ម៉ាកុស 10
10
1ព្រះយេស៊ូវទ្រង់ក៏ក្រោកឡើង យាងចេញពីទីនោះ ទៅឯព្រំដែនស្រុកយូដា នៅខាងនាយទន្លេយ័រដាន់ នោះមានមនុស្សកកកុញប្រជុំគ្នាឯទ្រង់ម្តងទៀត ហើយទ្រង់ក៏បង្រៀនគេតាមទំលាប់ទ្រង់ 2ពួកផារិស៊ីគេមកល្បងសួរទ្រង់ ពីច្បាប់ដែលនឹងលែងប្រពន្ធបានឬមិនបាន 3តែទ្រង់មានបន្ទូលឆ្លើយថា តើលោកម៉ូសេបានបង្គាប់មកអ្នករាល់គ្នាថាដូចម្តេច 4គេទូលថា លោកបានអនុញ្ញាតឲ្យធ្វើសំបុត្រលះលែង ហើយឲ្យលែងទៅ 5ទ្រង់មានបន្ទូលឆ្លើយថា ដែលលោកបានតែងច្បាប់នោះឲ្យអ្នករាល់គ្នា គឺដោយព្រោះតែចិត្តអ្នករាល់គ្នារឹងរូសប៉ុណ្ណោះ 6ប៉ុន្តែ តាំងពីដើមកំណើតមនុស្សមក នោះព្រះទ្រង់បានបង្កើតគេជាប្រុសជាស្រី 7ដោយហេតុនោះបានជាមនុស្សប្រុសតែងនឹងលាចេញពីឪពុកម្តាយ ទៅនៅជាប់នឹងប្រពន្ធវិញ 8ហើយអ្នកទាំង២នោះនឹងត្រឡប់ជាសាច់តែ១ គេមិនមែនជា២ទៀត គឺជាសាច់តែ១សុទ្ធ 9ដូច្នេះ កុំឲ្យអ្នកណាពង្រាត់មនុស្ស ដែលព្រះបានផ្សំផ្គុំគ្នាឡើយ 10កាលកំពុងនៅក្នុងផ្ទះ នោះពួកសិស្សទូលសួរទ្រង់ពីសេចក្ដីដដែលម្តងទៀត 11ហើយទ្រង់មានបន្ទូលថា អ្នកណាដែលនឹងលែងប្រពន្ធ ទៅយក១ទៀត នោះឈ្មោះថាផិតប្រពន្ធហើយ 12បើស្ត្រីណាលែងប្ដីទៅយក១ទៀត នោះក៏ឈ្មោះថាបានផិតប្ដីដែរ។
13រួចមានគេនាំក្មេងតូចៗមកថ្វាយទ្រង់ពាល់ ប៉ុន្តែពួកសិស្សបន្ទោសដល់ពួកអ្នកដែលនាំវាមក 14កាលព្រះយេស៊ូវបានឃើញ នោះទ្រង់គ្នាន់ក្នុងព្រះហឫទ័យ ក៏មានបន្ទូលទៅគេថា ទុកឲ្យកូនក្មេងមកឯខ្ញុំចុះ កុំឃាត់វាឡើយ ដ្បិតនគរព្រះមានសុទ្ធតែមនុស្សដូចវារាល់គ្នាដែរ 15ហើយខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្នកណាដែលមិនទទួលនគរព្រះដូចជាកូនក្មេង១នេះ នោះមិនបានចូលទៅក្នុងនគរនោះឡើយ 16ទ្រង់ក៏ឱបវារាល់គ្នា ហើយដាក់ព្រះហស្តលើ ទាំងប្រទានពរឲ្យផង។
17កាលទ្រង់យាងចេញទៅតាមផ្លូវ នោះមានម្នាក់រត់មក លុតជង្គង់ក្រាបចុះនៅចំពោះទ្រង់ទូលសួរថា លោកគ្រូល្អអើយ តើត្រូវឲ្យខ្ញុំធ្វើដូចម្តេច ប្រយោជន៍ឲ្យបានគ្រងជីវិតរស់អស់កល្បជានិច្ច 18ព្រះយេស៊ូវមានបន្ទូលទៅគាត់ថា ហេតុអ្វីបានជាអ្នកហៅខ្ញុំថាល្អដូច្នេះ គ្មានអ្នកណាល្អសោះ មានតែ១ គឺជាព្រះប៉ុណ្ណោះ 19អ្នកបានស្គាល់បញ្ញត្តទាំងប៉ុន្មានហើយ ដែលថា «កុំឲ្យផិតឲ្យសោះ កុំឲ្យសំឡាប់មនុស្សឲ្យសោះ កុំឲ្យលួចឲ្យសោះ កុំឲ្យធ្វើជាទីបន្ទាល់ក្លែងឲ្យសោះ កុំឲ្យបំបាត់គេឲ្យសោះ ចូរគោរពប្រតិបត្តិដល់ឪពុកម្តាយឯង» 20តែគាត់ទូលឆ្លើយថា លោកគ្រូ ខ្ញុំបានកាន់តាមសេចក្ដីទាំងនោះ តាំងពីក្មេងមកដែរ 21ព្រះយេស៊ូវទ្រង់ទតទៅគាត់ដោយស្រឡាញ់ ហើយមានបន្ទូលថា អ្នកនៅខ្វះកិច្ច១ទៀត គឺត្រូវទៅលក់របស់ទ្រព្យអ្នកទាំងប៉ុន្មាន ចែកទានឲ្យដល់ពួកអ្នកក្រទៅ នោះអ្នកនឹងបានទ្រព្យសម្បត្តិនៅលើស្ថានសួគ៌វិញ រួចឲ្យផ្ទុកឈើឆ្កាងមកតាមខ្ញុំចុះ 22តែគាត់មានចិត្តព្រួយណាស់ ដោយឮពាក្យនោះ ក៏ចេញទៅទាំងក្តីទុក្ខ ព្រោះគាត់មានសម្បត្តិច្រើនណាស់។
23ព្រះយេស៊ូវទ្រង់ងាកទតជុំវិញ ហើយមានបន្ទូលទៅពួកសិស្សថា ដែលមនុស្សអ្នកមានចូលទៅក្នុងនគរព្រះ នោះពិបាកណាស់ 24ឯពួកសិស្ស ក៏នឹកស្ងើចនឹងព្រះបន្ទូលទ្រង់ តែទ្រង់មានបន្ទូលទៅគេម្តងទៀតថា កូនអើយ ពួកអ្នកដែលជាប់ចិត្តនឹងទ្រព្យសម្បត្តិ នោះនឹងចូលទៅក្នុងនគរព្រះដោយពិបាកណាស់ 25បើសត្វអូដ្ឋនឹងចូលតាមប្រហោងម្ជុល នោះងាយជាជាងមនុស្សអ្នកមានចូលទៅក្នុងនគរព្រះវិញ 26គេក៏មានសេចក្ដីប្លែកក្នុងចិត្តជាខ្លាំង ទាំងនិយាយគ្នាទៅវិញទៅមកថា ចុះបើដូច្នេះ តើអ្នកណាអាចនឹងបានសង្គ្រោះ 27ព្រះយេស៊ូវទ្រង់ទតទៅគេ មានបន្ទូលថា ការនោះមនុស្សលោកធ្វើពុំកើតទេ តែព្រះទ្រង់ធ្វើកើត ដ្បិតព្រះទ្រង់អាចនឹងធ្វើកើតទាំងអស់បាន 28នោះពេត្រុសចាប់តាំងទូលទ្រង់ថា មើល យើងខ្ញុំបានលះចោលទាំងអស់មកតាមទ្រង់ហើយ 29តែព្រះយេស៊ូវមានបន្ទូលឆ្លើយថា ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា មិនដែលមានអ្នកណាដែលលះចោលផ្ទះសំបែង បងប្អូនប្រុសស្រី ឪពុកម្តាយ ប្រពន្ធកូន ឬស្រែចំការ ដោយព្រោះយល់ដល់ខ្ញុំ ហើយនឹងដំណឹងល្អ 30ឥតបានទទួលជា១រយភាគឡើង ក្នុងសម័យនេះនោះឡើយ គឺជាផ្ទះសំបែង បងប្អូនប្រុសស្រី ម្តាយហើយកូន នឹងស្រែចំការ ព្រមទាំងសេចក្ដីបៀតបៀនដែរ ហើយដល់បរលោកនាយ នឹងបានជីវិតរស់អស់កល្បជានិច្ចផង 31តែនឹងមានមនុស្សមុនទៅជាក្រោយជាច្រើន ហើយមនុស្សក្រោយទៅជាមុនវិញ។
32កំពុងដែលដើរតាមផ្លូវ ឡើងទៅឯក្រុងយេរូសាឡិម នោះព្រះយេស៊ូវយាងមុខគេ ហើយពួកសិស្សមានចិត្តវិលវល់ ក៏ដើរតាមទ្រង់ទៅទាំងភ័យភិត ទ្រង់ក៏យកពួក១២មកម្តងទៀត ចាប់តាំងមានបន្ទូលប្រាប់អំពីការដែលត្រូវកើតមកដល់ទ្រង់ថា 33មើល យើងឡើងទៅឯក្រុងយេរូសាឡិម នោះកូនមនុស្សនឹងត្រូវបញ្ជូនទៅឯពួកសង្គ្រាជ នឹងពួកអាចារ្យ គេនឹងកាត់ទោសលោកដល់ជីវិត ហើយបញ្ជូនទៅដល់ពួកសាសន៍ដទៃ 34ពួកនោះនឹងចំអកមើលងាយ វាយនឹងរំពាត់ ស្តោះដាក់ ហើយសំឡាប់លោក រួច៣ថ្ងៃក្រោយដែលស្លាប់ទៅ នោះលោកនឹងរស់ឡើងវិញ។
35ខណនោះ យ៉ាកុប នឹងយ៉ូហាន ជាកូនសេបេដេ ក៏មកទូលទ្រង់ថា លោកគ្រូ សូមលោកសំរេចឲ្យយើងខ្ញុំ តាមសេចក្ដីសំណូមរបស់យើងខ្ញុំផង 36ទ្រង់មានបន្ទូលសួរថា តើចង់ឲ្យខ្ញុំសំរេចអ្វីឲ្យអ្នក 37គេក៏ទូលឆ្លើយថា សូមឲ្យយើងខ្ញុំបានអង្គុយនៅ ម្នាក់ខាងស្តាំ ហើយម្នាក់ខាងឆ្វេងលោក ក្នុងស្ថាននៃសិរីល្អរបស់លោក 38តែព្រះយេស៊ូវមានបន្ទូលថា អ្នកមិនយល់សេចក្ដីដែលអ្នកសូមនោះទេ តើអ្នកអាចនឹងផឹកអំពីពែងដែលខ្ញុំផឹក ហើយទទួលបុណ្យជ្រមុជដែលខ្ញុំទទួលបានឬទេ 39គេទូលឆ្លើយថា ទទួលបាន នោះព្រះយេស៊ូវមានបន្ទូលតបថា អ្នករាល់គ្នានឹងផឹកអំពីពែងខ្ញុំ ហើយទទួលបុណ្យជ្រមុជដែលខ្ញុំទទួលមែន 40តែដែលអង្គុយខាងស្តាំ ឬខាងឆ្វេងខ្ញុំ នោះមិនស្រេចនឹងខ្ញុំទេ គឺសំរាប់តែអ្នកណា ដែលទីនោះបានរៀបចំទុកឲ្យប៉ុណ្ណោះ 41កាល១០នាក់ឯទៀតបានឮសេចក្ដីនោះ នោះគេក៏នឹកតូចចិត្តនឹងយ៉ាកុប ហើយនឹងយ៉ូហាន 42តែព្រះយេស៊ូវទ្រង់ហៅអ្នកទាំងនោះមក មានបន្ទូលថា អ្នករាល់គ្នាដឹងថា ពួកអ្នកដែលបានរាប់ជាចៅហ្វាយនៃសាសន៍ដទៃ គេគ្រប់គ្រងលើសាសន៍របស់ខ្លួន ហើយពួកអ្នកធំក៏មានអំណាចលើគេដែរ 43ប៉ុន្តែមិនត្រូវឲ្យមានដូច្នោះក្នុងពួកអ្នករាល់គ្នាឡើយ អ្នកណាក្នុងពួកអ្នករាល់គ្នាដែលចង់ធ្វើជាធំ នោះនឹងត្រូវធ្វើជាអ្នកបំរើដល់អ្នករាល់គ្នាវិញ 44ឯអ្នកណាក្នុងពួកអ្នករាល់គ្នាដែលចង់បានជាលេខ១ អ្នកនោះត្រូវធ្វើជាបាវដល់អ្នកទាំងអស់វិញ 45ដ្បិតកូនមនុស្សក៏បានមក មិនមែនឲ្យគេបំរើដែរ គឺដើម្បីនឹងបំរើគេវិញ ហើយនឹងឲ្យជីវិតខ្លួនទុកជាថ្លៃលោះមនុស្សជាច្រើនផង។
46ខណនោះ ក៏មកដល់ក្រុងយេរីខូរ ហើយកំពុងដែលទ្រង់យាងចេញពីនោះទៅ ព្រមទាំងពួកសិស្ស នឹងហ្វូងមនុស្សជាធំផង នោះមានមនុស្សខ្វាក់ឈ្មោះបារទីមេ ជាកូនទីមេ កំពុងអង្គុយសូមទាននៅមាត់ផ្លូវ 47កាលគាត់បានឮថា ជាព្រះយេស៊ូវ ពីណាសារ៉ែត នោះក៏តាំងស្រែកឡើងថា ឱព្រះយេស៊ូវ ជាព្រះវង្សហ្លួងដាវីឌអើយ សូមអាណិតមេត្តាដល់ទូលបង្គំផង 48មានមនុស្សជាច្រើនកំហែងឲ្យគាត់នៅស្ងៀម តែគាត់ស្រែករឹតតែខ្លាំងឡើងថា ឱព្រះអង្គ ជាព្រះវង្សហ្លួងដាវីឌអើយ សូមអាណិតមេត្តាទូលបង្គំផង 49នោះព្រះយេស៊ូវទ្រង់ឈប់ ហើយប្រាប់ឲ្យគេហៅគាត់មក គេក៏ហៅមក ដោយប្រាប់ថា ចូរសង្ឃឹមចុះ ហើយក្រោកឡើង លោកហៅឯង 50គាត់បោះអាវធំចោល រួចស្ទុះក្រោកឡើង ទៅឯព្រះយេស៊ូវ 51ទ្រង់មានបន្ទូលសួរគាត់ថា តើចង់ឲ្យខ្ញុំធ្វើអ្វីឲ្យអ្នក អ្នកនោះទូលឆ្លើយថា លោកគ្រូអើយ សូមប្រោសភ្នែកទូលបង្គំឲ្យបានភ្លឺឡើង 52ទ្រង់មានបន្ទូលទៅគាត់ថា ទៅចុះ សេចក្ដីជំនឿអ្នកបានសង្គ្រោះអ្នកហើយ ស្រាប់តែភ្នែកក៏ភ្លឺឡើងភ្លាម រួចគាត់ដើរតាមទ្រង់ទៅ។
ទើបបានជ្រើសរើសហើយ៖
ម៉ាកុស 10: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.