ម៉ាថាយ 19
19
1លុះព្រះយេស៊ូវបានមានបន្ទូលពាក្យទាំងនោះរួចហើយ នោះទ្រង់ថយចេញពីស្រុកកាលីឡេ ទៅឯព្រំស្រុកយូដា នៅខាងនាយទន្លេយ័រដាន់វិញ 2ហើយមានហ្វូងមនុស្សកកកុញតាមទ្រង់ទៅ នៅទីនោះទ្រង់ក៏ប្រោសឲ្យគេបានជា។
3រីឯពួកផារិស៊ី គេមកល្បួងទ្រង់ដោយទូលថា តើមនុស្សមានច្បាប់នឹងលែងប្រពន្ធ ដោយហេតុណាក៏ដោយបានឬទេ 4ទ្រង់មានបន្ទូលតបថា តើអ្នករាល់គ្នាមិនបានមើលរឿងពីព្រះ ដែលទ្រង់បង្កើតមនុស្សកាលពីដើម ថាទ្រង់បានធ្វើឲ្យមានទាំងប្រុសទាំងស្រីទេឬអី 5រួចក៏មានបន្ទូលថា ដោយហេតុនោះបានជាមនុស្សប្រុសនឹងលាចេញពីឪពុកម្តាយ ទៅនៅជាប់នឹងប្រពន្ធ ហើយអ្នកទាំង២នោះនឹងត្រឡប់ជាសាច់តែ១សុទ្ធ 6យ៉ាងនោះ គេមិនមែនជា២ទៀត គឺជាសាច់តែ១ទេ ដូច្នេះ កុំឲ្យអ្នកណាពង្រាត់មនុស្ស ដែលព្រះទ្រង់បានផ្សំផ្គុំគ្នាឡើយ 7គេទូលសួរទ្រង់ថា ចុះហេតុដូចម្តេចបានជាលោកម៉ូសេបង្គាប់ឲ្យធ្វើសំបុត្រលះលែង ហើយឲ្យលែងចេញដូច្នេះ 8ទ្រង់ក៏មានបន្ទូលតបថា បានជាលោកម៉ូសេអនុញ្ញាតឲ្យអ្នករាល់គ្នាលែងប្រពន្ធទៅ គឺដោយព្រោះតែចិត្តអ្នករាល់គ្នារឹងរបឹងប៉ុណ្ណោះ តែពីដើមមកមិនមែនដូច្នោះទេ 9ហើយខ្ញុំប្រាប់អ្នករាល់គ្នាថា អ្នកណាដែលលែងប្រពន្ធ មិនមែនដោយព្រោះនាងនោះផិត ហើយទៅយកប្រពន្ធមួយទៀត អ្នកនោះឈ្មោះថាប្រព្រឹត្តសេចក្ដីកំផិតហើយ ឯអ្នកណាដែលយកប្រពន្ធ ជាស្រីដែលប្ដីដើមលែង នោះក៏ប្រព្រឹត្តសេចក្ដីកំផិតដែរ 10ពួកសិស្សទូលទ្រង់ថា បើរបៀបនៃមនុស្សដែលមានប្រពន្ធត្រូវជាយ៉ាងនេះ នោះស៊ូកុំយកគ្នាជាជាង 11តែទ្រង់មានបន្ទូលថា មនុស្សទាំងអស់ទទួលតាមពាក្យនេះមិនបានទេ ទទួលបានតែអស់អ្នកដែលពាក្យនេះបានប្រទានមកឲ្យប៉ុណ្ណោះ 12ពីព្រោះមានមនុស្សខ្ទើយ ដែលកើតពីផ្ទៃម្តាយមកខ្ទើយតែម្តង មានខ្លះដែលមនុស្សលោកបានក្រៀវ ហើយមានខ្លះដែលក្រៀវខ្លួនឯងដែរ ដោយយល់ដល់នគរស្ថានសួគ៌ ដូច្នេះ អ្នកណាដែលអាចនឹងទទួលបាន ឲ្យទទួលចុះ។
13លំដាប់នោះ មានគេនាំក្មេងតូចៗមកឯទ្រង់ ដើម្បីឲ្យទ្រង់ដាក់ព្រះហស្តអធិស្ឋានឲ្យវា តែពួកសិស្សបន្ទោសដល់គេ 14នោះព្រះយេស៊ូវទ្រង់មានបន្ទូលថា ទុកឲ្យកូនក្មេងមកឯខ្ញុំចុះ កុំឃាត់វាឡើយ ដ្បិតនគរស្ថានសួគ៌មានសុទ្ធតែមនុស្សដូចវារាល់គ្នា 15ទ្រង់ក៏ដាក់ព្រះហស្តលើវារាល់គ្នា រួចយាងចេញពីទីនោះទៅ។
16នោះមានម្នាក់មកទូលសួរទ្រង់ថា លោកគ្រូល្អអើយ តើត្រូវឲ្យខ្ញុំធ្វើការល្អអ្វី ឲ្យបានជីវិតរស់នៅអស់កល្បជានិច្ច 17ទ្រង់មានបន្ទូលទៅគាត់ថា ហេតុអ្វីបានជាអ្នកហៅខ្ញុំថាជាល្អដូច្នេះ មានតែ១ទេដែលល្អ គឺជាព្រះ តែបើអ្នកចង់ចូលទៅក្នុងជីវិត ចូរកាន់តាមបញ្ញត្តទាំងប៉ុន្មានចុះ 18គាត់ទូលសួរថា តើបញ្ញត្តណាខ្លះ នោះព្រះយេស៊ូវមានបន្ទូលថា «កុំឲ្យសំឡាប់មនុស្សឲ្យសោះ កុំឲ្យផិតគ្នាឲ្យសោះ កុំឲ្យលួចឲ្យសោះ កុំឲ្យធ្វើជាទីបន្ទាល់ក្លែងឲ្យសោះ 19ចូរគោរពប្រតិបត្តិឪពុកម្តាយ» ហើយ «ចូរស្រឡាញ់អ្នកជិតខាងដូចខ្លួនឯង» 20មនុស្សកំឡោះនោះក៏ទូលទ្រង់ថា ខ្ញុំបានកាន់តាមគ្រប់សេចក្ដីទាំងនោះ តាំងពីក្មេងមកហើយ តើនៅខ្វះអ្វីទៀត 21នោះទ្រង់មានបន្ទូលថា បើអ្នកចង់បានជាគ្រប់លក្ខណ៍ ចូរអ្នកទៅលក់របស់ទ្រព្យខ្លួន ហើយចែកដល់ពួកអ្នកក្រីក្រទៅ នោះអ្នកនឹងបានទ្រព្យសម្បត្តិ នៅឯស្ថានសួគ៌វិញ រួចឲ្យមកតាមខ្ញុំចុះ 22កាលមនុស្សកំឡោះបានឮព្រះបន្ទូលនោះហើយ នោះក៏ចេញទៅទាំងព្រួយចិត្ត ព្រោះមានទ្រព្យសម្បត្តិជាច្រើន។
23នោះព្រះយេស៊ូវ ទ្រង់មានបន្ទូលនឹងពួកសិស្សថា ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា មនុស្សអ្នកមាននឹងចូលទៅក្នុងនគរស្ថានសួគ៌ពិបាកណាស់ 24ខ្ញុំប្រាប់អ្នករាល់គ្នាទៀតថា ដែលសត្វអូដ្ឋនឹងចូលតាមប្រហោងម្ជុល នោះងាយ ជាជាងឲ្យមនុស្សអ្នកមានចូលទៅក្នុងនគរនៃព្រះវិញ 25កាលពួកសិស្សបានឮដូច្នោះ នោះក៏នឹកប្លែកក្នុងចិត្តជាខ្លាំងក្រៃលែង ហើយទូលសួរថា ដូច្នេះ តើអ្នកណាអាចនឹងបានសង្គ្រោះ 26ព្រះយេស៊ូវទ្រង់ទតទៅគេ ដោយបន្ទូលថា ការនោះមនុស្សលោកធ្វើមិនកើតទេ តែព្រះទ្រង់អាចនឹងធ្វើកើតទាំងអស់។
27ពេត្រុសទូលទ្រង់ថា មើល យើងខ្ញុំបានលះចោលទាំងអស់មកតាមទ្រង់ហើយ ដូច្នេះ តើយើងខ្ញុំនឹងបានអ្វីខ្លះ 28ព្រះយេស៊ូវទ្រង់មានបន្ទូលថា ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ដល់គ្រាកែជាថ្មីឡើងវិញ កាលណាកូនមនុស្សបានឡើងគង់លើបល្ល័ង្កឧត្តមរបស់លោក នោះអ្នករាល់គ្នាដែលបានមកតាមខ្ញុំ នឹងបានអង្គុយលើបល្ល័ង្ក១២ដែរ ហើយនឹងជំនុំជំរះពូជអំបូរអ៊ីស្រាអែលទាំង១២ 29ឯអស់អ្នកណាដែលលះចោលផ្ទះសំបែង ឬបងប្អូនប្រុសស្រី ឪពុកម្តាយ ប្រពន្ធកូន ឬស្រែចំការ ដោយយល់ដល់ឈ្មោះខ្ញុំ នោះនឹងបានជា១រយភាគឡើងវិញ ហើយនឹងបានគ្រងជីវិតអស់កល្បជានិច្ច ទុកជាមរដកដែរ 30តែនឹងមានមនុស្សមុន ទៅជាក្រោយជាច្រើន ហើយនឹងមានមនុស្សក្រោយ ទៅជាមុនវិញ។
ទើបបានជ្រើសរើសហើយ៖
ម៉ាថាយ 19: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.