ជន‌គណនា 4

4
1ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​ដល់​ម៉ូសេ​នឹង​អើរ៉ុន​ថា 2ចូរ​រាប់​ចំនួន​ពួក​កូន​ចៅ​កេហាត់ ញែក​គេ​ចេញ​ពី​ពួក​កូន​ចៅ​លេវី​ទាំង​ប៉ុន្មាន តាម​គ្រួសារ តាម​វង្សា‌នុវង្ស​របស់​ឪពុក​គេ 3ចាប់​តាំង​ពី​អាយុ​៣០​ឆ្នាំ​ឡើង​ទៅ រហូត​ដល់​៥០​ឆ្នាំ គឺ​អស់​អ្នក​ដែល​ត្រូវ​ទទួល​ការ‌ងារ​ក្នុង​ត្រសាល​ជំនុំ​បាន 4ឯ​ក្រសួង​របស់​ពួក​កូន​ចៅ​កេហាត់​ក្នុង​ត្រសាល​ជំនុំ នោះ​គឺ​ខាង​ឯ​របស់​បរិសុទ្ធ​បំផុត 5កាល​ណា​ពួក​ជំនុំ​រៀប​ដំណើរ​ចេញ​ទៅ នោះ​អើរ៉ុន នឹង​ពួក​កូន​លោក ត្រូវ​ចូល​ទៅ​ដោះ​វាំង‌នន ដែល​បិទ​បាំង យក​ទៅ​គ្រប​លើ​ហឹប នៃ​សេចក្ដី​បន្ទាល់ 6រួច​ត្រូវ​គ្រប​ដោយ​ស្បែក​ផ្សោត ហើយ​ក្រាល​សំពត់​ពណ៌​ផ្ទៃ​មេឃ​ពី​លើ ទើប​ប្រហក​ឈើ​ស្នែង​ចូល​ទៅ 7ត្រូវ​ឲ្យ​គេ​ក្រាល​សំពត់​ពណ៌​ផ្ទៃ​មេឃ នៅ​លើ​តុ​នៃ​នំបុ័ង​តាំង​ទុក ហើយ​ដាក់​ថាស ចាន ពែង នឹង​ប៉ាន់ ដែល​សំរាប់​ដង្វាយ​ច្រួច ព្រម​ទាំង​នំបុ័ង​ដែល​ដាក់​ជា​អចិន្ត្រៃយ៍​នៅ​លើ​តុ​នោះ​ដែរ 8រួច​ត្រូវ​ក្រាល​សំពត់​ពណ៌​ក្រហម​លើ​របស់​ទាំង​នោះ ទាំង​គ្រប​ដោយ​ស្បែក​ផ្សោត​ពី​លើ​ទៀត រួច​ព្រហក​ឈើ​ស្នែង​ចូល​ទៅ 9ក៏​ត្រូវ​យក​សំពត់​ពណ៌​ផ្ទៃ​មេឃ គ្រប​ពី​លើ​ជើង​ដែល​សំរាប់​ដាក់​ចង្កៀង ព្រម​ទាំង​ចង្កៀង ឃ្នាប​ប្រឆេះ កន្ថោរ​រង​កំទេច នឹង​ដប​ប្រេង​ទាំង​ប៉ុន្មាន ដែល​សំរាប់​ការ​ថែ​ចង្កៀង​នោះ​ផង 10រួច​ត្រូវ​ឲ្យ​គេ​យក​ចង្កៀង នឹង​ប្រដាប់​ទាំង​នោះ ដាក់​ក្នុង​ស្បែក​ផ្សោត ហើយ​ស៊ក​ឈើ​ស្នែង​ចូល 11ឯ​អាសនា​មាស នោះ​ត្រូវ​ឲ្យ​ក្រាល​សំពត់​ពណ៌​ផ្ទៃ​មេឃ​នៅ​ពី​លើ ហើយ​គ្រប​ដោយ​ស្បែក​ផ្សោត រួច​ប្រហក​ឈើ​ស្នែង​ចូល​ដែរ 