សុភាសិត 14:1-18

សុភាសិត 14:1-18 ពគប

គ្រប់​ទាំង​ស្រីៗ​ដែល​មាន​ប្រាជ្ញា​រមែង​សង់​ផ្ទះ​របស់​ខ្លួន​ឡើង តែ​ស្ត្រី​ល្ងី‌ល្ងើ​គេ​រំលំ​ផ្ទះ​ដោយ​ដៃ​ខ្លួន​វិញ។ អ្នក​ណា​ដែល​ដើរ​ដោយ​សេចក្ដី​ទៀង​ត្រង់​របស់​ខ្លួន នោះ​រមែង​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា តែ​អ្នក​ណា​ដែល​ប្រព្រឹត្ត​តាម​ផ្លូវ​វៀច នោះ​ឈ្មោះ​ថា​មើល‌ងាយ​ទ្រង់​វិញ។ នៅ​ក្នុង​មាត់​របស់​មនុស្ស​ល្ងី‌ល្ងើ នោះ​មាន​រំពាត់​សំរាប់​បង្ក្រាប​សេចក្ដី​អំនួត​របស់​វា តែ​បបូរ​មាត់​មនុស្ស​ប្រាជ្ញ​នឹង​ការ‌ពារ​ខ្លួន​គេ​វិញ។ ផ្ទះ​ណា​គ្មាន​គោ នោះ​ក្រោល​រមែង​ស្អាត​ល្អ តែ​គឺ​ដោយ​កំឡាំង​គោ​នោះ​ឯង ដែល​នឹង​ចំរើន​កើន​ឡើង​បាន។ សាក្សី​ស្មោះ‌ត្រង់​នឹង​មិន​កុហក​ឡើយ តែ​សាក្សី​ក្លែង‌ក្លាយ​តែង‌តែ​ពោល​ពាក្យ​ភូត‌ភរ​វិញ។ មនុស្ស​ចំអក គេ​ខំ​ស្វែង​រក​ប្រាជ្ញា តែ​មិន​បាន​ទេ ឯ​ចំណេះ​វិញ នោះ​ងាយ​ដល់​អ្នក​ណា​ដែល​មាន​យោបល់។ ចូរ​ចៀស​ចេញ​ពី​មនុស្ស​ល្ងី‌ល្ងើ​ចុះ ដ្បិត​នឹង​ឃើញ​មាន​ចំណេះ​នៅ​បបូរ​មាត់​វា​មិន​បាន។ ឯ​ប្រាជ្ញា​របស់​មនុស្ស​វាង‌វៃ នោះ​គឺ​ឲ្យ​បាន​យល់​ផ្លូវ​របស់​ខ្លួន តែ​សេចក្ដី​ចំកួត​របស់​មនុស្ស​ល្ងី‌ល្ងើ នោះ​ជា​សេចក្ដី​ឆ‌បោក​ទទេ។ មនុស្ស​ល្ងី‌ល្ងើ​រមែង​សើច​ឡក​ចំពោះ​អំពើ​បាប តែ​នៅ​ក្នុង​ពួក​មនុស្ស​សុចរិត តែង​មាន​សេចក្ដី​រាប់​អាន​គ្នា។ ចិត្ត​មនុស្ស​រមែង​ស្គាល់​សេចក្ដី​ជូរ​ចត់​របស់​ខ្លួន ឯ​មនុស្ស​ដទៃ នឹង​ទទួល​ចំណែក​ក្នុង​សេចក្ដី​អំណរ​របស់​ចិត្ត​នោះ​មិន​បាន។ ផ្ទះ​របស់​មនុស្ស​អាក្រក់​នឹង​ត្រូវ​រំលំ តែ​ខ្ទម​របស់​មនុស្ស​ទៀង​ត្រង់​នឹង​ចំរើន​កើន​ឡើង​វិញ។ មាន​ផ្លូវ​មួយ​ដែល​មើល​ទៅ​ដូច​ជា​ត្រឹម‌ត្រូវ​ល្អ ដល់​មនុស្ស តែ​ចុង​បំផុត​នៃ​ផ្លូវ​នោះ គឺ​ជា​សេចក្ដី​ស្លាប់​វិញ។ នៅ​វេលា​កំពុង​តែ​សើច​សប្បាយ គង់​តែ​ចិត្ត​មាន​សេចក្ដី​សៅ‌សោក​ដែរ ហើយ​ចុង​បំផុត​នៃ​សេចក្ដី​អំណរ គឺ​ជា​ធ្ងន់​ទ្រូង​វិញ។ អ្នក​ណា​ដែល​មាន​ចិត្ត​រសាយ​ថយ​ទៅ​វិញ នោះ​នឹង​បាន​ឆ្អែត​ក្នុង​ផ្លូវ​របស់​ខ្លួន តែ​មនុស្ស​ល្អ​នឹង​បាន​ស្កប់‌ស្កល់​អំពី​ក្នុង​ចិត្ត​ខ្លួន​ឯង​វិញ។ មនុស្ស​ឆោត​ល្ងង់​គេ​ជឿ​គ្រប់​ពាក្យ​ទាំង​អស់ តែ​មនុស្ស​មាន​គំនិត​វាង‌វៃ​រមែង​មើល​ផ្លូវ​ខ្លួន​ដោយ​ប្រយ័ត។ មនុស្ស​ដែល​មាន​ប្រាជ្ញា​រមែង​កោត‌ខ្លាច ហើយ​ក៏​ចៀស​ចេញ​ពី​ផ្លូវ​អាក្រក់ តែ​មនុស្ស​ល្ងី‌ល្ងើ​គេ​មាន​ចិត្ត​ចើង‌ម៉ើង ហើយ​ទុក​ចិត្ត​តែ​នឹង​ខ្លួន​ឯង​វិញ។ អ្នក​ណា​ដែល​រហ័ស​ខឹង នោះ​តែង‌តែ​ប្រព្រឹត្ត​ឥត​បើ​គិត ហើយ​មនុស្ស​ដែល​គិត‌គូរ​បង្កើត​ការ​អាក្រក់ នោះ​រមែង​ជា​ទី​ស្អប់​ដល់​អ្នក​ដទៃ។ មនុស្ស​ឆោត​ល្ងង់ គេ​គ្រង​បាន​សេចក្ដី​ចំកួត ទុក​ជា​មរដក តែ​មនុស្ស​ឆ្លៀវ‌ឆ្លាត​បាន​ពាក់​ដំរិះ​ជា​មកុដ​វិញ។

អាន សុភាសិត 14