សុភាសិត 14:1-18

សុភាសិត 14:1-18 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ស្ត្រី​ដែល​មាន​ប្រាជ្ញា​តែង​សង់​ផ្ទះ​របស់​ខ្លួន តែ​ស្ត្រី​ល្ងី‌ល្ងើ​រំលំ​ផ្ទះ​ដោយ​ដៃ​របស់​ខ្លួន​ផ្ទាល់។ អ្នក​ណា​ដែល​ដើរ​ដោយ សេចក្ដី​ទៀង​ត្រង់​របស់​ខ្លួន នោះ​រមែង​កោត​ខ្លាច​ដល់​ព្រះ‌យេហូវ៉ា តែ​អ្នក​ណា​ដែល​ប្រព្រឹត្ត​តាម​ផ្លូវ​វៀច នោះ​ឈ្មោះ​ថា​មើល​ងាយ​ព្រះ‌អង្គ​វិញ។ មាត់​របស់​មនុស្ស​ល្ងី‌ល្ងើ មាន​រំពាត់​សម្រាប់​បង្ក្រាប​អំនួត​របស់​វា តែ​បបូរ​មាត់​របស់​មនុស្ស​មាន​ប្រាជ្ញា តែង​ការ​ពារ​ខ្លួន​វិញ។ ផ្ទះ​ណា​គ្មាន​គោ នោះ​ក្រោល​រមែង​ស្អាត​ល្អ តែ​គឺ​ដោយ​កម្លាំង​គោ​នោះ​ឯង ដែល​នឹង​ចម្រើន​កើន​ឡើង​បាន។ សាក្សី​ស្មោះ​ត្រង់​នឹង​មិន​កុហក​ឡើយ តែ​សាក្សី​ក្លែង‌ក្លាយ តែង​តែ​ពោល​ពាក្យ​ភូត​ភរ​វិញ។ មនុស្ស​ចំអក គេ​ខំ​ស្វែង​រក​ប្រាជ្ញា តែ​មិន​បាន​ទេ ឯ​ចំណេះ​វិញ នោះ​ងាយ​ដល់​អ្នក​ណា ដែល​មាន​យោបល់។ ចូរ​ចៀស​ចេញ​ពី​មនុស្ស​ល្ងី‌ល្ងើ​ចុះ ដ្បិត​នឹង​ឃើញ​មាន​ចំណេះ នៅ​បបូរ​មាត់​វា​មិន​បាន។ ឯ​ប្រាជ្ញា​របស់​មនុស្ស​វាង​វៃ នោះ​គឺ​ឲ្យ​បាន​យល់​ផ្លូវ​របស់​ខ្លួន តែ​សេចក្ដី​ចម្កួត​របស់​មនុស្ស​ល្ងី‌ល្ងើ នោះ​ជា​សេចក្ដី​ឆបោក​ទទេ។ មនុស្ស​ល្ងី‌ល្ងើ​តែង​សើច​ចំអក នឹង​តង្វាយ​លើក​លែង​ទោស តែ​មនុស្ស​ទៀង​ត្រង់ នោះ​គាប់​ព្រះហឫទ័យ​ព្រះ​វិញ។ ចិត្ត​មនុស្ស​រមែង​ស្គាល់​សេចក្ដី​ជូរ​ចត់​របស់​ខ្លួន ឯ​មនុស្ស​ដទៃនឹង​ទទួល​ចំណែក ក្នុង​អំណរ​របស់​ចិត្ត​នោះ​មិន​បាន។ ផ្ទះ​របស់​មនុស្ស​អាក្រក់​នឹង​ត្រូវ​រំលំ តែ​ខ្ទម​របស់​មនុស្ស​ទៀង​ត្រង់ នឹង​ចម្រើន​ឡើង​វិញ។ មាន​ផ្លូវ​មួយ​ដែល​មើល​ទៅ ដូច​ជា​ត្រឹម​ត្រូវ​ល្អ​ដល់​មនុស្ស តែ​ចុង​បំផុត​នៃ​ផ្លូវ​នោះ​ជា​សេចក្ដី​ស្លាប់​វិញ។ នៅ​វេលា​កំពុង​តែ​សើច​សប្បាយ គង់​តែ​ចិត្ត​មាន​សេចក្ដី​សៅ‌សោក​ដែរ ហើយ​ចុង​បំផុត​នៃ​អំណរ​គឺ​ជា​ធ្ងន់​ទ្រូង​វិញ។ អ្នក​ណា​ដែល​មាន​ចិត្ត​រសាយ​ថយ​ទៅ នោះ​នឹង​បាន​ឆ្អែតដោយ​ផល​នៃ​ផ្លូវ​របស់​ខ្លួន តែ​មនុស្ស​ល្អ​ក៏​នឹង​បាន​ស្កប់‌ស្កល់ ដោយ​ផល​នៃ​ផ្លូវ​របស់​ខ្លួន​ដែរ។ មនុស្ស​ឆោត​ល្ងង់​គេ​ជឿ​គ្រប់​ពាក្យ​ទាំង​អស់ តែ​មនុស្ស​មាន​គំនិត​វាង‌វៃ រមែង​មើល​ផ្លូវ​ខ្លួន​ដោយ​ប្រយ័ត្ន។ មនុស្ស​ដែល​មាន​ប្រាជ្ញា​រមែង​កោត​ខ្លាច ហើយ​ក៏​ចៀស​ចេញ​ពី​ផ្លូវ​អាក្រក់ តែ​មនុស្ស​ល្ងី‌ល្ងើ​គេ​មាន​ចិត្ត​ចើង‌ម៉ើង ហើយ​ទុក​ចិត្ត​តែ​នឹង​ខ្លួន​ឯង​វិញ។ អ្នក​ណា​ដែល​រហ័ស​ខឹង នោះ​តែង​តែ​ប្រព្រឹត្ត​ឥត​បើ​គិត ហើយ​មនុស្ស​ដែល​គិត​គូរ​បង្កើត​ការ​អាក្រក់ នោះ​រមែង​ជា​ទី​ស្អប់​ដល់​អ្នក​ដទៃ។ មនុស្ស​ឆោត​ល្ងង់​តាក់​តែង​ខ្លួន ដោយ​សេចក្ដី​ចម្កួត តែ​មនុស្ស​ឆ្លៀវ‌ឆ្លាត​បំពាក់​ដោយ​ការ​ចេះ​ដឹង ទុក​ជា​មកុដ​វិញ។

ចែក​រំលែក
អាន សុភាសិត 14

សុភាសិត 14:1-18 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ស្ត្រី​មាន​ប្រាជ្ញា​តែងតែ​កសាង​គ្រួសារ​របស់​ខ្លួន រីឯ​ស្ត្រី​ឥត​មារយាទ​តែងតែ​បំផ្លាញ​គ្រួសារ ដោយ​ដៃ​របស់​ខ្លួន​ផ្ទាល់។ អ្នក​ដែល​ដើរ​តាម​ផ្លូវ​ទៀង‌ត្រង់ តែងតែ​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់ រីឯ​អ្នក​ដែល​ដើរ​តាម​ផ្លូវ​វៀច‌វេរ តែងតែ​មើល‌ងាយ​ព្រះអង្គ។ មនុស្ស​ល្ងង់​ខ្លៅ​ហា​មាត់​និយាយ​តែ​ពាក្យ​អួត‌អាង រីឯ​ពាក្យ​សម្ដី​របស់​អ្នក​ប្រាជ្ញ​តែងតែ​ការពារ​ខ្លួន។ អ្នក​ណា​គ្មាន​គោ​ភ្ជួរ​ស្រែ អ្នក​នោះ​ក៏​គ្មាន​ស្រូវ​ដាក់​ក្នុង​ជង្រុក​ដែរ។ គេ​ទទួល​បាន​ភោគ‌ផល​ច្រើន ដោយ‌សារ​កម្លាំង​របស់​គោ។ សាក្សី​គួរ​ឲ្យ​ទុក​ចិត្ត មិន​ដែល​និយាយ​កុហក​ទេ រីឯ​សាក្សី​ក្លែង‌ក្លាយ​តែងតែ​ស្រដី​ចេញ​នូវ​ពាក្យ​កុហក​គ្រប់​យ៉ាង។ មនុស្ស​ព្រហើន​ខំ​ស្វែង​រក​ប្រាជ្ញា តែ​រក​មិន​ឃើញ​ទេ រីឯ​មនុស្ស​ដែល​ចេះ​គិត​ពិចារណា រក​តម្រិះ​បាន​យ៉ាង​ងាយ។ ចូរ​ចៀស​ឲ្យ​ឆ្ងាយ​ពី​មនុស្ស​ខ្លៅ ព្រោះ​មិន​ដែល​មាន​ពាក្យ​ចេះ​ដឹង​ណា​ចេញ​ពី​មាត់​អ្នក​នោះ​ឡើយ។ ប្រាជ្ញា​របស់​មនុស្ស​ឆ្លាត គឺ​ការ​យល់​ច្បាស់​នូវ​ផ្លូវ​ដែល​ខ្លួន​កំពុង​ដើរ រីឯ​ភាព​ល្ងី‌ល្ងើ​របស់​មនុស្ស​ខ្លៅ គឺ​កល‌ល្បិច​របស់​ខ្លួន។ មនុស្ស​ល្ងី‌ល្ងើ​មិន​រវី‌រវល់​នឹង​បាប​របស់​ខ្លួន​ទេ រីឯ​មនុស្ស​ទៀង‌ត្រង់​តែងតែ​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌ជាម្ចាស់។ ចិត្ត​ដែល​កើត​ទុក្ខ​រមែង​ឈឺ​ចាប់​តែ​ម្នាក់​ឯង ហើយ​ពេល​មាន​អំណរ អ្នក​ក្រៅ​ពុំ​អាច​រំលែក​បាន​ឡើយ។ ផ្ទះ​របស់​មនុស្ស​អាក្រក់​នឹង​ត្រូវ​រលំ រីឯ​ជំរំ​របស់​មនុស្ស​ទៀង‌ត្រង់ នឹង​ចម្រុង‌ចម្រើន។ មនុស្ស​ខ្លះ​យល់​ថា ផ្លូវ​ដែល​ខ្លួន​ដើរ​ជា​ផ្លូវ​ត្រឹម​ត្រូវ ក៏​ប៉ុន្តែ នៅ​ទី​បំផុត ផ្លូវ​នោះ​នាំ​ទៅ​រក​សេចក្ដី​ស្លាប់។ ការ​សើច​សប្បាយ​អាច​បង្កប់​នូវ​ទុក្ខ​លំបាក​ក្នុង​ចិត្ត ហើយ​នៅ​ទី​បំផុត​អំណរ​សប្បាយ អាច​ក្លាយ​ទៅ​ជា​ទុក្ខ​ព្រួយ។ មនុស្ស​គ្មាន​សីលធម៌​តែងតែ​ទទួល​ផល​ពី​អំពើ​ដែល​ខ្លួន​ប្រព្រឹត្ត រីឯ​មនុស្ស​សប្បុរស​រមែង​ទទួល​ផល​គាប់​ប្រសើរ។ មនុស្ស​ឆោត​ជឿ​ពាក្យ​គេ​ទាំង​អស់ រីឯ​មនុស្ស​ឆ្លាត មិន​ធ្វើ​អ្វី​ដោយ​ឥត​គិត​ពិចារណា​ឡើយ។ មនុស្ស​មាន​ប្រាជ្ញា​តែងតែ​ខ្លាច និង​ចៀស‌វាង​ប្រព្រឹត្ត​អំពើ​អាក្រក់ រីឯ​មនុស្ស​ល្ងង់‌ខ្លៅ​ឆាប់​ប្រព្រឹត្ត​អំពើ​អាក្រក់ ព្រោះ​ទុក​ចិត្ត​លើ​ខ្លួន​ឯង។ អ្នក​រហ័ស​ខឹង​តែងតែ​ប្រព្រឹត្ត​អំពើ​ផ្ដេស‌ផ្ដាស រីឯ​អ្នក​ដែល​មាន​កល‌ល្បិច តែងតែ​ធ្វើ​ឲ្យ​គេ​ស្អប់។ មនុស្ស​ឆោត​តែងតែ​ទទួល​ភាព​ល្ងី‌ល្ងើ​ទុក​ជា​មត៌ក រីឯ​មនុស្ស​ឆ្លាត​រមែង​ទទួល​យក​ការ​ចេះ​ដឹង​ទុក​ជា​កិត្តិយស។

ចែក​រំលែក
អាន សុភាសិត 14

សុភាសិត 14:1-18 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

គ្រប់​ទាំង​ស្រីៗ​ដែល​មាន​ប្រាជ្ញា​រមែង​សង់​ផ្ទះ​របស់​ខ្លួន​ឡើង តែ​ស្ត្រី​ល្ងី‌ល្ងើ​គេ​រំលំ​ផ្ទះ​ដោយ​ដៃ​ខ្លួន​វិញ។ អ្នក​ណា​ដែល​ដើរ​ដោយ​សេចក្ដី​ទៀង​ត្រង់​របស់​ខ្លួន នោះ​រមែង​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា តែ​អ្នក​ណា​ដែល​ប្រព្រឹត្ត​តាម​ផ្លូវ​វៀច នោះ​ឈ្មោះ​ថា​មើល‌ងាយ​ទ្រង់​វិញ។ នៅ​ក្នុង​មាត់​របស់​មនុស្ស​ល្ងី‌ល្ងើ នោះ​មាន​រំពាត់​សំរាប់​បង្ក្រាប​សេចក្ដី​អំនួត​របស់​វា តែ​បបូរ​មាត់​មនុស្ស​ប្រាជ្ញ​នឹង​ការ‌ពារ​ខ្លួន​គេ​វិញ។ ផ្ទះ​ណា​គ្មាន​គោ នោះ​ក្រោល​រមែង​ស្អាត​ល្អ តែ​គឺ​ដោយ​កំឡាំង​គោ​នោះ​ឯង ដែល​នឹង​ចំរើន​កើន​ឡើង​បាន។ សាក្សី​ស្មោះ‌ត្រង់​នឹង​មិន​កុហក​ឡើយ តែ​សាក្សី​ក្លែង‌ក្លាយ​តែង‌តែ​ពោល​ពាក្យ​ភូត‌ភរ​វិញ។ មនុស្ស​ចំអក គេ​ខំ​ស្វែង​រក​ប្រាជ្ញា តែ​មិន​បាន​ទេ ឯ​ចំណេះ​វិញ នោះ​ងាយ​ដល់​អ្នក​ណា​ដែល​មាន​យោបល់។ ចូរ​ចៀស​ចេញ​ពី​មនុស្ស​ល្ងី‌ល្ងើ​ចុះ ដ្បិត​នឹង​ឃើញ​មាន​ចំណេះ​នៅ​បបូរ​មាត់​វា​មិន​បាន។ ឯ​ប្រាជ្ញា​របស់​មនុស្ស​វាង‌វៃ នោះ​គឺ​ឲ្យ​បាន​យល់​ផ្លូវ​របស់​ខ្លួន តែ​សេចក្ដី​ចំកួត​របស់​មនុស្ស​ល្ងី‌ល្ងើ នោះ​ជា​សេចក្ដី​ឆ‌បោក​ទទេ។ មនុស្ស​ល្ងី‌ល្ងើ​រមែង​សើច​ឡក​ចំពោះ​អំពើ​បាប តែ​នៅ​ក្នុង​ពួក​មនុស្ស​សុចរិត តែង​មាន​សេចក្ដី​រាប់​អាន​គ្នា។ ចិត្ត​មនុស្ស​រមែង​ស្គាល់​សេចក្ដី​ជូរ​ចត់​របស់​ខ្លួន ឯ​មនុស្ស​ដទៃ នឹង​ទទួល​ចំណែក​ក្នុង​សេចក្ដី​អំណរ​របស់​ចិត្ត​នោះ​មិន​បាន។ ផ្ទះ​របស់​មនុស្ស​អាក្រក់​នឹង​ត្រូវ​រំលំ តែ​ខ្ទម​របស់​មនុស្ស​ទៀង​ត្រង់​នឹង​ចំរើន​កើន​ឡើង​វិញ។ មាន​ផ្លូវ​មួយ​ដែល​មើល​ទៅ​ដូច​ជា​ត្រឹម‌ត្រូវ​ល្អ ដល់​មនុស្ស តែ​ចុង​បំផុត​នៃ​ផ្លូវ​នោះ គឺ​ជា​សេចក្ដី​ស្លាប់​វិញ។ នៅ​វេលា​កំពុង​តែ​សើច​សប្បាយ គង់​តែ​ចិត្ត​មាន​សេចក្ដី​សៅ‌សោក​ដែរ ហើយ​ចុង​បំផុត​នៃ​សេចក្ដី​អំណរ គឺ​ជា​ធ្ងន់​ទ្រូង​វិញ។ អ្នក​ណា​ដែល​មាន​ចិត្ត​រសាយ​ថយ​ទៅ​វិញ នោះ​នឹង​បាន​ឆ្អែត​ក្នុង​ផ្លូវ​របស់​ខ្លួន តែ​មនុស្ស​ល្អ​នឹង​បាន​ស្កប់‌ស្កល់​អំពី​ក្នុង​ចិត្ត​ខ្លួន​ឯង​វិញ។ មនុស្ស​ឆោត​ល្ងង់​គេ​ជឿ​គ្រប់​ពាក្យ​ទាំង​អស់ តែ​មនុស្ស​មាន​គំនិត​វាង‌វៃ​រមែង​មើល​ផ្លូវ​ខ្លួន​ដោយ​ប្រយ័ត។ មនុស្ស​ដែល​មាន​ប្រាជ្ញា​រមែង​កោត‌ខ្លាច ហើយ​ក៏​ចៀស​ចេញ​ពី​ផ្លូវ​អាក្រក់ តែ​មនុស្ស​ល្ងី‌ល្ងើ​គេ​មាន​ចិត្ត​ចើង‌ម៉ើង ហើយ​ទុក​ចិត្ត​តែ​នឹង​ខ្លួន​ឯង​វិញ។ អ្នក​ណា​ដែល​រហ័ស​ខឹង នោះ​តែង‌តែ​ប្រព្រឹត្ត​ឥត​បើ​គិត ហើយ​មនុស្ស​ដែល​គិត‌គូរ​បង្កើត​ការ​អាក្រក់ នោះ​រមែង​ជា​ទី​ស្អប់​ដល់​អ្នក​ដទៃ។ មនុស្ស​ឆោត​ល្ងង់ គេ​គ្រង​បាន​សេចក្ដី​ចំកួត ទុក​ជា​មរដក តែ​មនុស្ស​ឆ្លៀវ‌ឆ្លាត​បាន​ពាក់​ដំរិះ​ជា​មកុដ​វិញ។

ចែក​រំលែក
អាន សុភាសិត 14