12ត្រូវ​យក​ប្រដាប់‌ប្រដា​ទាំង​អស់ ដែល​សំរាប់​ប្រើ​ក្នុង​ទី​បរិសុទ្ធ ទៅ​ដាក់​ក្នុង​សំពត់​ពណ៌​ផ្ទៃ​មេឃ ហើយ​គ្រប​នឹង​ស្បែក​ផ្សោត រួច​ស៊ក​ឈើ​ស្នែង​ចូល 13ត្រូវ​កាយ​ផេះ​ពី​អាសនា​ចេញ ហើយ​ក្រាល​សំពត់​ពណ៌​ស្វាយ​ពី​លើ 14ព្រម​ទាំង​ដាក់​ប្រដាប់‌ប្រដា​ដែល​សំរាប់​ប្រើ​នៅ​អាសនា​នេះ​ផង គឺ​ជើង‌ពាន សម ចប‌ចូក ផើង នឹង​អស់​ទាំង​ប្រដាប់‌ប្រដា​នៃ​អាសនា​នោះ រួច​ត្រូវ​ក្រាល​ស្បែក​ផ្សោត​ពី​លើ ហើយ​ព្រហក​ឈើ​ស្នែង​ចូល 15កាល​ណា​អើរ៉ុន នឹង​ពួក​កូន​លោក​បាន​គ្រប​ទី​បរិសុទ្ធ ព្រម​ទាំង​ប្រដាប់‌ប្រដា​ទាំង​ប៉ុន្មាន​ជា​ស្រេច​ហើយ ក្នុង​វេលា​ដែល​ពួក​ជំនុំ​រៀប​ដំណើរ​ចេញ​ទៅ នោះ​ពួក​កូន​ចៅ​កេហាត់ ត្រូវ​មក​លី‌សែង​របស់​ទាំង​នោះ តែ​មិន​ត្រូវ​ឲ្យ​ពាល់​ដល់​របស់​បរិសុទ្ធ​ណា​មួយ​ឡើយ ក្រែង​ត្រូវ​ស្លាប់ របស់​ទាំង​នោះ​ជា​បន្ទុក​លើ​ពួក​កូន​ចៅ​កេហាត់​ក្នុង​ត្រសាល​ជំនុំ។
16ឯ​អេលាសារ​ជា​កូន​អើរ៉ុន​ដ៏​ជា​សង្ឃ នោះ​ត្រូវ​ត្រួត​ខាង​ប្រេង​សំរាប់​ចង្កៀង គ្រឿង​ក្រអូប ដង្វាយ​ម្សៅ​ដែល​ថ្វាយ​ជានិច្ច នឹង​ប្រេង​ចាក់​លាប ហើយ​ត្រូវ​ត្រួត‌ត្រា​លើ​រោង​ឧបោសថ​ទាំង​មូល ព្រម​ទាំង​ប្រដាប់‌ប្រដា​នៅ​ក្នុង​រោង​នោះ​ទាំង​ប៉ុន្មាន នឹង​ទី​បរិសុទ្ធ ហើយ​ប្រដាប់‌ប្រដា​សំរាប់​ទី​នោះ​ផង។
17ព្រះ‌យេហូវ៉ា ទ្រង់​មាន​បន្ទូល​នឹង​ម៉ូសេ ហើយ​នឹង​អើរ៉ុន​ថា 18កុំ​ឲ្យ​កាត់​ពូជ​គ្រួសារ​កេហាត់​ឲ្យ​បាត់​ពី​ពួក​លេវី​ឡើយ 19គឺ​ត្រូវ​ធ្វើ​នឹង​គេ​យ៉ាង​នេះ​វិញ ដើម្បី​ឲ្យ​គេ​រស់​នៅ ឥត​ត្រូវ​ស្លាប់​ឡើយ ក្នុង​កាល​ដែល​គេ​ចូល​ទៅ​ឯ​របស់​ទាំង​ប៉ុន្មាន ដែល​បរិសុទ្ធ​បំផុត គឺ​ត្រូវ​ឲ្យ​អើរ៉ុន នឹង​ពួក​កូន​លោក ចូល​ទៅ​ដំរូវ​ការ‌ងារ នឹង​បន្ទុក​ឲ្យ​គេ​រៀង​ខ្លួន 20តែ​មិន​ត្រូវ​ឲ្យ​គេ​ចូល​ទៅ​មើល កំពុង​ដែល​គ្រប​របស់​បរិសុទ្ធ​ទាំង​ប៉ុន្មាន​ឡើយ ក្រែង​ត្រូវ​ស្លាប់។
21ព្រះ‌យេហូវ៉ា ទ្រង់​បង្គាប់​ដល់​ម៉ូសេ​ថា 22ចូរ​រាប់​ចំនួន​នៃ​ពួក​កូន​ចៅ​គើសុន​ដែរ តាម​គ្រួសារ តាម​វង្សា‌នុវង្ស​របស់​ឪពុក​គេ 23ត្រូវ​រាប់​គេ​ចាប់​តាំង​ពី​អាយុ​៣០​ឆ្នាំ​ឡើង​ទៅ រហូត​ដល់​៥០​ឆ្នាំ គឺ​អស់​អ្នក​ដែល​ត្រូវ​ទទួល​ការ‌ងារ​ក្នុង​ត្រសាល​ជំនុំ​បាន 24ឯ​ក្រសួង​របស់​ពួក​គ្រួសារ​គើសុន នោះ​គឺ​ជា​ការ​បំរើ នឹង​ការ​លី‌សែង​ផង 25ត្រូវ​ឲ្យ​គេ​សែង​ផ្ទាំង​សំពត់​ទាំង​ប៉ុន្មាន ដែល​សំរាប់​រោង​ឧបោសថ ព្រម​ទាំង​ត្រសាល​ជំនុំ នឹង​គំរប​នៃ​ត្រសាល គំរប​ស្បែក​ផ្សោត​ដែល​គ្រប​ពី​លើ ហើយ​នឹង​រនាំង​បាំង​មាត់​ទ្វារ​ត្រសាល​ជំនុំ 26រនាំង​ទីលាន រនាំង​បាំង​មាត់​ទ្វារ​ទីលាន ដែល​នៅ​ព័ទ្ធ​ជុំវិញ​រោង​ឧបោសថ ហើយ​នឹង​អាសនា នឹង​អស់​ទាំង​ខ្សែ ប្រដាប់‌ប្រដា​សំរាប់​ការ‌ងារ​ទាំង​ប៉ុន្មាន ហើយ​គ្រប់​ទាំង​របស់​អ្វី​ផ្សេងៗ​ឯ​ទៀត គឺ​ការ​នោះ​ឯង​ដែល​គេ​ត្រូវ​បំរើ 27ឯ​ក្រសួង​របស់​ពួក​កូន​ចៅ​គើសុន ក្នុង​ការ​លី‌សែង ឬ​ការ‌ងារ​អ្វី​ក្តី នោះ​ស្រេច​នៅ​អើរ៉ុន នឹង​ពួក​កូន​លោក គឺ​ត្រូវ​ឲ្យ​លោក​ចាត់‌ចែង​ការ​របស់​គេ​ទាំង​អស់ 28នេះ​ហើយ​ជា​ក្រសួង​នៃ​អស់​ទាំង​គ្រួសារ​របស់​ពួក​កូន​ចៅ​គើសុន ក្នុង​ត្រសាល​ជំនុំ ហើយ​បញ្ញើ​ដែល​ផ្ញើ​ទុក​នឹង​គេ នោះ​នៅ​ក្រោម​បង្គាប់​របស់​អ៊ីថាម៉ារ ជា​កូន​អើរ៉ុន​ដ៏​ជា​សង្ឃ។
29ឯ​ពួក​កូន​ចៅ​ម្រ៉ារី នោះ​ត្រូវ​រាប់​គេ​តាម​គ្រួសារ តាម​វង្សា‌នុវង្ស​របស់​ឪពុក​គេ 30ចាប់​តាំង​ពី​អាយុ​៣០​ឆ្នាំ​ឡើង​ទៅ រហូត​ដល់​៥០​ឆ្នាំ គឺ​អស់​អ្នក​ដែល​ត្រូវ​ទទួល​ការ‌ងារ​ក្នុង​ត្រសាល​ជំនុំ​បាន 31នេះ​ជា​បញ្ញើ​ដែល​ផ្ញើ​ទុក​នឹង​គេ​ឲ្យ​លី​សែង តាម​ក្រសួង​គេ​ក្នុង​ត្រសាល​ជំនុំ គឺ​ក្តារ​របស់​រោង​ឧបោសថ ព្រម​ទាំង​រនុក សសរ ហើយ​នឹង​ជើង 32សសរ​ទីលាន​ដែល​នៅ​ជុំវិញ នឹង​ជើង ចំរ៉ឹង ខ្សែ ព្រម​ទាំង​ប្រដាប់‌ប្រដា​ទាំង​ប៉ុន្មាន ហើយ​នឹង​របស់​ទាំង​អស់​ដែល​សំរាប់​គាំពារ​ផង ត្រូវ​ឲ្យ​ឯង​ដំរូវ​ដោយ​ឈ្មោះ​ប្រដាប់‌ប្រដា ដែល​ត្រូវ​ផ្ញើ​ទុក​ឲ្យ​គេ​លី‌សែង 33នេះ​ហើយ​ជា​ក្រសួង​នៃ​អស់​ទាំង​គ្រួសារ​ពួក​កូន​ចៅ​ម្រ៉ារី តាម​ការ‌ងារ​គេ​ទាំង​ប៉ុន្មាន​ក្នុង​ត្រសាល​ជំនុំ ដែល​នៅ​ក្រោម​បង្គាប់​អ៊ីថាម៉ារ ជា​កូន​អើរ៉ុន​ដ៏​ជា​សង្ឃ។
34រួច​ម៉ូសេ អើរ៉ុន នឹង​ពួក​ដែល​ជា​កំពូល​លើ​ពួក​ជំនុំ​ទាំង​ប៉ុន្មាន ក៏​រាប់​ពួក​កូន​ចៅ​កេហាត់ តាម​គ្រួសារ តាម​វង្សា‌នុវង្ស​របស់​ឪពុក​គេ 35ចាប់​តាំង​ពី​អាយុ​៣០​ឆ្នាំ​ឡើង​ទៅ រហូត​ដល់​៥០​ឆ្នាំ គឺ​អស់​អ្នក​ដែល​ត្រូវ​ទទួល​ការ‌ងារ​ក្នុង​ត្រសាល​ជំនុំ​បាន 36ហើយ​ពួក​អ្នក​ដែល​បាន​រាប់​តាម​គ្រួសារ នោះ​មាន​ចំនួន​២​ពាន់​៧៥០​នាក់ 37នេះ​ហើយ​ជា​ពួក​អ្នក ដែល​បាន​រាប់​ក្នុង​គ្រួសារ​ទាំង​ប៉ុន្មាន​របស់​កេហាត់ គឺ​អស់​អ្នក​ដែល​បំរើ​ក្នុង​ត្រសាល​ជំនុំ ដែល​ម៉ូសេ នឹង​អើរ៉ុន​បាន​រាប់ តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក ដោយ‌សារ​ម៉ូសេ។
38ឯ​ពួក​អ្នក​ដែល​បាន​រាប់ ក្នុង​ពួក​កូន​ចៅ​គើសុន​តាម​គ្រួសារ តាម​វង្សា‌នុវង្ស​របស់​ឪពុក​គេ 39ចាប់​តាំង​ពី​អាយុ​៣០​ឆ្នាំ​ឡើង​ទៅ រហូត​ដល់​៥០​ឆ្នាំ គឺ​អស់​អ្នក​ដែល​ត្រូវ​ទទួល​ការ‌ងារ​ក្នុង​ត្រសាល​ជំនុំ​បាន 40ពួក​នោះ​ដែល​បាន​រាប់​តាម​គ្រួសារ តាម​វង្សា‌នុវង្ស​របស់​ឪពុក​គេ នោះ​មាន​ចំនួន​២​ពាន់​៦៣០​នាក់ 41នេះ​ហើយ​ជា​ពួក​អ្នក ដែល​បាន​រាប់​ក្នុង​គ្រួសារ​ទាំង​ប៉ុន្មាន​របស់​ពួក​កូន​ចៅ​គើសុន គឺ​អស់​ដែល​បំរើ​ក្នុង​ត្រសាល​ជំនុំ ដែល​ម៉ូសេ នឹង​អើរ៉ុន​បាន​រាប់ តាម​បង្គាប់​ព្រះ‌យេហូវ៉ា។
42ឯ​ពួក​អ្នក​ដែល​បាន​រាប់ ក្នុង​គ្រួសារ​ទាំង​ប៉ុន្មាន​របស់​ពួក​កូន​ចៅ​ម្រ៉ារី តាម​គ្រួសារ តាម​វង្សា‌នុវង្ស​របស់​ឪពុក​គេ 43ចាប់​តាំង​ពី​អាយុ​៣០​ឆ្នាំ​ឡើង​ទៅ រហូត​ដល់​៥០​ឆ្នាំ គឺ​អស់​អ្នក​ដែល​ត្រូវ​ទទួល​ការ‌ងារ​ក្នុង​ត្រសាល​ជំនុំ​បាន 44ពួក​នោះ​ដែល​បាន​រាប់​តាម​គ្រួសារ នោះ​មាន​ចំនួន​៣​ពាន់​២០០​នាក់ 45នេះ​ហើយ​ជា​ពួក​អ្នក​ដែល​បាន​រាប់​ក្នុង​គ្រួសារ​ទាំង​ប៉ុន្មាន​របស់​ពួក​កូន​ចៅ​ម្រ៉ារី ដែល​ម៉ូសេ នឹង​អើរ៉ុន​បាន​រាប់​តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក ដោយ‌សារ​ម៉ូសេ។
46ឯ​អស់​អ្នក​ដែល​ម៉ូសេ អើរ៉ុន នឹង​ពួក​ជា​កំពូល​ទាំង​ប៉ុន្មាន​លើ​សាសន៍​អ៊ីស្រាអែល បាន​រាប់​ក្នុង​ពួក​លេវី តាម​គ្រួសារ តាម​វង្សា‌នុវង្ស​របស់​ឪពុក​គេ 47ចាប់​តាំង​ពី​អាយុ​៣០​ឆ្នាំ​ឡើង​ទៅ រហូត​ដល់​៥០​ឆ្នាំ គឺ​អស់​អ្នក​ដែល​បាន​ចូល​ទៅ​ធ្វើ​ការ‌ងារ ហើយ​លី‌សែង​ក្នុង​ត្រសាល​ជំនុំ 48នោះ​រួម​គ្នា​ទាំង​អស់​មាន​៨​ពាន់​៥៨០​នាក់ 49ម៉ូសេ​បាន​រាប់​គេ​តាម​បង្គាប់​ព្រះ‌យេហូវ៉ា គ្រប់​គ្នា​តាម​ក្រសួង​ការ តាម​បន្ទុក​របស់​ខ្លួន គឺ​យ៉ាង​នោះ​ហើយ​ដែល​លោក​បាន​រាប់​គេ តាម​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បង្គាប់​មក។

ទើបបានជ្រើសរើសហើយ៖

ជន‌គណនា 4: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល