ម៉ាថាយ 19

19
1លុះ​ព្រះ‌យេស៊ូវ​បាន​មាន​បន្ទូល​ពាក្យ​ទាំង​នោះ​រួច​ហើយ នោះ​ទ្រង់​ថយ​ចេញ​ពី​ស្រុក​កាលី‌ឡេ ទៅ​ឯ​ព្រំ​ស្រុក​យូដា នៅ​ខាង​នាយ​ទន្លេ​យ័រដាន់​វិញ 2ហើយ​មាន​ហ្វូង​មនុស្ស​កក‌កុញ​តាម​ទ្រង់​ទៅ នៅ​ទី​នោះ​ទ្រង់​ក៏​ប្រោស​ឲ្យ​គេ​បាន​ជា។
3រីឯ​ពួក​ផារិស៊ី គេ​មក​ល្បួង​ទ្រង់​ដោយ​ទូល​ថា តើ​មនុស្ស​មាន​ច្បាប់​នឹង​លែង​ប្រពន្ធ ដោយ​ហេតុ​ណា​ក៏​ដោយ​បាន​ឬ​ទេ 4ទ្រង់​មាន​បន្ទូល​តប​ថា តើ​អ្នក​រាល់​គ្នា​មិន​បាន​មើល​រឿង​ពី​ព្រះ ដែល​ទ្រង់​បង្កើត​មនុស្ស​កាល​ពី​ដើម ថា​ទ្រង់​បាន​ធ្វើ​ឲ្យ​មាន​ទាំង​ប្រុស​ទាំង​ស្រី​ទេ​ឬ​អី 5រួច​ក៏​មាន​បន្ទូល​ថា ដោយ​ហេតុ​នោះ​បាន​ជា​មនុស្ស​ប្រុស​នឹង​លា​ចេញ​ពី​ឪពុក​ម្តាយ ទៅ​នៅ​ជាប់​នឹង​ប្រពន្ធ ហើយ​អ្នក​ទាំង​២​នោះ​នឹង​ត្រឡប់​ជា​សាច់​តែ​១​សុទ្ធ 6យ៉ាង​នោះ គេ​មិន​មែន​ជា​២​ទៀត គឺ​ជា​សាច់​តែ​១​ទេ ដូច្នេះ កុំ​ឲ្យ​អ្នក​ណា​ពង្រាត់​មនុស្ស ដែល​ព្រះ‌ទ្រង់​បាន​ផ្សំ‌ផ្គុំ​គ្នា​ឡើយ 7គេ​ទូល​សួរ​ទ្រង់​ថា ចុះ​ហេតុ​ដូច​ម្តេច​បាន​ជា​លោក​ម៉ូសេ​បង្គាប់​ឲ្យ​ធ្វើ​សំបុត្រ​លះ‌លែង ហើយ​ឲ្យ​លែង​ចេញ​ដូច្នេះ 8ទ្រង់​ក៏​មាន​បន្ទូល​តប​ថា បាន​ជា​លោក​ម៉ូសេ​អនុញ្ញាត​ឲ្យ​អ្នក​រាល់​គ្នា​លែង​ប្រពន្ធ​ទៅ គឺ​ដោយ​ព្រោះ​តែ​ចិត្ត​អ្នក​រាល់​គ្នា​រឹង​របឹង​ប៉ុណ្ណោះ តែ​ពី​ដើម​មក​មិន​មែន​ដូច្នោះ​ទេ 9ហើយ​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា អ្នក​ណា​ដែល​លែង​ប្រពន្ធ មិន​មែន​ដោយ​ព្រោះ​នាង​នោះ​ផិត ហើយ​ទៅ​យក​ប្រពន្ធ​មួយ​ទៀត អ្នក​នោះ​ឈ្មោះ​ថា​ប្រព្រឹត្ត​សេចក្ដី​កំផិត​ហើយ ឯ​អ្នក​ណា​ដែល​យក​ប្រពន្ធ ជា​ស្រី​ដែល​ប្ដី​ដើម​លែង នោះ​ក៏​ប្រព្រឹត្ត​សេចក្ដី​កំផិត​ដែរ 10ពួក​សិស្ស​ទូល​ទ្រង់​ថា បើ​របៀប​នៃ​មនុស្ស​ដែល​មាន​ប្រពន្ធ​ត្រូវ​ជា​យ៉ាង​នេះ នោះ​ស៊ូ​កុំ​យក​គ្នា​ជា​ជាង 11តែ​ទ្រង់​មាន​បន្ទូល​ថា មនុស្ស​ទាំង​អស់​ទទួល​តាម​ពាក្យ​នេះ​មិន​បាន​ទេ ទទួល​បាន​តែ​អស់​អ្នក​ដែល​ពាក្យ​នេះ​បាន​ប្រទាន​មក​ឲ្យ​ប៉ុណ្ណោះ 12ពី​ព្រោះ​មាន​មនុស្ស​ខ្ទើយ ដែល​កើត​ពី​ផ្ទៃ​ម្តាយ​មក​ខ្ទើយ​តែ​ម្តង មាន​ខ្លះ​ដែល​មនុស្ស​លោក​បាន​ក្រៀវ ហើយ​មាន​ខ្លះ​ដែល​ក្រៀវ​ខ្លួន​ឯង​ដែរ ដោយ​យល់​ដល់​នគរ​ស្ថាន‌សួគ៌ ដូច្នេះ អ្នក​ណា​ដែល​អាច​នឹង​ទទួល​បាន ឲ្យ​ទទួល​ចុះ។
13លំដាប់​នោះ មាន​គេ​នាំ​ក្មេង​តូចៗ​មក​ឯ​ទ្រង់ ដើម្បី​ឲ្យ​ទ្រង់​ដាក់​ព្រះ‌ហស្ត​អធិស្ឋាន​ឲ្យ​វា តែ​ពួក​សិស្ស​បន្ទោស​ដល់​គេ 14នោះ​ព្រះ‌យេស៊ូវ​ទ្រង់​មាន​បន្ទូល​ថា ទុក​ឲ្យ​កូន​ក្មេង​មក​ឯ​ខ្ញុំ​ចុះ កុំ​ឃាត់​វា​ឡើយ ដ្បិត​នគរ​ស្ថាន‌សួគ៌​មាន​សុទ្ធ​តែ​មនុស្ស​ដូច​វា​រាល់​គ្នា 15ទ្រង់​ក៏​ដាក់​ព្រះ‌ហស្ត​លើ​វា​រាល់​គ្នា រួច​យាង​ចេញ​ពី​ទី​នោះ​ទៅ។
16នោះ​មាន​ម្នាក់​មក​ទូល​សួរ​ទ្រង់​ថា លោក​គ្រូ​ល្អ​អើយ តើ​ត្រូវ​ឲ្យ​ខ្ញុំ​ធ្វើ​ការ​ល្អ​អ្វី ឲ្យ​បាន​ជីវិត​រស់​នៅ​អស់‌កល្ប​ជានិច្ច 17ទ្រង់​មាន​បន្ទូល​ទៅ​គាត់​ថា ហេតុ​អ្វី​បាន​ជា​អ្នក​ហៅ​ខ្ញុំ​ថា​ជា​ល្អ​ដូច្នេះ មាន​តែ​១​ទេ​ដែល​ល្អ គឺ​ជា​ព្រះ តែ​បើ​អ្នក​ចង់​ចូល​ទៅ​ក្នុង​ជីវិត ចូរ​កាន់​តាម​បញ្ញត្ត​ទាំង​ប៉ុន្មាន​ចុះ 18គាត់​ទូល​សួរ​ថា តើ​បញ្ញត្ត​ណា​ខ្លះ នោះ​ព្រះ‌យេស៊ូវ​មាន​បន្ទូល​ថា «កុំ​ឲ្យ​សំឡាប់​មនុស្ស​ឲ្យ​សោះ កុំ​ឲ្យ​ផិត​គ្នា​ឲ្យ​សោះ កុំ​ឲ្យ​លួច​ឲ្យ​សោះ កុំ​ឲ្យ​ធ្វើ​ជា​ទី​បន្ទាល់​ក្លែង​ឲ្យ​សោះ 19ចូរ​គោរព​ប្រតិ‌បត្តិ​ឪពុក​ម្តាយ» ហើយ «ចូរ​ស្រឡាញ់​អ្នក​ជិត​ខាង​ដូច​ខ្លួន​ឯង» 20មនុស្ស​កំឡោះ​នោះ​ក៏​ទូល​ទ្រង់​ថា ខ្ញុំ​បាន​កាន់​តាម​គ្រប់​សេចក្ដី​ទាំង​នោះ តាំង​ពី​ក្មេង​មក​ហើយ តើ​នៅ​ខ្វះ​អ្វី​ទៀត 21នោះ​ទ្រង់​មាន​បន្ទូល​ថា បើ​អ្នក​ចង់​បាន​ជា​គ្រប់​លក្ខណ៍ ចូរ​អ្នក​ទៅ​លក់​របស់​ទ្រព្យ​ខ្លួន ហើយ​ចែក​ដល់​ពួក​អ្នក​ក្រីក្រ​ទៅ នោះ​អ្នក​នឹង​បាន​ទ្រព្យ​សម្បត្តិ នៅ​ឯ​ស្ថាន‌សួគ៌​វិញ រួច​ឲ្យ​មក​តាម​ខ្ញុំ​ចុះ 22កាល​មនុស្ស​កំឡោះ​បាន​ឮ​ព្រះ‌បន្ទូល​នោះ​ហើយ នោះ​ក៏​ចេញ​ទៅ​ទាំង​ព្រួយ​ចិត្ត ព្រោះ​មាន​ទ្រព្យ​សម្បត្តិ​ជា​ច្រើន។
23នោះ​ព្រះ‌យេស៊ូវ ទ្រង់​មាន​បន្ទូល​នឹង​ពួក​សិស្ស​ថា ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា មនុស្ស​អ្នក​មាន​នឹង​ចូល​ទៅ​ក្នុង​នគរ​ស្ថាន‌សួគ៌​ពិបាក​ណាស់ 24ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ទៀត​ថា ដែល​សត្វ​អូដ្ឋ​នឹង​ចូល​តាម​ប្រហោង​ម្ជុល នោះ​ងាយ ជា​ជាង​ឲ្យ​មនុស្ស​អ្នក​មាន​ចូល​ទៅ​ក្នុង​នគរ​នៃ​ព្រះ​វិញ 25កាល​ពួក​សិស្ស​បាន​ឮ​ដូច្នោះ នោះ​ក៏​នឹក​ប្លែក​ក្នុង​ចិត្ត​ជា​ខ្លាំង​ក្រៃ‌លែង ហើយ​ទូល​សួរ​ថា ដូច្នេះ តើ​អ្នក​ណា​អាច​នឹង​បាន​សង្គ្រោះ 26ព្រះ‌យេស៊ូវ​ទ្រង់​ទត​ទៅ​គេ ដោយ​បន្ទូល​ថា ការ​នោះ​មនុស្ស​លោក​ធ្វើ​មិន​កើត​ទេ តែ​ព្រះ‌ទ្រង់​អាច​នឹង​ធ្វើ​កើត​ទាំង​អស់។
27ពេត្រុស​ទូល​ទ្រង់​ថា មើល យើង​ខ្ញុំ​បាន​លះ​ចោល​ទាំង​អស់​មក​តាម​ទ្រង់​ហើយ ដូច្នេះ តើ​យើង​ខ្ញុំ​នឹង​បាន​អ្វី​ខ្លះ 28ព្រះ‌យេស៊ូវ​ទ្រង់​មាន​បន្ទូល​ថា ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ដល់​គ្រា​កែ​ជា​ថ្មី​ឡើង​វិញ កាល​ណា​កូន​មនុស្ស​បាន​ឡើង​គង់​លើ​បល្ល័ង្ក​ឧត្តម​របស់​លោក នោះ​អ្នក​រាល់​គ្នា​ដែល​បាន​មក​តាម​ខ្ញុំ នឹង​បាន​អង្គុយ​លើ​បល្ល័ង្ក​១២​ដែរ ហើយ​នឹង​ជំនុំ​ជំរះ​ពូជ​អំបូរ​អ៊ីស្រាអែល​ទាំង​១២ 29ឯ​អស់​អ្នក​ណា​ដែល​លះ​ចោល​ផ្ទះ‌សំបែង ឬ​បង​ប្អូន​ប្រុស​ស្រី ឪពុក​ម្តាយ ប្រពន្ធ​កូន ឬ​ស្រែ​ចំការ ដោយ​យល់​ដល់​ឈ្មោះ​ខ្ញុំ នោះ​នឹង​បាន​ជា​១​រយ​ភាគ​ឡើង​វិញ ហើយ​នឹង​បាន​គ្រង​ជីវិត​អស់‌កល្ប​ជានិច្ច ទុក​ជា​មរដក​ដែរ 30តែ​នឹង​មាន​មនុស្ស​មុន ទៅ​ជា​ក្រោយ​ជា​ច្រើន ហើយ​នឹង​មាន​មនុស្ស​ក្រោយ ទៅ​ជា​មុន​វិញ។

ទើបបានជ្រើសរើសហើយ៖

ម៉ាថាយ 19: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល