ម៉ាកុស 9
9
1រួចទ្រង់មានបន្ទូលទៅគេថា ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ក្នុងពួកអ្នកដែលឈរនៅទីនេះ មានខ្លះមិនត្រូវភ្លក់សេចក្ដីស្លាប់ ដរាបដល់បានឃើញនគរព្រះមក ទាំងមានព្រះចេស្តា។
2កន្លង៦ថ្ងៃមកទៀត ព្រះយេស៊ូវទ្រង់យកពេត្រុស យ៉ាកុប នឹងយ៉ូហាន ទៅជាមួយ នាំឡើងទៅលើភ្នំខ្ពស់ដោយឡែក ទ្រង់ក៏ផ្លាស់ប្រែនៅមុខអ្នកទាំងនោះ 3ព្រះពស្ត្រទ្រង់ត្រឡប់ជាភ្លឺសស្គុសដូចហិមៈ ដល់ម៉្លេះបានជាគ្មានអ្នកប្រមោកណា នៅផែនដីនេះ ដែលអាចនឹងប្រមោកឲ្យសដូច្នោះបានឡើយ 4នោះលោកអេលីយ៉ា ព្រមទាំងលោកម៉ូសេ បានលេចមកឲ្យឃើញ កំពុងតែទូលនឹងព្រះយេស៊ូវ 5រួចពេត្រុសទូលទៅទ្រង់ថា លោកគ្រូ ដែលយើងខ្ញុំនៅទីនេះបានល្អណាស់ហើយ សូមឲ្យយើងខ្ញុំធ្វើត្រសាល៣ គឺ១សំរាប់លោក ១សំរាប់លោកម៉ូសេ ហើយ១សំរាប់លោកអេលីយ៉ា 6នេះដ្បិតគាត់មិនដឹងជាត្រូវនិយាយដូចម្តេចទេ ពីព្រោះមានសេចក្ដីស្ញែងខ្លាចទាំងអស់គ្នា 7នោះមានពពកមកគ្របបាំង ហើយមានឮសូរសំឡេងចេញពីពពកថា នេះជាកូនស្ងួនភ្ងាអញ ចូរស្តាប់តាមចុះ 8ស្រាប់តែគេក្រឡេកមើលជុំវិញទៅ ឥតមានឃើញអ្នកណាទៀតសោះ ឃើញតែព្រះយេស៊ូវគង់ជាមួយប៉ុណ្ណោះ។
9កំពុងដែលចុះពីភ្នំមក នោះទ្រង់ហាមមិនឲ្យប្រាប់អ្នកណា ពីការដែលបានឃើញនោះឡើយ ដរាបដល់កូនមនុស្សបានរស់ពីស្លាប់ឡើងវិញ 10អ្នកទាំងនោះក៏រក្សាពាក្យនោះទុកនៅតែក្នុងពួកគេ ហើយសួរគ្នាទៅវិញទៅមក ពីសេចក្ដីរស់ពីស្លាប់ឡើងវិញជាយ៉ាងណា 11ក៏ទូលសួរទ្រង់ថា ចុះហេតុអ្វីបានជាពួកអាចារ្យប្រាប់ថា លោកអេលីយ៉ាត្រូវតែមកជាមុន 12ទ្រង់មានបន្ទូលឆ្លើយថា លោកអេលីយ៉ាត្រូវមកមុនមែន ដើម្បីនឹងតាំងការទាំងអស់ឡើងវិញ ប៉ុន្តែធ្វើដូចម្តេចបានជាមានសេចក្ដីចែងទុកពីកូនមនុស្សថា លោកត្រូវរងទុក្ខជាច្រើន ព្រមទាំងត្រូវគេមើលងាយផង 13ចំណែកលោកអេលីយ៉ា នោះខ្ញុំប្រាប់អ្នករាល់គ្នាថា លោកបានមកហើយ គេក៏បានប្រព្រឹត្តនឹងលោកតាមតែអំពើចិត្ត ដូចជាមានសេចក្ដីចែងទុកពីលោកស្រាប់។
14លុះបានមកដល់ពួកសិស្សហើយ នោះទ្រង់ឃើញមានហ្វូងមនុស្សជាធំនៅព័ទ្ធគេជុំវិញ ក៏មានពួកអាចារ្យខ្លះកំពុងតែដេញដោល 15កាលហ្វូងមនុស្សបានឃើញទ្រង់ ស្រាប់តែកើតមានសេចក្ដីស្រឡាំងកាំង រួចរត់ទៅទទួលទ្រង់ដោយគោរព 16ទ្រង់មានបន្ទូលសួរពួកអាចារ្យថា តើអ្នករាល់គ្នាជជែកពីរឿងអ្វីនឹងអ្នកទាំងនេះ 17នោះមានម្នាក់ក្នុងហ្វូងមនុស្សទូលកាត់ឆ្លើយថា លោកគ្រូអើយ ខ្ញុំបាននាំកូនខ្ញុំមកឯលោក ព្រោះវាមានអារក្សគចូល 18នៅកន្លែងណាដែលអារក្សជាន់វាម្តងៗ នោះក៏ធ្វើឲ្យវាប្រកាច់ជាខ្លាំង វាបែកពពុះមាត់ ព្រមទាំងសង្កៀតធ្មេញ ហើយចេះតែហេវទៅៗ ខ្ញុំបានសូមពួកសិស្សលោក ឲ្យដេញអារក្សនោះដែរ តែគេពុំអាចនឹងដេញចេញបានទេ 19ទ្រង់មានបន្ទូលឆ្លើយថា ឱដំណមនុស្សដែលមិនជឿអើយ តើត្រូវឲ្យខ្ញុំនៅជាមួយនឹងអ្នករាល់គ្នាដល់កាលណា តើត្រូវឲ្យខ្ញុំទ្រាំនឹងអ្នករាល់គ្នាដល់កាលណាទៀត ចូរនាំវាមកឯខ្ញុំ 20គេក៏នាំវាទៅ កាលបានឃើញទ្រង់ នោះស្រាប់តែអារក្សជាន់វា ឲ្យប្រកាច់ដួលននៀលនៅដី ទាំងបែកពពុះមាត់ 21ទ្រង់មានបន្ទូលសួរឪពុកថា វាបានឈឺដូច្នេះជាយូរប៉ុន្មានមកហើយ គាត់ទូលឆ្លើយថា តាំងតែពីតូចមក 22ជួនកាលក៏បោះវាទៅក្នុងភ្លើងក្នុងទឹកជាញយៗ ដើម្បីនឹងបំផ្លាញវាទៅ ប៉ុន្តែបើលោកអាចនឹងជួយបាន នោះសូមអាណិតមេត្តាជួយយើងខ្ញុំផង 23ព្រះយេស៊ូវមានបន្ទូលទៅគាត់ថា បើអាចនឹងជឿបាន នោះការទាំងអស់នឹងសំរេចបាន ដល់អ្នកណាដែលជឿ 24ស្រាប់តែឪពុករបស់កូននោះ ក៏បន្លឺវាចាឡើងទាំងទឹកភ្នែកថា ខ្ញុំជឿហើយ លោកម្ចាស់អើយ សូមជួយចំពោះសេចក្ដីណាដែលខ្ញុំមិនជឿផង 25កាលព្រះយេស៊ូវឃើញមនុស្សសន្ធឹកកំពុងតែរត់មក នោះទ្រង់កំហែងទៅអារក្សអសោចិ៍ថា នែ អារក្សគថ្លង់អើយ អញបង្គាប់ឲ្យឯងចេញពីវាទៅ កុំឲ្យចូលវាទៀតឡើយ 26វាក៏ស្រែកឡើង ទាំងជាន់ក្មេងនោះឲ្យប្រកាច់ជាខ្លាំង រួចក៏ចេញទៅ ក្មេងនោះត្រឡប់ដូចជាស្លាប់ ដល់ម៉្លេះបានជាមនុស្សជាច្រើនបានថា វាស្លាប់ហើយ 27ប៉ុន្តែព្រះយេស៊ូវទ្រង់ចាប់ដៃលើកវាឡើង ហើយវាក៏ក្រោកឈរ។
28លុះទ្រង់បានយាងចូលទៅក្នុងផ្ទះ នោះពួកសិស្សទូលសួរទ្រង់ដោយឡែកថា ហេតុអ្វីបានជាយើងខ្ញុំដេញអារក្សនេះពុំបាន 29ទ្រង់មានបន្ទូលថា ដែលនឹងដេញអារក្សបែបយ៉ាងនេះបាន នោះគឺដោយសារតែអធិស្ឋានហើយនឹងតមទេ។
30កាលចេញពីទីនោះ ក៏យាងកាត់ស្រុកកាលីឡេទៅ ហើយទ្រង់មិនចង់ឲ្យអ្នកណាដឹងសោះ 31ដ្បិតទ្រង់កំពុងតែបង្រៀនពួកសិស្សថា កូនមនុស្សត្រូវបញ្ជូនទៅក្នុងកណ្តាប់ដៃនៃមនុស្សលោក គេនឹងសំឡាប់លោក រួចដល់៣ថ្ងៃក្រោយដែលគេសំឡាប់ នោះលោកនឹងរស់ឡើងវិញ 32តែអ្នកទាំងនោះមិនបានយល់សេចក្ដីនោះទេ ក៏ខ្លាចមិនហ៊ានទូលសួរទ្រង់ផង។
33លុះទៅដល់កាពើណិម កាលកំពុងតែនៅក្នុងផ្ទះ នោះទ្រង់មានបន្ទូលសួរពួកសិស្សថា តើរឿងអ្វីដែលអ្នករាល់គ្នាជជែកគ្នាតាមផ្លូវមកនោះ 34តែគេនៅតែស្ងៀម ពីព្រោះតាមផ្លូវ គេបានជជែកគ្នា អំពីអ្នកណាដែលធំជាង 35ទ្រង់ក៏គង់ចុះ រួចហៅពួក១២មកមានបន្ទូលថា បើអ្នកណាចង់ធ្វើលេខ១ នោះត្រូវទៅជាចុងបង្អស់វិញ ហើយត្រូវបំរើគេទាំងអស់ដែរ 36ទ្រង់ក៏យកកូនតូច១ ដាក់នៅកណ្តាលជំនុំ រួចទ្រង់បីវា មានបន្ទូលទៅគេថា 37អ្នកណាដែលទទួលកូនតូច១ ដូចជាកូននេះ ដោយនូវឈ្មោះខ្ញុំ នោះក៏ឈ្មោះថាទទួលខ្ញុំ ហើយអ្នកណាដែលទទួលខ្ញុំ នោះមិនមែនទទួលខ្ញុំទេ គឺឈ្មោះថាទទួលព្រះដែលបានចាត់ឲ្យខ្ញុំមកវិញ។
38យ៉ូហានក៏ទូលទ្រង់ថា លោកគ្រូ យើងខ្ញុំបានឃើញមនុស្សម្នាក់ ដែលមិនដើរតាមយើងខ្ញុំ គេកំពុងតែដេញអារក្ស ដោយនូវឈ្មោះលោក ហើយយើងខ្ញុំបានហាមឃាត់គេ ពីព្រោះគេមិនដើរជាមួយនឹងយើងខ្ញុំទេ 39ព្រះយេស៊ូវមានបន្ទូលថា កុំឃាត់គេឡើយ ដ្បិតគ្មានអ្នកណាអាចនឹងធ្វើការឫទ្ធិបារមី ដោយនូវឈ្មោះខ្ញុំ រួចនិយាយអាក្រក់ពីខ្ញុំភ្លាម១រំពេចបានទេ 40ដ្បិតអ្នកណាដែលមិនទាស់នឹងយើង នោះកាន់ខាងយើងវិញ 41អ្នកណាដែលឲ្យទឹក១កែវ ទៅអ្នករាល់គ្នាផឹក ដោយនូវឈ្មោះខ្ញុំ ដោយព្រោះអ្នករាល់គ្នាជារបស់ផងព្រះគ្រីស្ទ នោះខ្ញុំប្រាប់ជាប្រាកដថា អ្នកនោះមិនបាត់រង្វាន់ខ្លួនឡើយ 42តែអ្នកណាដែលធ្វើឲ្យកូនណាមួយ ដែលជឿដល់ខ្ញុំនេះ រវាតចិត្តចេញ នោះបើគេយកថ្មត្បាល់កិនយ៉ាងធំ ចងកអ្នកនោះ ហើយទំលាក់ចុះទៅក្នុងសមុទ្រ យ៉ាងនោះមានប្រយោជន៍ដល់អ្នកនោះជាជាង 43បើដៃអ្នកនាំឲ្យគេរវាតចិត្ត នោះចូរកាត់វាចោលទៅ ស៊ូឲ្យអ្នកចូលទៅក្នុងជីវិតកំបុតដៃវិញ ជាជាងមានដៃទាំង២ ហើយធ្លាក់ទៅនរកនៅក្នុងភ្លើងដែលពន្លត់មិនបាន 44ជាកន្លែងដែលមានដង្កូវមិនដែលស្លាប់ ហើយភ្លើងមិនដែលរលត់ឡើយ 45បើជើងអ្នកនាំឲ្យគេរវាតចិត្ត នោះចូរកាត់វាចោលទៅ ស៊ូឲ្យអ្នកចូលទៅក្នុងជីវិតកំបុតជើងវិញ ជាជាងមានជើងទាំង២ ហើយត្រូវបោះចោលទៅនរក នៅក្នុងភ្លើងដែលពន្លត់មិនបាន 46ជាកន្លែងដែលមានដង្កូវមិនដែលស្លាប់ ហើយភ្លើងមិនដែលរលត់ឡើយ 47ហើយបើភ្នែកអ្នកនាំឲ្យគេរវាតចិត្ត នោះចូរខ្វេះចោលទៅ ស៊ូឲ្យអ្នកចូលក្នុងនគរព្រះមានភ្នែកតែ១ ជាជាងមានភ្នែកទាំង២ ហើយត្រូវបោះចោលទៅក្នុងភ្លើងនរកវិញ 48ជាកន្លែងដែលមានដង្កូវមិនដែលស្លាប់ ហើយភ្លើងមិនដែលរលត់ឡើយ 49ដ្បិតគ្រប់គ្នាត្រូវបំប្រៃនឹងភ្លើង ហើយគ្រប់ទាំងយញ្ញបូជាត្រូវបំប្រៃនឹងអំបិល 50អំបិលជារបស់ល្អ តែបើបាត់ជាតិប្រៃហើយ តើនឹងយកអ្វីដើម្បីឲ្យប្រៃឡើងវិញបាន 51ដូច្នេះចូរឲ្យអ្នករាល់គ្នាមានអំបិលនៅក្នុងខ្លួន ហើយនៅជាមួយគ្នាដោយមេត្រីចុះ។
ទើបបានជ្រើសរើសហើយ៖
ម៉ាកុស 9: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.