ជន‌គណនា 23

23
1នោះ​បាឡាម​ទូល​ទៅ​បាឡាក​ថា សូម​ទ្រង់​ធ្វើ​អាសនា​៧​នៅ​ទី​នេះ​ឲ្យ​ទូលបង្គំ ហើយ​រៀប​គោ​ឈ្មោល​៧ នឹង​ចៀម​ឈ្មោល​៧​ផង 2បាឡាក​ទ្រង់​ក៏​ធ្វើ​ដូច​ជា​បាឡាម​បាន​ថា នោះ​បាឡាក ហើយ​នឹង​បាឡាម​ក៏​ថ្វាយ​គោ នឹង​ចៀម​មួយៗ​នៅ​លើ​អាសនា​ទាំង​នោះ 3រួច​បាឡាម​គាត់​ទូល​ទៅ​បាឡាក​ថា សូម​ទ្រង់​ឈរ​នៅ​ជិត​ដង្វាយ​ទ្រង់​នេះ​ចុះ ទូលបង្គំ​នឹង​ទៅ ប្រហែល​ជា​ព្រះ‌យេហូវ៉ា​នឹង​យាង​មក​ជួប​នឹង​ទូលបង្គំ បើ​សេចក្ដី​ណា​ដែល​ទ្រង់​បង្ហាញ​មក​ទូលបង្គំ នោះ​ទូលបង្គំ​នឹង​នាំ​មក​ទូល​ដល់​ទ្រង់ រួច​គាត់​ក៏​ឡើង​ទៅ​ឯ​ទី​ខ្ពស់ 4ឯ​ព្រះ​ទ្រង់​ក៏​មក​ជួប​នឹង​បាឡាម រួច​គាត់​ទូល​ទ្រង់​ថា ទូលបង្គំ​បាន​រៀបចំ​អាសនា​ទាំង​៧ ហើយ​បាន​ថ្វាយ​គោ នឹង​ចៀម​មួយៗ នៅ​លើ​អាសនា​ទាំង​នោះ 5នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​ដាក់​ព្រះ‌បន្ទូល​នៅ​ក្នុង​មាត់​បាឡាម ហើយ​ប្រាប់​ថា ចូរ​ត្រឡប់​ទៅ​ឯ​បាឡាក​វិញ​ទៅ ហើយ​ត្រូវ​និយាយ​ដូច្នេះ 6គាត់​ក៏​ត្រឡប់​ទៅ​ឯ​បាឡាក ឃើញ​ទ្រង់​កំពុង​តែ​ឈរ​នៅ​ជិត​ដង្វាយ​របស់​ទ្រង់​នៅ​ឡើយ មាន​អស់​ទាំង​មេ​របស់​សាសន៍​ម៉ូអាប់​នៅ​ជា​មួយ 7រួច​គាត់​ចាប់​តាំង​បញ្ចេញ​ព្រះ‌បន្ទូល​ដោយ​ពាក្យ​ថា បាឡាក​ជា​ស្តេច​នៃ​សាសន៍​ម៉ូអាប់ ទ្រង់​បាន​នាំ​ខ្ញុំ​ពី​ស្រុក​អើរ៉ាម​មក គឺ​ពី​ស្រុក​ភ្នំ​ទិស​ខាង​កើត ដោយ​ប្រាប់​ថា ចូរ​មក ចូរ​ដាក់​បណ្តាសា​ដល់​ពួក​យ៉ាកុប​ឲ្យ​អញ ហើយ​ថា ចូរ​មក ចូរ​ប្រកួត​នឹង​សាសន៍​អ៊ីស្រាអែល​ចុះ 8តែ​ធ្វើ​ដូច​ម្តេច​ឲ្យ​ខ្ញុំ​ដាក់​បណ្តាសា​ដល់​អ្នក​ណា ដែល​ព្រះ‌ទ្រង់​មិន​បាន​ដាក់​បណ្តាសា​ទៅ​កើត ហើយ​ធ្វើ​ដូច​ម្តេច​ឲ្យ​ខ្ញុំ​ប្រកួត​នឹង​អ្នក​ណា ដែល​ព្រះ‌យេហូវ៉ា​មិន​បាន​ប្រកួត​ចំពោះ​គេ​បាន 9ដ្បិត​ខ្ញុំ​បាន​ឃើញ​គេ​ពី​លើ​កំពូល​ថ្មដា ខ្ញុំ​បាន​រំពឹង​មើល​គេ​ពី​លើ​ភ្នំ​ទាំង​ប៉ុន្មាន មើល​សាសន៍​នេះ​គេ​នៅ​តែ​ដោយ​ពួក​គេ​ទេ គេ​មិន​បាន​រាប់​បញ្ចូល​ក្នុង​នគរ​ទាំង​ប៉ុន្មាន​ឡើយ 10តើ​អ្នក​ណា​នឹង​រាប់​ធូលី​របស់​យ៉ាកុប​បាន ឬ​រាប់​ចំនួន​នៃ​សាសន៍​អ៊ីស្រាអែល​១​ភាគ​ក្នុង​៤​បាន សូម​តែ​ឲ្យ​ខ្ញុំ​បាន​ស្លាប់​ដូច​ជា​ពួក​សុចរិត​នោះ​ចុះ ហើយ​សូម​ឲ្យ​ទី​បំផុត​នៃ​ជីវិត​របស់​ខ្ញុំ​បាន​ដូច​ជា​គេ​ដែរ។
