សុភាសិត 13:13-25

សុភាសិត 13:13-25 ពគប

អ្នក​ណា​ដែល​មើល‌ងាយ​ព្រះ‌បន្ទូល នោះ​នឹង​នាំ​ឲ្យ​ខ្លួន​ត្រូវ​វិនាស តែ​អ្នក​ណា​ដែល​កោត‌ខ្លាច​ដល់​ក្រឹត្យ‌វិន័យ នោះ​នឹង​បាន​រង្វាន់​វិញ។ ឱវាទ​របស់​អ្នក​ប្រាជ្ញ​ជា​រន្ធ​ទឹក​នៃ​ជីវិត សំរាប់​ឲ្យ​បាន​រួច​ពី​អន្ទាក់​នៃ​សេចក្ដី​ស្លាប់។ គំនិត​ឆ្លុះ​មុត នោះ​នាំ​ឲ្យ​គេ​រាប់​អាន តែ​ផ្លូវ​របស់​មនុស្ស​ដែល​រំលង​ច្បាប់ នោះ​ពិបាក​វិញ។ គ្រប់​ទាំង​មនុស្ស​ដែល​មាន​គំនិត​ឆ្លៀវ‌ឆ្លាត រមែង​ប្រព្រឹត្ត​ដោយ​ដំរិះ តែ​មនុស្ស​ល្ងី‌ល្ងើ​គេ​បង្អួត​សេចក្ដី​ចំកួត​របស់​ខ្លួន​វិញ។ មនុស្ស​អាក្រក់​ដែល​នាំ​ដំណឹង នោះ​តែង​ធ្លាក់​ទៅ​ក្នុង​ការ​អាក្រក់ តែ​ទូត​ស្មោះ‌ត្រង់ នោះ​ចំរើន​សេចក្ដី​សុខ​វិញ។ អ្នក​ណា​ដែល​មិន​ព្រម​ស្តាប់​ពាក្យ​ប្រៀន​ប្រដៅ នឹង​ត្រូវ​ក្រ​លំបាក ហើយ​អៀន‌ខ្មាស​ទៅ តែ​អ្នក​ណា​ដែល​ព្រម​ស្តាប់​តាម​សេចក្ដី​បន្ទោស​វិញ នោះ​នឹង​បាន​កិត្តិសព្ទ។ ការ​ដែល​បាន​សំរេច​តាម​បំណង​ចិត្ត នោះ​មាន​រស់​ផ្អែម​ដល់​ព្រលឹង​ហើយ តែ​ដែល​លះ​ចេញ​ពី​អំពើ​អាក្រក់ នោះ​ជា​សេចក្ដី​ស្អប់​ខ្ពើម​ដល់​មនុស្ស​ល្ងី‌ល្ងើ​វិញ។ អ្នក​ណា​ដែល​ដើរ​ជា​មួយ​នឹង​មនុស្ស​ប្រាជ្ញ នោះ​នឹង​មាន​ប្រាជ្ញា​ដែរ តែ​អ្នក​ណា​ដែល​ភប់‌ប្រសព្វ​នឹង​មនុស្ស​ល្ងី‌ល្ងើ នោះ​នឹង​ត្រូវ​ខូច​បង់​វិញ។ សេចក្ដី​អាក្រក់​ដេញ​ជាប់​តាម​មនុស្ស​មាន​បាប តែ​មនុស្ស​សុចរិត​នឹង​បាន​រង្វាន់​ជា​សេចក្ដី​ល្អ​វិញ។ មនុស្ស​ល្អ គេ​តែង‌តែ​ទុក​មរដក​ដល់​កូន​ចៅ​របស់​ខ្លួន តែ​ទ្រព្យ​សម្បត្តិ​របស់​មនុស្ស​មាន​បាប នោះ​បាន​ប្រមូល​ទុក​សំរាប់​មនុស្ស​សុចរិត​វិញ។ ការ​ភ្ជួរ‌រាស់​របស់​មនុស្ស​ក្រី‌ក្រ នោះ​រមែង​បង្កើត​អាហារ​ជា​ច្រើន តែ​មាន​គេ​ដែល​ត្រូវ​បំផ្លាញ​វិញ ដោយ​ខ្វះ​សេចក្ដី​យុត្តិ‌ធម៌។ អ្នក​ណា​ដែល​មិន‌សូវ​ប្រើ​រំពាត់ នោះ​ឈ្មោះ​ថា ស្អប់​កូន តែ​អ្នក​ណា​ដែល​ស្រឡាញ់​កូន​វិញ នោះ​ឧស្សាហ៍​វាយ‌ផ្ចាល​វា។ មនុស្ស​សុចរិត​គេ​បរិភោគ​ទាល់​តែ​ស្កប់‌ស្កល់ តែ​ពោះ​របស់​មនុស្ស​អាក្រក់​នឹង​ត្រូវ​អត់‌ឃ្លាន​វិញ។

អាន សុភាសិត 13