សុភាសិត 1
1
1នេះជាសុភាសិតរបស់សាឡូម៉ូន ជាព្រះរាជបុត្រានៃដាវីឌ ស្តេចសាសន៍អ៊ីស្រាអែល 2សំរាប់ឲ្យបានស្គាល់ប្រាជ្ញា នឹងសេចក្ដីប្រៀនប្រដៅ ហើយឲ្យបានយល់អស់ទាំងសេចក្ដីដែលត្រូវខាងយោបល់ 3ក៏សំរាប់ឲ្យទទួលសេចក្ដីបង្រៀននៃគំនិតត្រឹមត្រូវនៃសេចក្ដីសុចរិត សេចក្ដីយុត្តិធម៌ នឹងសេចក្ដីទៀងត្រង់ 4ហើយសំរាប់ឲ្យមនុស្សឆោតល្ងង់មានសេចក្ដីឆ្លៀវឆ្លាត នឹងឲ្យមនុស្សកំឡោះមានដំរិះ ហើយនឹងសតិបញ្ញានឹងធឹង 5ប្រយោជន៍ឲ្យមនុស្សប្រាជ្ញបានស្តាប់ ហើយចំរើនចំណេះឡើង ឲ្យអ្នកណាដែលមានយោបល់បានដឹងដល់សេចក្ដីទូន្មានមាំទាំ 6ព្រមទាំងឲ្យបានយល់ពាក្យសុភាសិត នឹងប្រស្នា អស់ទាំងពាក្យរបស់អ្នកប្រាជ្ញ នឹងពាក្យអាថ៌កំបាំងទាំងប៉ុន្មានផង។
7សេចក្ដីកោតខ្លាចដល់ព្រះយេហូវ៉ា នោះជាដើមចមនៃដំរិះ តែមនុស្សឥតបើគិត គេមើលងាយប្រាជ្ញា នឹងសេចក្ដីប្រៀនប្រដៅវិញ។
8នែ កូនអើយ ចូរស្តាប់ពាក្យប្រៀនប្រដៅរបស់ឪពុកចុះ កុំឲ្យកូនបោះបង់ចោលសេចក្ដីដំបូន្មានរបស់ម្តាយឯងឡើយ 9ដ្បិតសេចក្ដីនោះនឹងបានជាគុណពាក់លើក្បាលឯង ទុកជាគ្រឿងលំអ ហើយជាខ្សែប្រដាប់ពាក់នៅកឯង 10កូនអើយ បើមនុស្សមានបាបបបួលនាំឯង នោះកុំឲ្យព្រមតាមគេឡើយ 11បើគេថា ចូរមកជាមួយនឹងយើងចុះ យើងនឹងរង់ចាំឱកាសកំចាយឈាម យើងនឹងអែបលបដោយសំងាត់ ដើម្បីចាប់មនុស្សដែលឥតទោសដោយឥតហេតុ 12យើងនឹងលេបគេទាំងរស់ ដូចជាស្ថានឃុំព្រលឹងមនុស្សស្លាប់ ហើយទាំងមូលផង ដូចជាពួកអ្នកដែលចុះទៅក្នុងរណ្តៅ 13យើងនឹងបានប្រទះរបស់មានដំឡៃគ្រប់យ៉ាង ក៏នឹងបំពេញលំនៅយើងដោយរបឹប 14ចូរឯងចូលមកក្នុងពួកយើងចុះ យើងនឹងមានថង់ប្រាក់តែ១ប៉ុណ្ណោះ 15កូនអើយ កុំឲ្យឯងដើរក្នុងផ្លូវជាមួយនឹងគេឡើយ ត្រូវឲ្យឃាត់ឃាំងជើងឯងមិនឲ្យចូលទៅក្នុងផ្លូវច្រករបស់គេវិញ 16ដ្បិតជើងគេរត់តាមតែសេចក្ដីអាក្រក់ទេ គេក៏រហ័សនឹងកំចាយឈាមផង 17ពីព្រោះការដែលដាក់លប់ នៅចំពោះសត្វហើរ ឲ្យវាឃើញនោះឥតប្រយោជន៍ទេ 18ឯពួកនោះ គេរង់ចាំតែនឹងកំចាយឈាមរបស់ខ្លួនគេ ហើយក៏អែបលបដោយសំងាត់ ដើម្បីតែនឹងបំផ្លាញជីវិតខ្លួនគេវិញ 19ចំណែកអស់អ្នកដែលលោភចង់បានកំរៃក៏យ៉ាងនោះដែរ សេចក្ដីនោះនឹងដកយកជីវិតចេញពីអស់អ្នកដែលបណ្តោយតាមផង។
20ប្រាជ្ញាតែងបន្លឺឡើងនៅក្នុងផ្លូវ ក៏បញ្ចេញសំឡេងនៅទីធ្លា 21ប្រាជ្ញាស្រែកប្រកាសនៅទីផ្លូវប្រសព្វទ្រហឹងអឺងកង នឹងនៅមាត់ទ្វារក្រុង ឯនៅខាងក្នុងទីក្រុង នោះក៏បញ្ចេញពាក្យថា 22ឱមនុស្សឆោតល្ងង់អើយ តើនឹងស្រឡាញ់សេចក្ដីឆោតល្ងង់នោះដល់កាលណាទៀត ឯពួកមនុស្សចំអក គេនឹងចូលចិត្តខាងសេចក្ដីឡកឡឺយ ហើយមនុស្សកំឡៅនឹងចេះតែស្អប់ដល់ការចេះដឹងដល់កាលណា 23កាលណាអញបន្ទោស នោះចូរឲ្យឯងរាល់គ្នាបែរខ្លួនស្តាប់តាមចុះ នែ អញនឹងចាក់វិញ្ញាណអញទៅលើឯងរាល់គ្នា ហើយឲ្យឯងរាល់គ្នាបានយល់ពាក្យអញ 24ពីព្រោះអញបានស្រែកហៅ តែឯងរាល់គ្នាមិនព្រមស្តាប់ទេ អញបានហុចដៃទៅ តែឥតមានអ្នកណារវល់សោះ 25ឯងរាល់គ្នាក៏បោះបង់ចោលអស់ទាំងដំបូន្មានរបស់អញចេញ ហើយមិនព្រមទទួលពាក្យបន្ទោសរបស់អញដែរ 26ដូច្នេះអញនឹងសើចដែរ ក្នុងថ្ងៃដែលឯងរាល់គ្នាត្រូវអន្តរាយ អញនឹងចំអកឲ្យ ក្នុងកាលដែលឯងរាល់គ្នាកើតមានសេចក្ដីភិតភ័យផង 27គឺក្នុងកាលដែលសេចក្ដីភិតភ័យមកលើឯងរាល់គ្នា ដូចជាព្យុះសង្ឃរា ហើយសេចក្ដីអន្តរាយរបស់ឯងរាល់គ្នាមក ដូចជាខ្យល់កួច ក្នុងកាលដែលសេចក្ដីលំបាក នឹងសេចក្ដីទុក្ខព្រួយមកគ្របសង្កត់លើឯងរាល់គ្នា 28ខណៈនោះ គេនឹងអំពាវនាវដល់អញ តែអញមិនព្រមឆ្លើយសោះ គេនឹងស្វែងរកអញអស់ពីចិត្ត តែគេនឹងរកអញមិនឃើញឡើយ 29ពីព្រោះគេបានស្អប់ការចេះដឹងហើយមិនបានរើសយកសេចក្ដីកោតខ្លាចដល់ព្រះយេហូវ៉ាទេ 30គេមិនបានយកចិត្តទុកដាក់នឹងដំបូន្មានរបស់អញឡើយ ក៏បានមើលងាយសេចក្ដីបន្ទោសរបស់អញដែរ 31ហេតុនោះបានជាត្រូវឲ្យគេស៊ីផលនៃផ្លូវរបស់ខ្លួនគេវិញ ហើយគេនឹងបានឆ្អែតដោយកិច្ចការរបស់ខ្លួន 32ដ្បិតឯពួកឆោតល្ងង់នោះ ការថយទៅវិញរបស់គេនឹងសំឡាប់គេទៅ ហើយចំណែកមនុស្សកំឡៅ នោះសេចក្ដីសុខស្រួលរបស់គេនឹងឲ្យគេវិនាសដែរ 33តែអ្នកណាដែលស្តាប់តាមអញ នោះនឹងនៅដោយសេចក្ដីសុខពិត ហើយនឹងមានសេចក្ដីសំរាក ឥតភ័យខ្លាចចំពោះការអាក្រក់ឡើយ។
ទើបបានជ្រើសរើសហើយ៖
សុភាសិត 1: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.