11នោះ​បាឡាក​ទ្រង់​មាន​បន្ទូល​ទៅ​បាឡាម​ថា តើ​ឯង​បាន​ធ្វើ​យ៉ាង​ដូច​ម្តេច​នឹង​អញ គឺ​អញ​បាន​នាំ​ឯង​មក​ឲ្យ​ដាក់​បណ្តាសា​ដល់​ពួក​ខ្មាំង​សត្រូវ​របស់​អញ តែ​មើល ឯង​បាន​ឲ្យ​ពរ​ដល់​គេ​វិញ 12គាត់​ទូល​ឆ្លើយ​ថា តើ​មិន​ត្រូវ​ឲ្យ​ទូលបង្គំ​ប្រយ័ត នឹង​និយាយ​តែ​សេចក្ដី ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​សំរេច​នៅ​ក្នុង​មាត់​ទូលបង្គំ​ទេ​ឬ​អី។
13រួច​បាឡាក​មាន​បន្ទូល​នឹង​គាត់​ថា ចូរ​មក​ជា​មួយ​នឹង​អញ ទៅ​ឯ​កន្លែង​១​ទៀត ជា​កន្លែង​ដែល​ល្មម​ឲ្យ​ឯង​មើល​គេ​ឃើញ ឯង​នឹង​ឃើញ​តែ​ពួក​គេ​ខាង​ចុង​បង្អស់ ឥត​ឃើញ​ទាំង​អស់​ទេ រួច​ចូរ​ឯង​ដាក់​បណ្តាសា​គេ​ពី​ទី​នោះ​ឲ្យ​អញ 14នោះ​ទ្រង់​នាំ​គាត់​ទៅ​ឯ​វាល​សូភិម នៅ​លើ​ភ្នំ​ពីសកា ក៏​ធ្វើ​អាសនា​៧ ហើយ​ថ្វាយ​គោ នឹង​ចៀម​មួយៗ​នៅ​លើ​អាសនា​ទាំង​នោះ 15បាឡាម​ទូល​ទៅ​បាឡាក​ថា សូម​ទ្រង់​ឈរ​នៅ​ជិត​ដង្វាយ​ទ្រង់​នេះ​ចុះ ចាំ​ទូលបង្គំ​ទៅ​ជួប​នឹង​ព្រះ​សិន 16ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​យាង​មក​ជួប​នឹង​បាឡាម ហើយ​ដាក់​ព្រះ‌បន្ទូល​ទៅ​ក្នុង​មាត់​គាត់ រួច​ប្រាប់​ថា ចូរ​វិល​ត្រឡប់​ទៅ​ឯ​បាឡាក​វិញ​ចុះ ហើយ​ត្រូវ​និយាយ​ដូច្នេះ 17គាត់​ក៏​មក​ឯ​បាឡាក ឃើញ​ទ្រង់​កំពុង​តែ​ឈរ​នៅ​ជិត​ដង្វាយ​របស់​ទ្រង់​នៅ​ឡើយ មាន​ទាំង​ពួក​មេ​នៃ​សាសន៍​ម៉ូអាប់​នៅ​ជា​មួយ រួច​បាឡាក​សួរ​ថា តើ​ព្រះ‌យេហូវ៉ា​មាន​បន្ទូល​ថា​ដូច​ម្តេច 18នោះ​គាត់​ចាប់​តាំង​បញ្ចេញ​ព្រះ‌បន្ទូល​ដោយ​ពាក្យ​ថា សូម​ឈរ​ឡើង ព្រះ‌រាជា​អើយ សូម​ទ្រង់​ស្តាប់​សិន ឱ​បុត្រ​ស៊ីបព័រ​អើយ សូម​ផ្ទៀង​ព្រះ‌ស្រោត្រ​ស្តាប់​ទូលបង្គំ​ចុះ 19ព្រះ‌ទ្រង់​មិន​មែន​ជា​មនុស្ស ទ្រង់​មិន​ចេះ​កុហក​ឡើយ ក៏​មិន​មែន​ជា​កូន​មនុស្ស​ដែរ ទ្រង់​មិន​ត្រូវ​ការ​នឹង​ប្រែ​គំនិត​ទេ សេចក្ដី​ដែល​ទ្រង់​មាន​វាចា​ហើយ តើ​ទ្រង់​មិន​ធ្វើ​តាម​ឬ​អី ឬ​សេចក្ដី​ដែល​ទ្រង់​មាន​បន្ទូល តើ​មិន​សំរេច​តាម​ទេ​ឬ​អី 20មើល