យ៉ូស្វេ 11

11
1កាល​យ៉ាប៊ីន ជា​ស្តេច​ក្រុង​ហាសោរ បាន​ឮ​ពី​ការ​ទាំង​នោះ​ហើយ នោះ​ក៏​ចាត់​សារ​ទៅ​ឯ​យ៉ូបាប់ ជា​ស្តេច​ក្រុង​ម៉ាដូន នឹង​ស្តេច​ក្រុង​ស៊ីមរ៉ុន ស្តេច​ក្រុង​អាកសាប 2ហើយ​នឹង​ពួក​ស្តេច​ដែល​នៅ​ខាង​ជើង គឺ​ក្នុង​ស្រុក​ភ្នំ នៅ​ស្រុក​វាល ជា​ខាង​ត្បូង​សមុទ្រ​គេនេ‌សារ៉ែត នៅ​ស្រុក​ទំនាប ហើយ​នៅ​ស្រុក​ទំនួល​នៃ​ក្រុង​ដោរ​ខាង​លិច 3ទៅ​ឯ​សាសន៍​កាណាន​ដែល​នៅ​ខាង​កើត ខាង​លិច នឹង​សាសន៍​អាម៉ូរី សាសន៍​ហេត សាសន៍​ពេរិស៊ីត ហើយ​សាសន៍​យេប៊ូស​ដែល​នៅ​ស្រុក​ភ្នំ ហើយ​នឹង​សាសន៍​ហេវី​នៅ​ស្រុក​មីសប៉ា នា​ជើង​ភ្នំ​ហ៊ើម៉ូន 4គេ​ក៏​នាំ​ពួក​ពល​របស់​គេ​ទាំង​ប៉ុន្មាន​ចេញ​មក មាន​គ្នា​សន្ធឹក​ដូច​ជា​ខ្សាច់​នៅ​មាត់​សមុទ្រ មាន​ទាំង​សេះ នឹង​រទេះ​ចំបាំង​ជា​ច្រើន​ណាស់ 5ស្តេច​ទាំង​នោះ​ក៏​មូល​គ្នា​មក​បោះ​ទ័ព​នៅ​ត្រង់​ទឹក​មេរ៉ុម ដើម្បី​ច្បាំង​នឹង​សាសន៍​អ៊ីស្រាអែល។
6ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​នឹង​យ៉ូស្វេ​ថា កុំ​ឲ្យ​ភ័យ​ខ្លាច ដោយ​ព្រោះ​គេ​ឡើយ ដ្បិត​ថ្ងៃ​ស្អែក វេលា​ថ្មើរ​ណេះ អញ​នឹង​ប្រគល់​គេ​ឲ្យ​ស្លាប់​ទាំង​អស់​នៅ​មុខ​អ៊ីស្រាអែល ត្រូវ​ឲ្យ​កាប់​សរសៃ​ក​ជើង​សេះ​គេ ហើយ​ដុត​រទេះ​ចំបាំង​ដោយ​ភ្លើង​ផង 7ដូច្នេះ​យ៉ូស្វេ នឹង​ពួក​អ្នក​ថ្នឹក​ច្បាំង​ទាំង​ប៉ុន្មាន ក៏​ទៅ​ទាស់​នឹង​គេ ត្រង់​ទឹក​មេរ៉ុម ឥត​គេ​ដឹង​ខ្លួន​សោះ ហើយ​ស្ទុះ​ចូល​ទៅ​លើ​គេ 8ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​ប្រគល់​គេ​មក​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​អ៊ីស្រាអែល ពួក​អ៊ីស្រាអែល​បាន​វាយ​គេ ហើយ​ដេញ​តាម​រហូត​ទៅ​ដល់​ក្រុង​ស៊ីដូន​ដ៏​ជា​ក្រុង​ធំ នឹង​ដល់​ក្រុង​មីស‌រិផូត-ម៉ែម ហើយ​នឹង​ដល់​វាល​ច្រក​ភ្នំ​មីសប៉ា​ខាង​កើត គឺ​វាយ​គេ​ទាល់​តែ​គ្មាន​អ្នក​ណា​មួយ​នៅ​សល់​ឡើយ 9យ៉ូស្វេ​បាន​ប្រព្រឹត្ត​នឹង​គេ ដូច​ជា​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បង្គាប់​មក គឺ​បាន​កាប់​សរសៃ​ក​ជើង​សេះ ព្រម​ទាំង​ដុត​រទេះ​ចំបាំង​របស់​គេ​ផង។
10គ្រា​នោះ យ៉ូស្វេ​ក៏​បត់​មក​ចាប់​យក​ក្រុង​ហាសោរ ហើយ​កាប់​ស្តេច​គេ​ដោយ​ដាវ ឯ​ក្រុង​ហាសោរ​នេះ ពី​ដើម ជា​ក្រុង​ធំ ត្រួត​លើ​នគរ​ទាំង​នោះ 11ពួក​អ៊ីស្រាអែល​ក៏​កាប់​ពួក​អ្នក​ដែល​នៅ​ក្នុង​ក្រុង​នោះ ដោយ​មុខ​ដាវ ព្រម​ទាំង​បំផ្លាញ​គេ​អស់​រលីង ឥត​មាន​ទុក​អ្វីៗ​ដែល​មាន​ដង្ហើម​ឲ្យ​នៅ​សល់​ឡើយ ហើយ​ដុត​ទី​ក្រុង​ហាសោរ​នោះ​ចោល​ដែរ 12ឯ​ទី​ក្រុង​របស់​ស្តេច​ទាំង​នោះ ព្រម​ទាំង​ស្តេច​គេ​ផង នោះ​យ៉ូស្វេ​ចាប់​យក​បាន​ទាំង​អស់ ហើយ​លោក​កាប់​គេ​ដោយ​មុខ​ដាវ ទាំង​បំផ្លាញ​គេ​អស់​រលីង ដូច​ជា​លោក​ម៉ូសេ ជា​អ្នក​បំរើ​របស់​ព្រះ‌យេហូវ៉ា បាន​បង្គាប់​មក 13តែ​ឯ​ទី​ក្រុង​ទាំង​ប៉ុន្មាន​ដែល​នៅ​លើ​ទី​ទំនួល នោះ​ពួក​អ៊ីស្រាអែល​មិន​បាន​ដុត​ទេ លើក​តែ​ក្រុង​ហាសោរ​១ ដែល​យ៉ូស្វេ​បាន​ដុត​ប៉ុណ្ណោះ 14ពួក​កូន​ចៅ​អ៊ីស្រាអែល​គេ​យក​របស់​ទាំង​អស់ ដែល​នៅ​ក្នុង​ក្រុង​ទាំង​នោះ នឹង​ហ្វូង​សត្វ ទុក​ជា​របឹប​សំរាប់​ខ្លួន​គេ តែ​ឯ​មនុស្ស​ទាំង​ប៉ុន្មាន នោះ​បាន​កាប់​ដោយ​មុខ​ដាវ​វិញ ទាល់​តែ​បាន​បំផ្លាញ​អស់​រលីង ឥត​មាន​ទុក​អ្វីៗ​ដែល​មាន​ដង្ហើម​ឲ្យ​នៅ​សល់​ឡើយ 15ឯ​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​លោក​ម៉ូសេ ជា​អ្នក​បំរើ​ទ្រង់ នោះ​លោក​ម៉ូសេ​ក៏​បង្គាប់​ដល់​យ៉ូស្វេ​ដែរ ហើយ​យ៉ូស្វេ​ក៏​ធ្វើ​តាម​ដូច្នោះ លោក​មិន​បាន​វៀរ​បង់​ចំពោះ​អ្វីៗ​ក្នុង​គ្រប់​ទាំង​សេចក្ដី ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បង្គាប់​ដល់​លោក​ម៉ូសេ​ឡើយ។
16ដូច្នេះ យ៉ូស្វេ​បាន​ចាប់​យក​ស្រុក​នោះ​ទាំង​អស់ គឺ​ស្រុក​ភ្នំ ស្រុក​ត្បូង ស្រុក​កូសែន​ទាំង​អស់ ស្រុក​ទំនាប ហើយ​ស្រុក​វាល ព្រម​ទាំង​ស្រុក​ភ្នំ ទាំង​ស្រុក​ទំនាប​របស់​ស្រុក​អ៊ីស្រាអែល​ផង 17ចាប់​តាំង​ពី​ភ្នំ​ហាឡាក ត្រង់​កន្លែង​ដែល​ឡើង​ទៅ​ភ្នំ​សៀរ រហូត​ដល់​ដល់​បាល-កាឌ់ ដែល​នៅ​ក្នុង​វាល​ច្រក​ភ្នំ​ល្បាណូន ត្រង់​ជើង​ភ្នំ​ហ៊ើម៉ូន លោក​ក៏​ចាប់​បាន​ស្តេច​គេ​ទាំង​អស់ ហើយ​វាយ​សំឡាប់​ចោល​ទៅ 18យ៉ូស្វេ​បាន​ច្បាំង​នឹង​ស្តេច​ទាំង​នោះ​ជា​យូរ 19គ្មាន​ទី​ក្រុង​ណា​មួយ​បាន​ចង​ស្ពាន​មេត្រី​នឹង​ពួក​កូន​ចៅ​អ៊ីស្រាអែល​ឡើយ លើក​តែ​សាសន៍​ហេវី​ដែល​នៅ​ក្រុង​គីបៀន​ប៉ុណ្ណោះ ក្រៅ​ពី​នោះ ពួក​កូន​ចៅ​អ៊ីស្រាអែល​ចាប់​យក​ទាំង​អស់​បាន​ដោយ​ច្បាំង 20ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បណ្តាល​ចិត្ត​គេ​ឲ្យ​រឹង‌ទទឹង ដើម្បី​ឲ្យ​គេ​ចេញ​មក​ច្បាំង​នឹង​ពួក​អ៊ីស្រាអែល ប្រយោជន៍​ឲ្យ​ទ្រង់​បាន​បំផ្លាញ​គេ​អស់​រលីង​ទៅ ឥត​មាន​ប្រណី​ឡើយ គឺ​ឲ្យ​លោក​បាន​បំផ្លាញ​គេ ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​លោក​ម៉ូសេ។
21នៅ​គ្រា​នោះ យ៉ូស្វេ​ក៏​ទៅ​វាយ​សាសន៍​អ័ណាក់​ឲ្យ​សូន្យ​បាត់​ពី​ស្រុក​ភ្នំ ពី​ក្រុង​ហេប្រុន ក្រុង​ដេបៀរ ក្រុង​អាណាប ពី​ស្រុក​ភ្នំ​របស់​យូដា នឹង​ស្រុក​ភ្នំ​របស់​អ៊ីស្រាអែល​ទាំង​អស់​ទៅ គឺ​លោក​បាន​បំផ្លាញ​គេ នឹង​ទី​ក្រុង​គេ​អស់​រលីង 22គ្មាន​សល់​ពួក​សាសន៍​អ័ណាក់​ណា​មួយ​នៅ​ក្នុង​ស្រុក​របស់​ពួក​កូន​ចៅ​អ៊ីស្រាអែល​ឡើយ សល់​នៅ​តែ​ក្នុង​ក្រុង​កាសា ក្រុង​កាថ នឹង​ក្រុង​អាសដូឌ​ប៉ុណ្ណោះ 23ដូច្នេះ​យ៉ូស្វេ​បាន​ចាប់​យក​ស្រុក​ទាំង​អស់ តាម​គ្រប់​ទាំង​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​លោក​ម៉ូសេ រួច​លោក​ចែក​ស្រុក​ទាំង​នោះ​ជា​មរដក ដល់​សាសន៍​អ៊ីស្រាអែល តាម​ពួក​ក្នុង​ពូជ​អំបូរ​គេ​រៀង​ខ្លួន ស្រុក​នោះ​ក៏​បាន​ស្រាក‌ស្រាន្ត​ពី​ចំបាំង​ទៅ។

ទើបបានជ្រើសរើសហើយ៖

យ៉ូស្វេ 11: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល