីនោះផង តែឯអ្នករាល់គ្នាវិញ កុំនៅទីនោះ ត្រូវដេញតាមខ្មាំងសត្រូវទៅ ត្រូវវាយទ័ពជួរក្រោយរបស់គេ កុំឲ្យគេចូលទៅក្នុងក្រុងរបស់គេបានឡើយ ដ្បិតព្រះយេហូវ៉ាជាព្រះរបស់អ្នក បានប្រគល់គេមកក្នុងកណ្ដាប់ដៃរបស់អ្នកហើយ» កាលលោកយ៉ូស្វេ និងពួកកូនចៅអ៊ីស្រាអែល បានសម្លាប់គេ ដោយការប្រហារជីវិតយ៉ាងសម្បើម រហូតទាល់តែគេវិនាសអស់ ហើយកាលពួកអ្នកនៅសេសសល់ បានចូលទៅក្នុងទីក្រុងមានកំផែងការពាររួចហើយ ពេលនោះ ប្រជាជនទាំងអស់ក៏ត្រឡប់វិលមកជួបលោកយ៉ូស្វេវិញ នៅជំរំម៉ាកេដាដោយសុខសាន្ត គ្មានអ្នកណាហ៊ានហើបមាត់ទាស់នឹងពួកកូនចៅអ៊ីស្រាអែលណាម្នាក់ឡើយ។ បន្ទាប់មក លោកយ៉ូស្វេមានប្រសាសន៍ថា៖ «ចូរបើកមាត់រូង ហើយនាំស្តេចទាំងប្រាំនោះពីក្នុងរូងមកជួបខ្ញុំ»។ គេក៏បើកមាត់រូង នាំស្តេចទាំងប្រាំអង្គនោះចេញមកជួបលោក គឺស្តេចក្រុងយេរូសាឡិម ស្តេចក្រុងហេប្រុន ស្តេចក្រុងយ៉ារមុត ស្តេចក្រុងឡាគីស និងស្តេចក្រុងអេក្លុន។ កាលគេបាននាំស្តេចទាំងនោះចេញជួបលោកយ៉ូស្វេហើយ លោកយ៉ូស្វេក៏ហៅពួកអ៊ីស្រាអែលទាំងអស់គ្នាមក ហើយមានប្រសាសន៍ទៅកាន់ពួកមេទ័ព ដែលបានរួមប្រយុទ្ធជាមួយលោកថា៖ «ចូលឲ្យជិតមក៍ ហើយយកជើងជាន់កស្តេចទាំងនេះទៅ»។ ដូច្នេះ គេក៏ចូលមក ហើយជាន់កស្តេចទាំងនោះ។ លោកយ៉ូស្វេមានប្រសាសន៍ទៅពួកគេថា៖ «មិនត្រូវភ័យខ្លាច ឬស្រយុតចិត្តឡើយ ត្រូវមានកម្លាំង និងចិត្តក្លាហានឡើង ដ្បិតព្រះយេហូវ៉ានឹងធ្វើបែបនេះចំពោះខ្មាំងសត្រូវទាំងអស់ ដែលអ្នកត្រូវតតាំងនឹងគេ» ក្រោយមក លោកយ៉ូស្វេក៏ប្រហារជីវិតស្តេចទាំងនោះ រួចព្យួរនៅដើមឈើប្រាំដើម រហូតដល់ល្ងាច។ លុះពេលថ្ងៃហៀបនឹងលិច លោកយ៉ូស្វេក៏បង្គាប់ឲ្យគេដាក់សាកសពទាំងនោះចុះពីដើមឈើ យកទៅបោះចោលក្នុងរូងដែលស្ដេចទាំងនោះបានពួន រួចគេដាក់ថ្មធំៗសន្ធប់មាត់រូង ហើយផ្ទាំងថ្មទាំងនោះនៅរហូតមកដល់ថ្ងៃ។ នៅថ្ងៃនោះ លោកយ៉ូស្វេចាប់យកក្រុងម៉ាកេដា ហើយប្រហារអ្នកក្រុងនោះដោយមុខដាវ រួមទាំងស្តេចរបស់គេផង។ លោកបានបំផ្លាញមនុស្សទាំងអស់នៅក្នុងក្រុងនោះ គ្មានសល់អ្នកណាម្នាក់ឡើយ។ លោកបានប្រព្រឹត្តចំពោះស្តេចក្រុងម៉ាកេដា ដូចលោកបានប្រព្រឹត្តចំពោះស្តេចក្រុងយេរីខូរដែរ។ បន្ទាប់មក លោកយ៉ូស្វេ និងពួកអ៊ីស្រាអែលទាំងអស់ ក៏ចេញពីក្រុងម៉ាកេដា ទៅក្រុងលិបណា ហើយច្បាំងនឹងក្រុងនោះ។ ព្រះយេហូវ៉ាក៏បានប្រគល់ក្រុងនោះ និងស្តេចរបស់គេ មកក្នុងកណ្ដាប់ដៃរបស់ពួកអ៊ីស្រាអែល ហើយលោកប្រហារពួកគេដោយមុខដាវ គឺមនុស្សទាំងប៉ុន្មាននៅក្នុងក្រុងនោះ គ្មានសល់អ្នកណាម្នាក់ឡើយ។ លោកបានប្រព្រឹត្តចំពោះស្តេចក្រុងនោះ ដូចលោកបានប្រព្រឹត្តចំពោះស្តេចក្រុងយេរីខូរដែរ។ បន្ទាប់មក លោកយ៉ូស្វេ និងពួកអ៊ីស្រាអែលទាំងអស់ ក៏ចេញពីក្រុងលិបណា ទៅក្រុងឡាគីស ហើយបោះទ័ពឡោមព័ទ្ធ រួចវាយប្រហារក្រុងនោះ។ ព្រះយេហូវ៉ាក៏បានប្រគល់ក្រុងឡាគីស មកក្នុងកណ្ដាប់ដៃរបស់ពួកអ៊ីស្រាអែល ហើយលោកចាប់យកបាននៅថ្ងៃទីពីរ រួចប្រហារពួកគេដោយមុខដាវ គឺមនុស្សទាំងប៉ុន្មាននៅក្នុងក្រុងនោះ ដូចលោកបានប្រព្រឹត្តចំពោះក្រុងលិបណាដែរ។ ពេលនោះ ព្រះបាទហោរាមជាស្តេចក្រុងកេស៊ើរ ក៏ឡើងមកជួយក្រុងឡាគីស តែលោកយ៉ូស្វេលោកវាយប្រហារស្តេចនោះ និងប្រជារាស្ត្ររបស់ស្ដេច រហូតទាល់តែគ្មានសល់អ្នកណាម្នាក់ឡើយ។ បន្ទាប់មកទៀត លោកយ៉ូស្វេ និងពួកអ៊ីស្រាអែលទាំងអស់ក៏ចេញពីក្រុងឡាគីសទៅក្រុងអេក្លុន បោះទ័ពឡោមព័ទ្ធ រួចវាយប្រហារក្រុងនោះ។ ពួកគេចាប់យកបានក្រុងនោះនៅថ្ងៃនោះឯង រួចវាយប្រហារពួកគេដោយមុខដាវ។ នៅថ្ងៃនោះ លោកបំផ្លាញមនុស្សទាំងប៉ុន្មាននៅក្នុងក្រុងនោះអស់រលីងគ្មានសល់ ដូចលោកបានប្រព្រឹត្តចំពោះក្រុងឡាគីសដែរ។ បន្ទាប់មក លោកយ៉ូស្វេ និងពួកអ៊ីស្រាអែលទាំងអស់ក៏ចេញពីក្រុងអេក្លុន ឡើងទៅក្រុងហេប្រុន ហើយវាយប្រហារក្រុងនោះ គេចាប់យកបានក្រុងនោះ រួចវាយប្រហារដោយមុខដាវ គឺស្តេចក្រុងនានានៅជុំវិញ ព្រមទាំងមនុស្សទាំងប៉ុន្មាននៅក្រុងនោះ គ្មានសល់អ្នកណាម្នាក់ឡើយ ដូចលោកបានប្រព្រឹត្តចំពោះក្រុងអេក្លុនដែរ លោកបានបំផ្លាញក្រុងនោះ និងមនុស្សទាំងប៉ុន្មានដែលនៅក្នុងក្រុងអស់រលីងគ្មានសល់។ បន្ទាប់មក លោកយ៉ូស្វេ និងពួកអ៊ីស្រាអែលទាំងអស់ ក៏ងាកទៅរកក្រុងដេបៀរ ហើយវាយប្រហារក្រុងនោះ លោកចាប់យកក្រុងនោះ ស្តេចរបស់គេ ព្រមទាំងក្រុងរបស់គេទាំងប៉ុន្មានដែលនៅជុំវិញ រួចប្រហារពួកគេដោយមុខដាវ ហើយបំផ្លាញមនុស្សទាំងប៉ុន្មាននៅក្នុងក្រុងនោះ គ្មានសល់អ្នកណាម្នាក់ឡើយ។ លោកបានប្រព្រឹត្តចំពោះក្រុងដេបៀរ និងស្តេចរបស់គេ ដូចលោកបានប្រព្រឹត្តចំពោះក្រុងហេប្រុន និងចំពោះក្រុងលិបណា ព្រមទាំងស្តេចរបស់គេដែរ។ ដូច្នេះ លោកយ៉ូស្វេវាយប្រហារស្រុកនោះទាំងមូល គឺស្រុកភ្នំ តំបន់ណេកិប តំបន់វាលទំនាប តំបន់ជម្រាលភ្នំ ព្រមទាំងស្តេចរបស់គេទាំងអស់។ លោកមិនទុកឲ្យអ្នកណាម្នាក់នៅសល់ឡើយ គឺបានបំផ្លាញអស់ទាំងទីក្រុង និងគ្រប់ទាំងអស់ដែលមានដង្ហើម អស់រលីងគ្មានសល់ ដូចព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែលបានបង្គាប់។ លោកយ៉ូស្វេបានវាយប្រហារគេ ចាប់តាំងពីកាដេស-បារនា រហូតដល់ក្រុងកាសា ព្រមទាំងស្រុកកូសែនទាំងមូល រហូតដល់ក្រុងគីបៀន។ លោកយ៉ូស្វេបានចាប់យកស្តេចទាំងប៉ុន្មាន និងស្រុករបស់គេក្នុងគ្រាតែមួយ ព្រោះព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ព្រះអង្គប្រយុទ្ធជំនួសអ៊ីស្រាអែល។ បន្ទាប់មក លោកយ៉ូស្វេ និងពួកអ៊ីស្រាអែលទាំងអស់ ក៏ត្រឡប់វិលមកជំរំនៅគីលកាលវិញ។
អាន យ៉ូស្វេ 10
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: យ៉ូស្វេ 10:15-43
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