ស្ត្រីដែលមានប្រាជ្ញាតែងសង់ផ្ទះរបស់ខ្លួន តែស្ត្រីល្ងីល្ងើរំលំផ្ទះដោយដៃរបស់ខ្លួនផ្ទាល់។ អ្នកណាដែលដើរដោយ សេចក្ដីទៀងត្រង់របស់ខ្លួន នោះរមែងកោតខ្លាចដល់ព្រះយេហូវ៉ា តែអ្នកណាដែលប្រព្រឹត្តតាមផ្លូវវៀច នោះឈ្មោះថាមើលងាយព្រះអង្គវិញ។ មាត់របស់មនុស្សល្ងីល្ងើ មានរំពាត់សម្រាប់បង្ក្រាបអំនួតរបស់វា តែបបូរមាត់របស់មនុស្សមានប្រាជ្ញា តែងការពារខ្លួនវិញ។ ផ្ទះណាគ្មានគោ នោះក្រោលរមែងស្អាតល្អ តែគឺដោយកម្លាំងគោនោះឯង ដែលនឹងចម្រើនកើនឡើងបាន។ សាក្សីស្មោះត្រង់នឹងមិនកុហកឡើយ តែសាក្សីក្លែងក្លាយ តែងតែពោលពាក្យភូតភរវិញ។ មនុស្សចំអក គេខំស្វែងរកប្រាជ្ញា តែមិនបានទេ ឯចំណេះវិញ នោះងាយដល់អ្នកណា ដែលមានយោបល់។ ចូរចៀសចេញពីមនុស្សល្ងីល្ងើចុះ ដ្បិតនឹងឃើញមានចំណេះ នៅបបូរមាត់វាមិនបាន។ ឯប្រាជ្ញារបស់មនុស្សវាងវៃ នោះគឺឲ្យបានយល់ផ្លូវរបស់ខ្លួន តែសេចក្ដីចម្កួតរបស់មនុស្សល្ងីល្ងើ នោះជាសេចក្ដីឆបោកទទេ។ មនុស្សល្ងីល្ងើតែងសើចចំអក នឹងតង្វាយលើកលែងទោស តែមនុស្សទៀងត្រង់ នោះគាប់ព្រះហឫទ័យព្រះវិញ។ ចិត្តមនុស្សរមែងស្គាល់សេចក្ដីជូរចត់របស់ខ្លួន ឯមនុស្សដទៃនឹងទទួលចំណែក ក្នុងអំណររបស់ចិត្តនោះមិនបាន។ ផ្ទះរបស់មនុស្សអាក្រក់នឹងត្រូវរំលំ តែខ្ទមរបស់មនុស្សទៀងត្រង់ នឹងចម្រើនឡើងវិញ។ មានផ្លូវមួយដែលមើលទៅ ដូចជាត្រឹមត្រូវល្អដល់មនុស្ស តែចុងបំផុតនៃផ្លូវនោះជាសេចក្ដីស្លាប់វិញ។ នៅវេលាកំពុងតែសើចសប្បាយ គង់តែចិត្តមានសេចក្ដីសៅសោកដែរ ហើយចុងបំផុតនៃអំណរគឺជាធ្ងន់ទ្រូងវិញ។ អ្នកណាដែលមានចិត្តរសាយថយទៅ នោះនឹងបានឆ្អែតដោយផលនៃផ្លូវរបស់ខ្លួន តែមនុស្សល្អក៏នឹងបានស្កប់ស្កល់ ដោយផលនៃផ្លូវរបស់ខ្លួនដែរ។ មនុស្សឆោតល្ងង់គេជឿគ្រប់ពាក្យទាំងអស់ តែមនុស្សមានគំនិតវាងវៃ រមែងមើលផ្លូវខ្លួនដោយប្រយ័ត្ន។ មនុស្សដែលមានប្រាជ្ញារមែងកោតខ្លាច ហើយក៏ចៀសចេញពីផ្លូវអាក្រក់ តែមនុស្សល្ងីល្ងើគេមានចិត្តចើងម៉ើង ហើយទុកចិត្តតែនឹងខ្លួនឯងវិញ។ អ្នកណាដែលរហ័សខឹង នោះតែងតែប្រព្រឹត្តឥតបើគិត ហើយមនុស្សដែលគិតគូរបង្កើតការអាក្រក់ នោះរមែងជាទីស្អប់ដល់អ្នកដទៃ។ មនុស្សឆោតល្ងង់តាក់តែងខ្លួន ដោយសេចក្ដីចម្កួត តែមនុស្សឆ្លៀវឆ្លាតបំពាក់ដោយការចេះដឹង ទុកជាមកុដវិញ។
អាន សុភាសិត 14
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: សុភាសិត 14:1-18
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
ទំព័រដើម
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