ជនគណនា 23
23
1នោះបាឡាមទូលទៅបាឡាកថា សូមទ្រង់ធ្វើអាសនា៧នៅទីនេះឲ្យទូលបង្គំ ហើយរៀបគោឈ្មោល៧ នឹងចៀមឈ្មោល៧ផង 2បាឡាកទ្រង់ក៏ធ្វើដូចជាបាឡាមបានថា នោះបាឡាក ហើយនឹងបាឡាមក៏ថ្វាយគោ នឹងចៀមមួយៗនៅលើអាសនាទាំងនោះ 3រួចបាឡាមគាត់ទូលទៅបាឡាកថា សូមទ្រង់ឈរនៅជិតដង្វាយទ្រង់នេះចុះ ទូលបង្គំនឹងទៅ ប្រហែលជាព្រះយេហូវ៉ានឹងយាងមកជួបនឹងទូលបង្គំ បើសេចក្ដីណាដែលទ្រង់បង្ហាញមកទូលបង្គំ នោះទូលបង្គំនឹងនាំមកទូលដល់ទ្រង់ រួចគាត់ក៏ឡើងទៅឯទីខ្ពស់ 4ឯព្រះទ្រង់ក៏មកជួបនឹងបាឡាម រួចគាត់ទូលទ្រង់ថា ទូលបង្គំបានរៀបចំអាសនាទាំង៧ ហើយបានថ្វាយគោ នឹងចៀមមួយៗ នៅលើអាសនាទាំងនោះ 5នោះព្រះយេហូវ៉ាទ្រង់ដាក់ព្រះបន្ទូលនៅក្នុងមាត់បាឡាម ហើយប្រាប់ថា ចូរត្រឡប់ទៅឯបាឡាកវិញទៅ ហើយត្រូវនិយាយដូច្នេះ 6គាត់ក៏ត្រឡប់ទៅឯបាឡាក ឃើញទ្រង់កំពុងតែឈរនៅជិតដង្វាយរបស់ទ្រង់នៅឡើយ មានអស់ទាំងមេរបស់សាសន៍ម៉ូអាប់នៅជាមួយ 7រួចគាត់ចាប់តាំងបញ្ចេញព្រះបន្ទូលដោយពាក្យថា បាឡាកជាស្តេចនៃសាសន៍ម៉ូអាប់ ទ្រង់បាននាំខ្ញុំពីស្រុកអើរ៉ាមមក គឺពីស្រុកភ្នំទិសខាងកើត ដោយប្រាប់ថា ចូរមក ចូរដាក់បណ្តាសាដល់ពួកយ៉ាកុបឲ្យអញ ហើយថា ចូរមក ចូរប្រកួតនឹងសាសន៍អ៊ីស្រាអែលចុះ 8តែធ្វើដូចម្តេចឲ្យខ្ញុំដាក់បណ្តាសាដល់អ្នកណា ដែលព្រះទ្រង់មិនបានដាក់បណ្តាសាទៅកើត ហើយធ្វើដូចម្តេចឲ្យខ្ញុំប្រកួតនឹងអ្នកណា ដែលព្រះយេហូវ៉ាមិនបានប្រកួតចំពោះគេបាន 9ដ្បិតខ្ញុំបានឃើញគេពីលើកំពូលថ្មដា ខ្ញុំបានរំពឹងមើលគេពីលើភ្នំទាំងប៉ុន្មាន មើលសាសន៍នេះគេនៅតែដោយពួកគេទេ គេមិនបានរាប់បញ្ចូលក្នុងនគរទាំងប៉ុន្មានឡើយ 10តើអ្នកណានឹងរាប់ធូលីរបស់យ៉ាកុបបាន ឬរាប់ចំនួននៃសាសន៍អ៊ីស្រាអែល១ភាគក្នុង៤បាន សូមតែឲ្យខ្ញុំបានស្លាប់ដូចជាពួកសុចរិតនោះចុះ ហើយសូមឲ្យទីបំផុតនៃជីវិតរបស់ខ្ញុំបានដូចជាគេដែរ។
11នោះបាឡាកទ្រង់មានបន្ទូលទៅបាឡាមថា តើឯងបានធ្វើយ៉ាងដូចម្តេចនឹងអញ គឺអញបាននាំឯងមកឲ្យដាក់បណ្តាសាដល់ពួកខ្មាំងសត្រូវរបស់អញ តែមើល ឯងបានឲ្យពរដល់គេវិញ 12គាត់ទូលឆ្លើយថា តើមិនត្រូវឲ្យទូលបង្គំប្រយ័ត នឹងនិយាយតែសេចក្ដី ដែលព្រះយេហូវ៉ាទ្រង់សំរេចនៅក្នុងមាត់ទូលបង្គំទេឬអី។
13រួចបាឡាកមានបន្ទូលនឹងគាត់ថា ចូរមកជាមួយនឹងអញ ទៅឯកន្លែង១ទៀត ជាកន្លែងដែលល្មមឲ្យឯងមើលគេឃើញ ឯងនឹងឃើញតែពួកគេខាងចុងបង្អស់ ឥតឃើញទាំងអស់ទេ រួចចូរឯងដាក់បណ្តាសាគេពីទីនោះឲ្យអញ 14នោះទ្រង់នាំគាត់ទៅឯវាលសូភិម នៅលើភ្នំពីសកា ក៏ធ្វើអាសនា៧ ហើយថ្វាយគោ នឹងចៀមមួយៗនៅលើអាសនាទាំងនោះ 15បាឡាមទូលទៅបាឡាកថា សូមទ្រង់ឈរនៅជិតដង្វាយទ្រង់នេះចុះ ចាំទូលបង្គំទៅជួបនឹងព្រះសិន 16ព្រះយេហូវ៉ាទ្រង់ក៏យាងមកជួបនឹងបាឡាម ហើយដាក់ព្រះបន្ទូលទៅក្នុងមាត់គាត់ រួចប្រាប់ថា ចូរវិលត្រឡប់ទៅឯបាឡាកវិញចុះ ហើយត្រូវនិយាយដូច្នេះ 17គាត់ក៏មកឯបាឡាក ឃើញទ្រង់កំពុងតែឈរនៅជិតដង្វាយរបស់ទ្រង់នៅឡើយ មានទាំងពួកមេនៃសាសន៍ម៉ូអាប់នៅជាមួយ រួចបាឡាកសួរថា តើព្រះយេហូវ៉ាមានបន្ទូលថាដូចម្តេច 18នោះគាត់ចាប់តាំងបញ្ចេញព្រះបន្ទូលដោយពាក្យថា សូមឈរឡើង ព្រះរាជាអើយ សូមទ្រង់ស្តាប់សិន ឱបុត្រស៊ីបព័រអើយ សូមផ្ទៀងព្រះស្រោត្រស្តាប់ទូលបង្គំចុះ 19ព្រះទ្រង់មិនមែនជាមនុស្ស ទ្រង់មិនចេះកុហកឡើយ ក៏មិនមែនជាកូនមនុស្សដែរ ទ្រង់មិនត្រូវការនឹងប្រែគំនិតទេ សេចក្ដីដែលទ្រង់មានវាចាហើយ តើទ្រង់មិនធ្វើតាមឬអី ឬសេចក្ដីដែលទ្រង់មានបន្ទូល តើមិនសំរេចតាមទេឬអី 20មើល ទូលបង្គំបានទទួលបង្គាប់មកថា ត្រូវឲ្យពរ ព្រះទ្រង់ក៏បានឲ្យពរហើយ ដូច្នេះ ទូលបង្គំពុំអាចនឹងបំផ្លាស់ទៅបានទេ 21ទ្រង់មិនបានឃើញជាពួកយ៉ាកុបមានសេចក្ដីទុច្ចរិតអ្វីទេ ក៏មិនឃើញជាមានសេចក្ដីអាក្រក់ណានៅក្នុងពួកអ៊ីស្រាអែលដែរ ព្រះយេហូវ៉ាជាព្រះនៃគេ ទ្រង់គង់នៅជាមួយនឹងគេ ក៏មានឮសំរែកនៃស្តេចនៅកណ្តាលពួកគេ 22ព្រះទ្រង់បាននាំគេចេញពីស្រុកអេស៊ីព្ទមក គេមានកំឡាំងបែបដូចជាកំឡាំងនៃសត្វរមាស 23គ្មានមន្តវិជ្ជាការណានឹងដាក់ពួកយ៉ាកុប ឬអំពើអំពាន់ណាដាក់សាសន៍អ៊ីស្រាអែលត្រូវទេ លុះដល់កំណត់ នោះនឹងមានពាក្យដំណាលពីយ៉ាកុប ហើយពីអ៊ីស្រាអែលថា យីអើទ្រង់បានធ្វើអ្វីនេះហ្ន៎ 24មើល បណ្តាជននេះគេក្រោកឡើងដូចជាសិង្ហញី ក៏ឈរឡើងដូចជាសិង្ហឈ្មោល គេមិនដេកវិញទាល់តែបានស៊ីរំពាហើយ ព្រមទាំងផឹកឈាមនៃពួកដែលបានសំឡាប់ផង។
25នោះបាឡាកមានបន្ទូលទៅបាឡាមថា បើមិនប្រទេចផ្តាសាគេទេ នោះក៏មិនត្រូវឲ្យពរគេដែរ 26តែបាឡាមទូលឆ្លើយថា តើទូលបង្គំមិនបានទូលទ្រង់ទេឬអីថា គ្រប់ទាំងសេចក្ដីដែលព្រះយេហូវ៉ាមានបន្ទូល នោះទូលបង្គំត្រូវតែធ្វើតាម។
27រួចបាឡាកទ្រង់មានបន្ទូលទៅបាឡាមថា ចូរមក អញនឹងនាំឯងទៅកន្លែង១ទៀត ប្រហែលជាព្រះនឹងសព្វព្រះហឫទ័យឲ្យឯងដាក់បណ្តាសាដល់គេពីទីនោះឲ្យអញ 28បាឡាកក៏នាំបាឡាមទៅលើកំពូលភ្នំពេអរ ដែលបែរទៅខាងឯទីរហោស្ថាន 29នោះបាឡាមទូលទៅបាឡាកថា សូមទ្រង់ធ្វើអាសនា៧នៅទីនេះឲ្យទូលបង្គំ ហើយសូមរៀបគោ៧ នឹងចៀម៧ ឲ្យទូលបង្គំទៀត 30រួចបាឡាកក៏ធ្វើដូចជាបាឡាមបានមានវាចា គឺបានថ្វាយគោ នឹងចៀមមួយៗនៅលើអាសនាទាំងនោះ។
ទើបបានជ្រើសរើសហើយ៖
ជនគណនា 23: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.