គ្រប់ទាំងស្រីៗដែលមានប្រាជ្ញារមែងសង់ផ្ទះរបស់ខ្លួនឡើង តែស្ត្រីល្ងីល្ងើគេរំលំផ្ទះដោយដៃខ្លួនវិញ។ អ្នកណាដែលដើរដោយសេចក្ដីទៀងត្រង់របស់ខ្លួន នោះរមែងកោតខ្លាចដល់ព្រះយេហូវ៉ា តែអ្នកណាដែលប្រព្រឹត្តតាមផ្លូវវៀច នោះឈ្មោះថាមើលងាយទ្រង់វិញ។ នៅក្នុងមាត់របស់មនុស្សល្ងីល្ងើ នោះមានរំពាត់សំរាប់បង្ក្រាបសេចក្ដីអំនួតរបស់វា តែបបូរមាត់មនុស្សប្រាជ្ញនឹងការពារខ្លួនគេវិញ។ ផ្ទះណាគ្មានគោ នោះក្រោលរមែងស្អាតល្អ តែគឺដោយកំឡាំងគោនោះឯង ដែលនឹងចំរើនកើនឡើងបាន។ សាក្សីស្មោះត្រង់នឹងមិនកុហកឡើយ តែសាក្សីក្លែងក្លាយតែងតែពោលពាក្យភូតភរវិញ។ មនុស្សចំអក គេខំស្វែងរកប្រាជ្ញា តែមិនបានទេ ឯចំណេះវិញ នោះងាយដល់អ្នកណាដែលមានយោបល់។ ចូរចៀសចេញពីមនុស្សល្ងីល្ងើចុះ ដ្បិតនឹងឃើញមានចំណេះនៅបបូរមាត់វាមិនបាន។ ឯប្រាជ្ញារបស់មនុស្សវាងវៃ នោះគឺឲ្យបានយល់ផ្លូវរបស់ខ្លួន តែសេចក្ដីចំកួតរបស់មនុស្សល្ងីល្ងើ នោះជាសេចក្ដីឆបោកទទេ។ មនុស្សល្ងីល្ងើរមែងសើចឡកចំពោះអំពើបាប តែនៅក្នុងពួកមនុស្សសុចរិត តែងមានសេចក្ដីរាប់អានគ្នា។ ចិត្តមនុស្សរមែងស្គាល់សេចក្ដីជូរចត់របស់ខ្លួន ឯមនុស្សដទៃ នឹងទទួលចំណែកក្នុងសេចក្ដីអំណររបស់ចិត្តនោះមិនបាន។ ផ្ទះរបស់មនុស្សអាក្រក់នឹងត្រូវរំលំ តែខ្ទមរបស់មនុស្សទៀងត្រង់នឹងចំរើនកើនឡើងវិញ។ មានផ្លូវមួយដែលមើលទៅដូចជាត្រឹមត្រូវល្អ ដល់មនុស្ស តែចុងបំផុតនៃផ្លូវនោះ គឺជាសេចក្ដីស្លាប់វិញ។ នៅវេលាកំពុងតែសើចសប្បាយ គង់តែចិត្តមានសេចក្ដីសៅសោកដែរ ហើយចុងបំផុតនៃសេចក្ដីអំណរ គឺជាធ្ងន់ទ្រូងវិញ។ អ្នកណាដែលមានចិត្តរសាយថយទៅវិញ នោះនឹងបានឆ្អែតក្នុងផ្លូវរបស់ខ្លួន តែមនុស្សល្អនឹងបានស្កប់ស្កល់អំពីក្នុងចិត្តខ្លួនឯងវិញ។ មនុស្សឆោតល្ងង់គេជឿគ្រប់ពាក្យទាំងអស់ តែមនុស្សមានគំនិតវាងវៃរមែងមើលផ្លូវខ្លួនដោយប្រយ័ត។ មនុស្សដែលមានប្រាជ្ញារមែងកោតខ្លាច ហើយក៏ចៀសចេញពីផ្លូវអាក្រក់ តែមនុស្សល្ងីល្ងើគេមានចិត្តចើងម៉ើង ហើយទុកចិត្តតែនឹងខ្លួនឯងវិញ។ អ្នកណាដែលរហ័សខឹង នោះតែងតែប្រព្រឹត្តឥតបើគិត ហើយមនុស្សដែលគិតគូរបង្កើតការអាក្រក់ នោះរមែងជាទីស្អប់ដល់អ្នកដទៃ។ មនុស្សឆោតល្ងង់ គេគ្រងបានសេចក្ដីចំកួត ទុកជាមរដក តែមនុស្សឆ្លៀវឆ្លាតបានពាក់ដំរិះជាមកុដវិញ។
អាន សុភាសិត 14
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: សុភាសិត 14:1-18
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
ទំព័រដើម
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