ទូលបង្គំ​បាន​ទទួល​បង្គាប់​មក​ថា ត្រូវ​ឲ្យ​ពរ ព្រះ​ទ្រង់​ក៏​បាន​ឲ្យ​ពរ​ហើយ ដូច្នេះ ទូលបង្គំ​ពុំ​អាច​នឹង​បំផ្លាស់​ទៅ​បាន​ទេ 21ទ្រង់​មិន​បាន​ឃើញ​ជា​ពួក​យ៉ាកុប​មាន​សេចក្ដី​ទុច្ចរិត​អ្វី​ទេ ក៏​មិន​ឃើញ​ជា​មាន​សេចក្ដី​អាក្រក់​ណា​នៅ​ក្នុង​ពួក​អ៊ីស្រាអែល​ដែរ ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​គេ ទ្រង់​គង់​នៅ​ជា​មួយ​នឹង​គេ ក៏​មាន​ឮ​សំរែក​នៃ​ស្តេច​នៅ​កណ្តាល​ពួក​គេ 22ព្រះ‌ទ្រង់​បាន​នាំ​គេ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក គេ​មាន​កំឡាំង​បែប​ដូច​ជា​កំឡាំង​នៃ​សត្វ​រមាស 23គ្មាន​មន្ត​វិជ្ជា​ការ​ណា​នឹង​ដាក់​ពួក​យ៉ាកុប ឬ​អំពើ​អំពាន់​ណា​ដាក់​សាសន៍​អ៊ីស្រាអែល​ត្រូវ​ទេ លុះ​ដល់​កំណត់ នោះ​នឹង​មាន​ពាក្យ​ដំណាល​ពី​យ៉ាកុប ហើយ​ពី​អ៊ីស្រាអែល​ថា យី​អើ​ទ្រង់​បាន​ធ្វើ​អ្វី​នេះ​ហ្ន៎ 24មើល បណ្តាជន​នេះ​គេ​ក្រោក​ឡើង​ដូច​ជា​សិង្ហ​ញី ក៏​ឈរ​ឡើង​ដូច​ជា​សិង្ហ​ឈ្មោល គេ​មិន​ដេក​វិញ​ទាល់​តែ​បាន​ស៊ី​រំពា​ហើយ ព្រម​ទាំង​ផឹក​ឈាម​នៃ​ពួក​ដែល​បាន​សំឡាប់​ផង។
25នោះ​បាឡាក​មាន​បន្ទូល​ទៅ​បាឡាម​ថា បើ​មិន​ប្រទេច​ផ្តាសា​គេ​ទេ នោះ​ក៏​មិន​ត្រូវ​ឲ្យ​ពរ​គេ​ដែរ 26តែ​បាឡាម​ទូល​ឆ្លើយ​ថា តើ​ទូលបង្គំ​មិន​បាន​ទូល​ទ្រង់​ទេ​ឬ​អី​ថា គ្រប់​ទាំង​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​មាន​បន្ទូល នោះ​ទូលបង្គំ​ត្រូវ​តែ​ធ្វើ​តាម។
27រួច​បាឡាក​ទ្រង់​មាន​បន្ទូល​ទៅ​បាឡាម​ថា ចូរ​មក អញ​នឹង​នាំ​ឯង​ទៅ​កន្លែង​១​ទៀត ប្រហែល​ជា​ព្រះ​នឹង​សព្វ​ព្រះ‌ហឫទ័យ​ឲ្យ​ឯង​ដាក់​បណ្តាសា​ដល់​គេ​ពី​ទី​នោះ​ឲ្យ​អញ 28បាឡាក​ក៏​នាំ​បាឡាម​ទៅ​លើ​កំពូល​ភ្នំ​ពេអរ ដែល​បែរ​ទៅ​ខាង​ឯ​ទី​រហោ‌ស្ថាន 29នោះ​បាឡាម​ទូល​ទៅ​បាឡាក​ថា សូម​ទ្រង់​ធ្វើ​អាសនា​៧​នៅ​ទី​នេះ​ឲ្យ​ទូលបង្គំ ហើយ​សូម​រៀប​គោ​៧ នឹង​ចៀម​៧ ឲ្យ​ទូលបង្គំ​ទៀត 30រួច​បាឡាក​ក៏​ធ្វើ​ដូច​ជា​បាឡាម​បាន​មាន​វាចា គឺ​បាន​ថ្វាយ​គោ នឹង​ចៀម​មួយៗ​នៅ​លើ​អាសនា​ទាំង​នោះ។

ទើបបានជ្រើសរើសហើយ៖

ជន‌គណនា 23: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល