ជនគណនា 4
4
1ព្រះយេហូវ៉ាទ្រង់បង្គាប់ដល់ម៉ូសេនឹងអើរ៉ុនថា 2ចូររាប់ចំនួនពួកកូនចៅកេហាត់ ញែកគេចេញពីពួកកូនចៅលេវីទាំងប៉ុន្មាន តាមគ្រួសារ តាមវង្សានុវង្សរបស់ឪពុកគេ 3ចាប់តាំងពីអាយុ៣០ឆ្នាំឡើងទៅ រហូតដល់៥០ឆ្នាំ គឺអស់អ្នកដែលត្រូវទទួលការងារក្នុងត្រសាលជំនុំបាន 4ឯក្រសួងរបស់ពួកកូនចៅកេហាត់ក្នុងត្រសាលជំនុំ នោះគឺខាងឯរបស់បរិសុទ្ធបំផុត 5កាលណាពួកជំនុំរៀបដំណើរចេញទៅ នោះអើរ៉ុន នឹងពួកកូនលោក ត្រូវចូលទៅដោះវាំងនន ដែលបិទបាំង យកទៅគ្របលើហឹប នៃសេចក្ដីបន្ទាល់ 6រួចត្រូវគ្របដោយស្បែកផ្សោត ហើយក្រាលសំពត់ពណ៌ផ្ទៃមេឃពីលើ ទើបប្រហកឈើស្នែងចូលទៅ 7ត្រូវឲ្យគេក្រាលសំពត់ពណ៌ផ្ទៃមេឃ នៅលើតុនៃនំបុ័ងតាំងទុក ហើយដាក់ថាស ចាន ពែង នឹងប៉ាន់ ដែលសំរាប់ដង្វាយច្រួច ព្រមទាំងនំបុ័ងដែលដាក់ជាអចិន្ត្រៃយ៍នៅលើតុនោះដែរ 8រួចត្រូវក្រាលសំពត់ពណ៌ក្រហមលើរបស់ទាំងនោះ ទាំងគ្របដោយស្បែកផ្សោតពីលើទៀត រួចព្រហកឈើស្នែងចូលទៅ 9ក៏ត្រូវយកសំពត់ពណ៌ផ្ទៃមេឃ គ្របពីលើជើងដែលសំរាប់ដាក់ចង្កៀង ព្រមទាំងចង្កៀង ឃ្នាបប្រឆេះ កន្ថោររងកំទេច នឹងដបប្រេងទាំងប៉ុន្មាន ដែលសំរាប់ការថែចង្កៀងនោះផង 10រួចត្រូវឲ្យគេយកចង្កៀង នឹងប្រដាប់ទាំងនោះ ដាក់ក្នុងស្បែកផ្សោត ហើយស៊កឈើស្នែងចូល 11ឯអាសនាមាស នោះត្រូវឲ្យក្រាលសំពត់ពណ៌ផ្ទៃមេឃនៅពីលើ ហើយគ្របដោយស្បែកផ្សោត រួចប្រហកឈើស្នែងចូលដែរ 12ត្រូវយកប្រដាប់ប្រដាទាំងអស់ ដែលសំរាប់ប្រើក្នុងទីបរិសុទ្ធ ទៅដាក់ក្នុងសំពត់ពណ៌ផ្ទៃមេឃ ហើយគ្របនឹងស្បែកផ្សោត រួចស៊កឈើស្នែងចូល 13ត្រូវកាយផេះពីអាសនាចេញ ហើយក្រាលសំពត់ពណ៌ស្វាយពីលើ 14ព្រមទាំងដាក់ប្រដាប់ប្រដាដែលសំរាប់ប្រើនៅអាសនានេះផង គឺជើងពាន សម ចបចូក ផើង នឹងអស់ទាំងប្រដាប់ប្រដានៃអាសនានោះ រួចត្រូវក្រាលស្បែកផ្សោតពីលើ ហើយព្រហកឈើស្នែងចូល 15កាលណាអើរ៉ុន នឹងពួកកូនលោកបានគ្របទីបរិសុទ្ធ ព្រមទាំងប្រដាប់ប្រដាទាំងប៉ុន្មានជាស្រេចហើយ ក្នុងវេលាដែលពួកជំនុំរៀបដំណើរចេញទៅ នោះពួកកូនចៅកេហាត់ ត្រូវមកលីសែងរបស់ទាំងនោះ តែមិនត្រូវឲ្យពាល់ដល់របស់បរិសុទ្ធណាមួយឡើយ ក្រែងត្រូវស្លាប់ របស់ទាំងនោះជាបន្ទុកលើពួកកូនចៅកេហាត់ក្នុងត្រសាលជំនុំ។
16ឯអេលាសារជាកូនអើរ៉ុនដ៏ជាសង្ឃ នោះត្រូវត្រួតខាងប្រេងសំរាប់ចង្កៀង គ្រឿងក្រអូប ដង្វាយម្សៅដែលថ្វាយជានិច្ច នឹងប្រេងចាក់លាប ហើយត្រូវត្រួតត្រាលើរោងឧបោសថទាំងមូល ព្រមទាំងប្រដាប់ប្រដានៅក្នុងរោងនោះទាំងប៉ុន្មាន នឹងទីបរិសុទ្ធ ហើយប្រដាប់ប្រដាសំរាប់ទីនោះផង។
17ព្រះយេហូវ៉ា ទ្រង់មានបន្ទូលនឹងម៉ូសេ ហើយនឹងអើរ៉ុនថា 18កុំឲ្យកាត់ពូជគ្រួសារកេហាត់ឲ្យបាត់ពីពួកលេវីឡើយ 19គឺត្រូវធ្វើនឹងគេយ៉ាងនេះវិញ ដើម្បីឲ្យគេរស់នៅ ឥតត្រូវស្លាប់ឡើយ ក្នុងកាលដែលគេចូលទៅឯរបស់ទាំងប៉ុន្មាន ដែលបរិសុទ្ធបំផុត គឺត្រូវឲ្យអើរ៉ុន នឹងពួកកូនលោក ចូលទៅដំរូវការងារ នឹងបន្ទុកឲ្យគេរៀងខ្លួន 20តែមិនត្រូវឲ្យគេចូលទៅមើល កំពុងដែលគ្របរបស់បរិសុទ្ធទាំងប៉ុន្មានឡើយ ក្រែងត្រូវស្លាប់។
21ព្រះយេហូវ៉ា ទ្រង់បង្គាប់ដល់ម៉ូសេថា 22ចូររាប់ចំនួននៃពួកកូនចៅគើសុនដែរ តាមគ្រួសារ តាមវង្សានុវង្សរបស់ឪពុកគេ 23ត្រូវរាប់គេចាប់តាំងពីអាយុ៣០ឆ្នាំឡើងទៅ រហូតដល់៥០ឆ្នាំ គឺអស់អ្នកដែលត្រូវទទួលការងារក្នុងត្រសាលជំនុំបាន 24ឯក្រសួងរបស់ពួកគ្រួសារគើសុន នោះគឺជាការបំរើ នឹងការលីសែងផង 25ត្រូវឲ្យគេសែងផ្ទាំងសំពត់ទាំងប៉ុន្មាន ដែលសំរាប់រោងឧបោសថ ព្រមទាំងត្រសាលជំនុំ នឹងគំរបនៃត្រសាល គំរបស្បែកផ្សោតដែលគ្របពីលើ ហើយនឹងរនាំងបាំងមាត់ទ្វារត្រសាលជំនុំ 26រនាំងទីលាន រនាំងបាំងមាត់ទ្វារទីលាន ដែលនៅព័ទ្ធជុំវិញរោងឧបោសថ ហើយនឹងអាសនា នឹងអស់ទាំងខ្សែ ប្រដាប់ប្រដាសំរាប់ការងារទាំងប៉ុន្មាន ហើយគ្រប់ទាំងរបស់អ្វីផ្សេងៗឯទៀត គឺការនោះឯងដែលគេត្រូវបំរើ 27ឯក្រសួងរបស់ពួកកូនចៅគើសុន ក្នុងការលីសែង ឬការងារអ្វីក្តី នោះស្រេចនៅអើរ៉ុន នឹងពួកកូនលោក គឺត្រូវឲ្យលោកចាត់ចែងការរបស់គេទាំងអស់ 28នេះហើយជាក្រសួងនៃអស់ទាំងគ្រួសាររបស់ពួកកូនចៅគើសុន ក្នុងត្រសាលជំនុំ ហើយបញ្ញើដែលផ្ញើទុកនឹងគេ នោះនៅក្រោមបង្គាប់របស់អ៊ីថាម៉ារ ជាកូនអើរ៉ុនដ៏ជាសង្ឃ។
29ឯពួកកូនចៅម្រ៉ារី នោះត្រូវរាប់គេតាមគ្រួសារ តាមវង្សានុវង្សរបស់ឪពុកគេ 30ចាប់តាំងពីអាយុ៣០ឆ្នាំឡើងទៅ រហូតដល់៥០ឆ្នាំ គឺអស់អ្នកដែលត្រូវទទួលការងារក្នុងត្រសាលជំនុំបាន 31នេះជាបញ្ញើដែលផ្ញើទុកនឹងគេឲ្យលីសែង តាមក្រសួងគេក្នុងត្រសាលជំនុំ គឺក្តាររបស់រោងឧបោសថ ព្រមទាំងរនុក សសរ ហើយនឹងជើង 32សសរទីលានដែលនៅជុំវិញ នឹងជើង ចំរ៉ឹង ខ្សែ ព្រមទាំងប្រដាប់ប្រដាទាំងប៉ុន្មាន ហើយនឹងរបស់ទាំងអស់ដែលសំរាប់គាំពារផង ត្រូវឲ្យឯងដំរូវដោយឈ្មោះប្រដាប់ប្រដា ដែលត្រូវផ្ញើទុកឲ្យគេលីសែង 33នេះហើយជាក្រសួងនៃអស់ទាំងគ្រួសារពួកកូនចៅម្រ៉ារី តាមការងារគេទាំងប៉ុន្មានក្នុងត្រសាលជំនុំ ដែលនៅក្រោមបង្គាប់អ៊ីថាម៉ារ ជាកូនអើរ៉ុនដ៏ជាសង្ឃ។
34រួចម៉ូសេ អើរ៉ុន នឹងពួកដែលជាកំពូលលើពួកជំនុំទាំងប៉ុន្មាន ក៏រាប់ពួកកូនចៅកេហាត់ តាមគ្រួសារ តាមវង្សានុវង្សរបស់ឪពុកគេ 35ចាប់តាំងពីអាយុ៣០ឆ្នាំឡើងទៅ រហូតដល់៥០ឆ្នាំ គឺអស់អ្នកដែលត្រូវទទួលការងារក្នុងត្រសាលជំនុំបាន 36ហើយពួកអ្នកដែលបានរាប់តាមគ្រួសារ នោះមានចំនួន២ពាន់៧៥០នាក់ 37នេះហើយជាពួកអ្នក ដែលបានរាប់ក្នុងគ្រួសារទាំងប៉ុន្មានរបស់កេហាត់ គឺអស់អ្នកដែលបំរើក្នុងត្រសាលជំនុំ ដែលម៉ូសេ នឹងអើរ៉ុនបានរាប់ តាមព្រះបន្ទូលដែលព្រះយេហូវ៉ាបានបង្គាប់មក ដោយសារម៉ូសេ។
38ឯពួកអ្នកដែលបានរាប់ ក្នុងពួកកូនចៅគើសុនតាមគ្រួសារ តាមវង្សានុវង្សរបស់ឪពុកគេ 39ចាប់តាំងពីអាយុ៣០ឆ្នាំឡើងទៅ រហូតដល់៥០ឆ្នាំ គឺអស់អ្នកដែលត្រូវទទួលការងារក្នុងត្រសាលជំនុំបាន 40ពួកនោះដែលបានរាប់តាមគ្រួសារ តាមវង្សានុវង្សរបស់ឪពុកគេ នោះមានចំនួន២ពាន់៦៣០នាក់ 41នេះហើយជាពួកអ្នក ដែលបានរាប់ក្នុងគ្រួសារទាំងប៉ុន្មានរបស់ពួកកូនចៅគើសុន គឺអស់ដែលបំរើក្នុងត្រសាលជំនុំ ដែលម៉ូសេ នឹងអើរ៉ុនបានរាប់ តាមបង្គាប់ព្រះយេហូវ៉ា។
42ឯពួកអ្នកដែលបានរាប់ ក្នុងគ្រួសារទាំងប៉ុន្មានរបស់ពួកកូនចៅម្រ៉ារី តាមគ្រួសារ តាមវង្សានុវង្សរបស់ឪពុកគេ 43ចាប់តាំងពីអាយុ៣០ឆ្នាំឡើងទៅ រហូតដល់៥០ឆ្នាំ គឺអស់អ្នកដែលត្រូវទទួលការងារក្នុងត្រសាលជំនុំបាន 44ពួកនោះដែលបានរាប់តាមគ្រួសារ នោះមានចំនួន៣ពាន់២០០នាក់ 45នេះហើយជាពួកអ្នកដែលបានរាប់ក្នុងគ្រួសារទាំងប៉ុន្មានរបស់ពួកកូនចៅម្រ៉ារី ដែលម៉ូសេ នឹងអើរ៉ុនបានរាប់តាមព្រះបន្ទូលដែលព្រះយេហូវ៉ាបានបង្គាប់មក ដោយសារម៉ូសេ។
46ឯអស់អ្នកដែលម៉ូសេ អើរ៉ុន នឹងពួកជាកំពូលទាំងប៉ុន្មានលើសាសន៍អ៊ីស្រាអែល បានរាប់ក្នុងពួកលេវី តាមគ្រួសារ តាមវង្សានុវង្សរបស់ឪពុកគេ 47ចាប់តាំងពីអាយុ៣០ឆ្នាំឡើងទៅ រហូតដល់៥០ឆ្នាំ គឺអស់អ្នកដែលបានចូលទៅធ្វើការងារ ហើយលីសែងក្នុងត្រសាលជំនុំ 48នោះរួមគ្នាទាំងអស់មាន៨ពាន់៥៨០នាក់ 49ម៉ូសេបានរាប់គេតាមបង្គាប់ព្រះយេហូវ៉ា គ្រប់គ្នាតាមក្រសួងការ តាមបន្ទុករបស់ខ្លួន គឺយ៉ាងនោះហើយដែលលោកបានរាប់គេ តាមដែលព្រះយេហូវ៉ាទ្រង់បានបង្គាប់មក។
ទើបបានជ្រើសរើសហើយ៖
ជនគណនា 4: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.