លូកា 22

22
1រីឯ​បុណ្យ​នំបុ័ង​ឥត​ដំបែ ដែល​ហៅ​ថា បុណ្យ​រំលង នោះ​ក៏​ជិត​មក​ដល់ 2ហើយ​ពួក​សង្គ្រាជ នឹង​ពួក​អាចារ្យ គេ​រក​វិធី​យ៉ាង​ណា​នឹង​សំឡាប់​ទ្រង់​ចេញ ព្រោះ​គេ​ខ្លាច​បណ្តាជន 3នោះ​អារក្ស​សាតាំង​វា​ចូល​យូដាស ដែល​ហៅ​ថា អ៊ីស្កា‌រីយ៉ុត ជា​ម្នាក់​ក្នុង​ពួក​១២ 4រួច​វា​ទៅ​និយាយ​នឹង​ពួក​សង្គ្រាជ ហើយ​នឹង​ពួក​មេ​ទ័ព​រក្សា​ព្រះ‌វិហារ ពី​បែប​ដែល​នឹង​បញ្ជូន​ទ្រង់​ឲ្យ​ដល់​គេ 5គេ​ក៏​ត្រេក‌អរ​ណាស់ ហើយ​សន្យា​នឹង​ឲ្យ​ប្រាក់​ដល់​វា 6វា​យល់​ព្រម រួច​ក៏​ទៅ​រក​ឱកាស​នឹង​បញ្ជូន​ទ្រង់​ដល់​គេ ក្នុង​កាល​ដែល​ឃ្លាត​ពី​បណ្តា​មនុស្ស។
7ឯ​ថ្ងៃ​បុណ្យ​នំបុ័ង​ឥត​ដំបែ​ក៏​មក​ដល់ គឺ​ជា​ថ្ងៃ​ដែល​គេ​ត្រូវ​សំឡាប់​កូន​ចៀម​ធ្វើ​បុណ្យ​រំលង 8នោះ​ទ្រង់​ចាត់​ពេត្រុស នឹង​យ៉ូហាន​ឲ្យ​ទៅ ដោយ​បន្ទូល​ថា ចូរ​ទៅ​រៀបចំ​បុណ្យ​រំលង​សំរាប់​យើង​រាល់​គ្នា​បរិភោគ 9តែ​គេ​ទូល​សួរ​ថា តើ​ទ្រង់​សព្វ​ព្រះ‌ហឫទ័យ ឲ្យ​យើង​ខ្ញុំ​រៀបចំ​នៅ​កន្លែង​ណា 10ទ្រង់​ក៏​ប្រាប់​ថា មើល កាល​ណា​ចូល​ទៅ​ក្នុង​ទី​ក្រុង នោះ​នឹង​ឃើញ​មនុស្ស​ម្នាក់​កំពុង​តែ​លី​ក្អម​ទឹក ចូរ​តាម​អ្នក​នោះ ទៅ​ក្នុង​ផ្ទះ​ណា​ដែល​គាត់​ចូល 11ហើយ​និយាយ​នឹង​ម្ចាស់​ផ្ទះ​នោះ​ថា លោក​គ្រូ​មាន​ប្រសាសន៍​សួរ​មក​អ្នក​ថា តើ​បន្ទប់​ដែល​ខ្ញុំ​នឹង​ទទួល​ទាន​បុណ្យ​រំលង ជា​មួយ​នឹង​ពួក​សិស្ស​ខ្ញុំ​នៅ​ឯ​ណា 12នោះ​គាត់​នឹង​បង្ហាញ​បន្ទប់​១​ធំ​នៅ​ខាង​លើ ដែល​មាន​គ្រប់​ប្រដាប់​ប្រដា ចូរ​រៀបចំ​នៅ​ទី​នោះ​ចុះ 13គេ​ក៏​ទៅ​ឃើញ ដូច​ជា​ទ្រង់​បាន​មាន​បន្ទូល ហើយ​គេ​រៀបចំ​បុណ្យ​រំលង។
14លុះ​ដល់​ពេល​ហើយ ទ្រង់​ក៏​គង់​នៅ​តុ​ជា​មួយ​នឹង​ពួក​សាវក 15ទ្រង់​មាន​បន្ទូល​ថា មុន​ដែល​ខ្ញុំ​រង​ទុក្ខ​លំបាក ខ្ញុំ​បាន​ចង់​ទទួល​ទាន​បុណ្យ​រំលង​នេះ ជា​មួយ​នឹង​អ្នក​រាល់​គ្នា​យ៉ាង​អស់​ពី​ចិត្ត 16ដ្បិត​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ខ្ញុំ​មិន​បាន​ទទួល​ទាន​បុណ្យ​នេះ​ទៀត​ទេ ទាល់​តែ​បុណ្យ​នេះ​បាន​សំរេច​នៅ​ក្នុង​នគរ​ព្រះ​វិញ 17កាល​ទ្រង់​បាន​ទទួល​ពែង​នោះ ក៏​អរ​ព្រះ‌គុណ រួច​មាន​បន្ទូល​ថា ចូរ​យក​ពែង​នេះ​ចែក​គ្នា​ផឹក 18ដ្បិត​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ខ្ញុំ​មិន​ផឹក​ពី​ផល​ផ្លែ​ទំពាំង‌បាយ‌ជូរ​ទៀត​ទេ ដរាប​ដល់​នគរ​ព្រះ​បាន​មក​ដល់ 19រួច​ទ្រង់​ក៏​យក​នំបុ័ង​មក​អរ​ព្រះ‌គុណ ហើយ​កាច់​ប្រទាន​ទៅ​គេ ដោយ​បន្ទូល​ថា នេះ​ហើយ​ជា​រូប‌កាយ​ខ្ញុំ ដែល​បាន​ប្រទាន​មក​សំរាប់​អ្នក​រាល់​គ្នា ចូរ​ធ្វើ​បុណ្យ​នេះ ដើម្បី​រំឭក​ពី​ខ្ញុំ​ចុះ 20ក្រោយ​ដែល​បាន​បរិភោគ​ហើយ នោះ​ទ្រង់​យក​ពែង​មក​ធ្វើ​បែប​ដូច្នោះ​ដែរ ដោយ​បន្ទូល​ថា ពែង​នេះ​ជា​សញ្ញា​ថ្មី ដែល​តាំង​ដោយ​នូវ​ឈាម​ខ្ញុំ គឺ​ជា​ឈាម ដែល​ត្រូវ​ច្រួច​ចេញ​សំរាប់​អ្នក​រាល់​គ្នា 21មួយ​ទៀត មើល ដៃ​នៃ​អ្នក​ដែល​បញ្ជូន​ខ្ញុំ ក៏​នៅ​តុ​ជា​មួយ​នឹង​ខ្ញុំ​ដែរ 22កូន​មនុស្ស​ត្រូវ​ទៅ​មែន តាម​សេចក្ដី​ដែល​សំរេច​មក ប៉ុន្តែ វេទនា​ដល់​មនុស្ស​នោះ ដែល​បញ្ជូន​ខ្ញុំ​ទៅ 23នោះ​គេ​ចាប់​តាំង​សួរ​គ្នា​ទៅ​វិញ​ទៅ​មក ពី​អ្នក​ណា​ក្នុង​ពួក​គេ ដែល​នឹង​ធ្វើ​ការ​នោះ។
24គេ​ក៏​កើត​មាន​សេចក្ដី​ទាស់‌ទែង​គ្នា អំពី​អ្នក​ណា​ដែល​រាប់​ជា​ធំ​ជាង​គេ 25តែ​ទ្រង់​មាន​បន្ទូល​ថា អស់​ទាំង​ស្តេច​នៃ​សាសន៍​ដទៃ គេ​តែង​សោយ‌រាជ្យ​លើ​បណ្តា‌រាស្ត្រ ហើយ​បណ្តាជន​ហៅ​ពួក​អ្នក​មាន​អំណាច​លើ​គេ ថា​ជា​អ្នក​មាន​គុណ​ដែរ 26ប៉ុន្តែ មិន​ត្រូវ​ឲ្យ​មាន​ដូច្នោះ​ក្នុង​ពួក​អ្នក​រាល់​គ្នា​ឡើយ ឯ​អ្នក​ណា​ដែល​ធំ​ជាង​គេ ក្នុង​ពួក​អ្នក​រាល់​គ្នា នោះ​ត្រូវ​ប្រព្រឹត្ត​ដូច​ជា​តូច​ជាង​គេ​វិញ ហើយ​អ្នក​ណា​ដែល​នាំ​មុខ​គេ នោះ​ដូច​ជា​អ្នក​បំរើ​ដែរ 27ដ្បិត​តើ​អ្នក​ណា​ធំ​ជាង អ្នក​ដែល​អង្គុយ​នៅ​តុ ឬ​អ្នក​ដែល​បំរើ តើ​មិន​មែន​ជា​អ្នក​ដែល​អង្គុយ​នៅ​តុ​ទេ​ឬ​អី ប៉ុន្តែ ខ្ញុំ​នៅ​កណ្តាល​ពួក​អ្នក​រាល់​គ្នា ទុក​ដូច​ជា​អ្នក​បំរើ​វិញ 28ឯ​អ្នក​រាល់​គ្នា គឺ​ជា​ពួក​ដែល​បាន​កាន់​ខ្ជាប់​ជា​មួយ​នឹង​ខ្ញុំ ក្នុង​អស់​ទាំង​សេចក្ដី​ល្បង​ល​ខ្ញុំ 29ខ្ញុំ​ក៏​ដំរូវ​នគរ​១​ឲ្យ​អ្នក​រាល់​គ្នា ដូច​ជា​ព្រះវរ‌បិតា​នៃ​ខ្ញុំ​បាន​ដំរូវ​នគរ​ឲ្យ​ខ្ញុំ​ដែរ 30ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​បរិភោគ​នៅ​តុ​ខ្ញុំ ក្នុង​នគរ​របស់​ខ្ញុំ ហើយ​ឲ្យ​បាន​អង្គុយ​លើ​បល្ល័ង្ក ជំនុំ​ជំរះ​ពូជ​អំបូរ​អ៊ីស្រាអែល​ទាំង​១២​ផង។
31ព្រះ‌អម្ចាស់​ក៏​មាន​បន្ទូល​ថា ស៊ីម៉ូនៗ​អើយ មើល សាតាំង​បាន​សូម​ចង់​បាន​អ្នក​រាល់​គ្នា ប្រយោជន៍​នឹង​រែង​អ្នក​រាល់​គ្នា ដូច​ជា​រែង​អង្ករ 32ប៉ុន្តែ ខ្ញុំ​បាន​អធិស្ឋាន​ឲ្យ​អ្នក ដើម្បី​មិន​ឲ្យ​សេចក្ដី​ជំនឿ​របស់​អ្នក​វិនាស​បាត់​ឡើយ កាល​ណា​អ្នក​បាន​ប្រែ​ចិត្ត​វិល​មក​វិញ នោះ​ចូរ​ចំរើន​ឲ្យ​បង​ប្អូន​អ្នក​បាន​ខ្ជាប់‌ខ្ជួន​ឡើង 33តែ​គាត់​ទូល​ទ្រង់​ថា ព្រះ‌អម្ចាស់​អើយ ទូលបង្គំ​ប្រុង​ប្រៀប​ជា​ស្រេច នឹង​ទៅ​ជា​មួយ​នឹង​ទ្រង់​ដែរ ទោះ​បើ​ជាប់​គុក ឬ​ដល់​ស្លាប់​ក្តី 34នោះ​ទ្រង់​មាន​បន្ទូល​ថា ពេត្រុស​អើយ ខ្ញុំ​ប្រាប់​អ្នក​ថា នៅ​ថ្ងៃ​នេះ មាន់​មិន​រងាវ​ឡើយ ទាល់​តែ​អ្នក​បាន​ប្រកែក​៣​ដង​ថា មិន​ស្គាល់​ខ្ញុំ។
35រួច​មក ទ្រង់​មាន​បន្ទូល​ទៅ​ពួក​សិស្ស​ទាំង​អស់​ថា កាល​ខ្ញុំ​ចាត់​អ្នក​រាល់​គ្នា ឲ្យ​ទៅ​ឥត​កាបូប ឥត​យាម ហើយ​ឥត​ស្បែក​ជើង នោះ​តើ​មាន​ខ្វះ​អ្វី​ឬ​ទេ គេ​ទូល​ឆ្លើយ​ថា គ្មាន​ខ្វះ​អ្វី​ទេ 36ដូច្នេះ ទ្រង់​មាន​បន្ទូល​ថា ឥឡូវ​នេះ​វិញ អ្នក​ណា​ដែល​មាន​កាបូប មាន​យាម នោះ​ត្រូវ​តែ​យក​ទៅ​កុំ​ខាន ហើយ​អ្នក​ណា​ដែល​គ្មាន​ដាវ ក៏​ឲ្យ​អ្នក​នោះ​លក់​អាវ​ខ្លួន​ទៅ​ទិញ​មួយ​មក 37ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា សេចក្ដី​នេះ​ដែល​បាន​ចែង​ទុក​មក​ថា «គេ​បាន​រាប់​ទ្រង់ ជា​ពួក​ទទឹង​ច្បាប់» នោះ​ត្រូវ​សំរេច​លើ​ខ្លួន​ខ្ញុំ ដ្បិត​គ្រប់​សេចក្ដី​ដែល​ដំរូវ​មក​ខ្ញុំ ត្រូវ​តែ​បាន​សំរេច​ទាំង​អស់ 38រួច​គេ​ទូល​ថា ព្រះ‌អម្ចាស់​អើយ មើល នេះ​មាន​ដាវ​២​ហើយ ទ្រង់​ក៏​មាន​បន្ទូល​ថា អើ ល្មម​ហើយ។
39កាល​ទ្រង់​យាង​ចេញ​ទៅ នោះ​ទ្រង់​ទៅ​ឯ​ភ្នំ​ដើម​អូលីវ តាម​ទំលាប់ ហើយ​ពួក​សិស្ស​ក៏​តាម​ទៅ​ដែរ 40លុះ​ដល់​កន្លែង​ហើយ ទ្រង់​មាន​បន្ទូល​ថា ចូរ​អធិស្ឋាន​ទៅ ដើម្បី​កុំ​ឲ្យ​ត្រូវ​សេចក្ដី​ល្បួង​ឡើយ 41រួច​ទ្រង់​ថយ​ចេញ​ពី​គេ​ទៅ ចំងាយ​ទី​ប្រហែល​ជា​គេ​ចោល​ថ្ម​១​ទំហឹង​ដៃ ក៏​លុត​ព្រះ‌ជង្ឃ​ក្រាប​ចុះ​អធិស្ឋាន​ថា 42ឱ​ព្រះវរ‌បិតា​អើយ បើ​សិន​ជា​ទ្រង់​សព្វ​ព្រះ‌ហឫទ័យ នោះ​សូម​យក​ពែង​នេះ​ចេញ​ពី​ទូលបង្គំ​ទៅ ប៉ុន្តែ កុំ​តាម​ចិត្ត​ទូលបង្គំ​ឡើយ សូម​តាម​តែ​ព្រះ‌ហឫទ័យ​ទ្រង់​វិញ 43នោះ​មាន​ទេវតា​លេច​មក​ឯ​ទ្រង់​អំពី​ស្ថាន‌សួគ៌ មក​ចំរើន​កំឡាំង​ថ្វាយ 44ហើយ​ដោយ​ទ្រង់​កើត​ទុក្ខ​ជា​ខ្លាំង បាន​ជា​ទ្រង់​អធិស្ឋាន​ទទូច​រឹត‌តែ​ខ្លាំង​ឡើង ញើស​ទ្រង់​ក៏​ត្រឡប់​ដូច​ជា​ដំណក់​ឈាម​ដ៏​ធំៗ​ស្រក់​ទៅ​ដី 45រួច​ទ្រង់​ក្រោក​ពី​ទី​អធិស្ឋាន វិល​ទៅ​ឯ​ពួក​សិស្ស​វិញ ក៏​ឃើញ​គេ​ដេក​លក់​ដោយ​ព្រួយ​ចិត្ត 46ទ្រង់​មាន​បន្ទូល​ថា ហេតុ​អ្វី​បាន​ជា​ដេក​លក់​ដូច្នេះ ចូរ​ក្រោក​ឡើង​អធិស្ឋាន​ចុះ ដើម្បី​កុំ​ឲ្យ​ត្រូវ​សេចក្ដី​ល្បួង​ឡើយ។
47កំពុង​ដែល​ព្រះ‌យេស៊ូវ ទ្រង់​មាន​បន្ទូល​នៅ​ឡើយ នោះ​ឃើញ​មាន​មនុស្ស​ទាំង​ហ្វូង​មក ហើយ​អ្នក​ដែល​មាន​ឈ្មោះ​យូដាស ជា​ម្នាក់​ក្នុង​ពួក​១២ ក៏​នាំ​មុខ​គេ វា​ចូល​មក​ជិត ដើម្បី​ថើប​ព្រះ‌យេស៊ូវ 48តែ​ទ្រង់​មាន​បន្ទូល​ទៅ​វា​ថា យូដាស​អើយ អ្នក​បញ្ជូន​កូន​មនុស្ស​ទៅ ដោយ​ថើប​១​ខ្សឺត​ឬ​អី 49កាល​ពួក​អ្នក​ដែល​នៅ​ជុំ‌វិញ​ទ្រង់ ឃើញ​ការ​ដែល​ហៀប​នឹង​កើត​មក​ដូច្នេះ នោះ​ក៏​ទូល​ទ្រង់​ថា ព្រះ‌អម្ចាស់​អើយ តើ​ត្រូវ​ឲ្យ​យើង​ខ្ញុំ​កាប់​នឹង​ដាវ​ឬ​អី 50មាន​ម្នាក់​ក្នុង​ពួក​គេ ក៏​កាប់​ដាច់​ត្រចៀក​ស្តាំ​របស់​បាវ​សំដេច​សង្ឃ​ម្នាក់ 51ព្រះ‌យេស៊ូវ​មាន​បន្ទូល​ថា ចូរ​ឈប់​ប៉ុណ្ណឹង​ចុះ រួច​ទ្រង់​ពាល់​ត្រចៀក​អ្នក​នោះ​ឲ្យ​ជា​វិញ 52នោះ​ព្រះ‌យេស៊ូវ​មាន​បន្ទូល​ទៅ​ពួក​សង្គ្រាជ ពួក​មេ​ទ័ព​រក្សា​ព្រះ‌វិហារ នឹង​ពួក​ចាស់‌ទុំ​ដែល​មក​ចាប់​ទ្រង់​ថា តើ​អ្នក​រាល់​គ្នា​ចេញ​មក​ទាំង​កាន់​ដាវ​កាន់​ដំបង ដូច​ជា​មក​ចាប់​ចោរ​ឬ​អី 53កាល​ខ្ញុំ​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា ក្នុង​ព្រះ‌វិហារ​រាល់​តែ​ថ្ងៃ នោះ​អ្នក​រាល់​គ្នា​មិន​បាន​លូក​ដៃ​មក​ចាប់​ខ្ញុំ​សោះ ប៉ុន្តែ នេះ​ជា​ពេល​វេលា​របស់​ផង​អ្នក​រាល់​គ្នា​ទេ ហើយ​ជា​អំណាច​នៃ​សេចក្ដី​ងងឹត​ផង។
54គេ​ក៏​ចាប់​ទ្រង់​ដឹក‌នាំ​ទៅ​ដល់​ដំណាក់​សំដេច​សង្ឃ ឯ​ពេត្រុស គាត់​តាម​ទៅ​ពី​ចំងាយ​ដែរ 55កាល​គេ​បាន​បង្កាត់​ភ្លើង​នៅ​កណ្តាល​ព្រះ‌លាន ហើយ​អង្គុយ​ជា​មួយ​គ្នា នោះ​ពេត្រុស​ក៏​អង្គុយ​ជា​មួយ​នឹង​គេ​ដែរ 56មាន​ស្រី​បំរើ​ម្នាក់ ឃើញ​គាត់​អង្គុយ​នៅ​ជិត​ភ្លើង ក៏​សំឡឹង​មើល ហើយ​និយាយ​ថា អ្នក​នេះ​បាន​នៅ​ជា​មួយ​នឹង​មនុស្ស​នោះ​ដែរ 57តែ​គាត់​ប្រកែក​ថា នាង​អើយ ខ្ញុំ​មិន​ស្គាល់​មនុស្ស​នោះ​ទេ 58ក្រោយ​បន្តិច​មក មាន​ម្នាក់​ទៀត​ឃើញ​គាត់ ហើយ​ក៏​ថា អ្នក​ឯង​ជា​ពួក​នោះ​ដែរ តែ​ពេត្រុស​ឆ្លើយ​ថា អ្នក​អើយ ខ្ញុំ​មិន​មែន​ទេ 59រួច​ប្រហែល​ជា​១​ម៉ោង​ក្រោយ​មក​មាន​ម្នាក់​ទៀត​ថា អ្នក​នេះ​ប្រាកដ​ជា​បាន​នៅ​ជា​មួយ​នឹង​មនុស្ស​នោះ​ដែរ ដ្បិត​ជា​សាសន៍​កាលី‌ឡេ​ដូច​គ្នា 60តែ​ពេត្រុស​ប្រកែក​ថា អ្នក​អើយ ខ្ញុំ​មិន​ដឹង​ជា​អ្នក​ថា​ដូច​ម្តេច​ទេ កាល​គាត់​កំពុង​តែ​និយាយ​នៅ​ឡើយ នោះ​ស្រាប់​តែ​មាន់​រងាវ​ឡើង 61ហើយ​ព្រះ‌អម្ចាស់​ទ្រង់​បែរ​មក​ទត​មើល​ពេត្រុស នោះ​ពេត្រុស​ក៏​នឹក​ឃើញ​ពី​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់ ដែល​មាន​បន្ទូល​នឹង​គាត់​ថា មុន​ដែល​មាន់​រងាវ នោះ​អ្នក​នឹង​ប្រកែក​៣​ដង​ថា មិន​ស្គាល់​ខ្ញុំ 62រួច​គាត់​ចេញ​ទៅ​ក្រៅ​ដោយ​យំ​ក្តួល។
63ឯ​ពួក​មនុស្ស​ដែល​រក្សា​ព្រះ‌យេស៊ូវ គេ​ចំអក​ឲ្យ ហើយ​វាយ​ទ្រង់ 64ក៏​ខ្ទប់​ព្រះ‌នេត្រ ហើយ​ទះ​កំផ្លៀង​ទ្រង់ ដោយ​ទូល​ថា ចូរ​ទាយ​ចុះ តើ​អ្នក​ណា​បាន​ទះ​ឯង 65គេ​ក៏​ពោល​ពាក្យ​ប្រមាថ​ទ្រង់​ជា​ច្រើន​ទៅ​ទៀត​ដែរ។
66ដល់​ព្រឹក​ឡើង នោះ​ពួក​ចាស់‌ទុំ​នៃ​បណ្តាជន ព្រម​ទាំង​ពួក​សង្គ្រាជ នឹង​ពួក​អាចារ្យ ក៏​ប្រជុំ​គ្នា ហើយ​គេ​នាំ​ទ្រង់​មក​ក្នុង​ក្រុម‌ជំនុំ សួរ​ថា 67បើ​ឯង​ជា​ព្រះ‌គ្រីស្ទ​មែន ចូរ​ប្រាប់​មក​យើង​ចុះ តែ​ទ្រង់​មាន​បន្ទូល​ទៅ​គេ​ថា បើ​សិន​ជា​ខ្ញុំ​ជំរាប​ដល់​លោក​រាល់​គ្នា នោះ​លោក​ក៏​មិន​ព្រម​ជឿ 68ហើយ​បើ​ខ្ញុំ​សួរ​លោក​វិញ នោះ​ក៏​មិន​ព្រម​ឆ្លើយ​មក​ខ្ញុំ ឬ​លែង​ឲ្យ​ខ្ញុំ​ទៅ​ដែរ 69អំណឹះ​ទៅ​មុខ កូន​មនុស្ស​នឹង​អង្គុយ​ខាង​ស្តាំ​ព្រះ‌ចេស្តា​នៃ​ព្រះ 70នោះ​ទាំង​អស់​គ្នា​និយាយ​ឡើង​ថា ដូច្នេះ ឯង​ជា​ព្រះ‌រាជ‌បុត្រា​នៃ​ព្រះ​ឬ​អី ទ្រង់​មាន​បន្ទូល​ឆ្លើយ​ថា លោក​រាល់​គ្នា​មាន​ប្រសាសន៍​ដូច្នោះ នោះ​គឺ​ខ្ញុំ​នេះ​ហើយ 71គេ​ក៏​និយាយ​ថា តើ​ចាំ​បាច់​ត្រូវ​ការ​នឹង​ទី​បន្ទាល់​អ្វី​ទៀត ព្រោះ​យើង​បាន​ឮ​ចេញ​ពី​មាត់​ខ្លួន​វា​មក​ស្រាប់​ហើយ។

ទើបបានជ្រើសរើសហើយ៖

លូកា 22: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល