ម៉ាថាយ 20
20
1ដ្បិតនគរស្ថានសួគ៌ប្រៀបដូចជាថៅកែម្នាក់ ដែលចេញទៅពីព្រលឹម ដើម្បីនឹងជួលជើងឈ្នួល ឲ្យមកធ្វើការក្នុងចំការទំពាំងបាយជូររបស់ខ្លួន 2កាលបានព្រមគ្នានឹងបើកឲ្យ២កាក់ម្នាក់ក្នុង១ថ្ងៃហើយ នោះក៏បញ្ជូនឲ្យទៅធ្វើក្នុងចំការ 3ដល់ពេលម៉ោង៩ព្រឹក គាត់ចេញទៅឃើញមនុស្សខ្លះទៀតឈរទំនេរនៅទីផ្សារ 4ក៏ប្រាប់គេថា ចូរអ្នកទាំងឡាយ នាំគ្នាទៅធ្វើការក្នុងចំការរបស់ខ្ញុំទៅ ខ្ញុំនឹងបើកឲ្យ តាមត្រឹមត្រូវ គេក៏ទៅ 5ដល់ថ្ងៃត្រង់ ហើយពេលម៉ោង៣រសៀល គាត់ក៏ចេញទៅធ្វើដូច្នោះទៀត 6លុះដល់ពេលម៉ោង៥ គាត់ចេញទៅឃើញមានមនុស្សខ្លះទៀតនៅទំនេរ ក៏សួរគេថា ហេតុអ្វីបានជាអ្នករាល់គ្នាឈរទំនេរនៅទីនេះ តាំងពីព្រលឹមមកដូច្នេះ 7គេឆ្លើយថា ពីព្រោះគ្មានអ្នកណាជួលយើងខ្ញុំ រួចគាត់ប្រាប់ថា ចូរអ្នករាល់គ្នាទៅធ្វើការក្នុងចំការរបស់ខ្ញុំទៅ នោះអ្នកនឹងទទួលឈ្នួលតាមត្រឹមត្រូវ 8ដល់ល្ងាច ថៅកែចំការនោះប្រាប់ទៅនាយដំរួតការថា ចូរហៅពួកជើងឈ្នួលមកបើកឈ្នួលឲ្យគេ ចាប់តាំងពីមនុស្សក្រោយបង្អស់ រៀងទៅដល់អ្នកមុនដំបូង 9កាលពួកអ្នកដែលគាត់ជួលពីម៉ោង៥បានមកដល់ នោះគេបើកបាន២កាក់ម្នាក់ៗ 10រួចកាលពួកមុនបង្អស់បានមកដល់ គេស្មានថា នឹងបានលើសជាងនោះទៅទៀត តែអ្នកទាំងនោះក៏បានទទួល២កាក់ម្នាក់ដូចគ្នាដែរ 11គ្រាបានបើកប្រាក់ស្រេចហើយ នោះគេត្អូញត្អែរនឹងថៅកែថា 12ពួកអ្នកដែលមកក្រោយនេះ គេធ្វើការតែ១ម៉ោងសោះ ហើយលោកបានឲ្យគេស្មើនឹងយើងខ្ញុំ ដែលទ្រាំធ្វើការធ្ងន់ទាំងហាលថ្ងៃ តាំងពីព្រលឹមមកដែរ 13តែគាត់ឆ្លើយទៅម្នាក់នោះថា សំឡាញ់អើយ ខ្ញុំមិនធ្វើខុសនឹងអ្នកទេ តើអ្នកមិនបានសុខចិត្តព្រមទទួលតែ២កាក់ទេឬអី 14ដូច្នេះ ចូរយកប្រាក់របស់អ្នកទៅៗ ខ្ញុំបានសំរេចនឹងឲ្យដល់ពួកអ្នកដែលមកក្រោយនេះ ដូចជាបានឲ្យដល់អ្នកដែរ 15តើខ្ញុំគ្មានច្បាប់នឹងចាត់ចែងរបស់ខ្ញុំ តាមអំពើចិត្តទេឬអី តើភ្នែកអ្នកឃើញអាក្រក់ ពីព្រោះខ្ញុំល្អឬអី 16គឺយ៉ាងនោះដែលអស់អ្នកក្រោយនឹងបានទៅជាមុន ហើយពួកអ្នកមុននឹងទៅជាក្រោយវិញ ដ្បិតបានហៅមនុស្សជាច្រើន តែរើសបានតិចទេ។
17កាលព្រះយេស៊ូវ ទ្រង់កំពុងតែឡើងទៅឯក្រុងយេរូសាឡិម នោះទ្រង់យកពួកសិស្សទាំង១២នាក់ ទៅដោយឡែកតាមផ្លូវ ហើយមានបន្ទូលថា 18មើល យើងរាល់គ្នាឡើងទៅឯក្រុងយេរូសាឡិម នោះកូនមនុស្សនឹងត្រូវបញ្ជូនទៅដល់ពួកសង្គ្រាជ នឹងពួកអាចារ្យ ដែលគេនឹងកាត់ទោសលោកដល់ជីវិត 19រួចនឹងបញ្ជូនទៅដល់ពួកសាសន៍ដទៃ ឲ្យគេចំអកមើលងាយ ព្រមទាំងវាយនឹងរំពាត់ ហើយឆ្កាងលោក ក្រោយ៣ថ្ងៃមក លោកនឹងមានជីវិតរស់ឡើងវិញ។
20គ្រានោះ ប្រពន្ធរបស់សេបេដេ គាត់នាំកូនទាំង២មកឯទ្រង់ ក្រាបថ្វាយបង្គំទូលសូមសេចក្ដីមួយ 21ទ្រង់មានបន្ទូលសួរថា តើអ្នកចង់បានអ្វី គាត់ទូលថា សូមអនុញ្ញាតឲ្យកូនខ្ញុំម្ចាស់ទាំង២នេះបានអង្គុយ ១ខាងស្តាំ១ខាងឆ្វេងទ្រង់ ក្នុងនគររបស់ទ្រង់ 22តែព្រះយេស៊ូវមានបន្ទូលតបថា អ្នករាល់គ្នាមិនយល់សេចក្ដីដែលអ្នកសូមទេ តើអ្នកអាចនឹងផឹកអំពីពែង ដែលខ្ញុំរៀបនឹងផឹក ហើយទទួលបុណ្យជ្រមុជដែលខ្ញុំទទួលបានឬទេ គេទូលឆ្លើយថា ទទួលបាន 23នោះទ្រង់មានបន្ទូលថា អ្នករាល់គ្នានឹងផឹកពីពែងខ្ញុំ ហើយនឹងទទួលបុណ្យជ្រមុជដែលខ្ញុំទទួលមែន តែដែលអង្គុយខាងស្តាំឬខាងឆ្វេងខ្ញុំ នោះមិនស្រេចនឹងខ្ញុំទេ គឺសំរាប់តែអ្នកណា ដែលព្រះវរបិតាខ្ញុំបានរៀបចំទុកឲ្យវិញ 24កាល១០នាក់ឯទៀតបានឮសេចក្ដីនោះហើយ គេក៏តូចចិត្តនឹងបងប្អូនទាំង២នាក់នោះ 25តែព្រះយេស៊ូវទ្រង់ហៅអ្នកទាំងនោះមក មានបន្ទូលថា អ្នករាល់គ្នាដឹងថា ពួកចៅហ្វាយនៃសាសន៍ដទៃតែងគ្រប់គ្រងលើសាសន៍របស់ខ្លួន ហើយពួកអ្នកធំក៏មានអំណាចលើគេដែរ 26ប៉ុន្តែមិនត្រូវឲ្យមានដូច្នោះក្នុងពួកអ្នករាល់គ្នាឡើយ គឺអ្នកណាក្នុងពួកអ្នករាល់គ្នា ដែលចង់ធ្វើជាធំ នោះនឹងត្រូវធ្វើជាអ្នកបំរើដល់អ្នករាល់គ្នាវិញ 27ហើយអ្នកណាក្នុងពួកអ្នក ដែលចង់បានជាលេខ១ អ្នកនោះត្រូវធ្វើជាបាវដល់អ្នករាល់គ្នាវិញដែរ 28ដូចជាកូនមនុស្សបានមក មិនមែនឲ្យគេបំរើលោកទេ គឺនឹងបំរើគេវិញ ហើយនឹងឲ្យជីវិតខ្លួន ទុកជាថ្លៃលោះមនុស្សជាច្រើនផង។
29កាលកំពុងតែចេញពីក្រុងយេរីខូរមក នោះមានមនុស្សមីរដេរដាសដើរតាមទ្រង់ទៅ 30ក៏ឃើញមានមនុស្សខ្វាក់២នាក់ អង្គុយនៅក្បែរផ្លូវ គេឮថាព្រះយេស៊ូវទ្រង់យាងតាមទីនោះ ក៏ស្រែកឡើងថា ឱព្រះអម្ចាស់ ជាព្រះវង្សហ្លួងដាវីឌអើយ សូមទ្រង់ប្រោសមេត្តាដល់យើងខ្ញុំផង 31ឯបណ្តាមនុស្ស គេហាមអ្នកទាំង២នោះ កុំឲ្យមាត់ តែគេស្រែករឹតតែខ្លាំងឡើងថា ឱព្រះអម្ចាស់ ជាព្រះវង្សហ្លួងដាវីឌអើយ សូមទ្រង់ប្រោសមេត្តាដល់យើងខ្ញុំផង 32នោះព្រះយេស៊ូវទ្រង់ឈប់ ក៏ហៅអ្នកទាំង២នោះមកមានបន្ទូលសួរថា តើចង់ឲ្យខ្ញុំធ្វើអ្វីឲ្យអ្នក 33គេទូលទ្រង់ថា ឱព្រះអម្ចាស់អើយ សូមប្រោសឲ្យភ្នែកយើងខ្ញុំបានភ្លឺឡើងផង 34ទ្រង់មានសេចក្ដីក្តួលក្នុងព្រះហឫទ័យ ក៏ពាល់ភ្នែកគេ ស្រាប់តែភ្នែកបានភ្លឺឡើង រួចគេដើរតាមទ្រង់ទៅ។
ទើបបានជ្រើសរើសហើយ៖
ម៉ាថាយ 20: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.