សុភាសិត 13:13-25

សុភាសិត 13:13-25 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

អ្នក​ណា​ដែល​មើល​ងាយ​ព្រះ‌បន្ទូល នោះ​នឹង​នាំ​ឲ្យ​ខ្លួន​ត្រូវ​វិនាស តែ​អ្នក​ណា​ដែល​កោត​ខ្លាច​ដល់​ក្រឹត្យ‌វិន័យ នោះ​នឹង​បាន​រង្វាន់​វិញ។ ឱវាទ​របស់​អ្នក​ប្រាជ្ញ​ជា​រន្ធ​ទឹក​នៃ​ជីវិត សម្រាប់​ឲ្យ​បាន​រួច​ពី​អន្ទាក់​នៃ​សេចក្ដី​ស្លាប់។ គំនិត​ដែល​ចេះ​ពិចារណា តែង​មាន​គេ​គោរព​រាប់​អាន តែ​ផ្លូវ​របស់​មនុស្ស​វៀច​វេរ នោះ​ជា​សេចក្ដី​វិនាស វិញ។ គ្រប់​ទាំង​មនុស្ស​ដែល​មាន​គំនិត​ឆ្លៀវ​ឆ្លាត រមែង​ប្រព្រឹត្ត​ដោយ​តម្រិះ តែ​មនុស្ស​ល្ងី‌ល្ងើ​គេ​បង្អួត សេចក្ដី​ចម្កួត​របស់​ខ្លួន​វិញ។ មនុស្ស​អាក្រក់​ដែល​នាំ​ដំណឹង នោះ​តែង​ធ្លាក់​ទៅ​ក្នុង​ការ​អាក្រក់ តែ​ទូត​ស្មោះ​ត្រង់ នោះ​ចម្រើន​សេចក្ដី​សុខ​វិញ។ អ្នក​ណា​ដែល​មិន​ព្រម​ស្តាប់​ពាក្យ​ប្រៀន​ប្រដៅ នឹង​ត្រូវ​ក្រ​លំបាក ហើយ​អៀន​ខ្មាស​ទៅ តែ​អ្នក​ណា​ដែល​ព្រម​ស្តាប់​តាម សេចក្ដី​បន្ទោស​វិញ នោះ​នឹង​បាន​កិត្តិ‌សព្ទ។ ការ​ដែល​បាន​សម្រេច​តាម​បំណង​ចិត្ត នោះ​មាន​រស់​ផ្អែម​ដល់​ព្រលឹង​ហើយ តែ​ដែល​លះ​ចេញ​ពី​អំពើ​អាក្រក់ នោះ​ជា​សេចក្ដី​ស្អប់​ខ្ពើម​ដល់​មនុស្ស​ល្ងី‌ល្ងើ​វិញ។ អ្នក​ណា​ដែល​ដើរ​ជា‌មួយ​មនុស្ស​មាន​ប្រាជ្ញា នោះ​នឹង​មាន​ប្រាជ្ញា​ដែរ តែ​អ្នក​ណា​ដែល​ភប់​ប្រសព្វ​នឹង​មនុស្ស​ល្ងី‌ល្ងើ នោះ​នឹង​ត្រូវ​ខូច‌បង់​វិញ។ សេចក្ដី​អាក្រក់​ដេញ​ជាប់​តាម​មនុស្ស​មាន​បាប តែ​មនុស្ស​សុចរិត នឹង​បាន​រង្វាន់​ជា​សេចក្ដី​ល្អ​វិញ។ មនុស្ស​ល្អ​តែង​តែ​ទុក​មត៌ក ដល់​កូន​ចៅ​របស់​ខ្លួន តែ​ទ្រព្យ​សម្បត្តិ​របស់​មនុស្ស​មាន​បាប នោះ​បាន​ប្រមូល​ទុក សម្រាប់​មនុស្ស​សុចរិត​វិញ។ ការ​ភ្ជួរ​រាស់​របស់​មនុស្ស​ក្រី‌ក្រ នោះ​រមែង​បង្កើត​អាហារ​ជា​ច្រើន តែ​ត្រូវ​មាន​គេ​បំផ្លាញ​វិញ ដោយ​ខ្វះ​សេចក្ដី​យុត្តិ‌ធម៌។ អ្នក​ណា​ដែល​មិន​សូវ​ប្រើ​រំពាត់ នោះ​ឈ្មោះ​ថា ស្អប់​កូន តែ​អ្នក​ណា​ដែល​ស្រឡាញ់​កូន នោះ​ឧស្សាហ៍​វាយ​ផ្ចាល​វា។ មនុស្ស​សុចរិត​គេ​បរិ‌ភោគ​ទាល់​តែ​ស្កប់‌ស្កល់ តែ​ពោះ​របស់​មនុស្ស​អាក្រក់ នឹង​ត្រូវ​អត់​ឃ្លាន​វិញ។

ចែក​រំលែក
អាន សុភាសិត 13

សុភាសិត 13:13-25 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

អ្នក​ណា​មើល‌ងាយ​ព្រះ‌បន្ទូល អ្នក​នោះ​រមែង​មាន​ទោស រីឯ​អ្នក​ដែល​គោរព​ព្រះ‌បញ្ជា​តែងតែ​ទទួល​រង្វាន់។ ការ​ប្រៀន‌ប្រដៅ​របស់​មនុស្ស​សុចរិត​ជា​ប្រភព​នៃ​ជីវិត ហើយ​ការពារ​ជីវិត​ឲ្យ​រួច​ពី​អន្ទាក់​នៃ​សេចក្ដី​ស្លាប់។ មនុស្ស​ចេះ​គិត​ពិចារណា​តែងតែ​មាន​គេ​គោរព រីឯ​មនុស្ស​ដែល​គេ​ទុក​ចិត្ត​មិន​បាន​តែងតែ​វិនាស។ មនុស្ស​ឆ្លាត​រមែង​គិត​មុន​នឹង​គូរ រីឯ​មនុស្ស​ខ្លៅ​តែងតែ​លាត​ត្រដាង​ភាព​ល្ងី‌ល្ងើ​របស់​ខ្លួន។ អ្នក​នាំ​សារ​ដែល​ជា​មនុស្ស​អាក្រក់ តែងតែ​ធ្លាក់​ខ្លួន​អន្តរាយ រីឯ​ទូត​ដ៏​ស្មោះ​ត្រង់​តែងតែ​នាំ​សេចក្ដី​សុខ។ អ្នក​ដែល​មិន​ទទួល​ការ​អប់រំ​រមែង​ធ្លាក់​ខ្លួន​ក្រ ហើយ​ត្រូវ​គេ​មើល‌ងាយ រីឯ​អ្នក​ដែល​សុខ​ចិត្ត​ទទួល​ការ​ស្ដី​ប្រដៅ តែងតែ​មាន​កិត្តិយស។ សេចក្ដី​ប៉ង‌ប្រាថ្នា​ដែល​បាន​សម្រេច រមែង​នាំ​ឲ្យ​សប្បាយ​ចិត្ត រីឯ​មនុស្ស​ខ្លៅ​មិន​ចូល​ចិត្ត​លះ‌បង់​គំនិត​អាក្រក់​របស់​ខ្លួន​ចោល​ទេ។ នៅ​ជា​មួយ​មនុស្ស​មាន​ប្រាជ្ញា​នាំ​ឲ្យ​ខ្លួន​មាន​ប្រាជ្ញា តែ​សេព‌គប់​ជា​មួយ​មនុស្ស​ខ្លៅ នាំ​ឲ្យ​ខ្លួន​ទៅ​ជា​មនុស្ស​អាក្រក់។ មនុស្ស​មាន​បាប​តែងតែ​ជួប​នឹង​ទុក្ខ​វេទនា រីឯ​មនុស្ស​សុចរិត​តែងតែ​ទទួល​សុភមង្គល​ទុក​ជា​រង្វាន់។ មនុស្ស​សប្បុរស​តែងតែ​មាន​មត៌ក​ទុក​ចែក​ឲ្យ​កូន​ចៅ រីឯ​មនុស្ស​បាប​តែងតែ​ប្រមូល​ទ្រព្យ​ទុក​សម្រាប់​មនុស្ស​សុចរិត។ ស្រែ​ចម្ការ​ដែល​ជន​ក្រីក្រ​ភ្ជួរ​រាស់ តែងតែ​បង្កើត​ផល​យ៉ាង​បរិបូណ៌ ប៉ុន្តែ មាន​អ្នក​ខ្លះ​ស្លាប់ ព្រោះ​តែ​ខ្វះ​យុត្តិធម៌។ អ្នក​ណា​មិន​សូវ​ប្រើ​រំពាត់ អ្នក​នោះ​មិន​ស្រឡាញ់​កូន​ទេ រីឯ​អ្នក​ដែល​ស្រឡាញ់​កូន​តែងតែ​វាយ​ប្រដៅ​វា។ មនុស្ស​សុចរិត​តែងតែ​មាន​អាហារ​បរិភោគ​គ្រប់​គ្រាន់​ជា​ដរាប រីឯ​មនុស្ស​អាក្រក់​តែងតែ​អត់​បាយ។

ចែក​រំលែក
អាន សុភាសិត 13

សុភាសិត 13:13-25 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

អ្នក​ណា​ដែល​មើល‌ងាយ​ព្រះ‌បន្ទូល នោះ​នឹង​នាំ​ឲ្យ​ខ្លួន​ត្រូវ​វិនាស តែ​អ្នក​ណា​ដែល​កោត‌ខ្លាច​ដល់​ក្រឹត្យ‌វិន័យ នោះ​នឹង​បាន​រង្វាន់​វិញ។ ឱវាទ​របស់​អ្នក​ប្រាជ្ញ​ជា​រន្ធ​ទឹក​នៃ​ជីវិត សំរាប់​ឲ្យ​បាន​រួច​ពី​អន្ទាក់​នៃ​សេចក្ដី​ស្លាប់។ គំនិត​ឆ្លុះ​មុត នោះ​នាំ​ឲ្យ​គេ​រាប់​អាន តែ​ផ្លូវ​របស់​មនុស្ស​ដែល​រំលង​ច្បាប់ នោះ​ពិបាក​វិញ។ គ្រប់​ទាំង​មនុស្ស​ដែល​មាន​គំនិត​ឆ្លៀវ‌ឆ្លាត រមែង​ប្រព្រឹត្ត​ដោយ​ដំរិះ តែ​មនុស្ស​ល្ងី‌ល្ងើ​គេ​បង្អួត​សេចក្ដី​ចំកួត​របស់​ខ្លួន​វិញ។ មនុស្ស​អាក្រក់​ដែល​នាំ​ដំណឹង នោះ​តែង​ធ្លាក់​ទៅ​ក្នុង​ការ​អាក្រក់ តែ​ទូត​ស្មោះ‌ត្រង់ នោះ​ចំរើន​សេចក្ដី​សុខ​វិញ។ អ្នក​ណា​ដែល​មិន​ព្រម​ស្តាប់​ពាក្យ​ប្រៀន​ប្រដៅ នឹង​ត្រូវ​ក្រ​លំបាក ហើយ​អៀន‌ខ្មាស​ទៅ តែ​អ្នក​ណា​ដែល​ព្រម​ស្តាប់​តាម​សេចក្ដី​បន្ទោស​វិញ នោះ​នឹង​បាន​កិត្តិសព្ទ។ ការ​ដែល​បាន​សំរេច​តាម​បំណង​ចិត្ត នោះ​មាន​រស់​ផ្អែម​ដល់​ព្រលឹង​ហើយ តែ​ដែល​លះ​ចេញ​ពី​អំពើ​អាក្រក់ នោះ​ជា​សេចក្ដី​ស្អប់​ខ្ពើម​ដល់​មនុស្ស​ល្ងី‌ល្ងើ​វិញ។ អ្នក​ណា​ដែល​ដើរ​ជា​មួយ​នឹង​មនុស្ស​ប្រាជ្ញ នោះ​នឹង​មាន​ប្រាជ្ញា​ដែរ តែ​អ្នក​ណា​ដែល​ភប់‌ប្រសព្វ​នឹង​មនុស្ស​ល្ងី‌ល្ងើ នោះ​នឹង​ត្រូវ​ខូច​បង់​វិញ។ សេចក្ដី​អាក្រក់​ដេញ​ជាប់​តាម​មនុស្ស​មាន​បាប តែ​មនុស្ស​សុចរិត​នឹង​បាន​រង្វាន់​ជា​សេចក្ដី​ល្អ​វិញ។ មនុស្ស​ល្អ គេ​តែង‌តែ​ទុក​មរដក​ដល់​កូន​ចៅ​របស់​ខ្លួន តែ​ទ្រព្យ​សម្បត្តិ​របស់​មនុស្ស​មាន​បាប នោះ​បាន​ប្រមូល​ទុក​សំរាប់​មនុស្ស​សុចរិត​វិញ។ ការ​ភ្ជួរ‌រាស់​របស់​មនុស្ស​ក្រី‌ក្រ នោះ​រមែង​បង្កើត​អាហារ​ជា​ច្រើន តែ​មាន​គេ​ដែល​ត្រូវ​បំផ្លាញ​វិញ ដោយ​ខ្វះ​សេចក្ដី​យុត្តិ‌ធម៌។ អ្នក​ណា​ដែល​មិន‌សូវ​ប្រើ​រំពាត់ នោះ​ឈ្មោះ​ថា ស្អប់​កូន តែ​អ្នក​ណា​ដែល​ស្រឡាញ់​កូន​វិញ នោះ​ឧស្សាហ៍​វាយ‌ផ្ចាល​វា។ មនុស្ស​សុចរិត​គេ​បរិភោគ​ទាល់​តែ​ស្កប់‌ស្កល់ តែ​ពោះ​របស់​មនុស្ស​អាក្រក់​នឹង​ត្រូវ​អត់‌ឃ្លាន​វិញ។

ចែក​រំលែក
អាន សុភាសិត 13